ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង លោក វឿង សំណាង រ៉ាប់រង​បន្ទុក​ធ្ងន់​ក្នុង​គ្រួសារ​ពេល​ប្ដី​ជាប់​ពន្ធនាគារ

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច សេដ្ឋា (ស្ដាំ) ពេល​នគរបាល​នាំខ្លួន​មក​ធ្វើ​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ កាល​ពីថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២៣ និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក វឿង សំណាង (អាវពណ៌​ស្លាទុំ) ពេលត្រូវនាំមកតុលាការកំពូល នៅថ្ងៃទី២៤ ធ្នូ ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច សេដ្ឋា (ស្ដាំ) ពេល​នគរបាល​នាំខ្លួន​មក​ធ្វើ​សវនាការ​សុំ​នៅ​ក្រៅ​ឃុំ កាល​ពីថ្ងៃ​ទី២៨ ខែមេសា ឆ្នាំ២០២៣ និង​អតីត​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក វឿង សំណាង (អាវពណ៌​ស្លាទុំ) ពេលត្រូវនាំមកតុលាការកំពូល នៅថ្ងៃទី២៤ ធ្នូ ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​មួយចំនួន​អះអាង​ថា ពួកគាត់​ត្រូវ​រ៉ាប់រង​បន្ទុក​ធ្ងន់​ក្នុង​គ្រួសារ នៅ​ពេល​ប្ដី​របស់​ពួកគាត់​ជាប់​ពន្ធនាគា​រទាំង​អយុត្តិធម៌​ជាច្រើន​ឆ្នាំ​។ ការ​អះអាង​នេះ បន្ទាប់ពី​សកម្មជន​ខ្លះ ត្រូវ​ជាប់ពន្ធនាគារ ១១ ឆ្នាំ និង​ខ្លះ​ជាប់ពន្ធនាគារ​ចំនួន ២ ដង ព្រោះតែ​ការ​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​មិនទាន់​បាន​បង្ហាញ​សញ្ញា​បន្ធូរ​ដៃដល់​សេរីភាព នៃ​អ្នកទោស​មនសិការ និង អ្នក​ទោស​នយោបាយ​ឡើយ ប៉ុន្តែ នៅតែ​បន្ត​គាបសង្កត់ និង​ចាប់ខ្លួន​អ្នកមាន​មតិផ្ទុយ​ដាក់​ពន្ធ​ធនាគារ ដោយ​គ្មាន​ក្រែង​ច្បាប់។ ស្ថានភាព​បែបនេះ ធ្វើ​ឱ្យ​បន្ទុក​រ៉ាប់រង​ក្នុង​គ្រួសារ​ត្រូវ​ធ្លាក់​លើ​ប្រពន្ធ ឬ​ស្ត្រី​ជា​ម្ដាយ ហើយ​បន្ទុកគ្រួសារ​នោះ កាន់តែ​ធំ​និង​ធ្ងន់​លើស​ពី​ទ្វេដង​ទៅទៀត ដែល​ស្ត្រី​ជា​ភរិយា ឬ​ជា​ម្ដាយ ត្រូវ​ពុះពារ ដោះស្រាយ​ជីវភាព​គ្រួសារ​ទាំង​លំបាក។

ប្រពន្ធ​លោក វឿង សំណាង គឺ​លោកស្រី ទៀង ចិន្តា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា រយៈពេល​ជាង ៤​ឆ្នាំ​មកនេះ ដែល​ប្ដី​លោកស្រី​ជាប់ពន្ធនាគារ លោកស្រី​ត្រូវ​រក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារ​ផង និង​ផ្គត់ផ្គង់​ប្ដី​នៅ​ពន្ធនាគារ​ផង​។ លោកស្រី​ឲ្យ​ដឹង​ថា សព្វថ្ងៃ លោកស្រី​ស៊ីឈ្នួល​លក់​ម្ហូបអាហារ​ឲ្យ​គេ ហើយ​ក្នុង​មួយថ្ងៃ​រកបាន​ប្រាក់​តែ ៥​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​មិនបាន​ទៀងទាត់​រាល់ថ្ងៃ​ទៅទៀត ព្រោះ​មួយ​សប្ដាហ៍ លក់​បាន​តែម្ដង ឬ​ពីរ​ដង។

លោកស្រី ទៀង ចិន្តា មាន​ប្រសាសន៍​ថា កូនស្រី​របស់​លោក​ស្រី​វិញ ត្រូវ​ខកខាន​រៀនសូត្រ ឬ រៀនសូត្រ​មិនបាន​ជាប់លាប់​ឡើយ ពីព្រោះ​លោកស្រី ត្រូវ​យក​កូន​ទៅតាម​ពេល​ចេញ​ទៅ​ធ្វើ​ការ​រក​ប្រាក់។ លោកស្រី​ថា មិនអាច​ទុក​កូនស្រី​ចោល​ឲ្យ​នៅ​ម្នាក់ឯង ដោយសារ​ខ្លាច​ជួប​ហានិភ័យ​ផ្សេងៗ ដែល​ធ្វើ​ឲ្យ​លោកស្រី​កាន់តែ​ឈឺ ចាប់ ខណៈ​ឈឺចាប់​រឿង​ប្ដី​ជាប់ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​រួច​ទៅ​ហើយ​នោះ។

លោកស្រី​ថា គឺ​ពិតជា​ពិបាក​ខ្លាំង​ណាស់ សម្រាប់​លោកស្រី នៅពេល​រែក​បន្ទុកគ្រួសារ​យ៉ាង​ធ្ងន់​បែបនេះ​តែម្នាក់ឯង អំឡុង​ពេល​ប្ដី​ជាប់ពន្ធនាគារ​យូរ​ឆ្នាំ​ទាំង​គ្មាន​កំហុស។ លោកស្រី​ស្នើ​ឲ្យ​តុលាការ និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ដោះលែង​ប្ដី​ឲ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ​វិញ ដោយ​លោកស្រី​អះអាង​ថា ប្ដី​លោកស្រី​ជា​មនុស្ស​ស្អាតស្អំ មិន​បាន​ក្បត់​ជាតិ ដូច​ការ​ចោទ​ប្រកាន់​ឡើយ។

លោកស្រី ទៀង ចិន្តា៖ «សម្រាប់​ការបាត់បង់​សេរីភាព​របស់​ប្ដី​ខ្ញុំ​យូរ​នេះ ដល់​ទៅ ១១ ឆ្នាំនេះ វា​ពិតជា​ប៉ះពាល់​ផ្លូវចិត្ត​របស់ខ្ញុំ​ក៏ដូចជា ផ្លូវចិត្ត​របស់​ចិត្ត​កូនស្រី​របស់ខ្ញុំ ដែល​គាត់​បាត់បង់​ឪពុក បាត់បង់​ភាព​កក់ក្ដៅ ហើយ​គាត់​ត្រូវ​ខាត​ពេល​រៀនសូត្រ ដោយសារតែ ខ្ញុំ​ត្រូវ​លក់ដូរ​នៅ​ណា គាត់​ត្រូវ​ទៅ​ហ្នឹង​ដែរ​។ បើ​មិន​យក​គាត់​ទៅ អត់​មាន​អ្នកមើល​អ៊ីចឹង វា​ប៉ះពាល់​សព្វគ្រប់​បែបយ៉ាង»។

ប្ដី​លោកស្រី ទៀង ចិន្តា គឺ​លោក វឿង សំណាង ដែល​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​តុលាការ​កាត់​ឲ្យ​មានទោស​ជាប់ពន្ធនាគារ ១១​ឆ្នាំ ពី​បទ​«​រួមគំនិត ក្បត់​និង​ញុះញង់​» ពាក់ព័ន្ធ​ការចោទប្រកាន់​ភ្ជាប់​នឹង​ការប្រកាស​ដំណើរ​មាតុភូមិនិវត្តន៍ របស់​មេដឹកនាំ​ប្រឆាំង លោក សម រង្ស៊ី កាលពី​ឆ្នាំ​២០១៩​។ កន្លងមក អ្នក​ទោស​នយោបាយ​មួយចំនួន​ជ្រើសរើស យក​វិធី​សុំទោស​លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ា​ណែ​ត ឬ ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បានការ​ដោះលែង ប៉ុន្តែ​លោក វឿង សំណាង មិន​ព្រម​សុំទោស​មេដឹកនាំ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ឬ​មិន​ចុះចូល​គណបក្សកាន់អំណាច ដើម្បី​ប្ដូរ​យក​សេរីភាព​នោះ​ឡើយ។

លោកស្រី ទៀង ចិន្តា មាន​ប្រសាសន៍​ថា លោកស្រី​គោរព​នូវ​ការ​សម្រេចចិត្ត​របស់​ប្ដី និង​លើស​ពី​នេះ គឺ​បន្ត​គាំទ្រ​ប្ដី ទោះបីជា​លោកស្រី​ត្រូវ​ទទួលបន្ទុក​រ៉ាប់រង​គ្រួសារ​តែម្នាក់ឯង ជំនួស​ប្ដី​ក៏ដោយ។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​សុំ​ការ​អត្ថាធិប្បាយ​ពី អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ បាន​ទេ នៅ​ថ្ងៃទី៦ ខែឧសភា នេះ។

ក្រៅពី​ប្រពន្ធ​របស់​លោក វឿង សំណាង ក៏​មាន​ប្រពន្ធ​សកម្មជន​នយោបាយ និង​សកម្មជន​សង្គម​ដទៃទៀត ដូចជា ប្រពន្ធ​លោក ថាច់ សេដ្ឋា ប្រពន្ធ​លោក ខឿន វីរ៉ាត់ ប្រពន្ធ​លោក កាក់ កុម្ភារ ប្រពន្ធ​លោក សាន សិទ្ធ ព្រមទាំង​ប្រពន្ធ​ជន​មាន​ពិការភាព​លោក ភុន យុទ្ធ និង​ប្រពន្ធ​ជនពិការ​លោក ហុក រ៉េន ជាដើម ដែល​ត្រូវ​ទទួលបន្ទុក​រក​ប្រាក់ ដើម្បី​ដោះស្រាយ​បញ្ហា​គ្រួសារ​។ ស្ត្រី​ទាំងនេះ សុទ្ធតែ​នៅ​បង្ហាញ​ជំហរ​រឹងមាំ ក្នុង​ការគោរព និង គាំទ្រ​ការ​តស៊ូ​របស់​ប្ដី​ពួកគាត់។

ចំណែកឯ ប្រពន្ធ​លោក ខឿន វីរ៉ាត់ គឺ​លោកស្រី ថាច់ ចន្ធូ តែងតែ​បង្ហោះ​រូបថត និង​សារ​លើ​បណ្ដាញ​សង្គម ដោយ​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​ប្តី​វិញ​។ លោកស្រី រៀបរាប់​ថា ជិត​ដល់​បុណ្យខួប ៧៧​ឆ្នាំ ទិវា ៤​មិថុនា ដែល​ខ្មែរក្រោម​ហៅថា ជា ថ្ងៃ​អាណានិគម​បារាំង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ត្រួតត្រា គឺ​ធ្លាប់​តែ​មាន​វត្តមាន​ប្ដី ប៉ុន្តែ​ចុងក្រោយ​នេះ ប្ដី​លោកស្រី​ខកខាន​មិនបាន​ចូលរួម​ទិវា​នេះ ព្រោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ពន្ធនាគារ​ជាថ្មី​ទៀត​ទាំង​អយុត្តិធម៌។

លោក ខឿន វីរ៉ាត់ មាន​ដើមកំណើត​ជា​ខ្មែរក្រោម និង ជា​អតីត​ចៅ​សង្កាត់​រង​ទី​១​នៅ រាជធានី​ភ្នំពេញ របស់​គណបក្ស​សង្គ្រោះ​ជាតិ​។ លោក​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​លើក​ទី​២ កាលពីដើម​ខែមេសា ដោយ​តុលាការ​ក្រុងភ្នំពេញ​ចោទប្រកាន់​លោក ពី​បទ​«​ញុះញង់ »​និង​«​ជេរប្រមាថ​» ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​មតិ និង​ចែករំលែក​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ចាប់តាំងពី​ចុងឆ្នាំ​២០២៥។

រីឯ​ប្រពន្ធ​របស់​លោក ហុក រ៉េន គឺ​លោកស្រី កែវ សំអាន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​០៦ ខែ​ឧសភា​ថា ប្ដី​លោកស្រី​ជាប់ពន្ធនាគារ​ប្រមាណ ៦ ខែ​ហើយ ដូច្នេះ ការ​រក​ប្រាក់​ផ្គត់​ផ្គង​គ្រួសារ​ទាំងអស់ ត្រូវ​លោកស្រី​ទទួលបន្ទុក​ទាំងអស់​។ លោកស្រី​ចាត់ទុក​ការ​ឃុំខ្លួន​ប្ដី​លោកស្រី ដែល​ជា​ជន​មាន​ពិការ​ភាពជា​លើក​ទី​២ ថា ជា​រឿង​អយុត្តិធម៌។

លោកស្រី កែវ សំអាន៖ «ពិសេស​លុយ​ទៅ​មើល​គាត់​ចុះ​ខ្លាំង​បំផុត ព្រោះ​ធ្វើដំណើរ​ទៅ ឆ្ងាយ នៅ​ត្រពាំង​ផ្លុង ពិបាក​និយាយ​មិន​ចេញ​ទេ​។ ពិបាក​ខ្លាំង ដោយសារ​គាត់ ឈឺ​ផង ហើយ​គាត់​ជន​ពិការ​ផង គាត់​លេបថ្នាំ​សរសៃប្រសាទ​រាល់ថ្ងៃ ពិបាក​ខ្លាំង​ណាស់ គ្រប់​ទាំងអស់​តាំងពី​ទិញ​អីវ៉ាន់​ឲ្យ​គាត់ ។ គាត់​នៅ​ទៅ​គ្រាន់​បាន​ចំណូល​១ ទៅ ២ ម៉ឺន​រៀល​ទៅ វា​រាង​ធូរ ពេល​អ៊ីចឹង វា​លើ​ខ្ញុំ​ទាំងស្រុង លុយ​ចាយ​មិន​គ្រប់ ហើយ​ធ្វើដំណើរ​ទៅ​ឆ្ងាយ​។ ខ្ញុំ​ចង់​ឲ្យ​ដោះលែង​ប្ដី​ខ្ញុំ​មកវិញ»។

លោក ហុក រ៉េន ដែល​ជា​ជន​មាន​ពិការភាព និង​មាន​ជំងឺ​ប្រចាំ​កាយ ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច ចាប់​ដាក់​ពន្ធនាគារ ១៨​ខែ​ម្ដង​រួចហើយ កាលពី​ខែកក្កដា ឆ្នាំ​២០២៣ ដល់​ខែមករា ឆ្នាំ​២០២៥ ដោយ​តុលាការ​ចោទប្រកាន់​លោក​ពី​បទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ទាក់ទង​នឹង​ការ​បញ្ចេញមតិ​រិះគន់​ថ្នាក់ដឹកនាំ​នៅ​អំឡុង​ពេល​បោះឆ្នោត​ថ្នាក់​ជាតិ ឆ្នាំ​២០២៣។

អ្នកឃ្លាំមើល​លើកឡើង​ថា វិធានការ​របស់​រដ្ឋាភិបាល​គ្រួសារ​ត្រូល​ហ៊ុន ដែល​ធ្វើ​បាប សកម្មជន​ប្រឆាំង ឬ សកម្មជន​ប្រជាធិបតេយ្យ ដោយ​មិន​ញញើត​ច្បាប់​បែប នេះ គឺជា​ការបង្កើត​វិបត្តិ​ធ្វើ​ឲ្យ​បែកបាក់​ជាតិ​ធ្ងន់ធ្ងរ ហើយ​បន្សល់ទុក​តែ​ការឈឺចាប់ ពិបាក​ផ្សះផ្សា​គ្នា​ក្នុង​សង្គម​នៅ​ថ្ងៃ​អនាគត ដែល​ធ្វើ​ឱ្យ​ប្រទេសជាតិ​កាន់តែ​ធ្លាក់ចុះ ខ្សោយ ហើយ​បរទេស​ជិតខាង​ប្រមាថ​មើលងាយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ