រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ថ្មី​បន្ថែម​មួយទៀត ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ព្រៃ​ឡង់​ភាគ​ខាងត្បូង

0
280
ក្រុមហ៊ុន​ចិន​ឈ្មោះ​ខេមបូឌាន ខេ​៨៨ អ៊ិន​ដាស​ស្ត្រី​(Cambodian K88 Industry) ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ នៅក្នុង​ភូមិសាស្ត្រ​តំបន់​ការពារ​ព្រៃឡង់​ភាគ​ខាងត្បូង ក្នុង​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ។ រូប៖ បណ្ដាញសង្គម
ក្រុមហ៊ុន​ចិន​ឈ្មោះ​ខេមបូឌាន ខេ​៨៨ អ៊ិន​ដាស​ស្ត្រី​(Cambodian K88 Industry) ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ នៅក្នុង​ភូមិសាស្ត្រ​តំបន់​ការពារ​ព្រៃឡង់​ភាគ​ខាងត្បូង ក្នុង​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ។ រូប៖ បណ្ដាញសង្គម

រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ខេមបូឌាន ខេ​៨៨ អ៊ិន​ដាស​ស្ត្រី​(Cambodian K88 Industry) ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ថ្មី​បន្ថែម​ទៀត​នៅក្នុង​ភូមិសាស្ត្រ​តំបន់​ការពារ​ព្រៃឡង់​ភាគ​ខាងត្បូង ក្នុង​ខេត្តកំពង់ធំ និង​ខេត្តក្រចេះ។ អ្នកឃ្លាំមើល បារម្ភ​ថា អាជីវកម្ម​រ៉ែ​មាស​នេះ នឹង​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ និង​បរិស្ថាន​នៅ​ជុំវិញ​តំបន់​នោះ។

បើ​ទោះបី​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្រកាសប្រាប់​ពលរដ្ឋ​ថា ឈប់​ឲ្យ​មាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​រ៉ែ​នៅក្នុង​ដែនជម្រកសត្វព្រៃ​ឡង់​យ៉ាងណាក្ដី ក៏​កាលពី​ថ្ងៃទី​២២ ខែមេសា រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថា​មល លោក កែវ រតនៈ បាន​ប្រកាស​ដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​រោងចក្រ​ចម្រាញ់​រ៉ែ​មាស របស់​ក្រុមហ៊ុន ខេ​ម​បូឌាន ខេ​៨៨ អ៊ិន​ដាស​ស្ត្រី (Cambodian K88 Industry) ស្ថិតនៅ​តំបន់​ស្នង​អន ឃុំ​សុចិត្រ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ និង​ស្រុក​សំបូរ ខេត្តក្រចេះ ក្នុងភូមិ​សាស្ត្រ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​ភាគ​ខាងត្បូង។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​បានទេ នៅ​ថ្ងៃទី​២៤ ខែមេសា​។ ទោះជា​យ៉ាងណា អ្នកសារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន ខេមបូឌាន ខេ​88 ជា​ក្រុមហ៊ុន​វិនិយោគ​មកពី​ប្រទេស​ចិន បាន​ចុះ​សិក្សា​ស្រាវជ្រាវ​រក​រ៉ែ​មាស​ចាប់តាំងពី​ឆ្នាំ​២០២០ និង​បាន​រក​ឃើញ​ជម្រក​រ៉ែ​មាស​ដែល​មាន​លក្ខណៈ​សេដ្ឋកិច្ច​នៅក្នុង​ឆ្នាំ ២០២៣ និង​បាន​ឈាន​ដល់​ដំណាក់កាល បង្កើត​រោងចក្រ​ចម្រាញ់​យក​រ៉ែ​មាស ដែល​មាន​ទុន​វិនិយោគ សរុប​ប្រមាណ ៤០​លាន ៤០.០០០.០០០$) ដុល្លារ​អាមេរិក។

ការអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចិន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ពេល​នេះ គឺ ផ្ទុយ​ពី​ការប្រកាស​របស់ លោក នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពី​ឆ្នាំ​២០២៥​កន្លងទៅ ថា នឹង​មិន​ពង្រីក​អាជីវកម្ម​រ៉ែ និង​ការរុករក​រ៉ែ នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ទៀត​នោះ​ទេ ដោយ​ដាក់​តំបន់​ការពារ​មួយ​នេះ ជា​តំបន់​ក្រហម​ថែម​ទៀត​ផង។

ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​មាន​ផ្ទៃដី​ជិត ៥​សែន (៤៨៩.៦៦៣)​ហិកតារ ជាប់​ខេត្ត​ចំនួន​៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តកំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល បង្កើត​ជា​តំបន់​ដែនជម្រកសត្វព្រៃ​នៅក្នុង​ឆ្នាំ​២០១៦​។ បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឯកជន​ចំនួន​៤ ដែល​កំពុង​ច្បាម​យក​ធ្វើ​ធនធាន​រ៉ែ​ផ្សេងគ្នា ក្នុង​មាន​ដូចជា ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន កំពុង​ច្បាម​យក​រ៉ែ​ដែក នៅ​ភាគ​ខាងជើង​នៃ​តំបន់​ព្រៃ​ឡង់ នៃ​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស នៅ​ភាគ​ខាងត្បូង ក្នុង​ខេត្តកំពង់ធំ និង​រោងចក្រ​ផលិត​ស៊ីម៉ងត៍ នៅ​ភាគ​ខាងកើត ក្នុង​ខេត្តក្រចេះ ហើយ​មាន​ក្រុមហ៊ុន ចំនួន​១១​ផ្សេងទៀត កំពុង​សិក្សា​រុករក​រ៉ែ នៅក្នុង​ដែនជម្រក​សត្វព្រៃឡង់។

ជុំវិញ​រឿង​នេះ អ្នកស្រាវជ្រាវ និង​ឃ្លាំមើល​ធនធានធម្មជាតិ​នៅ​កម្ពុជា លោក សេង សុខហេង ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែ​មេសា​ថា លោក​បារម្ភ​ខ្លាច​ក្រុមហ៊ុន​ទាំងនេះ មិន​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​បរិស្ថាន និង​ពលរដ្ឋ ឲ្យ​បាន​ត្រឹមត្រូវ ដែល​អាច នឹង​ធ្វើ​ឲ្យ​បរិស្ថាន និង​ពលរដ្ឋ​រស់នៅ​តំបន់​នោះ រងគ្រោះ​ដល់​អាយុជីវិត​។ លោក​ថា ប្រជាពលរដ្ឋ​តែងតែ​ភ័យខ្លាច​នៅ​ពេល​ដែល​ឮ​ថា មាន​គម្រោង​វិនិយោគ​អ្វីមួយ​នៅ​តំបន់​របស់​គាត់​រស់នៅ ដោយសារតែ​រាល់​ការ​វិនិយោគ និង​អភិវឌ្ឍន៍​ទាំងនោះ តែងតែ​ធ្វើ​ឲ្យ​ពលរដ្ឋ​ស្រក់​ទឹកភ្នែក និង​រង​ទុក្ខ​វេទនា។

លោក សេង សុខហេង៖ «​ប្រជាពលរដ្ឋ​ពេល​គាត់​លឺ​ពាក្យ​វិនិយោគ រឺ​ពាក្យ​អភិវឌ្ឍន៍​គាត់​ហាក់បី​មានការ​ភ័យខ្លាច​ជាក់ស្តែង​យើង​មើល​ឃើញ​ថា គម្រោង​វិនិយោគ​ជាច្រើន​ឃើញ​ថា ប្រជាជន​មាន​ការបាត់បង់​ផ្ទះ បាត់បង់​ដី បាត់បង់​ធនធាន​ជាច្រើន ធនធាន​ដែរ​ពួកគាត់​ធ្លាប់​អាស្រ័យ​ផល​ពី​ដូនតា​សូម្បី​ផ្ទះ​ដែរ​មានកម្ម​សិទ្ធិ​ក៏​ត្រូវ​ប្រឈម​បាត់បង់​ដែរ»។

កន្លងទៅ​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ រកឃើញ​ថា គម្រោង​អាជីវកម្ម​រ៉ែ​ធំៗ​នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់ បាន​បង្ក​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​ដល់​ព្រៃឈើ និង​ជីវិត​របស់​ប្រជាជន​នៅក្នុង​តំបន់​នោះ ហើយ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជាដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​រ៉ែ និង​ហាមឃាត់​មិន​ឲ្យ​មាន​គម្រោង​អាជីវកម្ម​រ៉ែ​ធំៗ​នៅក្នុង​តំបន់​ជម្រក​សត្វព្រៃ​ព្រៃ​ឡង់​ទៀត​នោះ​ទេ។

ក្រៅពី​អាជីវកម្ម​រ៉ែ​មាស​នៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្តកំពង់ធំ មាន​ខេត្ត​ចំនួន​៤​ផ្សេងទៀត ដែល​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខ្នាត​ធំ​បង្ក​ផល​ប៉ះពាល់ ការរំលោភ​សិទ្ធិមនុស្ស ការខូចខាត​បរិស្ថាន និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ ក្នុង​នោះ​រួមមាន​ខេត្តព្រះវិហារ រតនគីរី ក្រចេះ និង​ខេត្ត​មណ្ឌលគិរី​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ