

ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតលើកឡើងថា បញ្ហាក្មេងទំនើងកាប់ចាក់គ្នាតាមដងផ្លូវ ចោរប្លន់ និងបញ្ហាចោរកម្មនានាបានកើតឡើងយ៉ាងអនាធិបតេយ្យដោយគ្មានអាជ្ញាធរទប់ស្កាត់ឱ្យមានប្រសិទ្ធភាពឡើយ។ ពលរដ្ឋអំពាវនាវឱ្យសមត្ថកិច្ចទប់ស្កាត់បញ្ហាអសន្តិសុខសង្គមទាំងនេះដោយសារតែពួកគាត់កំពុងរស់នៅដោយភ័យខ្លាច និងបារម្ភពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួនជាពិសេសពេលធ្វើដំណើរនៅពេលយប់ព្រលប់។
បញ្ហាអសន្តិសុខសង្គមដូចជា ចោរកម្ម ក្មេងទំនើង និងឧក្រិដ្ឋកម្មផ្សេងៗ កំពុងក្លាយជាក្ដីកង្វល់សម្រាប់ពលរដ្ឋនៅក្រុងប៉ោយប៉ែត ដែលពួកគាត់ជួបការលំបាកជីវភាពប្រចាំថ្ងៃ និងរស់នៅក្នុងភាពភ័យខ្លាចពីបញ្ហាសុវត្ថិភាពផ្ទាល់ខ្លួន។
ពលរដ្ឋរស់នៅក្រុងប៉ោយប៉ែតម្នាក់លោក លូយ សុខលាភ មានវ័យជាង ៦០ឆ្នាំ រៀបរាប់ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ក្រុមចោរប្លន់ហាក់មានបណ្ដាញពង្រាយកម្លាំងពាសពេញទីក្រុងប៉ោយប៉ែតសម្រាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិពលរដ្ឋទាំងយប់ទាំងថ្ងៃ។ លោកថា រីឯក្រុមក្មេងទំនើងវិញក៏ហាក់កាន់តែមានចំនួនច្រើនបង្កជម្លោះកាប់ចាក់តាមដងផ្លូវ ដែលធ្វើឱ្យពលរដ្ឋរស់នៅទាំងការភ័យខ្លាច។ ពលរដ្ឋរូបនេះអះអាងថា រូបលោកផ្ទាល់ក៏ជាជនរងគ្រោះត្រូវបានចោរលួចប្លន់ម៉ូតូកាលពីខែមេសាកន្លងទៅ ហើយមកដល់ពេលនេះសមត្ថកិច្ចមិនទាន់ស្រាវជ្រាវរកឃើញនៅឡើយ។ លោកបន្តថា សមត្ថកិច្ចអសមត្ថភាពក្នុងការគ្រប់គ្រងបញ្ហាទាំងនេះ ទើបធ្វើឱ្យចោរកម្មកាន់តែកើនឡើងនៅក្រុងប៉ោយប៉ែត។
លោក លូយ សុខលាភ៖ «ចោរហ្នឹង យប់ព្រលប់អីម៉ោង ២ ម៉ោង ៣ ហ្នឹងវាដើរពាសហ្នឹង ដើរមើលគ្រប់កន្លែងហ្នឹង។ វាជិះម៉ូតូដើរក្រឡឹងមើល»។
រីឯ ពលរដ្ឋម្នាក់ទៀតថ្លែងសុំមិនបញ្ចេញឈ្មោះឱ្យដឹងដែរថា ក្រុមចោរក្នុងក្រុងប៉ោយប៉ែតធ្វើសកម្មភាពឆក់កាបូប និងទូរស័ព្ទដៃអ្នកដំណើរទាំងកណ្ដាលថ្ងៃដោយមិនខ្លាចសមត្ថកិច្ចឡើយ។ លោកបន្តថា ពេលយប់ក្រុមចោរតែងតែបន្លំខ្លួនជាអ្នកអូសរទេះរើសអេតចាយ ដើម្បីលួចទ្រព្យសម្បត្តិ និងគាស់ផ្ទះ ឬកន្លែងអាជីវកម្មរបស់ពលរដ្ឋ។ លោកបន្តថា អ្នកក្រុងប៉ោយប៉ែតភាគច្រើននៅពេលយប់ព្រលប់មិនហ៊ានធ្វើដំណើរ ឬចេញក្រៅផ្ទះឡើយដោយសារតែគ្មានសុវត្ថិភាព។
ពលរដ្ឋ៖ «ប៉ោយប៉ែត តំបន់អបគមន៍មែនទែនហើយ។ អគារអនឡាញច្រើន ចោរកម្មក៏ច្រើន ឆក់កាបូប ក្មេងស្ទាវ ជាពិសេសអាចោរអូសរទេះ។ ហើយដើរអូសរទេះ ដើរលួចហ្មង ហើយរូបភាពវាថា អេតចាយ តែគ្មានឃើញអ្នកណាបង្ក្រាបវាទេ។ វាដើរអូស ប៉ះអីលួចហ្នឹង។ ឃើញមនុស្ស វាធ្វើរើសអេតចាយ តែអត់មនុស្ស វាលើកដាក់រទេះវា។ លួចដោយស្របច្បាប់ លួចដោយគគ្រឹកគគ្រេង។ អ៊ីចឹងបានជាក្ដៅក្រហាយ បើថា ជិះម៉ូតូវិញ ក្មេងៗឆក់កាបូប ឆក់លុយ គ្មានឃើញអ្នកណា ចាប់ចោរទេ។ បើមិនស្រួលៗវាកាប់ទៀត។ អ៊ីចឹងវាអសន្តិសុខធ្វើឱ្យប្រជាពលរដ្ឋហ្នឹង ភ័យខ្លាចមែនទែន នៅប៉ោយប៉ែតហ្នឹង»។
ទន្ទឹមនឹងក្ដីកង្វល់របស់ពលរដ្ឋលើបញ្ហាចោរកម្ម និងក្រុមក្មេងទំនើងនេះ បញ្ហាឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅក្រុងប៉ោយប៉ែតក៏មិនមានសញ្ញាថមថយនៅឡើយ។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តបន្ទាយមានជ័យ សឿម សារិទ្ធ ដើម្បីសុំការឆ្លើយតបនឹងក្ដីកង្វល់របស់ពលរដ្ឋនេះបានទេនៅថ្ងៃទី១៤ ខែឧសភា។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងការិយាល័យអង្គការលីកាដូ (LICADHO) ប្រចាំខេត្តបន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កត់ធ្ងន់ថា ការកើនឡើងនូវបញ្ហាអសន្តិសុខសង្គម និងក្រុមក្មេងទំនើងទាំងនេះគឺបណ្ដាលមកពីកត្តាអប់រំគ្មានប្រសិទ្ធភាព និងបញ្ហាកង្វះទីផ្សារការងារជូនប្រជាពលរដ្ឋ។ លោកថា ការចាត់វិធានការលើបញ្ហាចោរកម្មសមត្ថកិច្ចក៏ត្រូវមានឆន្ទៈខ្ពស់ និងអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ដោយគ្មានការប្រព្រឹត្តអំពើពុករលួយ។
លោក អ៊ិន គង់ជិត៖ «យើងសុំឱ្យវិស័យឯកជន ដូចជាក្រុមហ៊ុន ជាពិសេសផ្នែកសង្គមកិច្ច ជួយពិនិត្យមើល ដើម្បីបង្វែរជួយរកការងារ ដើម្បីបង្វែរក្រុមយុវជនហ្នឹងទៅរកការងារផ្សេងវិញ ដែលអាចឱ្យគាត់រកចំណូលបាន ហើយដោយសុវត្ថិភាព។ ការយកចិត្តទុកដាក់បែបនេះ អាចនឹងរួមចំណែកក្នុងការកាត់បន្ថយក្រុមក្មេងទំនើង ឬក៏ក្រុមដែលពាក់ព័ន្ធនឹងសង្គមងងឹត»។
ជាមួយគ្នានេះដែរ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង លើកឡើងថា បញ្ហាអសន្តិសុខ និងក្រុមក្មេងទំនើងកំពុងបង្កការភ័យខ្លាចដល់សហគមន៍ជាប្រចាំថ្ងៃ។ លោកជំរុញឱ្យអាជ្ញាធរលុបបំបាត់បញ្ហាទាំងនេះតាមរយៈការពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងបង្ក្រាបជាក់ស្ដែងលើក្រុមចោរកម្ម និងក្រុមក្មេងទំនើង។
លោក យង់ គិមអេង៖ «ភាពភ័យខ្លាចរបស់ប្រជាពលរដ្ឋ លាយឡំជាមួយជីវភាពរស់នៅ ជាពិសេសនៅតាមនៅតំបន់ប៉ោយប៉ែត កំពុងតែជួបនូវបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃផង ដោយសារតែការបិទព្រំដែនហ្នឹង ក៏ជាបញ្ហាមួយប្រឈមធំមួយដែរ។ បញ្ហាអសន្តិសុខដែលបង្កដោយក្មេងទំនើង និងចោរកម្មនេះ ក៏គួរតែត្រូវបានបង្ក្រាប ត្រូវបានលុបបំបាត់ហើយ»។
ប្រជាពលរដ្ឋលើកឡើងថា ក្រៅពីកំណើនចោរកម្ម និងក្រុមក្មេងទំនើងនោះ ក្រុមសង្គមងងឹតជនជាតិចិនមួយចំនួនដែលមានទាំងកាំភ្លើងក៏តែងតែបើកការប្រយុទ្ធគ្នាជាញឹកញយ និងបាញ់បោះតាមទីសាធារណៈដោយមិនខ្លាចច្បាប់ឡើយ។ ពួកគាត់អំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ និងចាត់វិធានការបង្ក្រាបបទល្មើសឱ្យមានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ៕







