

គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល នៅតែទាមទារឲ្យរដ្ឋាភិបាលផ្តល់សេរីភាពពេញលេញដល់លោក កឹម សុខា និងដោះលែងអ្នកទោសនយោបាយទាំងអស់។ ការទាមទារបែបនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន អនុញ្ញាតឲ្យលោក កឹម សុខា រួចផុតពីការឃុំឃាំងក្នុងផ្ទះ ប៉ុន្តែនៅតែបន្តបិទសិទ្ធិនយោបាយរបស់មេបក្សប្រឆាំងរូបនេះដដែល។ រីឯលោក កឹម សុខា វិញ លោកហាក់រក្សាភាពស្ងៀមស្ងាត់ ក្រោយទទួលបានសេរីភាពមួយចំនួនពីលោក ហ៊ុន សែន។
ក្រោយការចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា រួចផុតពីទោសជាប់ពន្ធនាគារ ឬឃុំឃាំងក្នុងផ្ទះ ប៉ុន្តែនៅតែបន្តបិទសិទ្ធិនយោបាយយ៉ាងតឹងរ៉ឹងនោះ មេបក្សប្រឆាំងរូបនេះ ហាក់មិនទាន់បង្ហាញសកម្មភាពអ្វីច្រើននៅឡើយ។
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សេង ហៀង និងអភិបាលរងរាជធានីភំពេញ លោក សុខ ពេញវុធ ព្រមទាំងអភិបាលខណ្ឌទូលគោក លោក ជា ពិសី រួមទាំងសមត្ថកិច្ចមួយចំនួនទៀត បានយកកំណត់ហេតុស្ដីពីការអនុវត្តព្រះរាជក្រឹត្យលើកលែងទោសទៅជូនលោក កឹម សុខា នៅឯផ្ទះរបស់លោកក្នុងខណ្ឌទួលគោក។ កំណត់ហេតុស្ដីពីព្រះរាជក្រឹត្យលើកលែងទោសនេះ បង្ហាញថា ការលើកលែងទោសដល់ លោក កឹម សុខា នេះ គឺអនុវត្តចំពោះតែទោសដាក់ពន្ធនាគារ ដែលជាមូលទោសប៉ុណ្ណោះ ដោយមិនអនុវត្តចំពោះទោសបន្ថែមឡើយ។ ក្នុងន័យនេះ លោក កឹម សុខា ទទួលបានការលើកលែងទោសដាក់ពន្ធនាគារចំនួន២៧ឆ្នាំ ប៉ុន្តែចំពោះទោសបន្ថែម ត្រូវតែគោរព និងអនុវត្តដូចជា៖ការដកជាស្ថាពរនូវសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើសកម្មភាពនយោបាយផ្សេងទៀត ព្រមទាំងហាមឃាត់ចំពោះការចាកចេញពីដែនដីកម្ពុជា សម្រាប់រយៈពេល៥ឆ្នាំ។
ក្រោយស្តាប់ការពន្យល់ និងទទួលបានកំណត់ហេតុពីមន្ត្រីតុលាការ និងសមត្ថកិច្ចរួច លោក កឹម សុខា បានពោលនៅមុខអ្នកកាសែតយ៉ាងខ្លីមុនដើរចូលទៅក្នុងផ្ទះថា ឥឡូវនេះ លោកចាប់ផ្តើមមានសេរីភាពវិញហើយ។ ប៉ុន្តែ លោក សុំមិននិយាយអ្វីច្រើនជាមួយអ្នកសារព័ត៌មានបានទេ ព្រោះលោកចង់រក្សាភាពស្ងៀមស្ងាត់ ដោយសារកំពុងមានទុក្ខធំរឿងម្តាយឈឺ និងគ្រោងទៅបួសសងគុណម្តាយនៅសប្តាហ៍ក្រោយ។
លោក កឹម សុខា៖ «ខ្ញុំចង់រក្សាភាពស្ងៀមស្ងាត់ ដោយសារខ្ញុំមានទុក្ខធំ ម្តាយឈឺ និងទី២ខ្ញុំនឹងទៅបួសសងគុណម្តាយ»។
ជុំវិញការលើកលែងទោសជាប់ពន្ធនាគារដល់លោក កឹម សុខា នេះ គណបក្សនយោបាយ និងសង្គមស៊ីវិល បានចេញសេចក្តីថ្លែងការណ៍ព្រោងព្រាតជាបន្តបន្ទាប់ដោយបង្ហាញទស្សនៈផ្សេងៗគ្នា។ គណបក្សមួយចំនួន បង្ហាញការសាទរ។ គណបក្សប្រឆាំងខ្លះទៀត រួមទាំងអង្គការសង្គមស៊ីវិលមួយចំនួន បានរិះគន់ចំៗថា របបក្រុងភ្នំពេញមិនមានឆន្ទៈពិតប្រាកដក្នុងការស្ដារប្រជាធិបតេយ្យ ឬបង្រួបបង្រួមជាតិឡើយ ដោយសារតែលោក កឹម សុខា នៅតែបាត់សិទ្ធិធ្វើនយោបាយ ហើយអ្នកទោសនយោបាយជាច្រើននៅតែបន្តជាប់ឃុំក្នុងពន្ធនាគារទាំងអយុត្តិធម៌។
គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយស្វាគមន៍ចំពោះការលើកលែងទោសជាប់ពន្ធនាគារដល់លោក កឹម សុខា ប៉ុន្តែគណបក្សទាំងពីរ នៅតែព្រួយបារម្ភដែលលោក កឹម សុខា ត្រូវបានដកហូតសិទ្ធិនយោបាយ ដោយមិនអាចចូលរួមសិទ្ធិនយោបាយដូចពលរដ្ឋខ្មែរទូទៅស្របតាមរដ្ឋធម្មនុញ្ញ។ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ អំពាវនាវឲ្យរដ្ឋាភិបាល ពិចារណាដោះលែងមេដឹកនាំ និងសកម្មជនយោបាយ សកម្មជនដីធ្លី បរិស្ថាន និងសកម្មជន សិទ្ធិមនុស្ស ដើម្បីធានានូវសុខដុមរមនារវាងខ្មែរនិងខ្មែរ។
ចំណែកគណបក្សជំនាន់ថ្មីរបស់លោក មាជ សុវណ្ណារ៉ា វិញ គណបក្សនេះ បានចេញសេចក្តីថ្លែងការណ៍សាទរចំពោះលោក កឹម សុខា ដោយចាត់ទុកថា នេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់ពលរដ្ឋកម្ពុជា ដែលចង់ឃើញនូវ យុត្តិធម៌ សាមគ្គីជាតិ និងការបង្រួបបង្រួមជាតិ ខណៈកម្ពុជា កំពុងរងគ្រោះពីការឈ្លានពានរបស់យោធាថៃ។
ទន្ទឹមគ្នានេះ គណបក្សប្រជាធិបតេយ្យជឿនលឿន បង្ហាញក្តីសោមនស្ស និងយល់ថា ករណីដោះលែងលោក កឹម សុខា នេះ នឹងនាំមកនូវការរួបរួមជាតិ ឯកភាពជាតិ និងសាមគ្គីជាតិរវាងខ្មែរនិងខ្មែរ ដើម្បីដោះស្រាយបញ្ហាជាតិជាបន្ទាន់ ដែលកំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗជាច្រើន ដូចជាការឈ្លានពានរបស់បរទេស បញ្ហាឧក្រិដ្ឋកម្មឆបោកអនឡាញ និងបញ្ហាជីវភាពប្រជាពលរដ្ឋជាដើម។ គណបក្សប្រជាធិបតេយ្យជឿនលឿន អំពាវនាវឲ្យរដ្ឋាភិបាល លើកលែងទោសដល់សកម្មជននយោបាយ សកម្មជនសង្គម និងសកម្មជនបរិស្ថានផ្សេងទៀត ព្រមទាំងធានាការអនុវត្តច្បាប់ដោយយុត្តិធម៌ ស្អាតស្អំ មិនលំអៀង ហើយបើកលំហសេរីភាពនយោបាយឲ្យបានទូលំទូលាយ និងសូមឲ្យមានវប្បធម៌សន្ទនារវាងខ្មែរ និងខ្មែរឡើងវិញ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ចេញសេចក្តីថ្លែងការណ៍អបអរសាទរដល់លោក កឹម សុខា ដែរ ប៉ុន្តែបន្តអំពាវនាវឲ្យលើកលែងទោសបន្ថែមឲ្យមេបក្សប្រឆាំងរូបនេះមានសិទ្ធិសេរីភាពពេញលេញ ព្រមទាំងដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការទាំងអស់។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏ជំរុញឲ្យធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌ ដើម្បីធានាថា ប្រជាពលរដ្ឋកម្ពុជា គ្មានទោសក្បត់ជាតិ ព្រមទាំងចង់ឃើញមានវប្បធម៌សន្ទនា ការផ្សះផ្សាជាតិ និងការរួមរស់ជាមួយគ្នា ដោយសន្តិវិធីរវាងគ្រប់គណបក្សនយោបាយ។
ក្រៅពីគណបក្សនយោបាយនៅក្នុងស្រុកទាំងនេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលារបស់លោក សម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍ខកចិត្តចំពោះរដ្ឋាភិបាលគ្រួសារហ៊ុន ដែលផ្ដល់សេរីភាពដល់លោក កឹម សុខា ត្រឹមតែអាចបំពេញករណីកិច្ចក្នុងគ្រួសារ និងធ្វើកិច្ចការផ្ទាល់ខ្លួន ប៉ុន្តែមិនផ្ដល់សិទ្ធិនយោបាយពេញលេញដល់គាត់ ដើម្បីបម្រើផលប្រយោជន៍ជាតិ ។ នេះមានន័យថា លោក កឹម សុខា ក៏ដូចជាអ្នកទោសនយោបាយ និងអ្នកទោសមនសិការផ្សេងទៀត នៅតែស្ថិតក្នុងលក្ខខណ្ឌជាអ្នកទោសនយោបាយរបស់លោក ហ៊ុន សែន ដដែល ។ រដ្ឋាភិបាលកម្ពុជាឯករាជ្យ ២៣ តុលា ទាមទារឲ្យរបបភ្នំពេញ ត្រូវតែផ្តល់សិទ្ធិសេរីភាពនយោបាយពេញលេញជូនលោក កឹម សុខា និងឲ្យគាត់អាចធ្វើដំណើរចេញ-ចូល ក្នុង និងក្រៅប្រទេសដូចពលរដ្ឋទូទៅដែរ ដើម្បីបង្ហាញពីការចាប់ផ្ដើមដ៏ត្រឹមត្រូវនៃដំណើរការផ្សះផ្សាជាតិ ហើយឈានដល់ការសាមគ្គីឯកភាពជាតិ។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា បារម្ភថា ករណីលោក កឹម សុខា នឹងក្លាយទៅជាល្បែងនយោបាយខ្វះគុណធម៌មួយរបស់អ្នកមានអំណាច ដែលប្រើជាឧបករណ៍ឃោសនាព្រោងព្រាតអំពីរបស់ដែលពួកគេបំភ័ន្តថា« សាមគ្គីឯកភាពជាតិ » ដើម្បីបោកប្រាស់ប្រជាពលរដ្ឋ។ លើសពីនេះ រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣ តុលា ចាត់ទុកថា ការមិនដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការជាង១០០នាក់ទៀត ក៏ធ្វើឲ្យមានការបារម្ភអំពីការបន្តយុទ្ធនាការរបស់របបភ្នំពេញក្នុងការបំពានសិទ្ធិមនុស្សនៅកម្ពុជា ហើយលទ្ធិប្រជាធិបតេយ្យកម្ពុជា នៅតែវិលវល់ក្នុងដែនអំណាចផ្ដាច់ការ។
ជាមួយគ្នានេះ អង្គការចលនាខ្មែរដើម្បីប្រជាធិបតេយ្យហៅកាត់ KMDរបស់អ្នកស្រី មូរ សុខហួរ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា ដែលកំពុងប្រើប្រាស់វិធីថ្មីមួយទៀតធ្វើជាល្បែងអុកនយោបាយបន្លំភ្នែក និងលាងជម្រះកំហុសរបស់ខ្លួននៅចំពោះមុខអន្តរជាតិ តាមរយៈការចេញព្រះរាជក្រឹត្យលើកលែងទោសលោក កឹម សុខា។ KMD យល់ថា នេះមិនមែនជាការផ្តល់យុត្តិធម៌ ឬការបង្រួបបង្រួមជាតិពិតប្រាកដនោះឡើយ ប៉ុន្តែវាជាយុទ្ធសាស្ត្រគាបសង្កត់ក្នុងទម្រង់ថ្មី ផ្អែកលើទិដ្ឋភាពចម្បងៗ ដូចជា៖ទី១. លោក កឹម សុខា គឺជាជនបរិសុទ្ធដែលគ្មានទោសតាំងពីដំបូង ដូច្នេះការចាប់ខ្លួន ការឃុំឃាំង និងការកាត់ទោសលោក កឹម សុខា កន្លងមក គឺជាអំពើខុសច្បាប់ទាំងស្រុង។ទី២. បទចោទប្រកាន់ស្ដីពី«ការសន្ទិដ្ឋិភាពជាមួយបរទេស» គឺជាលេសនយោបាយ ដើម្បីកម្ទេចគណបក្សសង្គ្រោះជាតិ (CNRP)។ ទី៣.ការសម្រេចលើកលែងត្រឹមតែទោសពន្ធនាគារ ប៉ុន្តែនៅតែបន្តរក្សាបំរាមហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ និងរឹតត្បិតសិទ្ធិសេរីភាពក្នុងការធ្វើដំណើរទៅក្រៅប្រទេស គឺគ្រាន់តែជាការប្តូរទម្រង់នៃការឃុំឃាំងពីក្នុងផ្ទះ មកជាការឃុំឃាំងក្នុងចំហាយនយោបាយតែប៉ុណ្ណោះ ដែលធ្វើឱ្យលោក កឹម សុខា បន្តបាត់បង់សិទ្ធិជាពលរដ្ឋពេញលេញ។ KMD ទាមទារដាច់ខាតចំពោះរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ត្រូវប្រគល់សិទ្ធិនយោបាយពេញលេញដល់លោក កឹម សុខា និងត្រូវផ្តល់សំណងជំងឺចិត្ត និងស្ដារកិត្តិយសជូនលោក កឹម សុខា ឡើងវិញចំពោះការរងគ្រោះផ្លូវចិត្ត និងការរំលោភបំពានសិទ្ធិសេរីភាពយ៉ាងធ្ងន់ធ្ងរដែលលោកមិនបានប្រព្រឹត្ត។ លើសពីនេះ ត្រូវស្តារគណបក្សសង្គ្រោះជាតិ ឱ្យមានជីវិតនយោបាយឡើងវិញ ដើម្បីធានាបាននូវតុល្យភាពអំណាច និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សពិតប្រាកដនៅកម្ពុជា។
ទន្ទឹមនឹងនេះ KMD អំពាវនាវដល់រដ្ឋាភិបាលប្រទេសប្រជាធិបតេយ្យ និងសហគមន៍អន្តរជាតិទាំងអស់ កុំឲ្យចាញ់ល្បិចកលបោកប្រាស់នៃព្រះរាជក្រឹត្យបង្កប់លក្ខខណ្ឌរបស់លោក ហ៊ុន សែន នេះឱ្យសោះ។ KMD ជំរុញឲ្យសហគមន៍អន្តរជាតិ បន្តបង្កើនការដាក់សម្ពាធការទូតឱ្យកាន់តែខ្លាំងក្លាថែមទៀតលើរបបទីក្រុងភ្នំពេញ ដើម្បីបង្ខំឱ្យមានការស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ការដោះលែងអ្នកទោសនយោបាយ និងសកម្មជនមនសិការទាំងអស់ដោយគ្មានលក្ខខណ្ឌ ព្រមទាំងទាមទារឱ្យរបបនេះបញ្ឈប់ជាបន្ទាន់នូវការប្រើប្រាស់ប្រព័ន្ធយុត្តិធម៌ និងតុលាការ ធ្វើជាឧបករណ៍បម្រើឱ្យមហិច្ឆតាអំណាចផ្ដាច់ការរបស់ខ្លួន។
នៅឯប្រទេសអូស្ត្រាលីវិញ សមាគមខ្មែររដ្ឋវិកតូរីយ៉ា អង្គការសម្ព័ន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសអំពីកម្ពុជា និងអង្គការប្រជាធិបតេយ្យខ្មែរ បានចេញសេចក្តីថ្លែងការណ៍រួមគ្នាថា ការលើកលែងទោសលើលោក កឹម សុខានេះ គឺជាសញ្ញាវិជ្ជមានមួយ ប៉ុន្តែសេចក្តីសម្រេចនេះនៅមិនទាន់គ្រប់គ្រាន់ដើម្បីបង្ហាញពីចេតនាពិតប្រាកដក្នុងការផ្សះផ្សាជាតិឡើយ។ ភាពខ្វះខាតនេះ ស្តែងឲ្យឃើញយ៉ាងច្បាស់ដោយសារលោក កឹម សុខា នៅតែប្រឈមមុខនឹងការហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយ និងធ្វើដំណើរចេញក្រៅប្រទេស។ អង្គការនិងសមាគមទាំងនេះ យល់ថា លោក កឹម សុខា គឺជានិមិត្តរូបនៃភាពបរិសុទ្ធតាំងពីដើមមក ហើយបទចោទប្រកាន់កន្លងមក គ្រាន់តែជាលេសនយោបាយដើម្បីរំលាយកម្លាំងប្រឆាំងដែលតំណាងឲ្យឆន្ទៈប្រជាពលរដ្ឋរាប់លាននាក់។ ពួកគាត់ ទាមទារឲ្យរដ្ឋាភិបាលក្រុងភ្នំពេញ ស្តារសិទ្ធិនយោបាយនិងសិទ្ធិស៊ីវិលរបស់លោក កឹម សុខា ឡើងវិញឲ្យបានពេញលេញ និងលុបចោលការចោទប្រកាន់ហើយដោះលែងសកម្មជននយោបាយ សកម្មជនសង្គម និងបរិស្ថានទាំងអស់។ ទោះជាយ៉ាងណា អង្គការ និងសមាគម ដែលមានមូលដ្ឋាននៅអូស្ត្រាលីនេះ ក៏នៅតែអំពាវនាវដល់ សហគមន៍អន្តរជាតិនិងដៃគូអភិវឌ្ឍទាំងអស់ បន្តជំរុញឲ្យមេដឹកនាំកម្ពុជា ស្ដារ ប្រជាធិបតេយ្យសេរីពហុបក្ស ដោះលែងអ្នកទោសនយោបាយ និងពង្រឹងប្រព័ន្ធតុលាការឯករាជ្យដើម្បីឲ្យស្របតាមគោលការណ៍នីតិរដ្ឋយ៉ាងពិតប្រាកដ៕









