គណៈរដ្ឋមន្ត្រី​ថៃ​លុបចោល​MOU ២០០១ ស្ដីពី​តំបន់​ដែនសមុទ្រ​ជាមួយ​កម្ពុជា

0
75
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម
នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក អានុទីន ចាន់វីរៈគុល (Anutin Charnvirakul)។ រូប៖ បណ្ដាញ​សង្គម

គណៈរដ្ឋមន្ត្រី​ថៃ​បាន​សម្រេច​លុបចោល​អនុស្ស​រណៈ​នៃ​ការយោគយល់​គ្នា ឬ​ហៅថា MOU​ឆ្នាំ​២០០១​ស្ដីពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា​-​ថៃ ហើយ​នៅ​ថ្ងៃទី​៥ ខែឧសភា​។ រដ្ឋមន្ត្រីការបរទេស​កម្ពុជា អះអាង​ថា ទោះបីជា​ថៃ លុបចោល​MOU​នេះ​ក្តី ក៏​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់​របស់​កម្ពុជា​នៅ​តំបន់​ដែនសមុទ្រ​នោះ​ទេ។ ប៉ុន្តែ​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​បារម្ភ​ថា យោធា​ថៃ នឹង​ឈ្លានពាន​យក​ដែនសមុទ្រ​កម្ពុជា រាប់​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ រួម​ទាំង​រ៉ែ​ប្រេង និង​ឧស្ម័ន​ដែល​មាន​តម្លៃ​មហាសាល ក្រោយ​រដ្ឋាភិបាល​ថៃ​បញ្ចប់​MOU​ឆ្នាំ​២០០១​នេះ។

រដ្ឋាភិបាល​ថៃ​ដឹកនាំ​ដោយ​លោក អានុទីន ចាន់វីរៈគុល (Anutin Chanvirarkul) បានសម្រេច​លុបចោល​ភ្លាមៗ​នូវ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ឬ​ហៅថា MOU​ឆ្នាំ​២០០១​ស្ដីពី​តំបន់​ដែនសមុទ្រ​ត្រួតគ្នា​រវាង​កម្ពុជា​-​ថៃ បន្ទាប់ពី​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បង្ហោះ​សារ​ក្នុង​ន័យ​ឌឺដង​ថា ប្រទេស​ថៃ​នឹង​ខាតបង់​ផលប្រយោជន៍​បើ​លុប​MOU​នេះ។

នាយករដ្ឋមន្ត្រី​ថៃ លោក អានុទីន ឆាន់វីរៈគុល ថ្លែងប្រាប់​អ្នកកាសែត​ថៃ​ក្រោយ​កិច្ចប្រជុំ​គណៈ​រដ្ឋមន្រី្ត​ថា ការលុបចោល​MOU​ស្ដីពី​តំបន់​ដែនសមុទ្រ​នេះ គឺ​មិន​ពាក់ ព័ន្ធ​នឹង​ជម្លោះ​ថ្មីៗ​ជាមួយ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ដោយសារ​MOU ដែល​មាន​អាយុកាល ២៥​ឆ្នាំ​មួយ​នេះ គ្មាន​ការ​វិវឌ្ឍ​ទៅមុខ និង​គ្មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ថៃ​នោះ​ឡើយ​។ លោក​បន្ថែម​ថា ប្រទេស​ទាំងពីរ អាច​ពឹង​ផ្អែកលើ​ក្របខណ្ឌ​ច្បាប់​អន្តរជាតិ​ដែល​មាន​ស្រាប់​រួម​ទាំង​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​(UNCLOS) ដើម្បី​ដឹកនាំ​កិច្ចពិភាក្សា​នៅពេល​ខាងមុខ។

នាយករដ្ឋមន្ត្រី​ថៃ​រូប​នេះ សង្ឃឹមថា កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ហ្វីលីពីន​(Philippine) ខាងមុខ លោក នឹង​មាន​ជំនួប​ពិភាក្សា​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោម​បរិបទ​ថ្មី ដោយ​មិន​យក​MOU ២០០១ ជា​មូលដ្ឋាន​ទៀត​ឡើយ។ លោក អានុទីន ចាន់វីរៈគុល ថែមទាំង​ធានា​ចំពោះ​ពលរដ្ឋ​ថៃ​ថា ការ​ចរចា​ជាមួយ​មេដឹកនាំ​កម្ពុជា និង​ការលុបចោល​MOU​នេះ នឹង​មិន​ធ្វើ​ឲ្យ​ប្រទេស​ថៃ​ខាតបង់ ប្រយោជន៍ ឬ​បាត់បង់​ទឹកដី​ឡើយ។

ជា​ការ​ឆ្លើយតប រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោក ប្រាក់ សុខន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សោកស្តាយ​ចំពោះ​ការ​បញ្ចប់​MOU ស្ដីពី​តំបន់​ដែនសមុទ្រ​ត្រួត​គ្នា​នេះ​ជា​ឯកតោភាគី​របស់​ថៃ។ លោក ចាត់ទុកថា MOU​នេះ​គឺជា​ក្របខណ្ឌ​តែមួយគត់​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែនសមុទ្រ​ដោយ​សន្តិវិធី​និង​ផ្អែក​តាមច្បាប់​អន្តរជាតិ។ ទោះជា​យ៉ាងណា ប្រមុខ​ការទូត​កម្ពុជា​រូប​នេះ អះអាង​ថា ការ​លុបចោល​MOU​នេះ កម្ពុជា​នឹង​ចាប់ផ្តើម​យក​ជម្រើស​ការផ្សះផ្សា​ដោយ​ចាំ​បង្ខំ​ជាមួយ​ប្រទេស​ថៃ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ (UNCLOS)»។ «»

ជាមួយគ្នា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បាន​បង្ហោះ​សារ​ដែល​មាន​ខ្លឹមសារ​ដូច​ការ​លើកឡើង​របស់​លោក ប្រាក់ សុខុន ដែរ​។ លោក​ថា នៅថ្ងៃ​នេះ រដ្ឋាភិបាល​របស់​លោក​បានសម្រេច​ថា​នឹង​ប្រើប្រាស់​យន្តការ​នៃ​ការ​ផ្សះផ្សារ​ដោយ​ចាប់បង្ខំ ឬ​ហៅថា Compulsory Conciliation​ដែល​ស្ថិត​នៅ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ (UNCLOS) ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​ក្នុង​ការ​ដោះស្រាយ​តំបន់​ទាមទារ​ដែនសមុទ្រ​ត្រួត​គ្នា​រវាង​កម្ពុជា​និង​ថៃ។

MOU ឆ្នាំ​២០០១ គឺជា​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​កម្ពុជា និង​ថៃ​ដែល​បាន​ចុះហត្ថលេខា​រួមគ្នា​រវាង​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន និង អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra ) ក្នុង​ឆ្នាំ​២០០១ ដើម្បី​ផ្ដល់​ជា​ក្របខ័ណ្ឌ​ចរចា​ដោះស្រាយ​បញ្ហា​តំបន់​ទាមទារ​ត្រួតស៊ីគ្នា​ក្នុង​ដែនសមុទ្រ និង​បញ្ហា​ព្រំដែន​សមុទ្រ​រវាង​ប្រទេសជិតខាង​ទាំងពីរ​។ ប៉ុន្តែ​ក្រោយពី​ធ្វើសង្គ្រាម​ឈ្លានពាន​ព្រំដែន​គោក​ជា​បន្តបន្ទាប់​រួចមក រដ្ឋាភិបាល​ថៃ តែង​រក​វិធី លុបចោល​MOU​ស្ដីពី​តំបន់​ដែនសមុទ្រ​នេះ។

ប្រមុខ​ដឹកនាំ​ស្ថាប័ន​អធិបតេយ្យ​ជាតិ​ព្រំដែន និង​អន្តោប្រវេសន៍​នៃ​រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣​តុលា លោក អ៊ុំ សំអាន ព្រួយ​បារម្ភ​ថា ក្រោយ​រដ្ឋាភិបាល​ថៃ​លុបចោល MOU នេះ​ហើយ យោធា​ថៃ​នឹង​ឈ្លានពាន​ស៊ីដាច់​កោះ​គជ់ និង​ដែនសមុទ្រ​ដែល​ភាគី​ទាំងពីរ អះអាង​ថា «​ត្រួតស៊ីគ្នា​» ទំហំ ២​ម៉ឺន ៦​ពាន់ គីឡូម៉ែត្រ​ការ៉េ​ផ្ដាច់មុខ រួម​ទាំង​ប្រេង និង​ឧស្ម័ន​ធម្មជាតិ​ក្រោម​បាតសមុទ្រ​ដែល​មាន​តម្លៃ​៣​រយ​(៣០០)​ពាន់​លាន​ដុល្លារ។ «»

បន្ថែម​ពីលើ​នេះ លោក អ៊ុំ សំអាន យល់​ថា ការប្រើប្រាស់​យន្តការ​នៃ​ការផ្សះផ្សា​ដោយ​ចាប់បង្ខំ​ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​នីតិ​សមុទ្រ (UNCLOS) នឹង​គ្មាន​ប្រសិទ្ធភាព​ឡើយ។ លោក មើលឃើញ​ថា យន្តការ​ដែល​ល្អ​បំផុត​គឺ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គួរតែ​ត្រៀម​ឯកសារ​ប្ដឹង​ថៃ ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​(PCA) ទើប​មាន​ប្រសិទ្ធភាព​ជាង។ ប៉ុន្តែ​លោក អ៊ុំ សំអាន គ្មាន​សង្ឃឹមថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​ប្តឹង​ថៃ​នោះទេ ព្រោះ​ខ្លាច​យោធា​ថៃ វាយប្រហារ​ម្តង​ទៀត​នាំ​ឲ្យ​ប៉ះពាល់​ដល់​អំណាច​គ្រួសារ​ត្រកូល​ហ៊ុន ព្រមទាំង​ខ្លាច​ប៉ះពាល់​ដល់​ព្រំ​ដែនទឹក​ជាមួយ​វៀតណាម​ដែល​លោក ហ៊ុន សែន ធ្លាប់​ចុះ​កិច្ចព្រមព្រៀង​ខុសច្បាប់​ស្ដីពី​តំបន់​ទឹក​ប្រវត្តិសាស្ត្រ​ជាមួយ​វៀតណាម កាលពី​ឆ្នាំ​១៩៨២ ដែល​ធ្វើ​ឱ្យ​កម្ពុជា បាត់បង់​កោះត្រល់ និង​ចង្កោម​កោះ​ក្រចកសេះ​ជាដើម។

ស្រដៀង​គ្នា​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា ការដែល​ភាគី​ថៃ​សម្រេច​លុបចោល MOU ២០០១ ហើយ​ងាក​ទៅ​អនុវត្ត​តាមច្បាប់​សមុទ្រ​អន្តរជាតិ គឺជា​យុទ្ធសាស្ត្រ​មួយ​ដែល​ដឹង​ពី​ចំណុចខ្សោយ​របស់​រដ្ឋាភិបាល​ភ្នំពេញ។ លោក​បន្ត​ថា មេដឹកនាំ​ថៃ យល់​ច្បាស់​ថា របប​ភ្នំពេញ​នឹង​មិន​ហ៊ាន​ប្រថុយ​ប្រើប្រាស់​ច្បាប់​សមុទ្រ​ជា​មូលដ្ឋាន​ចរចា​នោះ​ទេ ព្រោះ​វា​អាច​នឹង​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​ព្រំដែន​ទឹក​ដែល​លោក ហ៊ុន សែន បាន​ធ្វើ​ជាមួយ​វៀតណាម។ លោក សេង វណ្ណលី យល់​ថា ការ​ប្រកាស​ជំហរ​របស់​លោក​ប្រាក់ សុខុន គ្រាន់តែ​ជា​យុទ្ធសាស្ត្រ​បំភាន់​សាធារណមតិ​ដែល​ជា​ទម្លាប់​នយោបាយ​របស់​របប​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ទី​បញ្ចប់ ពួកគេ​នឹង​វិល​ទៅ​រក​ការចរចា​ជា​លក្ខណៈ​សម្ងាត់​ដូច​មុន​ដដែល។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​រូប​នេះ វាយតម្លៃ​ថា ជា​លទ្ធផល ភាគី​ថៃ​រំពឹង​ថា កម្ពុជា​នឹង​បង្ខំចិត្ត​ចរចា​ក្នុង​ក្របខ័ណ្ឌ​ថ្មី​មួយ​ដែល​ផ្តល់​ផល​ចំណេញ​ខ្ពស់​ដល់​ភាគី​ថៃ ហើយ​យល់ព្រម​តាម​ការ​ទាមទារ​ទាំងនោះ ដើម្បី​ជៀសវាង​ការ​ប៉ះទង្គិច​ផលប្រយោជន៍ ឬ​ការ​អាក់អន់​ចិត្ត​ពី​សំណាក់​វៀតណាម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ