ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ដោយសារ​អំពើ​ចោរកម្ម​កើន​ឡើង

រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូប៖ បណ្ដាញសង្គម
រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូប៖ បណ្ដាញសង្គម

ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត​លើកឡើង​ថា បញ្ហា​ក្មេង​ទំនើង​កាប់​ចាក់​គ្នា​តាម​ដងផ្លូវ ចោរប្លន់ និង​បញ្ហា​ចោរកម្ម​នានា​បាន​កើត​ឡើង​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​អាជ្ញាធរ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ឡើយ។ ពលរដ្ឋ​អំពាវនាវ​ឱ្យ​សមត្ថកិច្ច​ទប់ស្កាត់​បញ្ហា​អសន្តិសុខ​សង្គម​ទាំងនេះ​ដោយសារតែ​ពួកគាត់​កំពុង​រស់នៅ​ដោយ​ភ័យខ្លាច និង​បារម្ភ​ពី​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​ជាពិសេស​ពេល​ធ្វើ​ដំណើរ​នៅ​ពេល​យប់​ព្រលប់។

បញ្ហា​អសន្តិសុខ​សង្គម​ដូចជា ចោរកម្ម ក្មេង​ទំនើង និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ កំពុង​ក្លាយជា​ក្ដី​កង្វល់​សម្រាប់​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត ដែល​ពួកគាត់​ជួប​ការ​លំបាក​ជីវភាព​ប្រចាំថ្ងៃ និង​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច​ពី​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន។

ពលរដ្ឋ​រស់នៅ​ក្រុង​ប៉ោយប៉ែត​ម្នាក់​លោក លូយ សុខលាភ មាន​វ័យ​ជាង ៦០​ឆ្នាំ រៀបរាប់​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ក្រុម​ចោរប្លន់​ហាក់​មាន​បណ្ដាញ​ពង្រាយ​កម្លាំង​ពាសពេញ​ទីក្រុង​ប៉ោយប៉ែត​សម្រាប់​ធ្វើ​សកម្មភាព​លួច​ទ្រព្យសម្បត្តិ​ពលរដ្ឋ​ទាំងយប់​ទាំង​ថ្ងៃ​។ លោក​ថា រីឯ​ក្រុម​ក្មេង​ទំនើង​វិញ​ក៏​ហាក់​កាន់​តែ​មាន​ចំនួន​ច្រើន​បង្កជម្លោះ​កាប់​ចាក់​តាម​ដងផ្លូវ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រស់នៅ​ទាំង​ការ​ភ័យខ្លាច​។ ពលរដ្ឋ​រូប​នេះ​អះអាង​ថា រូបលោក​ផ្ទាល់​ក៏​ជា​ជនរងគ្រោះ​ត្រូវ​បាន​ចោរលួច​ប្លន់​ម៉ូតូ​កាលពី​ខែមេសា​កន្លងទៅ ហើយ​មកដល់ពេលនេះ​សមត្ថកិច្ច​មិនទាន់​ស្រាវជ្រាវ​រក​ឃើញ​នៅឡើយ​។ លោក​បន្ត​ថា សមត្ថកិច្ច​អសមត្ថភាព​ក្នុង​ការ​គ្រប់គ្រង​បញ្ហា​ទាំងនេះ ទើប​ធ្វើ​ឱ្យ​ចោរកម្ម​កាន់តែ​កើនឡើង​នៅ​ក្រុង​ប៉ោយប៉ែត។

លោក លូយ សុខលាភ៖ «ចោរ​ហ្នឹង យប់​ព្រលប់​អី​ម៉ោង ២ ម៉ោង ៣ ហ្នឹង​វា​ដើរ​ពាស​ហ្នឹង ដើរ​មើល​គ្រប់កន្លែង​ហ្នឹង​។ វា​ជិះ​ម៉ូតូ​ដើរ​ក្រឡឹង​មើល»។

រីឯ ពលរដ្ឋ​ម្នាក់ទៀត​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឱ្យ​ដឹង​ដែរ​ថា ក្រុម​ចោរ​ក្នុង​ក្រុង​ប៉ោយប៉ែត​ធ្វើ​សកម្មភាព​ឆក់​កាបូប និង​ទូរស័ព្ទ​ដៃ​អ្នកដំណើរ​ទាំង​កណ្ដាល​ថ្ងៃ​ដោយ​មិន​ខ្លាច​សមត្ថកិច្ច​ឡើយ​។ លោក​បន្ត​ថា ពេលយប់​ក្រុម​ចោរ​តែងតែ​បន្លំ​ខ្លួន​ជា​អ្នក​អូស​រទេះ​រើស​អេតចាយ ដើម្បី​លួច​ទ្រព្យសម្បត្តិ និង​គាស់​ផ្ទះ ឬ​កន្លែង​អាជីវកម្ម​របស់​ពលរដ្ឋ។ លោក​បន្ត​ថា អ្នកក្រុង​ប៉ោយប៉ែត​ភាគច្រើន​នៅពេល​យប់​ព្រលប់​មិន​ហ៊ាន​ធ្វើដំណើរ ឬ​ចេញ​ក្រៅ​ផ្ទះ​ឡើយ​ដោយសារតែ​គ្មាន​សុវត្ថិភាព។

ពលរដ្ឋ៖ «​ប៉ោយប៉ែត តំបន់​អបគមន៍​មែន​ទែន​ហើយ​។ អគារ​អន​ឡាញ​ច្រើន ចោរកម្ម​ក៏​ច្រើន ឆក់​កាបូប ក្មេង​ស្ទាវ ជាពិសេស​អាចោរ​អូស​រទេះ​។ ហើយ​ដើរ​អូស​រទេះ ដើរ​លួច​ហ្មង ហើយ​រូបភាព​វា​ថា អេតចាយ តែ​គ្មាន​ឃើញ​អ្នកណា​បង្ក្រាប​វា​ទេ​។ វា​ដើរ​អូស ប៉ះ​អី​លួច​ហ្នឹង​។ ឃើញ​មនុស្ស វា​ធ្វើ​រើស​អេតចាយ តែ​អត់​មនុស្ស វា​លើក​ដាក់រទេះ​វា។ លួច​ដោយ​ស្របច្បាប់ លួច​ដោយ​គគ្រឹកគគ្រេង​។ អ៊ីចឹង​បាន​ជា​ក្ដៅក្រហាយ បើ​ថា ជិះ​ម៉ូតូ​វិញ ក្មេងៗ​ឆក់​កាបូប ឆក់​លុយ គ្មាន​ឃើញ​អ្នកណា ចាប់ចោរ​ទេ​។ បើ​មិន​ស្រួលៗ​វា​កាប់​ទៀត​។ អ៊ីចឹង​វា​អសន្តិសុខ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ហ្នឹង ភ័យខ្លាច​មែនទែន នៅ​ប៉ោយប៉ែត​ហ្នឹង»។

ទន្ទឹម​នឹង​ក្ដី​កង្វល់​របស់​ពលរដ្ឋ​លើ​បញ្ហា​ចោរកម្ម និង​ក្រុម​ក្មេង​ទំនើង​នេះ បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​ក្រុង​ប៉ោយប៉ែត​ក៏​មិន​មាន​សញ្ញា​ថមថយ​នៅ​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ សឿម សារិទ្ធ ដើម្បី​សុំ​ការ​ឆ្លើយ​តប​នឹង​ក្ដី​កង្វល់​របស់​ពលរដ្ឋ​នេះ​បានទេ​នៅ​ថ្ងៃទី​១៤ ខែ​ឧសភា។

ជុំវិញ​រឿង​នេះ អ្នកគ្រប់គ្រង​ការិយាល័យ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កត់ធ្ងន់​ថា ការ​កើនឡើង​នូវ​បញ្ហា​អសន្តិសុខ​សង្គម និង​ក្រុម​ក្មេង​ទំនើង​ទាំងនេះ​គឺ​បណ្ដាលមកពី​កត្តា​អប់រំ​គ្មាន​ប្រសិទ្ធភាព និង​បញ្ហា​កង្វះ​ទីផ្សារ​ការងារ​ជូន​ប្រជាពលរដ្ឋ​។ លោក​ថា ការ​ចាត់​វិធានការ​លើ​បញ្ហា​ចោរកម្ម​សមត្ថកិច្ច​ក៏​ត្រូវ​មាន​ឆន្ទៈ​ខ្ពស់ និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ដោយ​គ្មាន​ការប្រព្រឹត្ត​អំពើពុករលួយ។

លោក អ៊ិន គង់ជិត៖ «យើង​សុំ​ឱ្យ​វិស័យ​ឯកជន ដូចជា​ក្រុមហ៊ុន ជាពិសេស​ផ្នែក​សង្គមកិច្ច ជួយ​ពិនិត្យមើល ដើម្បី​បង្វែរ​ជួយ​រក​ការងារ ដើម្បី​បង្វែរ​ក្រុម​យុវជន​ហ្នឹង​ទៅ​រក​ការងារ​ផ្សេង​វិញ ដែល​អាច​ឱ្យ​គាត់​រកចំណូល​បាន ហើយដោយ​សុវត្ថិភាព​។ ការ​យកចិត្តទុក​ដាក់​បែបនេះ អាច​នឹង​រួមចំណែក​ក្នុង​ការ​កាត់បន្ថយ​ក្រុម​ក្មេង​ទំនើង ឬក៏​ក្រុម​ដែល​ពាក់ព័ន្ធ​នឹង​សង្គម​ងងឹត»។

ជាមួយគ្នា​នេះ​ដែរ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង លើកឡើង​ថា បញ្ហា​អសន្តិសុខ និង​ក្រុម​ក្មេង​ទំនើង​កំពុង​បង្ក​ការភ័យខ្លាច​ដល់​សហគមន៍​ជា​ប្រចាំថ្ងៃ​។ លោក​ជំរុញ​ឱ្យ​អាជ្ញាធរ​លុបបំបាត់​បញ្ហា​ទាំងនេះ​តាមរយៈ​ការ​ពង្រឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​បង្ក្រាប​ជាក់ស្ដែង​លើ​ក្រុម​ចោរកម្ម និង​ក្រុម​ក្មេង​ទំនើង។

លោក យង់ គិមអេង៖ «ភាព​ភ័យខ្លាច​របស់​ប្រជាពលរដ្ឋ លាយឡំ​ជាមួយ​ជីវភាព​រស់នៅ ជាពិសេស​នៅ​តាម​នៅ​តំបន់​ប៉ោយប៉ែត កំពុងតែ​ជួប​នូវ​បញ្ហា​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ផង ដោយសារតែ​ការ​បិទ​ព្រំដែន​ហ្នឹង ក៏​ជា​បញ្ហា​មួយ​ប្រឈម​ធំ​មួយ​ដែរ​។ បញ្ហា​អសន្តិសុខ​ដែល​បង្ក​ដោយ​ក្មេង​ទំនើង និង​ចោរកម្ម​នេះ ក៏​គួរតែ​ត្រូវ​បាន​បង្ក្រាប ត្រូវ​បាន​លុបបំបាត់​ហើយ»។

ប្រជាពលរដ្ឋ​លើកឡើង​ថា ក្រៅពី​កំណើន​ចោរកម្ម និង​ក្រុម​ក្មេង​ទំនើង​នោះ ក្រុម​សង្គម​ងងឹត​ជនជាតិ​ចិន​មួយចំនួន​ដែល​មាន​ទាំង​កាំភ្លើង​ក៏​តែងតែ​បើក​ការ​ប្រយុទ្ធ​គ្នា​ជា​ញឹកញយ និង​បាញ់បោះ​តាម​ទី​សាធារណៈ​ដោយ​មិន​ខ្លាច​ច្បាប់​ឡើយ។ ពួកគាត់​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ពង្រឹង​សន្តិសុខ​សណ្ដាប់ធ្នាប់ និង​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ធានា​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ