

គណៈរដ្ឋមន្ត្រីថៃបានសម្រេចលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ឬហៅថា MOUឆ្នាំ២០០១ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ ហើយនៅថ្ងៃទី៥ ខែឧសភា។ រដ្ឋមន្ត្រីការបរទេសកម្ពុជា អះអាងថា ទោះបីជាថៃ លុបចោលMOUនេះក្តី ក៏មិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់កម្ពុជានៅតំបន់ដែនសមុទ្រនោះទេ។ ប៉ុន្តែមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបារម្ភថា យោធាថៃ នឹងឈ្លានពានយកដែនសមុទ្រកម្ពុជា រាប់ម៉ឺនគីឡូម៉ែត្រការ៉េ រួមទាំងរ៉ែប្រេង និងឧស្ម័នដែលមានតម្លៃមហាសាល ក្រោយរដ្ឋាភិបាលថៃបញ្ចប់MOUឆ្នាំ២០០១នេះ។
រដ្ឋាភិបាលថៃដឹកនាំដោយលោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានសម្រេចលុបចោលភ្លាមៗនូវអនុស្សរណៈនៃការយោគយល់គ្នា ឬហៅថា MOUឆ្នាំ២០០១ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នារវាងកម្ពុជា-ថៃ បន្ទាប់ពីប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន បង្ហោះសារក្នុងន័យឌឺដងថា ប្រទេសថៃនឹងខាតបង់ផលប្រយោជន៍បើលុបMOUនេះ។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគុល ថ្លែងប្រាប់អ្នកកាសែតថៃក្រោយកិច្ចប្រជុំគណៈរដ្ឋមន្រី្តថា ការលុបចោលMOUស្ដីពីតំបន់ដែនសមុទ្រនេះ គឺមិនពាក់ ព័ន្ធនឹងជម្លោះថ្មីៗជាមួយកម្ពុជានោះទេ ប៉ុន្តែដោយសារMOU ដែលមានអាយុកាល ២៥ឆ្នាំមួយនេះ គ្មានការវិវឌ្ឍទៅមុខ និងគ្មានប្រយោជន៍សម្រាប់ប្រទេសថៃនោះឡើយ។ លោកបន្ថែមថា ប្រទេសទាំងពីរ អាចពឹងផ្អែកលើក្របខណ្ឌច្បាប់អន្តរជាតិដែលមានស្រាប់រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ(UNCLOS) ដើម្បីដឹកនាំកិច្ចពិភាក្សានៅពេលខាងមុខ។
នាយករដ្ឋមន្ត្រីថៃរូបនេះ សង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសហ្វីលីពីន(Philippine) ខាងមុខ លោក នឹងមានជំនួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោមបរិបទថ្មី ដោយមិនយកMOU ២០០១ ជាមូលដ្ឋានទៀតឡើយ។ លោក អានុទីន ចាន់វីរៈគុល ថែមទាំងធានាចំពោះពលរដ្ឋថៃថា ការចរចាជាមួយមេដឹកនាំកម្ពុជា និងការលុបចោលMOUនេះ នឹងមិនធ្វើឲ្យប្រទេសថៃខាតបង់ ប្រយោជន៍ ឬបាត់បង់ទឹកដីឡើយ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខន បានចេញសេចក្តីថ្លែងការណ៍សោកស្តាយចំពោះការបញ្ចប់MOU ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នានេះជាឯកតោភាគីរបស់ថៃ។ លោក ចាត់ទុកថា MOUនេះគឺជាក្របខណ្ឌតែមួយគត់រវាងប្រទេសទាំងពីរដើម្បីដោះស្រាយបញ្ហាដែនសមុទ្រដោយសន្តិវិធីនិងផ្អែកតាមច្បាប់អន្តរជាតិ។ ទោះជាយ៉ាងណា ប្រមុខការទូតកម្ពុជារូបនេះ អះអាងថា ការលុបចោលMOUនេះ កម្ពុជានឹងចាប់ផ្តើមយកជម្រើសការផ្សះផ្សាដោយចាំបង្ខំជាមួយប្រទេសថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS)»។ «»
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបង្ហោះសារដែលមានខ្លឹមសារដូចការលើកឡើងរបស់លោក ប្រាក់ សុខុន ដែរ។ លោកថា នៅថ្ងៃនេះ រដ្ឋាភិបាលរបស់លោកបានសម្រេចថានឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយចាប់បង្ខំ ឬហៅថា Compulsory Conciliationដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីផ្អែកលើមូលដ្ឋានច្បាប់ក្នុងការដោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជានិងថៃ។
MOU ឆ្នាំ២០០១ គឺជាអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា និងថៃដែលបានចុះហត្ថលេខារួមគ្នារវាងអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និង អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra ) ក្នុងឆ្នាំ២០០១ ដើម្បីផ្ដល់ជាក្របខ័ណ្ឌចរចាដោះស្រាយបញ្ហាតំបន់ទាមទារត្រួតស៊ីគ្នាក្នុងដែនសមុទ្រ និងបញ្ហាព្រំដែនសមុទ្ររវាងប្រទេសជិតខាងទាំងពីរ។ ប៉ុន្តែក្រោយពីធ្វើសង្គ្រាមឈ្លានពានព្រំដែនគោកជាបន្តបន្ទាប់រួចមក រដ្ឋាភិបាលថៃ តែងរកវិធី លុបចោលMOUស្ដីពីតំបន់ដែនសមុទ្រនេះ។
ប្រមុខដឹកនាំស្ថាប័នអធិបតេយ្យជាតិព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣តុលា លោក អ៊ុំ សំអាន ព្រួយបារម្ភថា ក្រោយរដ្ឋាភិបាលថៃលុបចោល MOU នេះហើយ យោធាថៃនឹងឈ្លានពានស៊ីដាច់កោះគជ់ និងដែនសមុទ្រដែលភាគីទាំងពីរ អះអាងថា «ត្រួតស៊ីគ្នា» ទំហំ ២ម៉ឺន ៦ពាន់ គីឡូម៉ែត្រការ៉េផ្ដាច់មុខ រួមទាំងប្រេង និងឧស្ម័នធម្មជាតិក្រោមបាតសមុទ្រដែលមានតម្លៃ៣រយ(៣០០)ពាន់លានដុល្លារ។ «»
បន្ថែមពីលើនេះ លោក អ៊ុំ សំអាន យល់ថា ការប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) នឹងគ្មានប្រសិទ្ធភាពឡើយ។ លោក មើលឃើញថា យន្តការដែលល្អបំផុតគឺរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គួរតែត្រៀមឯកសារប្ដឹងថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការអាជ្ញាកណ្តាលអន្តរជាតិ(PCA) ទើបមានប្រសិទ្ធភាពជាង។ ប៉ុន្តែលោក អ៊ុំ សំអាន គ្មានសង្ឃឹមថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នឹងប្តឹងថៃនោះទេ ព្រោះខ្លាចយោធាថៃ វាយប្រហារម្តងទៀតនាំឲ្យប៉ះពាល់ដល់អំណាចគ្រួសារត្រកូលហ៊ុន ព្រមទាំងខ្លាចប៉ះពាល់ដល់ព្រំដែនទឹកជាមួយវៀតណាមដែលលោក ហ៊ុន សែន ធ្លាប់ចុះកិច្ចព្រមព្រៀងខុសច្បាប់ស្ដីពីតំបន់ទឹកប្រវត្តិសាស្ត្រជាមួយវៀតណាម កាលពីឆ្នាំ១៩៨២ ដែលធ្វើឱ្យកម្ពុជា បាត់បង់កោះត្រល់ និងចង្កោមកោះក្រចកសេះជាដើម។
ស្រដៀងគ្នានេះ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី បង្ហោះសារលើហ្វេសប៊ុកថា ការដែលភាគីថៃសម្រេចលុបចោល MOU ២០០១ ហើយងាកទៅអនុវត្តតាមច្បាប់សមុទ្រអន្តរជាតិ គឺជាយុទ្ធសាស្ត្រមួយដែលដឹងពីចំណុចខ្សោយរបស់រដ្ឋាភិបាលភ្នំពេញ។ លោកបន្តថា មេដឹកនាំថៃ យល់ច្បាស់ថា របបភ្នំពេញនឹងមិនហ៊ានប្រថុយប្រើប្រាស់ច្បាប់សមុទ្រជាមូលដ្ឋានចរចានោះទេ ព្រោះវាអាចនឹងប៉ះពាល់ដល់កិច្ចព្រមព្រៀងព្រំដែនទឹកដែលលោក ហ៊ុន សែន បានធ្វើជាមួយវៀតណាម។ លោក សេង វណ្ណលី យល់ថា ការប្រកាសជំហររបស់លោកប្រាក់ សុខុន គ្រាន់តែជាយុទ្ធសាស្ត្របំភាន់សាធារណមតិដែលជាទម្លាប់នយោបាយរបស់របបនេះប៉ុណ្ណោះ ប៉ុន្តែនៅទីបញ្ចប់ ពួកគេនឹងវិលទៅរកការចរចាជាលក្ខណៈសម្ងាត់ដូចមុនដដែល។ អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិករូបនេះ វាយតម្លៃថា ជាលទ្ធផល ភាគីថៃរំពឹងថា កម្ពុជានឹងបង្ខំចិត្តចរចាក្នុងក្របខ័ណ្ឌថ្មីមួយដែលផ្តល់ផលចំណេញខ្ពស់ដល់ភាគីថៃ ហើយយល់ព្រមតាមការទាមទារទាំងនោះ ដើម្បីជៀសវាងការប៉ះទង្គិចផលប្រយោជន៍ ឬការអាក់អន់ចិត្តពីសំណាក់វៀតណាម៕









