

ម្ដាយរបស់សកម្មជនចលនាមាតាធម្មជាតិដែលកំពុងជាប់ឃុំ លោក យីម លាងហ៊ី កំពុងមានជំងឺធ្ងន់ធ្ងរដេកនៅលើកន្ទេល។ លោកស្រី មានក្តីប្រាថ្នាចង់ជួបមុខកូនក្នុងដំណាក់កាលចុងក្រោយនៃជីវិត។ ថ្មីៗនេះ លោក យីម លាងហ៊ី ក៏បានសរសេរលិខិតមួយច្បាប់ចេញពីពន្ធនាគារដោយរៀបរាប់ពីការឈឺចាប់របស់លោកដែលជាប់ត្រូវជាប់ឃុំដោយអយុតិ្តធម៌និងមិនអាចមានឱកាសមើលថែម្តាយជាលើកចុងក្រោយ។ ឪពុករបស់លោក យីម លាងហ៊ី ស្នើឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងតុលាការអនុញ្ញាតឲ្យម្ដាយកូនទាំងពីរបានជួបមុខគ្នា។
ខណៈនេះម្ដាយរបស់សកម្មជនចលនាមាតាធម្មជាតិដែលកំពុងជាប់ឃុំ លោក យីម លាងហ៊ី គឺលោកស្រី លីម ផិចហុង ស្ថិតក្នុងស្ថានភាពជំងឺដំណាក់កាលពិបាកសង្គ្រោះ រឹងអណ្ដាត និយាយលែងរួច ហូបលែងបាន ហើយក្រុមគ្រួសារនាំគ្នាជួយបន្តក់ទឹកជូនគាត់បានតិចតួច តាមភាពជាក់ស្ដែង។
ឪពុករបស់លោក យីម លាងហ៊ី គឺលោក អ៊ិន យីម ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៤ ខែឧសភានេះ ថា ប្រពន្ធរបស់លោក ក្ដុកក្ដួលចង់ជួបមុខកូន ជាលើកចុងក្រោយ ដែលនេះជាសេចក្ដីប្រាថ្នាតែមួយគត់របស់គាត់។
លោក អ៊ិន យីម លើកឡើងថា ទាំងអ្នកស្រី លីម ផិចហុង ជាម្ដាយ និងទាំងលោក យីម លាងហ៊ី មានចិត្តធ្លុងតែមួយ ក្នុងជំហររឹងមាំរក្សាស្មារតីការពារបរិស្ថានជាតិ ជាជាងត្អូញត្អែររឿងគ្រួសារ។ យ៉ាងណា លោកថា ការប្រាថ្នាជួបមុខកូន ក្នុងដំណាក់កាលចុងក្រោយនៃជីវិត គឺជាធម្មជាតិរបស់មនុស្ស ហើយរដ្ឋាភិបាលគួរតែធ្វើមនុស្សធម៌នេះ ដើម្បីបំពេញបំណងរបស់ស្ត្រីជាម្ដាយមួយរូប ដែលគ្មានកំហុស ហើយដេកលើកន្ទេលស្ទើរផុតដង្ហើមទៅហើយ។
លោក អ៊ិន យីម៖ «កាលគាត់នៅមានស្មារតី គឺគាត់ចង់ជួបកូន តែគាត់ទៅមិនរួច ពេលដែលគាត់ថាទៅ គាត់ជិះឡានទៅក៏គាត់ទៅមិនដល់ដែរ។ គាត់អត់មានកម្លាំង ជិះឡានទៅទេ កាលគាត់នៅឆ្លើយឆ្លងបាន ដល់ដំណាក់កាលនេះ គាត់និយាយលែងបានហើយ ក៏គាត់នៅតែឃើញដែរ ចង់ជួប ឃើញមុខកូនដំណាក់ កាលចុង ក្រោយរបស់គាត់ ដង្ហើមចុងក្រោយរបស់គាត់ហ្នឹង»។
មកដល់ពេលនេះ បេះដូងម្ដាយនឹកស្រឡាញ់កូន និង ដួងចិត្តកូន គោរពស្រឡាញ់ ម្ដាយរវាងម្ដាយលោក យីម លាងហ៊ី និង រូបលោកបានត្រឹមឆ្លើយគ្នាតាមប្រព័ន្ធព័ត៌មាន សម្ដីអ្នកទៅសួរសុខទុក្ខអ្នកទាំងពីរ និងសំបុត្ររបស់លោក យីម លាងហ៊ី ពីពន្ធធនាគារប៉ុណ្ណោះ។
ឪពុកលោក យីម លាងហ៊ី គឺលោក អ៊ិន យីម ប្រាប់ទូរទស្សន៍អាស៊ីសេរី ថា មិនទាន់មានតម្រុយណាមួយ ដែលតុលាការ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឲ្យម្ដាយកូនទាំងពីរជួបគ្នាឡើយ ទោះបីជាមានការប្រឹងប្រែង ជួយពុះពាររកដំណោះស្រាយ ដោយអង្គការក្រៅរដ្ឋាភិបាលជាច្រើន ដូចជា អាដហុក និងលីកាដូក៏ដោយ។
ម្តាយរបស់លោក យីម លាងហ៊ី កំពុងជម្នះរស់ជាមួយនឹងជំងឺមហារីកក្នុងដំណាក់កាលចុងក្រោយ។ នៅក្នុងទិវាអ្នកម្ដាយថ្មីៗនេះ សកម្មជនចលនាមាតាធម្មជាតិ លោក យីម លាងហ៊ី បានសរសេរសំបុត្រចេញពីពន្ធនាគារខេត្តកំពង់ស្ពឺ ជូនទៅដល់ម្តាយរបស់លោក ដោយមានចំណងជើងថា «សំបុត្រលា ទាំងស្រណោះ និងការសន្យាចុងក្រោយ» ដែលបានបង្ហោះនៅលើហ្វេសប៊ុក របស់អង្គការចលនា មាតាធម្មជាតិនៅថ្ងៃទី១០ ខែឧសភា។ លោក យីម លាងហ៊ី បាននិយាយថា លោកបានទទួលដំណឹងពីសុខភាពរបស់ម្ដាយហើយ ប៉ុន្តែបែរជាគ្មានឱកាស បាននៅក្បែរដើម្បីបម្រើម្ដាយទៅវិញ។
សកម្មជនចលនាមាតាធម្មជាតិរូបនេះ អះអាងថា លោកមានផ្លូវមួយ ដែលអាច ចេញទៅជួបមុខអ្នកម្ដាយជាលើកចុងក្រោយបានភ្លាមៗ គឺគ្រាន់តែពោលពាក្យ «សុំទោស» ហើយបោះបង់ចោលឧត្តមគតិជីវិតរបស់លោក។ ប៉ុន្តែ លោកតែងចង ចាំជានិច្ចនូវសម្ដីមាសរបស់ម្ដាយលោកដែលថា «ទោះស្លាប់ ក៏ត្រូវស្លាប់ដោយ មានតម្លៃ» គឺម្ដាយរបស់លោកមិនចង់ឱ្យលក់ព្រលឹង ដើម្បីដោះដូរយកសេរីភាព ផ្ទាល់ខ្លួនឡើយ ព្រោះសេរីភាពដែលបានមកពីការឱនក្បាលចំពោះភាពអយុត្តិធម៌ គឺជាសេរីភាពដែលគ្មានតម្លៃ។
ក្រោយឃើញសំបុត្ររបស់លោក យីម លាងហ៊ី នេះ ពលរដ្ឋខ្មែរនិងអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន បានបង្ហាញក្តីអាណិត រន្ធត់ចិត្ត និងគោរពដល់វីរភាព និងការលះបង់ធំធេងរបស់លោក យីម លាងហ៊ី។ ពួកគាត់ក៏ទាមទារឲ្យរដ្ឋាភិបាលលុបចោលការចោទប្រកាន់និងដោះលែងយុវជនចលនាមាតាធម្មជាតិទាំង៥នាក់ឲ្យមានសេរីភាពវិញ ដើម្បីឲ្យពួកគេជួបជុំគ្រួសារ និងធ្វើកិច្ចការបម្រើផលប្រយោជន៍សាធារណៈដូចជាបញ្ហាបរិស្ថានជាដើម។
នៅព្រឹកថ្ងៃទី១៤ ខែឧសភា ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោកគ្រូ រ៉ុង ឈុន និងសហការី បានទៅសួរសុខទុកម្តាយលោក យីម លាងហ៊ី ដែរ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី១៤ ខែឧសភាថា លោក យីម លាងហ៊ី និងសហការីមាតាធម្មជាតិ ជាអ្នកការពារ បរិស្ថាន ស្ម័គ្រចិត្ត និងមានតម្លៃ ដែលសហគមន៍អន្តរជាតិ ផ្ដល់ពានរង្វាន់ឲ្យជាច្រើនដង ខុសពីការចោទប្រកាន់របស់អាជ្ញាធរកម្ពុជា។ លោក រ៉ុង ឈុន ថា ទង្វើល្អបែបនេះ របស់លោក យីម លាងហ៊ី គួរណាស់តែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បើកចិត្តផ្ដល់ឱកាសឲ្យលោកជួបម្ដាយជាលើកចុងក្រោយ។ លោកបន្ថែមថា លោកស្រណោះណាស់ នៅពេលឃើញម្ដាយលោក យីម លាងហ៊ី ខំបង្ហាញទឹកចិត្តចង់ជួបកូន ទោះលោកស្រីនិយាយមិនរួចក៏ដោយ។
លោក រ៉ុង ឈុន៖ «មើលឃើញថា គាត់ទឹកភ្នែកគាត់ហូរធ្លាក់មកគាត់ មិនដឹងថា គាត់ឈឺចាប់ ឬមួយគាត់ទន្ទឹងរង់ចាំមើលផ្លូវកូនប្រុសរបស់គាត់បែបម៉េច នៅពេលអារម្មណ៍ដែលគាត់កំពុងតែឈឺចាប់ហើយ ហើយគាត់មិនអាចឆ្លើយឆ្លងសម្ដីជាមួយពួកខ្ញុំបាន។ យើងមើលទៅស្រណោះ ស្រណោះមែនទែន ដែលម្ដាយដំណាក់កាលចុងក្រោយ ហើយកូន ស្ថិតនៅក្នុងពន្ធនាគារ មិនបានជួនដំណើរ ឬមិនបានជួបមុខម្ដាយចុងក្រោយ យើងឃើញថា សង្វេគមែនទែនសម្រាប់លោក យីម លាងហ៊ី ក៏ដូចជាម្ដាយគាត់។ យើងឃើញថា មិនគួរកើតមានបែបអ៊ីចឹងនៅ ក្នុងសង្គមកម្ពុជាយើង»។
លោក យីម លាងហ៊ី បានរៀបរាប់ទាំងក្តុកក្តួល ក្នុងសំបុត្រផ្ញើទៅម្ដាយថា ក្នុងគ្រាចុងក្រោយនេះ លោកសូមសន្យាចំពោះម្ដាយថា លោកនឹងបន្តឆន្ទៈការពារបរិស្ថាន និងការពារព្រៃឈើ និងធនធានធម្មជាតិដែលជាដង្ហើមរបស់ខ្មែរគ្រប់រូប ដូចដែលម្ដាយបានផ្ដាំផ្ញើ។ លោកនឹងរឹងមាំបំផុត ទោះបីជាត្រូវជាប់ឃុំ ៦ ឆ្នាំទៀត ក៏មិនឲ្យជញ្ជាំងដែកទាំងនេះបង្ខាំងស្មារតីលោកបានឡើយ៕






