

សមាគមអាដហុក (Adhoc) ចាត់ទុកបញ្ហាវិវាទដីធ្លីក្នុងប្រទេសកម្ពុជាថា នៅតែមានលក្ខណៈធ្ងន់ធ្ងរ និងស្មុគស្មាញ។ ការលើកឡើងបន្ទាប់ពីអាដហុករកឃើញវិវាទដីធ្លី កើតឡើងថ្មី ចំនួន ៤៥ករណី ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និងអ្នកមានទ្រព្យឬ ក្រុមហ៊ុន ដែលបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ ខណៈករណីចាស់ៗរាប់រយទៀត មិនទាន់មានដំណោះស្រាយសមរម្យនិងច្បាស់លាស់នៅឡើយ។
សមាគមការពារសិទ្ធិមនុស្សអាដហុក លើកឡើងថា ទោះបីជាកម្ពុជា មានក្របខណ្ឌច្បាប់ស្តីពីដីធ្លីច្បាស់លាស់ក៏ដោយ ប៉ុន្តែការអនុវត្តជាក់ស្តែង នៅតែមានបញ្ហាប្រឈមខ្លាំង ដែលបង្កើតជាបញ្ហាចម្រុះ ទាក់ទិននឹងច្បាប់សង្គម អភិបាលកិច្ច និងការរំលោភសិទ្ធិមនុស្ស។
ការលើកឡើងរបស់សមាគមអាដហុកនេះ នៅក្នុងរបាយការណ៍ស្ថានភាពសិទ្ធិដីធ្លី ស្ដីពីការឆ្លុះបញ្ចាំងនិយតកម្មច្បាប់ និងប្រសិទ្ធភាពអនុវត្ត ជុំវិញស្ថានភាពវិវាទដីធ្លីរវាងបុគ្គលមានទ្រព្យ មានអំណាច និងប្រជាសហគមន៍នៅកម្ពុជា ចេញផ្សាយនៅថ្ងៃទី៧ ខែឧសភានេះ។
អាដហុករកឃើញថា ឆ្នាំ២០២៥ ករណីវិវាទដីធ្លីកើតឡើងថ្មីចំនួន ៤៥ករណី ពាក់ព័ន្ធនឹងបុគ្គលមានអំណាច និងអ្នកមានទ្រព្យឬក្រុមហ៊ុន ដែលប៉ះពាល់ ដល់ប្រជាពលរដ្ឋជាង៥ពាន់គ្រួសារ ឬស្មើនឹងមនុស្សជាង ១ ម៉ឺន ៤ពាន់ នាក់ (១៤៧៩៨ ) ក្នុងនោះ ជនជាតិដើមភាគតិចជាង ៧ពាន់នាក់ (៧៣៥១) ដែលប៉ះពាល់ ដីជាង ១សែនហិកតារ (១១៥,៤១៣)។
អាដហុកឲ្យដឹងថា ការរំលោភដីធ្លីដោយបុគ្គលមានអំណាច ចំនួន ១៩ករណី មានទំហំដី ៨៩៣ ហិកតារ ដែលប៉ះពាល់ដល់ប្រជាសហគមន៍ជាង ១ពាន់ ៥រយគ្រួសារ (១,៥៧៣) ក្នុងនោះ ជនជាតិដើមភាគតិចជាង ២ពាន់នាក់ (២,២៤៥)។
ចំណែក ករណីរំលោភដីធ្លីដោយបុគ្គលអ្នកមានទ្រព្យចំនួន ៩ករណី មានទំហំដី ជិត៤ម៉ឺនហិកតារ(៣៩៨១៥) ដែលប៉ះពាល់ផ្ទាល់ដល់សហគមន៍ជាង ២ពាន់ គ្រួសារ (២,១៩៨) ឬស្មើ៦៩៥០នាក់ ក្នុងនោះ ជនជាតិដើមភាគតិចជាង ៤ពាន់ នាក់ (៤,២១៨)។
សមាគមអាដហុកថា វិវាទដីធ្លីចំនួន ៤៥ករណី គឺមាន២១ករណីទទួល រងការគំរាម កំហែងពីអ្នកមានអំណាច និងអ្នកមានទ្រព្យ ដែលបណ្តាលឲ្យតំណាង សហគមន៍ ចំនួន១៧៤នាក់ មិនហ៊ានចូលកន្លែងដីជម្លោះ ខណៈតំណាង ២នាក់ ត្រូវតុលាការឃុំខ្លួន។ ចំណែកតំណាង ២៥នាក់ទៀត កំពុងជាប់បណ្តឹងព្រហ្មទណ្ឌនៅតុលាការ និង២នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីធ្វើកិច្ចសន្យាឲ្យឈប់តវ៉ា។
អាដហុកថា បញ្ហានេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សិទ្ធិមនុស្ស និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋសហគមន៍ រួមមានការបាត់បង់ដីធ្លី និងប្រភពចំណូលភាពក្រីក្រ បញ្ហាសុខភាពផ្លូវចិត្ត និងអស្ថិរភាពសង្គម ជាពិសេសជនជាតិដើមភាគតិច ប្រឈមនឹងការបាត់បង់ដីវប្បធម៌ អត្តសញ្ញាណ និងធនធានធម្មជាតិ ដោយមិនគោរពគោលការណ៍ «ការយល់ព្រមជាមុនដោយសេរី និងមានព័ត៌មានពេញលេញ»។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារ សិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី កត់សម្គាល់ថា ការអនុវត្តច្បាប់មិនស្មើភាពគ្នា រវាងពលរដ្ឋ និងអ្នកមានអំណាច ឬបុគ្គលមានទ្រព្យនេះ ដោយសារកត្តាមួយចំនួន។
លោក យិន ម៉េងលី៖ «អ្វីដែលធ្វើឲ្យការអនុវត្តមិនមានប្រសិទ្ធភាព វាមានកត្កាច្រើន ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ ខ្វះតម្លាភាព ការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ការប្រើប្រាស់ប្រព័ន្ធតុលាការ ការទំនាក់ទំនងល្អរវាងអាជ្ញាធរ និងបុគ្គលមាន អំណាច មានទ្រព្យ ពេលខ្លះមានការគំរាមកំហែង ចាប់ខ្លួនទៅលើប្រជាសហគមន៍ ទៅលើភាគីទំនាស់ ។អ៊ីចឹងធ្វើឲ្យពលរដ្ឋបាត់បង់ទំនុកចិត្តលើអាជ្ញាធរ និងប្រព័ន្ធ យុត្តិធម៌ ធ្វើឲ្យកើនឡើងភាពក្រីក្រនៅក្នុងសង្គម»។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី៧ ខែឧសភានេះ។
សមាគមការពារសិទ្ធិមនុស្សផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាល បញ្ឈប់ការប្រើអំណាច ឬ កម្លាំងប្រដាប់អាវុធ ក្នុងការគំរាមកំហែង ដើម្បីបង្ក្រាបការតវ៉ាទាមទារ ដោយសន្តិវិធី បញ្ឈប់ការប្រើបទល្មើសព្រហ្មទណ្ឌ ក្នុងការចោទប្រកាន់ឬចាប់ឃុំខ្លួន ដើម្បីជាការដាក់សម្ពាធលើភាគី ជាពិសេសប្រជាពលរដ្ឋសហគមន៍ក្នុងរឿងវិវាទដីធ្លី ។ លើសពីនេះ រដ្ឋាភិបាលត្រូវធានាការអនុវត្ត ឲ្យបានត្រឹមត្រូវតាម គោល ការណ៍ច្បាប់ គឺផ្តល់សំណងជាមុនដោយត្រឹមត្រូវ សមរម្យនិងយុត្តិធម៌ ក្នុងករណី ដកហូតកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ព្រមទាំងដាក់ទោសទណ្ឌចំពោះមន្ត្រីណា ដែលប្រើតួនាទីមិនត្រឹមត្រូវជាដើម៕









