តុលាការ​វៀតណាម​កាត់​ទោស​សកម្មជន ស្ត្រី​ខ្មែរក្រោម​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ​ជាង ៣​ឆ្នាំ​

0
217
សកម្មជន​ស្ត្រី​ខ្មែរក្រោម​លោកស្រី ថាច់ ធីវ៉ារី។ រូ​ប​បណ្ដាញសង្គម
សកម្មជន​ស្ត្រី​ខ្មែរក្រោម​លោកស្រី ថាច់ ធីវ៉ារី។ រូ​ប​បណ្ដាញសង្គម

សកម្មជន​ខ្មែរក្រោម​ម្នាក់ទៀត ត្រូវបាន​តុលាការ​វៀតណាម កាត់ទោស​ឲ្យ ជាប់ពន្ធនាគារ ជាង ៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការប្រើ​បណ្តាញ​សង្គម ដើម្បី​ផ្សព្វផ្សាយ​អំពី បញ្ហា​សិទ្ធិមនុស្ស និង​សិទ្ធិ​ជនជាតិដើម​ខ្មែរក្រោម ព្រមទាំង​បង្ហាញ​អត្តសញ្ញាណ ខ្មែរក្រោម​។​

ក្រោម​ចំណាត់ការ​ក្ដៅ​របស់​អាជ្ញាធរ​កុម្មុយនីស្ត​វៀតណាម ក្នុង​ការ​ព្យាយាម​បំបិទ សេរីភាព​បញ្ចេញមតិ​របស់​ពលរដ្ឋ​ខ្មែរក្រោម​ជា​បន្តបន្ទាប់​នោះ សកម្មជន​ស្ត្រី​ខ្មែរ ក្រោម​ម្នាក់​ទៀតហើយ គឺ​លោកស្រី ថាច់ ធីវ៉ារី អាយុ ៥៥​ឆ្នាំ ត្រូវ​បាន​តុលាការខេត្ត លង់​ហោរ (​វិញ​ឡុង​) កាត់ទោស​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមេសា ឱ្យ​ជាប់ពន្ធនាគារ រយៈពេល ៣​ឆ្នាំ ៦​ខែ​។ ការ​ចាប់ខ្លួន​លោកស្រី ថាច់ ធីវ៉ារី ធ្វើ​ឱ្យ​ចំនួន​សកម្មជន​ខ្មែរ ក្រោម ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ចាប់​ដាក់​ពន្ធ​ធនាគារ កើន​ដល់ ១៨​នាក់​ហើយ មក​ដល់​ពេល​នេះ។

តុលាការ​វៀតណាម​ខេត្ត​លង់​ហោរ បាន​កាត់ទោស​សកម្មជន​ស្ត្រី​ខ្មែរ​កម្ពុជា​ក្រោម លោកស្រី ថាច់ ធីវ៉ារី ពី​បទ «​កេង​ចំណេញ​លើ​សិទ្ធិ​សេរីភាព និង​លទ្ធិ ប្រជាធិបតេយ្យ​» តាម​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម បន្ទាប់ពី លោកស្រី​លើកឡើង​អំពី​បញ្ហា​សិទ្ធិមនុស្ស សិទ្ធិ​ជនជាតិ​ដើម​ខ្មែរក្រោម និង អត្តសញ្ញាណ​ខ្មែរ​កម្ពុជា​ក្រោម។

នៅមុន​ពេល​ត្រូវ​ចាប់ខ្លួន លោកស្រី ថាច់ ធីវ៉ារី បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង នឹង​ព្រឹត្តិការណ៍​សាធារណៈ​មួយចំនួន ដូចជា ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ទិវា​សិទ្ធិ​នារី និង​សេចក្ដីប្រកាស​សកល​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ជាដើម​។ ប៉ុន្តែ អាជ្ញាធរ​កុម្មុយនីស្ត​វៀតណាម ចោទប្រកាន់​លោកស្រី​ថា បាន​ប្រើ​គណនី​ហ្វេសប៊ុក​របស់​លោកស្រី ចែករំលែក​ព័ត៌មាន​ដែល​អាជ្ញាធរ​វៀតណាម ចាត់ទុកថា មិន​ពិត និង​ប៉ះពាល់​ស្ថាប័នរដ្ឋ ចាប់តាំងពី​ឆ្នាំ​២០២១​មក។

អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ លោក​បណ្ឌិត សឺន ជុំជួន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែមេសា​នេះ​ថា ការ​កាត់ ទោស​សកម្មជន​ខ្មែរក្រោម លោកស្រី ថាច់ ធីវ៉ារី គឺជា​រឿង​អយុត្តិធម៌ ដែល​មាន​ដំណើរ​ផ្ទុយ​ពី​ច្បាប់​វៀតណាម និង នីតិ​សិទ្ធិមនុស្ស​អន្តរជាតិ ពីព្រោះ​ការ ជំនុំជម្រះ នោះ ធ្វើឡើង​ដោយ​គ្មាន​មេធាវី​ការពារ​ក្ដី សម្រាប់​ជនជាប់ចោទ និង​ជា​សវនាការ អសាធារណៈ។ លោក​ថា ករណី​អយុត្តិធម៌​បែបនេះ ក៏បាន​កើតមាន​លើ​សកម្មជន ខ្មែរក្រោម​ដទៃទៀត​ដែរ។

លោក​បណ្ឌិត សឺន ជុំជួន ពន្យល់​ថា ជា​គោលការណ៍ សំណុំរឿង​បែបនេះ ត្រូវធ្វើ​សវនាការ​សាធារណៈ ដើម្បី​បើក​ឲ្យ​សាធារណជន ចូល​ស្ដាប់ និង សង្កេត ការណ៍​។ លោក​ថា សកម្មជន​និង​ពលរដ្ឋ​ខ្មែរក្រោម​ជាច្រើន មានបំណង​ចូល​ស្ដាប់ សវនាការ​នោះ ប៉ុន្តែ​ត្រូវ​បាន​រំខាន​ដោយ​អាជ្ញាធរ​វៀតណាម មិន​ឲ្យ​ធ្វើដំណើរ ទៅ​ចូលរួម​ស្ដាប់​សវនាការ​ទេ​។ លោក​ហៅ​ចំណាត់ ការ​របស់​អាជ្ញាធរ វៀតណាម ថា ជា​ការ​រឹត​បន្ដឹង​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ខ្មែរក្រោម។

បណ្ឌិត សឺន ជុំជួន៖ «ហើយ​បើ​យើង​ផ្អែក​ទៅតាម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ បើ​យើង គិត​អំពី​ការ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌​ហ្នឹង គឺ​សិទ្ធិ​ហ្នឹង គឺ​មិនអាច​ទទួល បានទេ​ក្នុងករណី​សវនាការ​បែបនេះ គឺ​ការបំពាន​សិទ្ធិ​យ៉ាងធ្ងន់ធ្ងរ ដែល​មាន​ចែង នៅក្នុង​រដ្ឋធម្មនុញ្ញ​វៀតណាម​ផង មាន​ចែង​នៅក្នុង​លិខិតុបករណ៍​សិទ្ធិមនុស្ស​អង្គ ការ​សហប្រជាជាតិ​ផង​។ នេះ​យើងខ្ញុំ​សង្កេតឃើញ​មក​អ៊ីចឹង ក៏ដូចជា​សកម្មជន​ជាច្រើន​ផ្សេងទៀត ក៏​មាន​សវនាការ​បែប​ហ្នឹង​ដែរ អ៊ីចឹង​ទង្វើ​ទាំងអស់​នេះ រដ្ឋាភិបាល​វៀតណាម​គួរតែ​មាន​ការណែនាំ​ទៅដល់​សមត្ថកិច្ច​តុលាការ ឲ្យ​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​នីតិវិធី​ច្បាប់​ដែល​មាន​ចែង​នៅក្នុង​ច្បាប់​ប្រទេស​របស់​ខ្លួន»។

សកម្មជន និង អង្គការ​សមាគម​ខ្មែរក្រោម ប្ដេជ្ញា​ថា ពួកគេ​នៅតែ​បន្ត​ស្មារតី​នៃ ការ ធ្វើ​សកម្មភាព​តស៊ូ​មតិ ទៅកាន់​អង្គការសហប្រជាជាតិ អង្គការ​អន្តរជាតិ​នានា និង បណ្ដា​ប្រទេស​ដែល​ពាក់ព័ន្ធ​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​វៀតណាម ដើម្បី រក​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​សកម្មជន​ខ្មែរក្រោម និង លុប បំបាត់​ការបំពាន​សិទ្ធិ​សេរីភាព​ខ្មែរក្រោម​។ អង្គការ​សមាគម​ខ្មែរក្រោម ក៏​នឹង បន្ត អនុវត្ត​ផែនការ​ជំរុញ​ឲ្យ​វៀតណាម ធ្វើ​វិសោធនកម្ម​ច្បាប់​អធម្មនុញ្ញភាព​របស់​ខ្លួន ដែល​ផ្ទុយ​ពី​គោលការណ៍​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ពីព្រោះ​ច្បាប់ ទាំងនោះ ជារឿយៗ អាជ្ញាធរ​វៀតណាម​យក​មក​ប្រើ​ជា ឧបករណ៍​ចាប់​សកម្មជន ខ្មែរក្រោម​ដាក់គុក​ទាំង​បំពាន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ