បក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់

0
41
ទិដ្ឋភាពលោក កឹម សុខា ​ប្រធានគណបក្សសង្គ្រោះជាតិ ​ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់ នៅគេហដ្ឋានសាច់ញាតិ​លោក នៅ​រាជធានីភ្នំពេញ ​​កាល​​ពី​ព្រឹកថ្ងៃទី២០ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទិដ្ឋភាពលោក កឹម សុខា ​ប្រធានគណបក្សសង្គ្រោះជាតិ ​ជួបមុខម្ដាយដែលកំពុងឈឺធ្ងន់ នៅគេហដ្ឋានសាច់ញាតិ​លោក នៅ​រាជធានីភ្នំពេញ ​​កាល​​ពី​ព្រឹកថ្ងៃទី២០ ឧសភា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

គណបក្សប្រឆាំង និង​អង្គការ​សង្គម​ស៊ីវិល នៅតែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា និង​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​។ ការ​ទាមទារ​បែបនេះ គឺ​បន្ទាប់ពី​លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​លោក កឹម សុខា រួច​ផុត​ពី​ការ​ឃុំ​ឃាំង​ក្នុងផ្ទះ ប៉ុន្តែ​នៅតែ​បន្ត​បិទ​សិទ្ធិ​នយោបាយ​របស់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ដដែល។ រីឯ​លោក កឹម សុខា វិញ លោក​ហាក់​រក្សា​ភាព​ស្ងៀមស្ងាត់ ក្រោយ​ទទួល​បាន​សេរីភាព​មួយចំនួន​ពី​លោក ហ៊ុន សែន។

ក្រោយ​ការ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា រួច​ផុត​ពី​ទោស​ជាប់ពន្ធនាគារ ឬ​ឃុំឃាំង​ក្នុងផ្ទះ ប៉ុន្តែ​នៅតែ​បន្ត​បិទ​សិទ្ធិ​នយោបាយ​យ៉ាង​តឹងរ៉ឹង​នោះ មេ​បក្ស​ប្រឆាំង​រូប​នេះ ហាក់​មិន​ទាន់​បង្ហាញ​សកម្មភាព​អ្វី​ច្រើន​នៅ​ឡើយ។

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង ហៀង និង​អភិបាលរង​រាជធានី​ភំពេញ លោក សុខ ពេញវុធ ព្រមទាំង​អភិបាលខណ្ឌ​ទូល​គោក លោក ជា ពិសី រួម​ទាំង​សមត្ថកិច្ច​មួយ​ចំនួន​ទៀត បាន​យក​កំណត់ហេតុ​ស្ដីពី​ការអនុវត្ត​ព្រះរាជក្រឹត្យ​លើកលែងទោស​ទៅ​ជូន​លោក កឹម សុខា នៅ​ឯ​ផ្ទះ​របស់​លោក​ក្នុង​ខណ្ឌទួលគោក​។ កំណត់ហេតុ​ស្ដីពី​ព្រះរាជក្រឹត្យ​លើកលែងទោស​នេះ បង្ហាញថា ការ​លើកលែងទោស​ដល់ លោក កឹម សុខា នេះ គឺ​អនុវត្ត​ចំពោះតែ​ទោស​ដាក់​ពន្ធនាគារ ដែល​ជា​មូលទោស​ប៉ុណ្ណោះ ដោយ​មិន​អនុវត្ត​ចំពោះ​ទោស​បន្ថែម​ឡើយ​។ ក្នុង​ន័យ​នេះ លោក កឹម សុខា ទទួល​បាន​ការលើកលែង​ទោស​ដាក់​ពន្ធនាគារ​ចំនួន​២៧​ឆ្នាំ ប៉ុន្តែ​ចំពោះ​ទោស​បន្ថែម ត្រូវតែ​គោរព និង​អនុវត្ត​ដូចជា​៖​ការ​ដក​ជា​ស្ថាពរ​នូវ​សិទ្ធិ​បោះឆ្នោត សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត និង​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ​ផ្សេងទៀត ព្រមទាំង​ហាមឃាត់​ចំពោះ​ការ​ចាក​ចេញ​ពី​ដែនដី​កម្ពុជា សម្រាប់​រយៈពេល​៥​ឆ្នាំ។

ក្រោយ​ស្តាប់​ការ​ពន្យល់ និង​ទទួល​បាន​កំណត់ហេតុ​ពី​មន្ត្រី​តុលាការ និង​សមត្ថកិច្ច​រួច លោក កឹម សុខា បាន​ពោល​នៅមុខ​អ្នកកាសែត​យ៉ាង​ខ្លី​មុន​ដើរចូល​ទៅ​ក្នុង​ផ្ទះ​ថា ឥឡូវនេះ លោក​ចាប់ផ្តើម​មាន​សេរីភាព​វិញ​ហើយ​។ ប៉ុន្តែ លោក សុំ​មិន​និយាយ​អ្វី​ច្រើន​ជាមួយ​អ្នកសារព័ត៌មាន​បានទេ ព្រោះ​លោក​ចង់​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយសារ​កំពុង​មាន​ទុក្ខ​ធំ​រឿង​ម្តាយ​ឈឺ និង​គ្រោង​ទៅ​បួស​សងគុណ​ម្តាយ​នៅ​សប្តាហ៍​ក្រោយ។

លោក កឹម សុខា៖ «​ខ្ញុំ​ចង់​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយសារ​ខ្ញុំ​មានទុក្ខ​ធំ ម្តាយ​ឈឺ និង​ទី​២​ខ្ញុំ​នឹង​ទៅ​បួស​សងគុណ​ម្តាយ»។

ជុំវិញ​ការ​លើកលែងទោស​ជាប់​ពន្ធនាគារ​ដល់​លោក កឹម សុខា នេះ គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ព្រោងព្រាត​ជា​បន្តបន្ទាប់​ដោយ​បង្ហាញ​ទស្សនៈ​ផ្សេងៗ​គ្នា​។ គណបក្ស​មួយចំនួន បង្ហាញ​ការ​សាទរ​។ គណបក្សប្រឆាំង​ខ្លះទៀត រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន បាន​រិះគន់​ចំៗ​ថា របប​ក្រុងភ្នំពេញ​មិន​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្ដារ​ប្រជាធិបតេយ្យ ឬ​បង្រួបបង្រួម​ជាតិ​ឡើយ ដោយសារតែ​លោក កឹម សុខា នៅតែ​បាត់​សិទ្ធិ​ធ្វើ​នយោបាយ ហើយ​អ្នក​ទោស​នយោបាយ​ជាច្រើន​នៅតែ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌។

គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ដោយ​ស្វាគមន៍​ចំពោះ​ការ​លើកលែងទោស​ជាប់ពន្ធនាគារ​ដល់​លោក កឹម សុខា ប៉ុន្តែ​គណបក្ស​ទាំងពីរ នៅតែ​ព្រួយបារម្ភ​ដែល​លោក កឹម សុខា ត្រូវ​បាន​ដកហូត​សិទ្ធិ​នយោបាយ ដោយ​មិនអាច​ចូលរួម​សិទ្ធិ​នយោបាយ​ដូច​ពលរដ្ឋ​ខ្មែរ​ទូទៅ​ស្របតាម​រដ្ឋធម្មនុញ្ញ​។ គណបក្ស​ភ្លើងទៀន និង​គណបក្ស​ឆន្ទៈ​ខ្មែរ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពិចារណា​ដោះលែង​មេដឹកនាំ និង​សកម្មជន​យោ​បាយ សកម្មជន​ដីធ្លី បរិស្ថាន និង​សកម្មជន សិទ្ធិមនុស្ស ដើម្បី​ធានា​នូវ​សុខដុមរមនា​រវាង​ខ្មែរ​និង​ខ្មែរ​។​

ចំណែក​គណបក្ស​ជំនាន់​ថ្មី​របស់​លោក មាជ សុវណ្ណារ៉ា វិញ គណបក្ស​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​សាទរ​ចំពោះ​លោក កឹម សុខា ដោយ​ចាត់ទុកថា នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​មាន​អត្ថន័យ​ជ្រាលជ្រៅ​សម្រាប់​ពលរដ្ឋ​កម្ពុជា ដែល​ចង់​ឃើញ​នូវ យុត្តិធម៌ សាមគ្គី​ជាតិ និង​ការប​ង្រួបបង្រួម​ជាតិ ខណៈ​កម្ពុជា កំពុង​រងគ្រោះ​ពី​ការឈ្លានពាន​របស់​យោធា​ថៃ។

ទន្ទឹម​គ្នា​នេះ គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន បង្ហាញ​ក្តី​សោមនស្ស និង​យល់ថា ករណី​ដោះលែង​លោក កឹម សុខា នេះ នឹង​នាំមក​នូវ​ការ​រួបរួម​ជាតិ ឯកភាព​ជាតិ និង​សាមគ្គី​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ជាបន្ទាន់ ដែល​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សំខាន់ៗ​ជាច្រើន ដូចជា​ការ​ឈ្លានពាន​របស់​បរទេស បញ្ហា​ឧក្រិដ្ឋកម្ម​ឆបោក​អនឡាញ និង​បញ្ហា​ជីវភាព​ប្រជាពលរដ្ឋ​ជាដើម​។ គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន អំពាវនាវ​ឲ្យ​រដ្ឋាភិបាល លើកលែងទោស​ដល់​សក​ម្ម​ជន​នយោបាយ សកម្មជន​សង្គម និង​សកម្មជន​បរិស្ថាន​ផ្សេងទៀត ព្រមទាំង​ធានា​ការអនុវត្ត​ច្បាប់​ដោយ​យុត្តិធម៌ ស្អាតស្អំ មិន​លំអៀង ហើយ​បើក​លំហ​សេរីភាព​នយោបាយ​ឲ្យ​បាន​ទូលំទូលាយ និង​សូម​ឲ្យ​មាន​វប្បធម៌​សន្ទនា​រវាង​ខ្មែរ និង​ខ្មែរ​ឡើងវិញ។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​ចេញ​សេចក្តី​ថ្លែងការណ៍​អបអរសាទរ​ដល់​លោក កឹម សុខា ដែរ ប៉ុន្តែ​បន្ត​អំពាវនាវ​ឲ្យ​លើកលែងទោស​បន្ថែម​ឲ្យ​មេ​បក្ស​ប្រឆាំង​រូប​នេះ​មាន​សិទ្ធិ​សេរីភាព​ពេញលេញ ព្រមទាំង​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ទាំង​អស់​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ក៏​ជំរុញ​ឲ្យ​ធ្វើ​វិសោធនកម្ម​ក្រមព្រហ្មទណ្ឌ ដើម្បី​ធានា​ថា ប្រជាពលរដ្ឋ​កម្ពុជា គ្មាន​ទោស​ក្បត់ជាតិ ព្រមទាំង​ចង់​ឃើញ​មាន​វប្បធម៌​សន្ទនា ការផ្សះផ្សា​ជាតិ និង​ការ​រួមរស់​ជាមួយគ្នា ដោយ​សន្តិវិធី​រវាង​គ្រប់​គណបក្ស​នយោបាយ។

ក្រៅពី​គណបក្ស​នយោបាយ​នៅក្នុង​ស្រុក​ទាំងនេះ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣​តុលា​របស់​លោក សម រង្ស៊ី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ខកចិត្ត​ចំពោះ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ដែល​ផ្ដល់​សេរីភាព​ដល់​លោក កឹម សុខា ត្រឹមតែ​អាច​បំពេញ​ករណី​កិច្ច​ក្នុង​គ្រួសារ និង​ធ្វើ​កិច្ចការផ្ទាល់ខ្លួន ប៉ុន្តែ​មិន​ផ្ដល់​សិទ្ធិ​នយោបាយ​ពេញលេញ​ដល់​គាត់ ដើម្បី​បម្រើ​ផលប្រយោជន៍​ជាតិ ។ នេះ​មានន័យថា លោក កឹម សុខា ក៏ដូចជា​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ផ្សេងទៀត នៅតែ​ស្ថិត​ក្នុង​លក្ខខណ្ឌ​ជា​អ្នក​ទោស​នយោបាយ​របស់​លោក ហ៊ុន សែន ដដែល ។ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ ២៣ តុលា ទាមទារ​ឲ្យ​របប​ភ្នំពេញ ត្រូវតែ​ផ្តល់​សិទ្ធិ​សេរីភាព​នយោបាយ​ពេញលេញ​ជូន​លោក កឹម សុខា និង​ឲ្យ​គាត់​អាច​ធ្វើ​ដំណើរ​ចេញ​-​ចូល ក្នុង និង​ក្រៅប្រទេស​ដូច​ពលរដ្ឋ​ទូទៅ​ដែរ ដើម្បី​បង្ហាញ​ពី​ការ​ចាប់ផ្ដើម​ដ៏​ត្រឹមត្រូវ​នៃ​ដំណើរការ​ផ្សះផ្សា​ជាតិ ហើយ​ឈាន​ដល់​ការ​សាមគ្គី​ឯកភាព​ជាតិ​។ បន្ថែម​ពី​នេះ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា បារម្ភ​ថា ករណី​លោក កឹម សុខា នឹង​ក្លាយទៅជា​ល្បែង​នយោបាយ​ខ្វះ​គុណធម៌​មួយ​របស់​អ្នក​មាន​អំណាច ដែល​ប្រើ​ជា​ឧបករណ៍​ឃោសនា​ព្រោងព្រាត​អំពី​របស់​ដែល​ពួកគេ​បំភ័ន្ត​ថា​« សាមគ្គី​ឯកភាព​ជាតិ » ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​។ លើស​ពី​នេះ រដ្ឋាភិបាល​កម្ពុជា​ឯករាជ្យ​២៣ តុលា ចាត់ទុកថា ការ​មិន​ដោះលែង​អ្នក​ទោស​នយោបាយ និង​អ្នកទោស​មនសិការ​ជាង​១០០​នាក់​ទៀត ក៏​ធ្វើ​ឲ្យ​មានការ​បារម្ភ​អំពី​ការ​បន្ត​យុទ្ធនាការ​របស់​របប​ភ្នំពេញ​ក្នុង​ការ​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា ហើយ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា នៅតែ​វិលវល់​ក្នុង​ដែន​អំណាច​ផ្ដាច់ការ។

ជាមួយ​គ្នា​នេះ អង្គការ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ហៅ​កាត់ KMD​របស់​អ្នកស្រី មូរ សុខ​ហួរ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​ប្រើប្រាស់​វិធី​ថ្មី​មួយទៀត​ធ្វើជា​ល្បែង​អុក​នយោបាយ​បន្លំ​ភ្នែក និង​លាង​ជម្រះ​កំហុស​របស់​ខ្លួន​នៅ​ចំពោះមុខ​អន្តរជាតិ តាមរយៈ​ការ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​លោក កឹម សុខា​។ KMD យល់ថា នេះ​មិនមែន​ជា​ការ​ផ្តល់​យុត្តិធម៌ ឬ​ការ​បង្រួបបង្រួម​ជាតិ​ពិតប្រាកដ​នោះ​ឡើយ ប៉ុន្តែ​វា​ជា​យុទ្ធសាស្ត្រ​គាបសង្កត់​ក្នុង​ទម្រង់​ថ្មី ផ្អែកលើ​ទិដ្ឋភាព​ចម្បងៗ ដូចជា​៖​ទី​១. លោក កឹម សុខា គឺជា​ជន​បរិសុទ្ធ​ដែល​គ្មាន​ទោស​តាំងពី​ដំបូង ដូច្នេះ​ការ​ចាប់ខ្លួន ការ​ឃុំ​ឃាំង និង​ការ​កាត់ទោស​លោក កឹម សុខា កន្លងមក គឺជា​អំពើ​ខុសច្បាប់​ទាំងស្រុង​។​ទី​២. បទចោទប្រកាន់​ស្ដីពី​«​កា​រសន្ទិដ្ឋិភាព​ជា​មួយ​បរទេស​» គឺជា​លេស​នយោបាយ ដើម្បី​កម្ទេច​គណបក្ស​សង្គ្រោះ​ជាតិ (CNRP)​។ ទី​៣.​ការសម្រេច​លើកលែង​ត្រឹមតែ​ទោស​ពន្ធនាគារ ប៉ុន្តែ​នៅតែ​បន្ត​រក្សា​បំរាម​ហាមឃាត់​មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស គឺ​គ្រាន់តែ​ជា​ការ​ប្តូរ​ទម្រង់​នៃ​ការ​ឃុំឃាំង​ពី​ក្នុង​ផ្ទះ មក​ជា​ការ​ឃុំ​ឃាំង​ក្នុង​ចំហាយ​នយោបាយ​តែប៉ុណ្ណោះ ដែល​ធ្វើ​ឱ្យ​លោក កឹម សុខា បន្ត​បាត់បង់​សិទ្ធិ​ជា​ពលរដ្ឋ​ពេញលេញ​។ KMD ទាមទារ​ដាច់ខាត​ចំពោះ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ប្រគល់​សិទ្ធិ​នយោបាយ​ពេញលេញ​ដល់​លោក កឹម សុខា និង​ត្រូវ​ផ្តល់​សំណង​ជំងឺ​ចិត្ត និង​ស្ដារ​កិត្តិយស​ជូន​លោក កឹម សុខា ឡើងវិញ​ចំពោះ​ការ​រង​គ្រោះ​ផ្លូវចិត្ត និង​ការ​រំលោភបំពាន​សិទ្ធិ​សេរីភាព​យ៉ាងធ្ងន់ធ្ងរ​ដែល​លោក​មិនបាន​ប្រព្រឹត្ត​។ លើស​ពីនេះ ត្រូវ​ស្តារ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​មាន​ជីវិត​នយោបាយ​ឡើងវិញ ដើម្បី​ធានា​បាន​នូវ​តុល្យភាព​អំណាច និង​លទ្ធិ​ប្រជាធិបតេយ្យសេរី​ពហុបក្ស​ពិតប្រាកដ​នៅ​កម្ពុជា។

ទន្ទឹម​នឹង​នេះ KMD អំពាវនាវ​ដល់​រដ្ឋាភិបាល​ប្រទេស​ប្រជាធិបតេយ្យ និង​សហគមន៍​អន្តរជាតិ​ទាំងអស់ កុំ​ឲ្យ​ចាញ់​ល្បិចកល​បោកប្រាស់​នៃ​ព្រះរាជក្រឹត្យ​បង្កប់​លក្ខខណ្ឌ​របស់​លោក ហ៊ុន សែន នេះ​ឱ្យ​សោះ។ KMD ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ បន្ត​បង្កើន​ការ​ដាក់​សម្ពាធ​ការទូត​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​លើ​របប​ទីក្រុង​ភ្នំពេញ ដើម្បី​បង្ខំ​ឱ្យ​មាន​ការ​ស្ដារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ការ​ដោះលែង​អ្នក​ទោស​នយោបាយ និង​សកម្មជន​មនសិការ​ទាំងអស់​ដោយ​គ្មាន​លក្ខខណ្ឌ ព្រមទាំង​ទាមទារ​ឱ្យ​របប​នេះ​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌ និង​តុលាការ ធ្វើជា​ឧបករណ៍​បម្រើ​ឱ្យ​មហិច្ឆតា​អំណាច​ផ្ដាច់ការ​របស់​ខ្លួន។

នៅ​ឯ​ប្រទេស​អូស្ត្រាលី​វិញ សមាគម​ខ្មែរ​រដ្ឋ​វិកតូរីយ៉ា អង្គការ​សម្ព័ន្ធ​ខ្មែរ​ដើម្បី​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​អំពី​កម្ពុជា និង​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ថា ការ​លើកលែងទោស​លើ​លោក កឹម សុខា​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ ប៉ុន្តែ​សេចក្តី​សម្រេច​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​ដើម្បី​បង្ហាញ​ពី​ចេតនា​ពិតប្រាកដ​ក្នុង​ការ​ផ្សះផ្សា​ជាតិ​ឡើយ​។ ភាព​ខ្វះខាត​នេះ ស្តែង​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ដោយសារ​លោក កឹម សុខា នៅតែ​ប្រឈមមុខ​នឹង​ការ​ហាមឃាត់​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ និង​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស​។ អង្គការ​និង​សមាគម​ទាំងនេះ យល់ថា លោក កឹម សុខា គឺជា​និមិត្តរូប​នៃ​ភាព​បរិសុទ្ធ​តាំង​ពី​ដើម​មក ហើយ​បទចោទប្រកាន់​កន្លងមក គ្រាន់តែ​ជា​លេស​នយោបាយ​ដើម្បី​រំលាយ​កម្លាំង​ប្រឆាំង​ដែល​តំណាង​ឲ្យ​ឆន្ទៈ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​។ ពួកគាត់ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ស្តារ​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ស៊ីវិល​របស់​លោក កឹម សុខា ឡើងវិញ​ឲ្យ​បាន​ពេញលេញ និង​លុបចោល​ការចោទប្រកាន់​ហើយ​ដោះលែង​សកម្មជន​នយោបាយ សកម្មជន​សង្គម និង​បរិស្ថាន​ទាំងអស់​។ ទោះជា​យ៉ាងណា អង្គការ និង​សមាគម ដែល​មាន​មូលដ្ឋាន​នៅ​អូស្ត្រាលី​នេះ ក៏​នៅតែ​អំពាវនាវ​ដល់ សហគមន៍​អន្តរជាតិ​និង​ដៃគូ​អភិវឌ្ឍ​ទាំងអស់ បន្ត​ជំរុញ​ឲ្យ​មេដឹកនាំ​កម្ពុជា ស្ដារ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោះលែង​អ្នក​ទោស​នយោបាយ និង​ពង្រឹង​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​ដើម្បី​ឲ្យ​ស្របតាម​គោលការណ៍​នីតិរដ្ឋ​យ៉ាង​ពិត​ប្រាកដ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ