អ្នកវិភាគ​ថា កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» នឹង​ទាញ​ឱ្យ​កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​កាន់​តែ​ខ្លាំង

0
52
កិច្ចប្រជុំ​រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កាល​ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ រូប៖ ​ហ្វេសប៊ុកក្រសួងការបរទេស
កិច្ចប្រជុំ​រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន កាល​ពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។ រូប៖ ​ហ្វេសប៊ុកក្រសួងការបរទេស

អ្នកវិភាគ និង​អ្នក​តាមដាន​កិច្ចការ​អន្តរជាតិ​លើកឡើង​ថា កិច្ចប្រជុំ​នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​-​ចិន គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​ចិន ក្នុង​ការ​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​លើ​កម្ពុជា​។ ពួកគាត់​យល់ថា យន្តការ​នេះ​គឺជា​គន្លឹះ​របស់​ចិន​ក្នុង​ការ​ចាក់សោ ឱ្យ​កម្ពុជា​ពឹងផ្អែក​លើ​ចិន​កាន់តែ​ខ្លាំង​ក្នុង​វិស័យ​សន្តិសុខ និង​យោធា​។ ប្រទេស​ចិន​កុម្មុយនិស្ត​គឺជា​មេគំនិត​ក្នុង​ការរៀបចំ​កិច្ចប្រជុំ​នេះ​ជា​លើកដំបូង​ជាមួយ​កម្ពុជា ខណៈ​ការប្រកួតប្រជែង​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​កាន់តែ​កើនឡើង​កម្ដៅ។

អ្នកឃ្លាំមើល​ព្រមាន​ថា ការ​រឹត​បន្តឹង​ទំនាក់ទំនង​ជាមួយ​ចិន​បែបនេះ នឹង​ទាញ​ឱ្យ​កម្ពុជា​បាត់បង់​តុល្យភាព​នយោបាយ​ការបរទេស និង​ត្រូវ​បាន​ប្រើប្រាស់​ជា​ឧបករណ៍​ក្នុង​ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​-​ចិន ប្រទេស​ចិន​កុម្មុយនិស្ត​នឹង​ប្រើប្រាស់​កម្ពុជា​ក្រោម​ការដឹកនាំ​ដោយ​ត្រកូល ហ៊ុន ធ្វើជា «​កូនជឹង​» ដើម្បី​ប្រកួតប្រជែង​ដណ្ដើម​ភូមិសាស្ត្រ​នយោបាយ​ជាមួយ​លោក​សេរី​។ លោក​បន្ត​ថា តាមរយៈ​យន្តការ​នេះ ចិន​នឹង​ទាញ​ឱ្យ​កម្ពុជា​ធ្លាក់​ក្នុង​អន្ទាក់​ភូមិសាស្ត្រ​នយោបាយ​កាន់តែ​ជ្រៅ និង​អូសទាញ​ឱ្យ​កម្ពុជា​ចូល​គាំទ្រ​យោធា​ចិន ឬ​ចូលរួម​ប្រយុទ្ធ​ដោយ​ផ្ទាល់​ក្នុងករណី​មាន​ជម្លោះ​ក្នុង​តំបន់​ដូចជា នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ជាដើម។

លោក គឹម សុខ៖ «កិច្ច​សន្ទនា​យុទ្ធសាស្ត្រ ២+២ នេះ ស្មើនឹង​ចាក់សោ​កម្ពុជា ឱ្យ​នៅ​ក្រោម​ការចាត់ចែង​របស់​ចិន លើ​បញ្ហា​សន្តិសុខ​។ រីឯ ការទូត​វិញ ភាគី​រដ្ឋាភិបាល​គ្រួសារ ហ៊ុន ត្រូវ​និយាយ​តាម​ចិន​គ្រប់​កាលៈទេសៈ​ទាំងអស់​។ មានន័យថា យុទ្ធសាស្ត្រ​កិច្ច​សន្ទនា ២+២ នេះ ផ្ដោត​ជា​សំខាន់​ទៅលើ​បញ្ហា​ការពារ​ជាតិ និង​សន្តិសុខ​ទៅវិញ​ទេ​។ ការពារ​ជាតិ និង​សន្តិសុខ​នោះ ចិន​តម្រូវ​ឱ្យ​ភាគី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រើប្រាស់​កម្លាំង ឬ​មូលដ្ឋាន​កម្ពុជា តាម​តម្រូវការ​របស់​ចិន នៅ​ពេល​ដែល​ចិន​ជួប​ស្ថានភាព​ចាំបាច់»។

កម្ពុជា និង​ចិន​កំពុង​រៀបចំ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​-​ចិន ជា​លើកដំបូង នៅ​ស្រប​ពេល​ដែល​ការប្រកួតប្រជែង​ដណ្ដើម​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​រវាង​មហាអំណាច​លោក​សេរី និង​កុម្មុយនិស្ត​កាន់តែ​ឡើង​កម្ដៅ​ខ្លាំង​។ កិច្ចប្រជុំ​នេះ​មាន​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីន (Xi Jinping) គឺជា​មេគំនិត​ផ្ដួចផ្ដើម​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០២៥ ដើម្បី​ជំរុញ​ឱ្យ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ស្អិតល្មួត ស៊ីជម្រៅ​លើ​ផ្នែក​នយោបាយ វិស័យ​សន្តិសុខ និង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ។

ទោះជា​យ៉ាងណា ភាគី​កម្ពុជា និង​ចិន​មិនទាន់​បង្ហាញ​លទ្ធផល​លម្អិត​ជុំវិញ​កិច្ចប្រជុំ​នេះ​នៅឡើយ​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា កិច្ចប្រជុំ «២+២» រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​-​ចិន ជា​សញ្ញា​បង្ហាញ​ថា ប្រទេស​ទាំងពីរ​កំពុង​រឹតចំណង​ទំនាក់ទំនង​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់ និង​ជា​ប្រព័ន្ធ​។ លោក​ថា តាមរយៈ​កិច្ចប្រជុំ​នេះ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ទំនង​ចង់​ផ្ញើ​សារ​ទៅកាន់​ពិភពលោក​ជាថ្មី​ថា ខ្លួន​ចាប់​យក​ចិន​ធ្វើជា​បងធំ​ដែល​មិន​ត្រឹមតែ​ជួយ​ដល់​វិស័យសេដ្ឋកិច្ច នយោបាយ​ប៉ុណ្ណោះ​ទេ​ថែមទាំង​ជួយ​ដល់​វិស័យ​ការពារ​ជាតិ និង​រក្សា​អំណាច​ផ្ទៃក្នុង​ផង​ដែរ។

លោក សេង វណ្ណលី៖ «វត្តមាន​នៃ​យន្តការ​នេះ ជួយ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មាន​ភាព​កក់ក្ដៅ​ផ្នែក​សន្តិសុខ និង​មានលទ្ធភាព​ការពារ​ខ្លួន​កាន់តែ​ប្រសើរ តាមរយៈ​ជំនួយ​យោធា​ពី​ចិន ខណៈ​រដ្ឋាភិបាល​បច្ចុប្បន្ន ហាក់​បរាជ័យ​នៅក្នុង​ការប្រើប្រាស់​យន្តការ​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​ពី​ភាគី​ថៃ​។ យ៉ាងណាក៏ដោយ ការ​ខិត​ជិត​ចិន​ខ្លាំងពេក តាមរយៈ​យន្តការ ២+២ នេះ អាច​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូលក្នុង​ភាព​ស្រពេចស្រពិល​នៃ​តុល្យភាព​ការបរទេស​។ វា​អាច​បង្ក​ការសង្ស័យ​ពី​សំណាក់​បណ្ដា​ប្រទេស​លោក​សេរី និង​ប្រទេសជិតខាង​ក្នុង​តំបន់​អាស៊ាន ដែល​អាច​នាំ​ឱ្យ​មានការ​ដាក់​សម្ពាធ​ផ្នែក​ការទូត ឬ​សេដ្ឋកិច្ច​បន្ថែម​ទៀត»។

កិច្ចប្រជុំ​លើក​ទី​១ នៃ​យន្តការ​កិច្ច​សន្ទនា​យុទ្ធសាស្ត្រ «២+២» រវាង​រដ្ឋមន្ត្រីការបរទេស និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​-​ចិន ដែល​ផ្ដោត​លើ​កិច្ចការ​យោធា និង​វិស័យ​ការពារ​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើឡើង​យ៉ាង​ឆាប់រហ័ស​បន្ទាប់ពី​ប្រទេស​ចិន​កុម្មុយនិស្ត​បាន​ប្រគល់​នាវាចម្បាំង​ចំនួន ២​គ្រឿង​បន្ថែម​ទៀត​ឱ្យ​កម្ពុជា​កាលពី​ចុងខែ​មីនា កន្លង​ទៅ។

អ្នកឃ្លាំមើល​លើកឡើង​ថា ទោះបីជា​ប្រទេស​ចិន​កំពុង​ក្លាយជា​បងធំ​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី និង​លក់​អាវុធ​ឱ្យ​រដ្ឋាភិបាល​ត្រកូល ហ៊ុន ជាច្រើន​ឆ្នាំ​កន្លង​មក​នេះ​ក្ដី ក៏​កម្ពុជា​គ្មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​របស់​ចិន​ទល់​ទល់នឹង​សត្រូវ​ដែល​ឈ្លានពាន​ទឹកដី​កម្ពុជា​ដូចជា​ករណី​ប្រទេស​ថៃ​ឡើយ​។ ជាមួយ​គ្នា​នេះ អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​វាយតម្លៃ​ថា ការណ៍​ដែល​រដ្ឋាភិបាល​ត្រកូល ហ៊ុន ប្រឹងប្រែង​សេពគប់ និង​រឹតចំណង​ជាមួយ​ចិន​ជា​បន្តបន្ទាប់​មកនេះ គឺ​ដើម្បី​តែ​រក្សា​អំណាច​ត​វង្ស​ត្រកូល ដែល​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់ និង​ខកខាន​ក្នុង​ការ​រឹតចំណង​មិត្តភាព និង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​លោក​សេរី ដែល​ធ្វើ​ឱ្យ​រអាក់រអួល​ដល់​ដំណើរការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ