យុវជន​ខ្មែរ​រងគ្រោះ​ព្រោះ​បណ្ដាញ​ឧក្រិដ្ឋជន​បង្រៀន​ឱ្យ​ចេះ​ឆបោក​តាម​អនឡាញ

0
50
សកម្មភាពសមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា ២០២៦។ រូប៖ ទទក
សកម្មភាពសមត្ថកិច្ចបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារជីនបៀនមេនឌូ នៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ មីនា ២០២៦។ រូប៖ ទទក

ឧស្សាហកម្ម​ឆបោក​តាម​អន​ឡាញ​ដែល​ចាក់ឫស​យ៉ាង​ជ្រៅ​នៅ​កម្ពុជា​មិន​ត្រឹមតែ​បំផ្លាញ​មុខមាត់​ប្រទេសជាតិ និង​បង្ក​ការរំលោភ​សិទ្ធិមនុស្ស​ក្នុង​ទម្រង់​ឃោរឃៅ​លើ​ជនរងគ្រោះ​ជុំវិញ​ពិភពលោក​ប៉ុណ្ណោះ​ទេ ថែមទាំង​ទាញ​យុវជន​ខ្មែរ​ដែល​ខ្វះ​ឱកាស​ទទួល​បាន​ការសិក្សា​ពេញលេញ ឱ្យ​ធ្លាក់​ចូលក្នុង​អន្ទាក់​ឧក្រិដ្ឋកម្មនេះ​ផង​ដែរ​។ អ្នក​ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​នេះ​អះអាង​ថា មុន​ចូល​ប្រឡូក​ប្រឡាក់​ក្នុង​ការងារ​ឆបោក​តាម​អន​ឡាញ​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋជន​ចិន បុគ្គលិក​ខ្មែរ​ទាំងអស់​តែងតែ​ត្រូវ​បាន​បណ្ដុះបណ្ដាល​ដោយ​បណ្ដាញ​ឧក្រិដ្ឋជន​ឱ្យ​ចេះ​ប្រើ​ល្បិចកល​ឆបោក​លុយ​ពី​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក។

ពលរដ្ឋ​ខ្មែរ​ដែល​ធ្លាប់ធ្វើ​ការងារ​លើ​វិស័យ​តាម​អន​ឡាញ​បាន​លាតត្រដាង​ដោយ​រៀបរាប់​យ៉ាង​លម្អិត​ពី​យុទ្ធសាស្ត្រ​របស់​បណ្ដាញ​ឧក្រិដ្ឋជន​ចាប់តាំងពី​ការប្រកាស​រើស​បុគ្គលិក និង​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ឱ្យ​បុគ្គលិក​ចេះ​នូវ​ជំនាញ​និយាយ​បែប​បញ្ចុះបញ្ចូល ដើម្បី​ឆបោក​លុយ​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក​តាម​ប្រព័ន្ធ​អនឡាញ។

បុគ្គលិក​ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​ឆបោក​តាម​អន​ឡាញ​ម្នាក់​ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​រៀបរាប់​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា បណ្ដាញ​ឧក្រិដ្ឋជន​មិន​ទាមទារ​ឱ្យ​បុគ្គលិក​ខ្មែរ​មាន​ចំណេះដឹង​ខ្ពស់​នោះ​ទេ ដោយ​គ្រាន់តែ​អាច​វាយ​អក្សរ​លើ​កុំព្យូទ័រ​បាន​ខ្លះៗ ព្រោះ​សារ និង​ឃ្លា​សម្រាប់​ទាក់ទង​ជនរងគ្រោះ​ត្រូវ​បាន​រៀបចំ​ទុកជា​ស្រេច​ដោយ​បណ្ដាញ​ឧក្រិដ្ឋជន​។ ប្រភព​ដដែល​ថា បុគ្គលិក​ខ្មែរ​មាន​តួនាទី​ចាប់ផ្ដើម​សន្ទនា និង​បញ្ចុះបញ្ចូល​ជនរងគ្រោះ​នៅ​ដំណាក់កាល​ដំបូង​រហូត​ឈាន​ដល់​ការ​ឆបោក​លុយកាក់​ជនរងគ្រោះ​បាន​សម្រេច។

អតីត​បុគ្គលិក​រូប​នេះ​បន្ថែម​ថា ប្រតិបត្តិការ​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​មាន​ទម្រង់​ស្រដៀង​គ្នា​ស្ទើរ​គ្រប់​ទីកន្លែង ដោយ​បែងចែក​បុគ្គលិក​ជា ២​ក្រុម​សំខាន់​។ ក្រុម​ទី​១ គឺ​អ្នក​ទាក់ទង ឬ (Add Contact) ដែល​ភាគច្រើន​ជា​ពលរដ្ឋ​ខ្មែរ​មាន​ភារកិច្ច​ទាក់ទង​ជនរងគ្រោះ​តាម​បណ្ដាញ​សង្គម និង​កម្មវិធី​ស្វែងរក​ដៃគូ​ស្នេហា ដើម្បី​បង្កើត​ទំនាក់ទំនង និង​ប្រមូល​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ជនរងគ្រោះ​។ ចំណែក​ក្រុម​ទី​២ ហៅថា «​អ្នក​សម្លាប់​» ឬ (Killer) ដែល​ភាគច្រើន​ជា​ជន​ជាតិចិន និង​វៀតណាម មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ល្បួង​ជនរងគ្រោះ​ភ្ជាប់​គណនី​ធនាគារ​ដាក់​លុយ​វិនិយោគ​បែប​ក្លែងក្លាយ ឬ​ដាក់​លុយ​ក្នុង​វិស័យ​គ្រីបតូ​រួច​បណ្ដាញ​ឧក្រិដ្ឋជន​លួច​យក​តែ​ម្ដង។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ទាំង​បុគ្គលិក​ខ្មែរ និង​ជនបរទេស មុន​ចូល​ធ្វើការ​តែងតែ​ត្រូវ​មេការ​ចិន​ប្រចាំ​អគារ​នីមួយៗ បណ្ដុះបណ្ដាល​ពី​របៀប​និយាយ​លួងលោម និង​ទាក់ទាញ​ជនរងគ្រោះ​ដោយ​ប្រើ​ភាសា​សមរម្យ ហើយ​ការសន្ទនា​មិន​ត្រូវ​ធ្វើ​ក្នុង​លក្ខណៈ​បង្ខិតបង្ខំ ឬ​បង្ហាញ​ចេតនា​ឆបោក​ឱ្យ​ជនរងគ្រោះ​ដឹង​ឡើយ។

ពលរដ្ឋ៖ «​តែ​គ្រាន់​ថា ពួក​យើង​អ្នក (Add contact) អ៊ីចឹង យើង​អ្នក​មកលេង​ផ្ដើមដំបូង​បាន​អី​ទាំងអស់ ពី [​ជនរងគ្រោះ​] ហ្នឹង បាន​ព័ត៌មាន បាន​ទាំង​ទីក្រុង ឈ្មោះ​អាយុ អ្នកខ្លះ​សួរ​ប្រាក់ខែ​ទៀត​ចាប់ពី ៥​ពាន់​ដុល្លារ​ទើប​យក។ អ្នកខ្លះ​ណា​វា​ទិញ​ពួក​ចិន​គ្នា​វា វា​លក់ បើ​យើង​អត់​ស្ដាប់​តាម​គេ អាហ្នឹង​ដឹង​តែ​ត្រូវ​ហើយ បើ​មិន​ឆក់​ខ្សែភ្លើង សម្លាប់ចោល​អ៊ីចឹង​។ បើ​ថា បន្ទប់ដេក​បន្លា​លួស​ហ្នឹង ចាក់​ពេញ​ហ្នឹង អត់ឱ្យ​ចេញ​ទេ​។ ពេល​ខ្ញុំ​ធ្វើ​អន​ឡាញ​ខ្ញុំ​ឃើញ​ទាំងអស់​។ បើ​ក្រុមហ៊ុន​មួយ វា​បើក​ឱ្យ​ពួក​ចិន​ហ្នឹង​វា ឃៀល (Kill) អត់​ដំណើរការ ថ្ងៃ​ណា​ក្រុមហ៊ុន​ផ្សេង​វា​បើក វា​ទិញ​ចិន​ហ្នឹង​ទៅទៀត ទិញ​តៗ​ទៀត​។ ពួក​ចិន​ហ្នឹង​ដូច​កញ្ចាស់​គេ​អ៊ីចឹង គេ​ចង់​គេ​ចាក់សោ បើ​ថា ដេក​សុទ្ធតែ​បន្លា​លួស​សងខាង​ឃាំង​អត់​ឱ្យ​ចេញ​ទេ»។

ប្រតិបត្តិការ​ឆបោក​លុយ​ពលរដ្ឋ​អាមេរិក និង​ជនរងគ្រោះ​ជុំវិញ​ពិភពលោក​ដោយ​បណ្ដាញ​ឧក្រិដ្ឋជន​នៅ​កម្ពុជា​មាន​ច្រើន​ទម្រង់ រួមមាន​ការ​វិនិយោគ​ក្លែងក្លាយ​តាមរយៈ​ទំនាក់ទំនង​បែប​ស្នេហា ការ​បញ្ចុះ​បញ្ចូល​ឱ្យ​ទិញ​ទំនិញ​ខ្យល់ ការ​ក្លែង​អត្តសញ្ញាណ និង​ការ​ផ្ញើ​តំណ​ភ្ជាប់ ឬ​លីង (Link) បង្កប់​មេរោគ ដើម្បី​ហែក​ចូល​លួច​លុយ​ពី​គណនី​ធនាគារ​របស់​ជនរងគ្រោះ។

អតីត​បុគ្គលិក​ធ្វើការ​ក្នុង​វិស័យ​ឆបោក​តាម​អន​ឡាញ​បញ្ជាក់​ថា សម្រាប់​ការ​ឆបោក​តាម​ទម្រង់​ស្នេហា​ក្រុម​អ្នក «​សម្លាប់​» ឬ (Killer) តែង​បង្កើត​ទំនាក់ទំនង​ជាមួយ​ជនរងគ្រោះ​ដោយ​ប្រើ​ពាក្យសម្ដី​ផ្អែមល្ហែម​ជា​រៀងរាល់ថ្ងៃ​។ ប្រភព​ដដែល​ថា ទំនាក់ទំនង​ខ្លះ​អាច​អូស​បន្លាយ​រយៈពេល​រាប់​ឆ្នាំ ទើប​បណ្ដេញ​ឧក្រិដ្ឋជន​បោក​លុយ​ជនរងគ្រោះ​បានសម្រេច​។ លើស​ពី​នេះ បណ្ដាញ​ឧក្រិដ្ឋជន​ថែមទាំង​ប្រើ​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ឬ​អេ​អាយ (AI) បង្កើត​រូប​នារី​ស្អាតៗ​សម្រាប់​ខល​វីដេអូ​ជាមួយ​ជនរងគ្រោះ ដើម្បី​បង្កើន​ទំនុកចិត្ត និង​បោក​បញ្ឆោត​ឱ្យ​ពួកគេ​ជឿជាក់​មុន​ឈាន​ទៅ​ដល់​ការ​ឆបោក​យក​លុយ។

ទោះបីជា​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ​រីក​រាលដាល​ពាសពេញ​ប្រទេស និង​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​រងគ្រោះ​ធ្លាក់​ក្នុង​អន្ទាក់​ឧក្រិដ្ឋកម្ម​នេះ​ក្ដី ក៏​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន នៅតែ​ព្យាយាម​បំភ្លៃ និង​លាក់បាំង​ការពិត​ចំពោះ​ពលរដ្ឋ​របស់​ខ្លួន​ដែល​រងគ្រោះ​។ លោក ហ៊ុន សែន ថ្មីៗ​នេះ​អះអាង​ថា បណ្ដាញ​ឧក្រិដ្ឋជន​បាន​បណ្ដុះបណ្ដាល​ជនបរទេស​ឱ្យ​ចេះ​ឆបោក​លុយ​ជនរងគ្រោះ​នៅ​ជុំវិញ​ពិភពលោក ខណៈ​ពលរដ្ឋ​ខ្មែរ​ត្រូវ​បាន​ទប់ស្កាត់​មិន​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ទាំងនោះ។

លោក ហ៊ុន សែន៖ «​ពួក​ក្រុម​ឆបោក​តាម​បច្ចេកវិទ្យា ប្រទេស​របស់​យើង​ត្រូវ​បាន​បំផ្លិចបំផ្លាញ​ដោយ​ក្រុម​នេះ ហើយ​ក្រុម​នេះ ក៏​អាច​ក្លាយទៅជា​ក្រុម​ដែល​ងាយ​នឹង​គំរាមកំហែង​ប្រទេសជាតិ​របស់​យើង​ទៅ​អនាគត​។ វា​ជា​ភ័ព្វសំណាង​ហើយ ដែល​ពលរដ្ឋ​របស់​យើង​មិន​ទាន់​បាន​គេ​បង្ហាត់ ឱ្យ​ទៅ​ជា​អ្នកចេះ​ឆបោក​តាម​បច្ចេកវិទ្យា​។ យើង​ទប់ស្កាត់​ទាន់​ពេល​វេលា ថ្ងៃក្រោយ​ប្រទេសជាតិ​របស់​យើង​នឹង​ត្រូវ​រងគ្រោះ ដោយសារ​ក្រុម​នេះ​ជា​ប្រភេទ​ជា​ក្រុម​ម៉ាហ្វីយ៉ា (Mafia)»។

ជុំវិញ​រឿង​នេះ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើង​ថា ការ​រីក​រាលដាល​នៃ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អន​ឡាញ​នៅ​កម្ពុជា បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ត្រូវ​ឧក្រិដ្ឋជន​ចិន​បណ្ដុះ​បណ្ដាល​ឱ្យ​ក្លាយជា​អ្នកជំនាញ​ឆបោក​តាម​អនឡាញ។ ទោះជា​យ៉ាងណា លោក​សង្កត់ធ្ងន់​ថា ពលរដ្ឋ​ទាំងនោះ​ក៏​ជា​ជនរងគ្រោះ​ដែល​ធ្លាក់​ក្នុង​អន្ទាក់​ឧក្រិដ្ឋកម្ម​នេះ ដោយសារតែ​ការ​ល្បួង​ផ្ដល់​ប្រាក់ចំណូល​ខ្ពស់ បញ្ហា​កង្វះ​ការងារ​ស្របច្បាប់ និង​បញ្ហា​ជីវភាព​គ្រួសារ ជាដើម​។ លោក ឌី ថេហូយ៉ា ព្រមាន​ថា ពលរដ្ឋ​ខ្មែរ​គួរ​ជៀសវាង​ឱ្យ​ឆ្ងាយ​ពី​សកម្មភាព​ទាំងនេះ ព្រោះ​លោក​ថា អំពើ​ឆបោក​តាម​អន​ឡាញ​ជា​អំពើ​ឧក្រិដ្ឋកម្ម​ដែល​បំផ្លាញ​មនុស្សជាតិ និង​សង្គម​កម្ពុជា។

លោក ឌី ថេហូយ៉ា ៖ «​ទោះបី​មានការ​បង្ក្រាប ប៉ុន្តែ​ខ្ញុំ​មើលឃើញ​ថា ការ​បង្ក្រាប​ទាំងនោះ​មិន​ជា​មាន​ប្រសិទ្ធភាព ១​រយ​ភាគរយ​ទេ វា​នៅ​មាន​អ្នក​ដែល​អាច​នឹង​បន្ត​ការ​រកស៊ី​។ ឧទាហរណ៍​ថា បើសិនជា​គេ​ពួក​ចិន​នេះ​វា​បាន​បង្រៀន​ខ្មែរ​ក្លាយជា​អ្នកជំនាញ​បោក​គេ​ហើយ​នោះ ហើយ​បើសិនជា​ចិន​នេះ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​វិញ​ក៏ដោយ ឬមួយ​គាត់​គេចខ្លួន​ទៅ​ប្រទេស​ណាមួយ ខ្ញុំ​គិតថា បណ្ដាញ​នេះ​នឹង​ប្រើ​បុគ្គលិក​ខ្មែរ​បន្ត​ធ្វើ​កិច្ចការងារ​អី​បន្ត​ទៀត ប្រសិនបើ​ការ​បង្ក្រាប​នេះ​មិន​មាន​ប្រសិទ្ធភាព ពាក្យ​ថា ប្រសិទ្ធភាព​សំដៅ​ទៅលើ​បណ្ដាញ​ទាំងមូល​ត្រូវ​បាន​ចាប់​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ»។

ក្រុម​ឆបោក​តាម​អន​ឡាញ​តែង​ប្រកាស​ជ្រើសរើស​បុគ្គលិក​តាម​បណ្ដាញ​សង្គម ដោយ​សន្យា​ផ្ដល់​ប្រាក់ខែ​ខ្ពស់ និង​មិន​ទាមទារ​បទពិសោធន៍​ការងារ​ឡើយ​។ ពួកគេ​ប្រើ​គណនី​ហ្វេសប៊ុក និង​តេឡេក្រាម​ក្លែងក្លាយ ប្រកាស​រើស​បុគ្គលិក​ឱ្យទៅ​ធ្វើការ​នៅ​កាស៊ី​ណូ អគារ​ពាណិជ្ជកម្ម និង​ក្រុមហ៊ុន​អនឡាញ។ មេខ្យល់​តែង​អះអាង​ថា ការងារ​ងាយស្រួល​មាន​កន្លែង​ស្នាក់នៅ និង​អាហារ​ហូបចុក​ដោយ​ឥតគិតថ្លៃ ដើម្បី​ទាក់ទាញ​យុវជន និង​អ្នក​គ្មាន​ការងារ​ឱ្យ​ធ្លាក់​ក្នុង​អន្ទាក់​ឧក្រិដ្ឋកម្ម​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ