សមត្ថកិច្ច​បង្ក្រាប​ទីតាំង​អគារ​ឆបោក​​អនឡាញ​របស់ ចេន ហ្ស៊ី និង​ឃាត់ខ្លួន​ជនបរទេស​ជាច្រើន​នាក់

0
40
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
អតីតនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែន (ស្ដាំ) ជួបលោក ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នៅវិមានសន្ដិភាព។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ថ្មីៗ​នេះ​បាន​ឡោមព័ទ្ធ​បង្ក្រាប​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ព្រីនស៍ ផ្លាហ្សា (Prince Plaza) របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី ចំនួន ២​ទីតាំង និង​ឃាត់ខ្លួន​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​ជាច្រើន​នាក់​។ អ្នកឃ្លាំមើល​លើកឡើង​ថា អគារ​ពាណិជ្ជកម្ម​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) នៅ​កម្ពុជា​កំពុង​ទទួល​បាន​ការ​កាង​ការពារ​ពី​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» និង​មានការ​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី ដើម្បី​បន្ត​គ្រប់គ្រង និង​ពង្រីក​បណ្ដាញ​ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ។

ទោះបីជា​ឧក្រិដ្ឋជន ចេន ហ្ស៊ី ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​ធ្វើ​បត្យាប័ន​បញ្ជូន​ទៅ​ប្រទេស​ចិន​តាំង​ពី​ដើម​ខែ​មករា​ក្ដី ក៏​បណ្ដាញ​បក្ខពួក​របស់​លោក​នៅតែ​បន្ត​ប្រើប្រាស់​អគារ​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​កម្សាន្ត​ដែល​មាន​ទំនាក់ទំនង​ជាមួយ​លោក ដើម្បី​បន្ត​ប្រតិបត្តិការ​ឆបោក​តាម​អន​ឡាញ​យ៉ាងសកម្ម​ដដែល​។​

ចំណាត់ការ​ឡោម​ព័ទ្ធ​របស់​សមត្ថកិច្ច​បង្ក្រាប​ទីតាំង​មជ្ឈមណ្ឌល​ព្រីនស៍ ផ្លាហ្សា ក្នុង​រាជធានី​ភ្នំពេញ និង​ទីតាំង​មជ្ឈមណ្ឌល​ព្រីនស៍ ផ្លាហ្សា បាវិត​ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែឧសភា បាន​បង្ហាញ​ចំពោះ​សកម្មភាព​របស់​បណ្ដាញ​ឧក្រិដ្ឋជន​នៅតែ​អាច​បង្ខាំង​ជនបរទេស​រាប់​សិប​នាក់ ដើម្បី​បង្ខំ​ឱ្យធ្វើ​ការ​ឆបោក​ទ្រព្យសម្បត្តិ​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក​។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​អគារ​មជ្ឈមណ្ឌល​របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី ទាំង ២​ទីតាំង​នេះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនបរទេស​ជាង ២​រយ​នាក់ និង​ស៊ីម​កាត​ទូរស័ព្ទ​ក្រៅប្រទេស កុំព្យូទ័រ និង​ទូរស័ព្ទ​ដៃ​រាប់​សិប​គ្រឿង។

ទីតាំង​មជ្ឈមណ្ឌល​ព្រីនស៍ ផ្លាហ្សា បាវិត​ខេត្តស្វាយរៀង​ស្ថិតនៅ​មិន​ឆ្ងាយ​ឡើយ​ពី​មជ្ឈមណ្ឌល​ទីក្រុង​ហេងហេង។ ក្នុង​បរិវេណ​អគារ​មជ្ឈមណ្ឌល​កម្សាន្ត​ទាំងនេះ​កន្លងទៅ ត្រូវ​បាន​គេ​រាយការណ៍​ជា​ញឹកញាប់​អំពី​ករណី​ជនបរទេស ជាពិសេស​ជនជាតិ​ចិន និង​វៀតណាម​ត្រូវ​បាន​គេ​សម្លាប់ និង​អ្នកខ្លះ​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ រីឯ​បុគ្គលិក​នាំគ្នា​សម្រុក​ចេញពី​អគារ​ធ្វើការ​ជារឿយៗ ដោយសារតែ​ពួកគេ​មិនអាច​ទ្រាំទ្រ​នឹង​ការ​ធ្វើ​ទារុណកម្ម​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ។ មជ្ឈមណ្ឌល​ព្រីនស៍​ផ្លាហ្សា​គឺជា​ផ្នែក​នៃ​គម្រោង​របស់​ក្រុមហ៊ុន ព្រីនស៍ គ្រុប របស់​ឧក្រិដ្ឋជន ចេន ហ្ស៊ី ដែល​បាន​ចំណាយ​លុយ​រាប់​សិប​លាន​ដុល្លារ​បង្កើត​ផ្សារ​ទំនើប ក្លឹប​កម្សាន្ត និង​អគារ​លំនៅឋាន​ដែល​មាន​កម្ពស់​ខ្ពស់ៗ។ អាមេរិក​រកឃើញ​ថា មជ្ឈមណ្ឌល​កម្សាន្ត​ទាំងនេះ​ត្រូវ​បាន​ឧក្រិដ្ឋជន ចេន ហ្ស៊ី បម្លែង​ទៅ​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ ជួញដូរ​មនុស្ស និង​ជាទី​កន្លែង​រំលោភសិទ្ធិ​មនុស្ស​ដ៏​អាក្រក់។

រីឯ មជ្ឈមណ្ឌល​ទីក្រុង​ហេង​ហេង​ដែល​នៅ​ក្បែរ​មជ្ឈមណ្ឌល​ព្រីនស៍​ផ្លាហ្សា​បាវិត​នោះ គឺជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហេង ហ៊ី អ៊ីនវេសមែន អេន ឌីវើលុប​មែន គ្រុប (Heng He Investment and Development Group Co.,LTD) ដែល​មាន​អ្នកជំនួញ​ចិន​ឈ្មោះ ស៊ូ លៀង ហ្សេង (Su LIANGSHENG) ជា​អគ្គនាយក។ កាលពី​ឆ្នាំ​២០២៥ សហរដ្ឋអាមេរិក​រក​ឃើញថា ក្មួយប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ និង​លោក​ទ្រី ភាព ក៏​មាន​ចំណែក​ភាគហ៊ុន​ក្នុង​គម្រោង​នៃ​ក្រុមហ៊ុន​នេះ​ដែរ​។ អាមេរិក​ក៏បាន​ដាក់ទណ្ឌកម្ម​ក្រុមហ៊ុន​នេះ និង​បណ្ដាញ​ក្រុមហ៊ុន​ពាក់ព័ន្ធ​ផ្សេងទៀត​ដោយសារតែ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អន​ឡាញ និង​ការ​ជួញដូរ​មនុស្ស។

ជាមួយគ្នា​នេះ អតីត​សន្តិសុខ​ក្នុង​ក្រុមហ៊ុន ហេង ហ៊ី ធ្លាប់​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា បរិវេណ​នៃ​អគារ​មជ្ឈមណ្ឌល​ទីក្រុង​ហេង​ហេង និង​អគារ​ព្រីនស៍ ផ្លាហ្សា​បាវិត ប្រៀប​បីដូច​ជា​ឋាននរក​សម្រាប់​ជនបរទេស​ដែល​ត្រូវ​គេ​ជួញដូរ​។ បុគ្គលិក​រូប​នេះ​បញ្ជាក់​ថា ជនបរទេស​ដែល​ត្រូវ​បាន​គេ​ជួញដូរ​ភាគច្រើន​ត្រូវ​បាន​មេការ​ជន​ជាតិចិន​បង្ខាំង​ធ្វើ​ទារុណកម្ម និង​បង្ខំ​ឱ្យធ្វើ​ការ​ជា​អ្នក​ឆបោក​តាម​អនឡាញ រីឯ ស្ត្រីជន​ជាតិចិន និង​វៀតណាម​មួយចំនួន​ក៏​ត្រូវ​បាន​គេ​យក​មក​លក់ ដើម្បី​បង្ខំ​ឱ្យធ្វើ​ការងារ​ជា​ស្រីពេស្យា​បម្រើសេវា​កម្ម​ផ្លូវភេទ​ដល់​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន។

ទាក់ទង​នឹង​រឿង​នេះ អ្នកនាំពាក្យ​សាលាខេត្ត​ស្វាយរៀង​លោក ចិន សាធាន បដិសេធ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ ដោយ​លោក​ប្រាប់​ថា កំពុង​រវល់​ប្រជុំ។

មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» និង​តុលាការ នៅ​មិនទាន់​បង្ហាញ​តម្លាភាព ឬ​ចាត់វិធានការ​ណាមួយ​លើ​អគារ​ពាណិជ្ជកម្ម គម្រោង​អចលនទ្រព្យ​រាប់ពាន់​លាន​ដុល្លារ និង​ទីតាំង​មជ្ឈមណ្ឌល​ឆបោក​តាម​អនឡាញ​ដែល​មាន​ទំនាក់ទំនង​នឹង​ឧក្រិដ្ឋជន ចេន ហ្ស៊ី (Chen Zhi) ដែល​សមត្ថកិច្ច​ធ្លាប់​ចុះ​បង្ក្រាប​នៅ​ឡើយ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣​តុលា លោក គឹម សុខ លើកឡើង​ថា ទោះបីជា ឧក្រិដ្ឋជន ចេន ហ្ស៊ី លែង​មាន​វត្ត​មាននៅ​កម្ពុជា ក៏​ក្រុម​បណ្ដាញ​ឧក្រិដ្ឋជន ជាពិសេស​ឧកញ៉ា​គ្រាក់ៗ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ឧក្រិដ្ឋជន​រូប​នេះ​នៅតែ​បន្ត​ប្រតិបត្តិការ​យ៉ាងសកម្ម ដើម្បី​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​លើ​ទឹកដី​កម្ពុជា។

លោក គឹម សុខ៖ «អំណាច​ក្រុម​គ្រួសារ ហ៊ុន នឹង​ដូរ​ប្រព័ន្ធ​ដឹកនាំ ហើយ​ដូរ​មនុស្ស​ត្រួតត្រា មនុស្ស​ដែល​ត្រួតត្រា​ថ្មី អាច​ជា​ខ្មែរ ជា​ឧកញ៉ា​នៅ​ជុំវិញ​ក្រុម​គ្រួសារ​ហ៊ុន ហើយ​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ដើម្បី​ធានា​ថា ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅតែ​ដំណើរការ​ដដែល ក្នុង​ការ​ប្រមូល​លុយ​ចិញ្ចឹម​អំណាច​ក្រុម​គ្រួសារ ហ៊ុន​។ ចំណែកឯ ការ​ចាប់​លោក ចេន ហ្ស៊ី ទៅ​ប្រទេស​ចិន មិនមែន​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន​ចង់​ចាប់​ទេ ដោយសារតែ​សម្ពាធ​របស់​សហរដ្ឋអាមេរិក រហូត​ទៅដល់​តុលាការ​អាមេរិក តាម​ចាប់​លោក ចេន ហ្ស៊ី ទៅ​ហើយ​ហ្នឹង»។

មកដល់ពេលនេះ ទីតាំង​គម្រោង​របស់​ក្រុមហ៊ុន​ធំៗ​ដែល​រដ្ឋាភិបាល​អាមេរិក និង​ចក្រភព​អង់គ្លេស​ដាក់ទណ្ឌកម្ម និង​ចង្អុល​បង្ហាញថា ជា​ជម្រក​បណ្ដាញ​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា គេ​នៅ​មិនទាន់​ឃើញ​អាជ្ញាធរ​ណា​ហ៊ាន​ចុះ​បង្ក្រាប​នៅ​ឡើយ​។ ទីតាំង​ទាំងនោះ​រួមមាន មជ្ឈមណ្ឌល​ទីក្រុង​ហេង​ហេង គម្រោង​ហ្គោលឌិន សាន់ស្កាយ (Golden Sun Sky) របស់​ឧក្រិដ្ឋជន តុង លី​ឆឹង (Dong Lecheng) នៅ​ខេត្ត​ព្រះសីហនុ ឧទ្យាន​លេជេន​របស់​លោក ហ៊ុន តូ នៅ​ខេត្តព្រៃវែង រមណីយដ្ឋាន​អូរ​ស្មាច់​រួម​ទាំង​ក្រុមហ៊ុន​ពាក់ព័ន្ធ​នឹង​លោក លី យ៉ុងផាត់ និង​បរិវេណ​អគារ​កាស៊ីណូ​ក្រោន (Crown) របស់​សមាជិក​ព្រឹទ្ធសភា​លោក កុក អាន ក្នុង​ក្រុង​ប៉ោយប៉ែត​ជាដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ