

អង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA) បានរិះគន់ការលើកលែងទោស មេបក្សប្រឆាំង លោក កឹម សុខា កាលពីពេលថ្មីៗនេះ គឺធ្វើឡើងដើម្បីល្អមើល ច្រើនជាង ការស្ដារនូវ លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ ពួកគាត់ថា ប្រសិនបើ រដ្ឋាភិបាលកម្ពុជា ពិតជាគោរពសិទ្ធិមនុស្សមែន ត្រូវទម្លាប់ការចោទប្រកាន់ទាំងអស់លើ លោក កឹម សុខា និង ដោះលែង អ្នកទោសនយោបាយ រួមនឹងសកម្មជនបរិស្ថានចំនួន ៥នាក់ឱ្យមានសេរីភាពវិញ។
បណ្ដាស្ថានទូតលោកសេរី និង អង្គការសិទ្ធិមនុស្សអន្តរជាតិ នៅតែជំរុញឱ្យរដ្ឋាភិបាល ផ្ដល់សិទ្ធិសេរីភាពទាំងស្រុងដល់លោក កឹម សុខា ឡើងវិញ ហើយ រិះគន់ការដោះលែង លោក កឹម សុខា ក្រោមការដកហូតសិទ្ធិធ្វើនយោបាយ និងការធ្វើដំណើរទៅក្រៅប្រទេស គឺឆ្លុះបញ្ចាំងថាស្ថានភាព សិទ្ធិមនុស្ស និងសិទ្ធិនយោបាយ នៅតែជាបញ្ហាដ៏ធ្ងន់ធ្ងរ ដដែល។
នាយកអង្គការតស៊ូមតិសិទ្ធិមនុស្ស និងការងារអាស៊ី (AHRLA)លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៨ ខែឧសភាថា ការផ្ដន្ទាទោសលើលោក កឹម សុខា គឺជារឿងដ៏គួរឱ្យអស់សំណើច តាំងពីដំបូងមកម្ល៉េះ ពីព្រោះវាផ្អែកលើការចោទប្រកាន់ក្លែងក្លាយ និងពាក់ព័ន្ធរឿងនយោបាយនៅពីក្រោយ ។ លោកថា ករណី លោក កឹម សុខា មិនគួរត្រូវបានចោទប្រកាន់ ទាល់តែសោះ ដូច្នេះ ការដោះលែង លោកឱ្យនៅក្រៅឃុំ គ្រាន់តែជាការបន្ធូរបន្ថយការរំលោភសិទ្ធិមនុស្សប្រឆាំងនឹង កឹម សុខា បានមួយផ្នែក ប៉ុន្តែ សិទ្ធិធ្វើនយោបាយ និងសេរីភាពធ្វើដំណើរទៅក្រៅប្រទេស នៅតែត្រូវបានដកហូតដដែល។
លោកបន្តថា ចំពោះការអះអាងរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែលថាការដោះលែងលោក កឹម សុខា ជាជំហានសាមគ្គីជាតិ និងឯកភាពជាតិ គ្រាន់តែ ជាការបង្វិលសាច់រឿងនយោបាយដើម្បីព្យាយាមយកភាពស្របច្បាប់ខ្លះ នៅក្នុងខ្សែភ្នែក សហគមន៍អន្តរជាតិ បន្ទាប់ពីរដ្ឋាភិបាលក្រុងភ្នំពេញរងការរិះគន់ រឿងរំលោភសិទ្ធិ និង បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ អស់ជាច្រើនឆ្នាំមកនេះ។ ប៉ុន្តែជាក់ស្ដែងលោកថា អំណាចពិតប្រាកដនៅតែស្ថិតក្នុងដៃ ឪពុក របស់លោក គឺ លោក ហ៊ុន សែន ដែលអាចធ្វើអ្វីបានតាមអំពើចិត្ត។
អ្នកជំនាញផ្នែកសិទ្ធិមនុស្សអន្តរជាតិ រូបនេះ បានរៀបរាប់បន្តថា ប្រសិនបើរដ្ឋាភិបាលចង់លើកកម្ពស់សាមគ្គីភាពជាតិ និងការផ្សះផ្សាជាតិ រដ្ឋាភិបាលគួរតែ ស្ដារសិទ្ធិនយោបាយរបស់លោក កឹម សុខា ឡើងវិញហើយ បញ្ឈប់ការធ្វើទុក្ខបុកម្នេញជាប្រព័ន្ធ មកលើពលរដ្ឋ ដែលគាំទ្រគណបក្សប្រឆាំង។ លើសពីនោះ លោកអះអាងថា បន្ទាប់ពីមាន ការដោះលែង លោក កឹម សុខា រួចមក ស្ថានទូតមួយចំនួន នៅភ្នំពេញ សង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងចាត់វិធានការបន្ថែមទៀតដើម្បីបង្ហាញថាខ្លួនពិតជាយកចិត្តទុកដាក់ចំពោះការគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យ។
លោក ហ្វីល រ៉ូបឺតសុន បានអះអាងថា ឥឡូវនេះ សហគមន៍អន្តរជាតិ កំពុងរង់ចាំមើលថាតើ មានអ្វីកើតឡើងទៀត ខណៈព្រឹត្តិការណ៍ដ៏ធំបន្ទាប់គឺ សវនាការសាលាឧទ្ធរណ៍របស់ក្រុមសកម្មជនមាតាធម្មជាតិទាំង៥រូប ដែលនឹងធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ខាងមុននេះ។ ដូច្នេះលោកថា ប្រសិនបើរដ្ឋាភិបាល ទម្លាក់ចោលការចោទប្រកាន់លើ ក្រុមយុវជនទាំង៥រូបទៀត នោះបង្ហាញ ថា រដ្ឋាភិបាលកម្ពុជា ពិតជា ប្ដេជ្ញាចិត្ត ក្នុងការធ្វើអ្វី មួយដែលខុសពីមុន។
ទោះជាយ៉ាងណា លោកនៅតែព្រួយបារម្ភថា ការលើកលែងទោសលោក កឹម សុខា គ្រាន់តែជា កាយវិការដែលកើតមានតែម្ដងគត់ប៉ុណ្ណោះ ព្រោះម្ដាយបង្កើតរបស់លោកដែលមានជន្មាយុ ១០១ឆ្នាំ កំពុងមាន ជំងឺជាទម្ងន់ ហើយ លោកមិនអាចទៅជួបគាត់បាន។ ដូច្នេះលោកនៅតែប្រកាន់ជំហរថា៖ «ការលើកលែងទោស លោក កឹម សុខា នេះគឺធ្វើឡើងដើម្បីគ្រាន់តែធ្វើឱ្យលោក ហ៊ុន សែន និង រដ្ឋាភិបាល កម្ពុជាមើលទៅឃើញល្អ ច្រើនជាងការគោរពសិទ្ធិមនុស្ស»។
លោក ហ្វីល រ៉ូបឺតសុន ស្នើឱ្យរដ្ឋាភិបាល កម្ពុជាគួរតែ បង្ហាញពីភាពស្មោះត្រង់របស់ខ្លួន ដោយដោះលែង អ្នកទោស ដែលត្រូវបានឃុំខ្លួន ដោយសារតែ ការអនុវត្តសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយរបស់ពួកគាត់ ដោយចាប់ផ្ដើមពី សកម្មជនមាតាធម្មជាតិចំនួន៥នាក់ ព្រោះក្រុមយុវជនការពារបរិស្ថានទាំងនេះ កន្លងទៅ គ្រាន់តែបានបញ្ចេញមតិ និងរៀបចំការតវ៉ាដោយសន្តិវិធី ដើម្បីទាមទារឱ្យ រាជរដ្ឋាភិបាល ការពារបរិស្ថាន និង បញ្ឈប់គម្រោង បំផ្លិចបំផ្លាញនានា ដែលប្រព្រឹត្ត ដោយ ឧកញ៉ា និង អ្នកមានអំណាច ខិលខូចមួយចំនួនប៉ុណ្ណោះ។
ជុំវិញរឿងនេះ អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ លើកឡើងថា ការយល់ឃើញបែបគំនិតអវិជ្ជមាន មកលើរដ្ឋាភិបាល រឿងដោះលែង លោក កឹម សុខា គឺគ្រាន់តែជាគំនិតជ្រុលនិយមរបស់មនុស្សចំនួន ដើម្បីផលប្រយោជន៍នយោបាយ។ លោកថា អ្នកដែលរិះគន់គួរតែងាកមកសាទរ លោក កឹម សុខា ដែលមានឪកាសនៅមើលថែអ្នកម្ដាយជាលើកចុងក្រោយ ល្អជាជាងរិះគន់។
លោក ជា ធីរិទ្ធ៖ «អ៊ីចឹងខ្ញុំគួរតែឱ្យសោកស្ដាយណាស់ ដែលគាត់ឃើញលោក កឹម សុខា មានសេរីភាពបែបនេះ គាត់មិនសប្បាយចិត្ត។ គាត់ចង់រុញផ្សេងៗទៀត ដូចយើងដឹងហើយ។ ខ្ញុំសូមបញ្ជាក់ថា នេះជាគុណធម៌ដ៏របស់សម្ដេច ធិបតី ហ៊ុនម៉ាណែត ដោយលោកបានស្នើទៅកាន់ព្រះមហាក្សត្រ ដល់យល់ពីធុរៈអំពីទុក្ខកង្វល់របស់ លោក កឹម សុខា ក្នុងនាមជាខ្មែរ ដែលខ្លួនកំពុងមានបញ្ហាហើយ ម្ដាយស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃជំងឺចាស់ជរាទៀត។ អ៊ីចឹងហើយ ជាគុណធម៌ដែលអាចឱ្យ លោក កឹម សុខា ទៅមើលថែម្ដាយបាន»។
កន្លងទៅនេះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអះអាងថា ការលើកលែងទោសដល់ លោក កឹម សុខា ឱ្យរួចផុតពីការជាប់ពន្ធនាគារ២៧ឆ្នាំនៅក្នុងផ្ទះ គឺជាជំហាននៃការសាមគ្គីជាតិ និងឯកភាពជាតិ ខណៈសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយបក្សប្រឆាំងជាង១០០នាក់ កំពុងជាប់ពន្ធនាគារ ទាំងអយុត្តិធម៌។
ពាក់ព័ន្ធរឿងនេះដែរ ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ សាទរចំពោះ ការលើកលែងទោសលោក កឹម សុខា ដែលថា ជាផ្នែកមួយនៃការវិវឌ្ឍវិជ្ជមានចំពោះសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយស្ថានទូតក៏ស្វាគមន៍ចំពោះជំហាននេះ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវស្ថានភាពជុំវិញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ជប៉ុនក៏បានប្រកាសពីការគាំទ្រយ៉ាងមុតមាំ សម្រាប់ ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាផងដែរ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា បើទោះបីជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត និងប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ព្យាយាមយកករណី ដោះលែង លោក កឹម សុខា ថា ជានយោបាយផ្សះផ្សា ជាតិ ឬជាគុណធម៌នយោបាយរបស់បក្សកាន់អំណាចក្ដី ករណីនេះ បោកប្រាស់បានតែអ្នកដែលគាំទ្ររដ្ឋាភិបាល ងប់ងុល ប៉ុណ្ណោះ សម្រាប់អ្នកប្រជាធិបតេយ្យ មន្ត្រីសង្គមស៊ីវិល គណបក្សប្រឆាំង និងអង្គទូតបរទេស មិនជឿ ការដោះលែង លោក កឹម សុខា ថា ជាសញ្ញាវិជ្ជមាន ដែលបង្ហាញថា រដ្ឋាភិបាលក្រុងភ្នំពេញ មានឆន្ទៈគោរពសិទ្ធិមនុស្ស នោះឡើយ ខណៈអ្នកទោសនយោបាយ សកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន និងឥស្សរជន នយោបាយជាច្រើនទៀត នៅតែរងភាពអយុត្តិធម៌ពីការដឹកនាំបច្ចុប្បន្ន។
លោក ម៉ែន ណាត៖ «អង្គទូតក្ដី ប្រជាពលរដ្ឋខ្មែរទាំងអស់ក្ដី គ្មានដែលជឿទុកចិត្តចំពោះទង្វើរបស់រដ្ឋាភិបាលនោះទេ គ្រាន់តែកម្ពុជាយើង និងពលរដ្ឋយើងមិនដឹងធ្វើម៉េច នៅពេលដែលរដ្ឋាភិបាលមួយអនុវត្តអំណាចផ្ដាច់ការ ផ្ទុយនឹងស្មារតី រដ្ឋធម្មនុញ្ញទៅហើយហ្នឹង។ អ៊ីចឹងគ្រប់គ្នារងនូវ អយុត្តិធម៌ ដូចតែ កឹម សុខា នៅក្នុងប្រទេសកម្ពុជា»។
គេសង្កេតឃើញថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានបណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យ មួយចំនួន ប្រចាំនៅ កម្ពុជា ហាក់មានការប្រយ័ត្នប្រយែងខ្ពស់ ក្នុងផ្ញើសារសាទរ ចំពោះការលើកលែងទោសដល់មេប្រឆាំង គឺ លោក កឹម សុខា ព្រោះពួកគេយល់ថា ការដោះលែងនេះ ពុំមានលក្ខណៈពេញលេញ ខណៈលោក កឹម សុខា នៅតែត្រូវបានតុលាការក្រុងភ្នំពេញដកហូតសិទ្ធិសេរីភាព ជាពលរដ្ឋ។ ចំណែក ស្ថានទូតសហរដ្ឋអាមេរិក ដែលត្រូវបាន លោក ហ៊ុន សែន ចោទប្រកាន់ថា ជា អ្នកនៅពីក្រោយនៃបទចោទដ៏ធំ ក្នុងសំណុំរឿង«ក្បត់ជាតិ»របស់ លោក កឹម សុខា មិនឃើញចេញ សេចក្ដីថ្លែងការណ៍នៅឡើយ។
អ្នកឃ្លាំមើលយល់ថា ជីវិតនយោបាយលោក កឹម សុខា អាចនឹងពិបាករស់ឡើងវិញ ព្រោះ តាមចរិតលោក ហ៊ុន សែន មិនផ្ដល់សិទ្ធិសេរីភាពពេញលេញឱ្យលោក កឹម សុខា វិលត្រឡប់ចូលឆាក់នយោបាយនោះឡើយព្រោះខ្លាច រង្គោះរង្គើអំណាចលោក ហ៊ុន ម៉ាណែត៕








