

មេបក្សកាន់អំណាច និងជាប្រមុខរដ្ឋស្តីទីលោក ហ៊ុន សែន បានចេញព្រះរាជក្រឹត្យលើកលែងទោសជាប់ពន្ធនាគារឲ្យលោក កឹម សុខា ប៉ុន្តែទោសបន្ថែមនៅតែរក្សាដដែល។ អ្នកឃ្លាំមើល យល់ថា លោក ហ៊ុន សែន គ្រាន់តែបើកផ្លូវឲ្យលោក កឹម សុខា មានសេរីភាពទៅមើលម្តាយ និងទៅបួស ប៉ុន្តែគ្មានសិទ្ធិសេរីភាពពេញលេញ ដូចជាការធ្វើនយោបាយនោះទេ។
ចាប់ពីពេលនេះទៅ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា លែងជាប់ឃុំនៅក្នុងផ្ទះទៀតហើយ។ លោក អាចមានសេរីភាពដើរហើរទៅជួបម្តាយ និងអាចទៅបួសជាព្រះសង្ឃបានហើយ ប៉ុន្តែលោក គ្មានសិទ្ធិសេរីភាពពេញលេញទាំងស្រុង ដើម្បីធ្វើនយោបាយដូចមុនឡើយ។
យោងតាមព្រះរាជក្រឹត ដែលទើបផ្សព្វផ្សាយនៅព្រលប់ថ្ងៃទី២៥ ខែឧសភា លោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី បានសម្រេចលើកលែងទោសឲ្យលោក កឹម សុខា មានវ័យ៧៣ ឆ្នាំ ដែលត្រូវបានតុលាការដាក់ពន្ធនាគាររយៈពេល២៧ឆ្នាំ។ ក្នុងព្រះរាជក្រឹត្យដដែល បញ្ជាក់ថា ការលើកលែងទោសនេះ គឺអនុវត្តតែទោសដាក់ពន្ធនាគារជាមូលទោសប៉ុណ្ណោះ ប៉ុន្តែមិនអនុវត្តចំពោះទោសបន្ថែមឡើយ។
មេធាវីការពារក្តីឲ្យលោក កឹម សុខា គឺលោក ផែង ហេង មានប្រសាសន៍ថា នៅក្នុងការផ្តន្ទាទោសលើលោក កឹម សុខា គឺមានមូលទោសដែលជាទោសដាក់ពន្ធនាគារ២៧ឆ្នាំ ចំណែកទោសបន្ថែមឬហៅថាអនុទោសនោះ គឺសំដៅទៅលើការដកហូតសិទ្ធិនយោបាយជាដើម។ លោក បន្តថា តាមគោលការណ៍ច្បាប់ ប្រសិនបើមូលទោសត្រូវបានលុបចោល ដូច្នេះអនុទោស ក៏ត្រូវរលត់ទៅតាមនោះដែរ ប៉ុន្តែលោក សុំពេលសិក្សាស្វែងយល់បន្ថែមទៀត ដោយសារលោក ទើបតែឃើញព្រះរាជក្រឹត្យដែរ។ «»
ការលើកលែងទោសជាប់ពន្ធនាគារឲ្យលោក កឹម សុខា នៅពេលនេះ គឺស្របពេល ដែលមេបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការ អនុញ្ញាតឲ្យទៅជួបម្តាយរបស់លោកជាលើកទី២ ដោយគ្មានកំណត់ពេលដូចមុន នៅព្រឹកថ្ងៃទី២៥ ខែឧសភា។ ក្នុងពេលទៅសួរសុខទុក្ខម្តាយនោះ លោក កឹម សុខា បាននិយាយប្រាប់ម្តាយរបស់លោកថា ចាប់ពីពេលនេះទៅ លោកអាចមកជួបម្តាយញឹកញាប់ជាងមុន ហើយយប់ខ្លះលោក អាចគេងកំដរម្តាយរបស់លោកទៀត។ លើសពីនេះ លោកថា លោក ហ៊ុន សែន ក៏បានផ្តាំសួរសុខទុក្ខម្តាយរបស់លោកដែរ។
លោក កឹម សុខា៖ «កូននឹងមកមើលម៉ែជាប់រហូត ហើយយប់ខ្លះកូនគេងជាមួយម៉ែ។ ហើយបន្តិចទៀតទៅ កូននឹងទៅបួសសងគុណម៉ែ»។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា គឺលោក គឹម សុខ ថ្លែងថា លោក កឹម សុខា គ្មានកំហុសនោះទេ ប៉ុន្តែរងការឃុំឃាំងក្នុងផ្ទះទាំងអយុត្តិធម៌ ដូច្នេះការដែលលោក ហ៊ុន សែន ដោះលែងឲ្យលោក កឹម សុខា ត្រឹមតែទៅជួបម្តាយ ហើយទៅបួស និងអង្គុយសូត្រធម៌ គឺមិនអាចលាងជម្រះភាពកខ្វក់នៃប្រព័ន្ធតុលាការដែលចាប់មនុស្សដាក់គុកតាមបញ្ជាបានឡើយ ហើយក៏មិនឆ្លុះបញ្ចាំងអំពី«សេចក្តីសប្បុរស»និង «ឆន្ទៈនយោបាយផ្សះផ្សាជាតិ»ពីរបបដឹកនាំសព្វថ្ងៃដែរ។ លោក គឹម សុខ បន្តថា លោក កឹម សុខា នៅតែជាអ្នកទោសរបស់លោក ហ៊ុន សែន ដដែល ព្រោះលោក កឹម សុខា គ្មានសិទ្ធិធ្វើនយោបាយឡើយ។ «»
លោក ហ៊ុន សែន ដែលជាបុរសខ្លាំងខាងអំពើហិង្សា និងជាអតីតកម្មាភិបាលខ្មែរក្រហម បានបញ្ជាឱ្យចាប់ខ្លួនលោក កឹម សុខា ទាំងកម្រោលទាំងកណ្ដាលយប់កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ យកទៅដាក់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងជាងមួយឆ្នាំនិងផ្ទេរមកឃុំក្នុងផ្ទះវិញជិត១០ឆ្នាំហើយ ។ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ តុលាការ បានផ្ដន្ទាទោសលោក កឹម សុខា ឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស។ តុលាការ បានដាក់បម្រាមមិនឱ្យលោក កឹម សុខា ធ្វើនយោបាយ មិនឱ្យចេញពីផ្ទះ និងមិនអនុញ្ញាតឱ្យជួបភ្ញៀវបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។ កាលពី ថ្ងៃទី៣០ ខែមេសា កន្លងទៅ សាលាឧទ្ធរណ៍ភ្នំពេញនៅតែតម្កល់ការផ្តន្ទាទោសមេបក្សប្រឆាំងរូបនេះឲ្យជាប់ពន្ធនាគារ២៧ឆ្នាំដដែល និងបន្ថែមទោសមិនឲ្យចេញពីប្រទេសកម្ពុជា៥ឆ្នាំទៀត។
សហគមន៍ជាតិ និងអន្តរជាតិ បានចាត់ទុកសំណុំរឿងលោក កឹម សុខា គឺជារឿងនយោបាយ និងតែងទាមទារជារឿយៗឲ្យតុលាការលុបចោលការចោទប្រកាន់ និងដោះលែងលោក កឹម សុខា ឲ្យមានសេរីភាពពេញលេញឡើងវិញ ។ អ្នកឃ្លាំមើលយល់ថា ការបញ្ឈប់ដាក់ឃុំឃាំងលោក កឹម សុខា នៅក្នុងផ្ទះ ប៉ុន្តែបន្តភ្ជាប់លក្ខខណ្ឌតឹងរ៉ឹងតាមផ្លូវតុលាការដដែលនេះ នឹងមិនអាចបំបាត់ក្តីបារម្ភរបស់អន្តរជាតិបានឡើយ៕









