

អាជ្ញាធរឃុំរួសរាន់ ក្នុងស្រុករវៀង កាលពីថ្ងៃទី២១ ខែឧសភា បានកោះហៅ សមាជិកសហគមន៍ម្នាក់ទៅជួប ដើម្បីសាកសួរ ជុំវិញការផ្តល់បទសម្ភាសន៍ជាមួយ ទូរទស្សន៍អាស៊ីសេរី(TFA) ពីបញ្ហាជម្លោះដីធ្លីរបស់ពួកគេជាមួយក្រុមហ៊ុនរបស់កូនឧកញ៉ាទ្រី ភាព។ ពលរដ្ឋចាត់ទុកការ កោះហៅសមាជិកសហគមន៍ទៅសួរនាំនេះ ថា ជាគំរាមកំហែង និងដាក់សម្ពាធមិនឲ្យពួកគាត់និយាយស្ដី តាមបញ្ជាក្រុមហ៊ុន។
ពលរដ្ឋរងគ្រោះដីធ្លី អះអាងថា ការកោះហៅសមាជិកសហគមន៍សួរនាំនេះ មិនមែនជា ដំណោះស្រាយនោះទេ ផ្ទុយទៅវិញ គឺធ្វើឲ្យពួកគាត់កាន់តែឈឺចាប់ និងជំរុញឲ្យ បន្តទាមទាររកយុត្តិធម៌ទៀត។
មេឃុំរួសរាន់ កាលពីថ្ងៃទី២១ ខែឧសភា បានកោះ ហៅសមាជិកសហគមន៍ ការពារដីធ្លីឫស្សីស្រុក លោកស្រី យឹម យីត ទៅជួបនៅសាលាឃុំរួសរាន់ ដើម្បីសាកសួររឿងវីដេអូ ដែលគាត់បានផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍អាស៊ីសេរី (TFA)ពាក់ព័ន្ធ នឹងបញ្ហាក្រុមហ៊ុនបានឈូសឆាយដីធ្លី និងដំណាំរបស់ពួកគាត់។ ក្នុងជំនួបនោះ អាជ្ញាធរឃុំ បានប្រាប់ឲ្យលោកស្រី លុបវីដេអូ ដែលបាននិយាយជាមួយ អ្នកសារព័ត៌មានចេញវិញ។ ប៉ុន្តែលោកស្រី យឹម យីត និយាយទៅកាន់អាជ្ញាធរ ថា លោកស្រី មិនមានវីដេអូនោះទេ ហើយការផ្ដល់បទសម្ភាសន៍ របស់លោកស្រី ជាមួយអ្នកសារព័ត៌មាន គឺគ្រាន់បង្ហាញនូវ ទីតាំង ដីដែលក្រុមហ៊ុនបានឈូស ឆាយជាក់ស្ដែងតែប៉ុណ្ណោះ។
ពលរដ្ឋរងគ្រោះនៅស្រុករវៀង សុំមិនបញ្ចេញឈ្មោះ ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២២ ខែឧសភាថា អាជ្ញាធរឲ្យសមាជិកសហគមន៍លោកស្រី យឹម យីត ទៅជួបនេះ គឺចង់ឲ្យលោកស្រីលុបវីដេអូ ដែលបានផ្តល់បទសម្ភាសន៍ជាមួយ អ្នកសារព័ត៌មានវិញ ដោយលើកហេតុផលថា ប៉ះពាល់ដល់ក្រុមហ៊ុន។ លោកបន្តថា កន្លងមកអាជ្ញាធរឃុំ និងស្រុក មិនបានជួយរកដំណោះស្រាយ ឲ្យ ពួកគាត់នោះទេ ប៉ុន្តែបែរជា មក ដាក់សម្ពាធ និងគាបសង្កត់មិនឲ្យពួកគាត់ និយាយស្ដីទៅវិញ។
លោកស្រី យឹម យីត៖ «ក្រុមហ៊ុន ថា ហៅឈ្មោះនេះ គឺអាជ្ញាធរហៅឲ្យ ហៅឈ្មោះណា គឺអាជ្ញាធរហៅឲ្យឃុបឃិតគ្នា។ សព្វថ្ងៃហៅដល់ទៅសួរទៅថា ហៅខ្ញុំខុសរឿងអីគេថា គេអត់មានខុសអី ប៉ុណ្ណក្រុមហ៊ុនអ្នកប្ដឹង ក្រុមហ៊ុនឲ្យហៅ គេឆ្លើយអ៊ីចឹង។ ម្សិលម្ង៉ៃ ថ្ងៃទី២១ ខែឧសភា ខ្ញុំសួរគេនិយាយដូចគ្នាថា ទំនាស់នឹងក្រុមហ៊ុន វាអាចកិត្តិយសដល់ក្រុមហ៊ុន យើងទៅធ្វើរូបភាពអ៊ីចឹងដូចថា ទៅមើលចម្ការដែល គេយក ខ្លះក៏យំ ខ្លះក៏សម្ដែងរឿងបាត់ចម្ការ តាំងពីបាត់ទៅខ្វះខាតលុយកាក់ ចិញ្ចឹមកូន កូនរៀនកូនអីនិយាយតាមធម្មតា ដល់អ៊ីចឹងគេបង្ហោះរូបភាពផ្ញើបន្តៗអ្នក កាសែតគេមក។ គេហៅទៅនិយាយអំពីរឿងហ្នឹងឯង គេថា ឲ្យឈប់ធ្វើអ៊ីចឹងប៉ះពាល់ដល់ក្រុមហ៊ុន»។
ពលរដ្ឋរូបនេះថា បច្ចុប្បន្ន ទោះបីជារងការគំរាមកំហែង និងបំបិទសិទ្ធិសេរីភាព ក៏ដោយ ប៉ុន្តែពួកគាត់មិនភ័យខ្លាចទៀតនោះទេ ពីព្រោះដីធ្លីជាឆ្នាំងបាយ និងជាអាយុជីវិតរបស់ពួកគាត់។ លោកចាត់ទុក ទង្វើរបស់អាជ្ញាធរនេះថា កាន់តែធ្វើ ឲ្យពួកគាត់ឈឺចាប់ ប៉ុន្តែពួកគាត់មិនបោះបង់ការទាមទារដំណោះស្រាយឡើយ។
លោកស្រី យឹម យីត៖ «បើមិនឃុំ ប៉ូលីស ក៏ស្រុករាល់ដងចូលស៊ាំបាត់ហើយ ចង់គ្រប់គ្នាហើយ។ ក្រឡាគេចង់គាបសង្កត់អ៊ីចឹង សព្វថ្ងៃនេះ បើដើរកាត់ផ្លូវគេហៅផ្ដិតមេដៃ អ្នកខ្លះគេឲ្យផ្ដិតមេដៃឲ្យដកញតិ្តខ្លះគេឲ្យផ្តិតមេដៃ គេថា ចេញចូលស្រួល គ្រប់រូបភាព។ ខ្ញុំយល់ថា គេគំរាម គេគាបសង្កត់ហ្នឹង សម្រាប់យើងឈឺចាប់ហ្នឹង»។
ទូរទស្សន៍អាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយ ជុំវិញរឿងនេះពីមេឃុំរួសរាន់ លោក ប្រាក់ វ៉េត បានទេនៅថ្ងៃទី២២ ខែឧសភានេះ។
ក្រៅពីសមាជិកសហគមន៍នោះ នៅថ្ងៃទី១១ ខែឧសភា អធិការដ្ឋាននគរបាល ស្រុករវៀង បានកោះហៅតំណាងពលរដ្ឋរងគ្រោះដីធ្លី លោក ឡុំ សែ ឲ្យចូល ឆ្លើយបំភ្លើ ពាក់ព័ន្ធរឿងដឹកនាំពលរដ្ឋចេញតវ៉ា ករណីក្រុមហ៊ុន គ្លប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់លោក ទ្រី ដាលុច រំលោភយកដីពួកគាត់។
ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច ក្រៅពីដណ្ដើមយកដីស្រែចម្ការ របស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែងហើយនោះ ក្រុមហ៊ុននេះ ក៏បានច្បាមយកដីព្រៃក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភាគខាងជើង រាប់ពាន់ហិកតារ ផងដែរ។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី យល់ថា សកម្មភាព របស់អាជ្ញាធរនេះ គឺជាការរឹតត្បិត និងបង្ហាញថា អាជ្ញាធរឃុំ មិនមែនជា តំណាង ស្របច្បាប់ ដែល ពលរដ្ឋផ្ដល់ការទុកចិត្តនោះទេ។ លោកបន្តថា ប្រសិនបើអាជ្ញាធរ មិនអាច ដោះស្រាយបញ្ហាជូនពលរដ្ឋបានទេ អាជ្ញាធរត្រូវរបាយការណ៍ទៅ ថ្នាក់លើបន្ត ដោយមិនត្រូវគំរាមកំហែងពលរដ្ឋឡើយ ពីព្រោះពលរដ្ឋនឹងបាត់បង់ ទំនុកចិត្ត ខណៈការបោះឆ្នោតជិតមកដល់ដែរ។
លោក យិន ម៉េងលី៖ «ការផ្ដល់សម្ភាសន៍ទៅដល់សារព័ត៌មានផ្សេងៗទៀត អត់មាន បទល្មើសទេ គ្មានចែងនៅក្នុងក្រមព្រហ្មទណ្ឌទេ ប៉ុន្តែការគំរាមកំហែងមកលើពួកគាត់អាហ្នឹង ជាបទល្មើសដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ។ ការផ្ដល់សម្ភាសន៍ទៅដល់សារព័ត៌មាននេះ គឺគាត់មានគោលបំណងគាត់ចង់ឲ្យ សារព័ត៌មាន ពាំនាំកង្វល់របស់ពួកគាត់ពីថ្នាក់មូលដ្ឋានមកដល់ថ្នាក់ជាតិ ដើម្បី ជួយរកដំណោះស្រាយហើយក្នុងសង្គមប្រជាធិបតេយ្យ គឺសារព័ត៌មានហ្នឹងដើរ តួនាទីសំខាន់ណាស់ ដើម្បីពាំនាំនូវគោលនយោបាយផ្សេងៗ របស់រដ្ឋាភិបាល ពីថ្នាក់ជាតិមកពលរដ្ឋបានដឹង ហើយបានពាំនាំបញ្ហារបស់ប្រជាពលរដ្ឋ ពីថ្នាក់ មូលដ្ឋាន មកឲ្យអាជ្ញាធរថ្នាក់ជាតិជាអ្នកធ្វើការដោះស្រាយ»។
ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន របស់លោក ទ្រី ដាលុច បានរុករក និងធ្វើអាជីវកម្មរ៉ែដែក អស់រយៈពេល៣ឆ្នាំមកហើយ ក្រោយពីក្រុមហ៊ុននេះទទួលបានសិទ្ធិ ពីរដ្ឋាភិបាល កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ បច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងតែ ធ្វើអាជីវកម្មរ៉ែដែកក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង រួចដឹកយកទៅលក់នៅក្រៅប្រទេស ។ ក្រុមហ៊ុន គ្លប៊ល ហ្គ្រីន គឺជាកម្មសិទ្ធិរបស់លោក ទ្រី ដាលុច ដែលជាកូនប្រុសច្បងរបស់អ្នកឧកញ៉ា ទ្រី ភាព ល្បីល្បាញខាងរកស៊ីឈើ និងបំផ្លិច បំផ្លាញធនធានធម្មជាតិនៅកម្ពុជា។ បច្ចុប្បន្នលោក ទ្រី ដាលុច គឺជាទីប្រឹក្សា របស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ស៊ី.ឌី.ស៊ី (CDC)៕









