ម្ដាយ​លោក យីម លាងហ៊ី ប្រាថ្នា​ជួប​មុខ​កូនប្រុស​ក្នុង​ពេល​ចុងក្រោយ

0
63
សកម្មជនមាតាធម្មជាតិ​លោក យីម លាងហ៊ី (ស្ដាំ) និងអ្នកស្រី លីម ផិចហុង ជា​ម្ដាយ។ រូប៖ ហ្វេសប៊ុកមាតាធម្មជាតិ
សកម្មជនមាតាធម្មជាតិ​លោក យីម លាងហ៊ី (ស្ដាំ) និងអ្នកស្រី លីម ផិចហុង ជា​ម្ដាយ។ រូប៖ ហ្វេសប៊ុកមាតាធម្មជាតិ

ម្ដាយ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​កំពុង​ជាប់ឃុំ លោក យីម លាង​ហ៊ី កំពុង​មាន​ជំងឺ​ធ្ងន់ធ្ងរ​ដេក​នៅ​លើ​កន្ទេល។ លោកស្រី មាន​ក្តី​ប្រាថ្នា​ចង់​ជួប​មុខ​កូន​ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត​។ ថ្មីៗ​នេះ លោក យី​ម លាង​ហ៊ី ក៏បាន​សរសេរ​លិខិត​មួយ​ច្បាប់​ចេញពី​ពន្ធនាគារ​ដោយ​រៀបរាប់​ពី​ការឈឺចាប់​របស់​លោក​ដែល​ជាប់​ត្រូវ​ជាប់ឃុំ​ដោយ​អយុតិ្តធម៌​និង​មិនអាច​មានឱកាស​មើលថែ​ម្តាយ​ជា​លើក​ចុងក្រោយ​។ ឪពុក​របស់​លោក យីម លាងហ៊ី ស្នើ​ឲ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និង​តុលាការ​អនុញ្ញាត​ឲ្យ​ម្ដាយកូន​ទាំង​ពីរ​បាន​ជួប​មុខ​គ្នា។

ខណៈ​នេះ​ម្ដាយ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ដែល​កំពុង​ជាប់ឃុំ លោក យីម លាងហ៊ី គឺ​លោកស្រី លីម ផិចហុង ស្ថិត​ក្នុង​ស្ថានភាព​ជំងឺ​ដំណាក់កាល​ពិបាក​សង្គ្រោះ រឹង​អណ្ដាត និយាយ​លែង​រួច ហូប​លែង​បាន ហើយ​ក្រុម​គ្រួសារ​នាំគ្នា​ជួយ​បន្តក់​ទឹក​ជូន​គាត់​បាន​តិចតួច តាម​ភាព​ជាក់ស្ដែង។

ឪពុក​របស់​លោក យីម លាងហ៊ី គឺ​លោក អ៊ិន យីម ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៤ ខែឧសភា​នេះ ថា ប្រពន្ធ​របស់​លោក ក្ដុកក្ដួល​ចង់​ជួប​មុខ​កូន ជា​លើក​ចុងក្រោយ ដែល​នេះ​ជា​សេចក្ដីប្រាថ្នា​តែមួយគត់​របស់​គាត់។

លោក អ៊ិន យីម លើកឡើង​ថា ទាំង​អ្នកស្រី លីម ផិចហុង ជា​ម្ដាយ និង​ទាំង​លោក យីម លាងហ៊ី មានចិត្ត​ធ្លុង​តែមួយ ក្នុង​ជំហរ​រឹងមាំ​រក្សា​ស្មារតី​ការពារ​បរិស្ថាន​ជាតិ ជាជាង​ត្អូញត្អែរ​រឿង​គ្រួសារ​។ យ៉ាងណា លោក​ថា ការ​ប្រាថ្នា​ជួប​មុខ​កូន ក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ជីវិត គឺជា​ធម្មជាតិ​របស់​មនុស្ស ហើយ​រដ្ឋាភិបាល​គួរតែ​ធ្វើ​មនុស្សធម៌​នេះ ដើម្បី​បំពេញ​បំណង​របស់​ស្ត្រី​ជា​ម្ដាយ​មួយ​រូប ដែល​គ្មាន​កំហុស ហើយ​ដេក​លើ​កន្ទេល​ស្ទើរ​ផុតដង្ហើម​ទៅ​ហើយ។

លោក អ៊ិន យីម៖ «កាល​គាត់​នៅ​មាន​ស្មារតី គឺ​គាត់​ចង់​ជួប​កូន តែ​គាត់​ទៅ​មិន​រួច ពេល​ដែល​គាត់​ថា​ទៅ គាត់​ជិះឡាន​ទៅ​ក៏​គាត់​ទៅ​មិន​ដល់​ដែរ។ គាត់​អត់​មាន​កម្លាំង ជិះឡាន​ទៅ​ទេ កាល​គាត់​នៅ​ឆ្លើយឆ្លង​បាន ដល់​ដំណាក់កាល​នេះ គាត់​និយាយ​លែង​បាន​ហើយ ក៏​គាត់​នៅតែ​ឃើញ​ដែរ ចង់​ជួប ឃើញ​មុខ​កូន​ដំណាក់ កាល​ចុង ក្រោយ​របស់​គាត់ ដង្ហើម​ចុង​ក្រោយ​របស់​គាត់​ហ្នឹង»។

មក​ដល់​ពេល​នេះ បេះដូង​ម្ដាយ​នឹក​ស្រឡាញ់​កូន និង ដួងចិត្ត​កូន គោរព​ស្រឡាញ់ ម្ដាយ​រវាង​ម្ដាយ​លោក យីម លាងហ៊ី និង រូបលោក​បាន​ត្រឹម​ឆ្លើយ​គ្នា​តាម​ប្រព័ន្ធ​ព័ត៌មាន សម្ដី​អ្នក​ទៅ​សួរសុខទុក្ខ​អ្នក​ទាំងពីរ និង​សំបុត្រ​របស់​លោក យី​ម លាងហ៊ី ពី​ពន្ធ​ធនាគារ​ប៉ុណ្ណោះ។

ឪពុក​លោក យីម លាងហ៊ី គឺ​លោក អ៊ិន យីម ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ថា មិន​ទាន់​មាន​តម្រុយ​ណាមួយ ដែល​តុលាការ និង​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឲ្យ​ម្ដាយ​កូន​ទាំងពីរ​ជួបគ្នា​ឡើយ ទោះបីជា​មានការ​ប្រឹងប្រែង ជួយ​ពុះពារ​រក​ដំណោះស្រាយ ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន ដូចជា អាដហុក និង​លីកាដូ​ក៏ដោយ។

ម្តាយ​របស់​លោក យីម លាងហ៊ី កំពុង​ជម្នះ​រស់​ជាមួយនឹង​ជំងឺមហារីក​ក្នុង​ដំណាក់កាល​ចុងក្រោយ​។ នៅក្នុង​ទិវា​អ្នក​ម្ដាយ​ថ្មីៗ​នេះ សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក យីម លាង​ហ៊ី បាន​សរសេរ​សំបុត្រ​ចេញពី​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ ជូន​ទៅ​ដល់​ម្តាយ​របស់​លោក ដោយមាន​ចំណងជើង​ថា «​សំបុត្រ​លា ទាំង​ស្រណោះ និង​ការសន្យា​ចុងក្រោយ» ដែល​បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក របស់​អង្គការ​ចលនា មាតា​ធម្មជាតិ​នៅ​ថ្ងៃទី​១០ ខែ​ឧសភា។ លោក យីម លាងហ៊ី បាន​និយាយ​ថា លោក​បាន​ទទួល​ដំណឹង​ពី​សុខភាព​របស់​ម្ដាយ​ហើយ ប៉ុន្តែ​បែរជា​គ្មាន​ឱកាស បាន​នៅ​ក្បែរ​ដើម្បី​បម្រើ​ម្ដាយ​ទៅវិញ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​រូប​នេះ អះអាង​ថា លោក​មាន​ផ្លូវ​មួយ ដែល​អាច ចេញទៅ​ជួប​មុខ​អ្នក​ម្ដាយ​ជា​លើក​ចុងក្រោយ​បាន​ភ្លាមៗ គឺ​គ្រាន់តែ​ពោល​ពាក្យ «​សុំទោស​» ហើយ​បោះបង់ចោល​ឧត្តម​គតិ​ជីវិត​របស់​លោក​។ ប៉ុន្តែ លោក​តែង​ចង ចាំ​ជានិច្ច​នូវ​សម្ដី​មាស​របស់​ម្ដាយ​លោក​ដែល​ថា «​ទោះ​ស្លាប់ ក៏​ត្រូវ​ស្លាប់​ដោយ មានតម្លៃ​» គឺ​ម្ដាយ​របស់​លោក​មិន​ចង់ឱ្យ​លក់​ព្រលឹង ដើម្បី​ដោះដូរ​យក​សេរីភាព ផ្ទាល់ខ្លួន​ឡើយ ព្រោះ​សេរីភាព​ដែល​បាន​មក​ពី​ការ​ឱនក្បាល​ចំពោះ​ភាព​អយុត្តិធម៌ គឺជា​សេរីភាព​ដែល​គ្មាន​តម្លៃ។

ក្រោយ​ឃើញ​សំបុត្រ​របស់​លោក យីម លាងហ៊ី នេះ ពលរដ្ឋ​ខ្មែរ​និង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ជាច្រើន បាន​បង្ហាញ​ក្តី​អាណិត រន្ធត់ចិត្ត និង​គោរព​ដល់​វីរភាព និង​ការ​លះបង់​ធំធេង​របស់​លោក យីម លាងហ៊ី។ ពួកគាត់​ក៏​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបចោល​ការចោទប្រកាន់​និង​ដោះលែង​យុវជន​ចលនា​មាតា​ធម្មជាតិ​ទាំង​៥​នាក់​ឲ្យ​មាន​សេរីភាព​វិញ ដើម្បី​ឲ្យ​ពួកគេ​ជួបជុំ​គ្រួសារ និង​ធ្វើ​កិច្ច​ការបម្រើ​ផលប្រយោជន៍​សាធារណៈ​ដូចជា​បញ្ហា​បរិស្ថាន​ជាដើម។

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​ឧសភា ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោកគ្រូ រ៉ុង ឈុន និង​សហការី បាន​ទៅ​សួរ​សុខ​ទុក​ម្តាយ​លោក យីម លាងហ៊ី ដែរ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​១៤ ខែ​ឧសភា​ថា លោក យីម លាងហ៊ី និង​សហការី​មាតា​ធម្មជាតិ ជា​អ្នកការពារ បរិស្ថាន ស្ម័គ្រចិត្ត និង​មានតម្លៃ ដែល​សហគមន៍​អន្តរជាតិ ផ្ដល់​ពាន​រង្វាន់​ឲ្យ​ជាច្រើន​ដង ខុសពី​ការចោទប្រកាន់​របស់​អាជ្ញាធរ​កម្ពុជា​។ លោក រ៉ុង ឈុន ថា ទង្វើ​ល្អ​បែបនេះ របស់​លោក យីម លាងហ៊ី គួរ​ណាស់​តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បើក​ចិត្ត​ផ្ដល់​ឱកាស​ឲ្យ​លោក​ជួប​ម្ដាយ​ជា​លើកចុង​ក្រោយ​។ លោក​បន្ថែម​ថា លោក​ស្រណោះ​ណាស់ នៅពេល​ឃើញ​ម្ដាយ​លោក យីម លាងហ៊ី ខំ​បង្ហាញ​ទឹកចិត្ត​ចង់​ជួប​កូន ទោះ​លោកស្រី​និយាយ​មិន​រួច​ក៏ដោយ។

លោក រ៉ុង ឈុន៖ «មើលឃើញ​ថា គាត់​ទឹកភ្នែក​គាត់​ហូរ​ធ្លាក់​មក​គាត់ មិន​ដឹង​ថា គាត់​ឈឺចាប់ ឬមួយ​គាត់​ទន្ទឹងរង់ចាំ​មើលផ្លូវ​កូនប្រុស​របស់​គាត់​បែប​ម៉េច នៅពេល​អារម្មណ៍​ដែល​គាត់​កំពុងតែ​ឈឺចាប់​ហើយ ហើយ​គាត់​មិនអាច​ឆ្លើយឆ្លង​សម្ដី​ជាមួយ​ពួក​ខ្ញុំ​បាន។ យើង​មើលទៅ​ស្រណោះ ស្រណោះ​មែនទែន ដែល​ម្ដាយ​ដំណាក់កាល​ចុងក្រោយ ហើយ​កូន ស្ថិត​នៅ​ក្នុង​ពន្ធនាគារ មិនបាន​ជួន​ដំណើរ ឬ​មិន​បាន​ជួប​មុខ​ម្ដាយ​ចុងក្រោយ យើង​ឃើញថា សង្វេគ​មែនទែន​សម្រាប់​លោក យីម លាងហ៊ី ក៏ដូចជា​ម្ដាយ​គាត់។ យើង​ឃើញថា មិន​គួរ​កើតមាន​បែប​អ៊ីចឹង​នៅ ក្នុង​សង្គម​កម្ពុជា​យើង»។

លោក យីម លាងហ៊ី បាន​រៀប​រាប់ទាំង​ក្តុកក្តួល ក្នុង​សំបុត្រ​ផ្ញើ​ទៅ​ម្ដាយ​ថា ក្នុង​គ្រា​ចុងក្រោយ​នេះ លោក​សូម​សន្យា​ចំពោះ​ម្ដាយ​ថា លោក​នឹង​បន្ត​ឆន្ទៈ​ការពារ​បរិស្ថាន និង​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​ដែល​ជា​ដង្ហើម​របស់​ខ្មែរ​គ្រប់រូប ដូចដែល​ម្ដាយ​បាន​ផ្ដាំផ្ញើ​។ លោក​នឹង​រឹងមាំ​បំផុត ទោះបីជា​ត្រូវ​ជាប់ឃុំ ៦ ឆ្នាំ​ទៀត ក៏​មិន​ឲ្យ​ជញ្ជាំង​ដែក​ទាំងនេះ​បង្ខាំង​ស្មារតី​លោក​បាន​ឡើយ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ