អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​ចាត់ទុក​ការ​ដោះលែង​លោក កឹម សុខា ធ្វើ​ឡើង​ដើម្បី​ល្អ​មើល ច្រើន​ជាង​ការ​គោរព​សិទ្ធិមនុស្ស

0
48
នាយក​អង្គការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA)​លោក ហ្វីល រ៉ូបឺត​សុន (Phil Robertson)។ រូប៖ ហ្វេសប៊ុកលោក ហ្វីល រ៉ូបឺត​សុន
នាយក​អង្គការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA)​លោក ហ្វីល រ៉ូបឺត​សុន (Phil Robertson)។ រូប៖ ហ្វេសប៊ុកលោក ហ្វីល រ៉ូបឺត​សុន

អង្គការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA) បាន​រិះគន់​ការ​លើកលែងទោស មេ​បក្ស​ប្រឆាំង លោក កឹម សុខា កាល​ពី​ពេល​ថ្មីៗ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ល្អមើល ច្រើន​ជាង ការ​ស្ដារ​នូវ លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ពួកគាត់​ថា ប្រសិនបើ រដ្ឋាភិបាល​កម្ពុជា ពិតជា​គោរព​សិទ្ធិមនុស្ស​មែន ត្រូវ​ទម្លាប់​ការចោទប្រកាន់​ទាំងអស់​លើ លោក កឹម សុខា និង ដោះលែង អ្នក​ទោស​នយោបាយ រួម​នឹង​សកម្មជន​បរិស្ថាន​ចំនួន ៥​នាក់​ឱ្យ​មាន​សេរីភាព​វិញ។

បណ្ដា​ស្ថានទូត​លោក​សេរី និង អង្គការសិទ្ធិមនុស្ស​អន្តរជាតិ នៅតែ​ជំរុញ​ឱ្យ​រដ្ឋាភិបាល ផ្ដល់​សិទ្ធិ​សេរីភាព​ទាំងស្រុង​ដល់​លោក កឹម សុខា ឡើងវិញ ហើយ រិះគន់​ការ​ដោះលែង លោក កឹម សុខា ក្រោម​ការ​ដកហូត​សិទ្ធិ​ធ្វើ​នយោបាយ និង​ការ​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស គឺ​ឆ្លុះបញ្ចាំង​ថា​ស្ថានភាព សិទ្ធិមនុស្ស និង​សិទ្ធិ​នយោបាយ នៅតែ​ជា​បញ្ហា​ដ៏​ធ្ងន់ធ្ងរ ដដែល។

នាយក​អង្គការ​តស៊ូ​មតិ​សិទ្ធិមនុស្ស និង​ការងារ​អាស៊ី (AHRLA)​លោក ហ្វីល រ៉ូបឺត​សុន (Phil Robertson) ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ ខែឧសភា​ថា ការ​ផ្ដន្ទាទោស​លើ​លោក កឹម សុខា គឺជា​រឿង​ដ៏​គួរ​ឱ្យ​អស់សំណើច តាំងពី​ដំបូង​មក​ម្ល៉េះ ពីព្រោះ​វា​ផ្អែកលើ​ការចោទប្រកាន់​ក្លែងក្លាយ និង​ពាក់ព័ន្ធ​រឿង​នយោបាយ​នៅ​ពីក្រោយ ។ លោក​ថា ករណី លោក កឹម សុខា មិន​គួរ​ត្រូវ​បាន​ចោទប្រកាន់ ទាល់តែសោះ ដូច្នេះ ការ​ដោះលែង លោក​ឱ្យ​នៅ​ក្រៅ​ឃុំ គ្រាន់តែ​ជា​ការ​បន្ធូរបន្ថយ​ការរំលោភ​សិទ្ធិមនុស្ស​ប្រឆាំង​នឹង កឹម សុខា បាន​មួយ​ផ្នែក ប៉ុន្តែ សិទ្ធិ​ធ្វើ​នយោបាយ និង​សេរីភាព​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស នៅតែ​ត្រូវ​បាន​ដកហូត​ដដែល។

លោក​បន្ត​ថា ចំពោះ​ការ​អះអាង​របស់​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែល​ថា​ការ​ដោះលែង​លោក កឹម សុខា ជា​ជំហាន​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ គ្រាន់តែ ជា​ការ​បង្វិល​សាច់រឿង​នយោបាយ​ដើម្បី​ព្យាយាម​យក​ភាព​ស្រប​ច្បាប់​ខ្លះ នៅក្នុង​ខ្សែ​ភ្នែក សហគមន៍​អន្តរជាតិ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុងភ្នំពេញ​រង​ការរិះគន់ រឿង​រំលោភសិទ្ធិ និង បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ អស់​ជាច្រើន​ឆ្នាំ​មកនេះ​។ ប៉ុន្តែ​ជាក់ស្ដែង​លោក​ថា អំណាច​ពិតប្រាកដ​នៅតែ​ស្ថិត​ក្នុង​ដៃ ឪពុក របស់​លោក គឺ លោក ហ៊ុន សែន ដែល​អាច​ធ្វើ​អ្វី​បាន​តាម​អំពើ​ចិត្ត។

អ្នកជំនាញ​ផ្នែក​សិទ្ធិមនុស្ស​អន្តរជាតិ រូប​នេះ បាន​រៀបរាប់​បន្ត​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​លើកកម្ពស់​សាមគ្គីភាព​ជាតិ និង​ការផ្សះផ្សា​ជាតិ រដ្ឋាភិបាល​គួរតែ ស្ដារ​សិទ្ធិ​នយោបាយ​របស់​លោក កឹម សុខា ឡើងវិញ​ហើយ បញ្ឈប់​ការ​ធ្វើទុក្ខបុកម្នេញ​ជា​ប្រព័ន្ធ មក​លើ​ពលរដ្ឋ ដែល​គាំទ្រ​គណបក្សប្រឆាំង​។ លើស​ពី​នោះ លោក​អះអាង​ថា បន្ទាប់ពី​មាន ការ​ដោះលែង លោក កឹម សុខា រួចមក ស្ថានទូត​មួយចំនួន នៅ​ភ្នំពេញ សង្ឃឹមថា រដ្ឋាភិបាល​កម្ពុជា​នឹង​ចាត់វិធានការ​បន្ថែម​ទៀត​ដើម្បី​បង្ហាញថា​ខ្លួន​ពិតជា​យកចិត្តទុកដាក់​ចំពោះ​ការគោរព​សិទ្ធិមនុស្ស និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ។

លោក ហ្វីល រ៉ូបឺតសុន បាន​អះអាង​ថា ឥឡូវនេះ សហគមន៍​អន្តរជាតិ កំពុង​រង់ចាំ​មើល​ថា​តើ មាន​អ្វី​កើតឡើង​ទៀត ខណៈ​ព្រឹត្តិការណ៍​ដ៏​ធំ​បន្ទាប់​គឺ សវនាការ​សាលាឧទ្ធរណ៍​របស់​ក្រុម​សកម្មជន​មាតា​ធម្មជាតិ​ទាំង​៥​រូប ដែល​នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​២ ខែមិថុនា ខាង​មុន​នេះ។ ដូច្នេះ​លោក​ថា ប្រសិនបើ​រដ្ឋាភិបាល ទម្លាក់​ចោល​ការចោទប្រកាន់​លើ ក្រុម​យុវជន​ទាំង​៥​រូប​ទៀត នោះ​បង្ហាញ ថា រដ្ឋាភិបាល​កម្ពុជា ពិតជា ប្ដេជ្ញាចិត្ត ក្នុង​ការ​ធ្វើ​អ្វី មួយ​ដែល​ខុសពី​មុន។

ទោះជា​យ៉ាងណា លោក​នៅតែ​ព្រួយបារម្ភ​ថា ការ​លើកលែងទោស​លោក កឹម សុខា គ្រាន់តែ​ជា កាយវិការ​ដែល​កើត​មានតែ​ម្ដង​គត់​ប៉ុណ្ណោះ ព្រោះ​ម្ដាយបង្កើត​របស់​លោក​ដែល​មាន​ជន្មាយុ ១០១​ឆ្នាំ កំពុង​មាន ជំងឺ​ជា​ទម្ងន់ ហើយ លោក​មិនអាច​ទៅ​ជួប​គាត់​បាន​។ ដូច្នេះ​លោក​នៅតែ​ប្រកាន់​ជំហរ​ថា​៖ «​ការ​លើកលែងទោស លោក កឹម សុខា នេះ​គឺធ្វើ​ឡើង​ដើម្បី​គ្រាន់តែ​ធ្វើ​ឱ្យ​លោក ហ៊ុន សែន និង រដ្ឋាភិបាល កម្ពុជា​មើលទៅ​ឃើញ​ល្អ ច្រើនជាង​ការគោរព​សិទ្ធិមនុស្ស»។

លោក ហ្វីល រ៉ូបឺតសុន ស្នើ​ឱ្យ​រដ្ឋាភិបាល កម្ពុជា​គួរតែ បង្ហាញ​ពី​ភាពស្មោះត្រង់​របស់​ខ្លួន ដោយ​ដោះលែង អ្នកទោស ដែល​ត្រូវ​បាន​ឃុំខ្លួន ដោយសារតែ ការ​អនុវត្ត​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​របស់​ពួកគាត់ ដោយ​ចាប់ផ្ដើម​ពី សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៥​នាក់ ព្រោះ​ក្រុម​យុវជន​ការពារ​បរិស្ថាន​ទាំងនេះ កន្លងទៅ គ្រាន់តែ​បាន​បញ្ចេញមតិ និង​រៀបចំ​ការ​តវ៉ា​ដោយ​សន្តិវិធី ដើម្បី​ទាមទារ​ឱ្យ រាជរដ្ឋាភិបាល ការពារ​បរិស្ថាន និង បញ្ឈប់​គម្រោង បំផ្លិចបំផ្លាញ​នានា ដែល​ប្រព្រឹត្ត ដោយ ឧកញ៉ា និង អ្នកមាន​អំណាច ខិលខូច​មួយចំនួន​ប៉ុណ្ណោះ។

ជុំវិញ​រឿង​នេះ អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ជា ធីរិទ្ធ លើកឡើង​ថា ការយល់ឃើញ​បែប​គំនិត​អវិជ្ជមាន មក​លើ​រដ្ឋាភិបាល រឿង​ដោះលែង លោក កឹម សុខា គឺ​គ្រាន់តែ​ជា​គំនិត​ជ្រុលនិយម​របស់​មនុស្ស​ចំនួន ដើម្បី​ផលប្រយោជន៍​នយោបាយ។ លោក​ថា អ្នក​ដែល​រិះគន់​គួរតែ​ងាក​មក​សាទរ លោក កឹម សុខា ដែល​មាន​ឪ​កាស​នៅ​មើលថែ​អ្នក​ម្ដាយ​ជា​លើកចុង​ក្រោយ ល្អ​ជាជាង​រិះគន់។

លោក ជា ធីរិទ្ធ៖ «​អ៊ីចឹង​ខ្ញុំ​គួរតែ​ឱ្យ​សោកស្ដាយ​ណាស់ ដែល​គាត់​ឃើញ​លោក កឹម សុខា មាន​សេរីភាព​បែបនេះ គាត់​មិន​សប្បាយចិត្ត​។ គាត់​ចង់​រុញ​ផ្សេងៗ​ទៀត ដូច​យើង​ដឹង​ហើយ​។ ខ្ញុំ​សូម​បញ្ជាក់​ថា នេះ​ជា​គុណធម៌​ដ៏​របស់​សម្ដេច ធិបតី ហ៊ុន​ម៉ា​ណែ​ត ដោយ​លោក​បាន​ស្នើ​ទៅកាន់​ព្រះមហាក្សត្រ ដល់​យល់​ពី​ធុរៈ​អំពី​ទុក្ខ​កង្វល់​របស់ លោក កឹម សុខា ក្នុងនាម​ជា​ខ្មែរ ដែល​ខ្លួន​កំពុង​មាន​បញ្ហា​ហើយ ម្ដាយ​ស្ថិត​នៅក្នុង​ដំណាក់កាល​ចុងក្រោយ​នៃ​ជំងឺ​ចាស់ជរា​ទៀត​។ អ៊ីចឹង​ហើយ ជា​គុណធម៌​ដែល​អាច​ឱ្យ លោក កឹម សុខា ទៅ​មើលថែ​ម្ដាយ​បាន»។

កន្លង​ទៅ​នេះ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​អះអាង​ថា ការ​លើកលែងទោស​ដល់ លោក កឹម សុខា ឱ្យ​រួច​ផុត​ពី​ការ​ជាប់ពន្ធនាគារ​២៧​ឆ្នាំ​នៅក្នុង​ផ្ទះ គឺជា​ជំហាន​នៃ​ការ​សាមគ្គី​ជាតិ និង​ឯកភាព​ជាតិ ខណៈ​សកម្មជន​បរិស្ថាន សកម្មជន​សិទ្ធិមនុស្ស និង​អ្នកនយោបាយ​បក្ស​ប្រឆាំង​ជាង​១០០​នាក់ កំពុង​ជាប់​ពន្ធនាគារ ទាំង​អយុត្តិធម៌។

ពាក់ព័ន្ធ​រឿង​នេះ​ដែរ ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​ចេញ​សេចក្ដីថ្លែងការណ៍ សាទរ​ចំពោះ ការ​លើកលែងទោស​លោក កឹម សុខា ដែល​ថា ជា​ផ្នែក​មួយ​នៃ​ការ​វិវឌ្ឍ​វិជ្ជមាន​ចំពោះ​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​ស្ថានទូត​ក៏​ស្វាគមន៍​ចំពោះ​ជំហាន​នេះ និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​នូវ​ស្ថានភាព​ជុំវិញ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ជប៉ុន​ក៏បាន​ប្រកាស​ពី​ការ​គាំទ្រ​យ៉ាង​មុតមាំ សម្រាប់ ការ​អភិវឌ្ឍ​លទ្ធិប្រជាធិបតេយ្យ នៅ​កម្ពុជា​ផង​ដែរ។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់ថា បើទោះបីជា​រដ្ឋាភិបាល លោក ហ៊ុន ម៉ា​ណែ​ត និង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ព្យាយាម​យក​ករណី ដោះលែង លោក កឹម សុខា ថា ជា​នយោបាយ​ផ្សះផ្សា ជាតិ ឬ​ជា​គុណធម៌​នយោបាយ​របស់​បក្ស​កាន់អំណាច​ក្ដី ករណីនេះ បោកប្រាស់​បានតែ​អ្នក​ដែល​គាំទ្រ​រដ្ឋាភិបាល ងប់ងុល ប៉ុណ្ណោះ សម្រាប់​អ្នក​ប្រជាធិបតេយ្យ មន្ត្រី​សង្គម​ស៊ីវិល គណបក្សប្រឆាំង និង​អង្គទូត​បរទេស មិន​ជឿ ការ​ដោះលែង លោក កឹម សុខា ថា ជា​សញ្ញា​វិជ្ជមាន ដែល​បង្ហាញថា រដ្ឋាភិបាល​ក្រុងភ្នំពេញ មាន​ឆន្ទៈ​គោរព​សិទ្ធិមនុស្ស នោះ​ឡើយ ខណៈ​អ្នក​ទោសនយោបាយ សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន និង​ឥស្សរជន នយោបាយ​ជាច្រើន​ទៀត នៅតែ​រង​ភាព​អយុត្តិធម៌​ពី​ការដឹកនាំ​បច្ចុប្បន្ន។

លោក ម៉ែន ណាត៖ «​អង្គទូត​ក្ដី ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ក្ដី គ្មាន​ដែល​ជឿ​ទុកចិត្ត​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​នោះ​ទេ គ្រាន់តែ​កម្ពុជា​យើង និង​ពលរដ្ឋ​យើង​មិនដឹង​ធ្វើ​ម៉េច នៅ​ពេល​ដែល​រដ្ឋាភិបាល​មួយ​អនុវត្ត​អំណាច​ផ្ដាច់ការ ផ្ទុយ​នឹង​ស្មារតី រដ្ឋធម្មនុញ្ញ​ទៅ​ហើយ​ហ្នឹង​។ អ៊ីចឹង​គ្រប់គ្នា​រង​នូវ អយុត្តិធម៌ ដូច​តែ កឹម សុខា នៅក្នុង​ប្រទេស​កម្ពុជា»។

គេ​សង្កេត​ឃើញ​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​បណ្ដា​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ មួយចំនួន ប្រចាំ​នៅ កម្ពុជា ហាក់​មានការ​ប្រយ័ត្នប្រយែង​ខ្ពស់ ក្នុង​ផ្ញើ​សារ​សាទរ ចំពោះ​ការ​លើកលែងទោស​ដល់​មេ​ប្រឆាំង គឺ លោក កឹម សុខា ព្រោះ​ពួកគេ​យល់ថា ការ​ដោះលែង​នេះ ពុំ​មាន​លក្ខណៈ​ពេញលេញ ខណៈ​លោក កឹម សុខា នៅតែ​ត្រូវ​បាន​តុលាការក្រុង​ភ្នំពេញ​ដកហូត​សិទ្ធិ​សេរីភាព ជា​ពលរដ្ឋ​។ ចំណែក ស្ថានទូត​សហរដ្ឋអាមេរិក ដែល​ត្រូវ​បាន លោក ហ៊ុន សែន ចោទ​ប្រកាន់​ថា ជា អ្នក​នៅ​ពីក្រោយ​នៃ​បទ​ចោទ​ដ៏​ធំ ក្នុង​សំណុំរឿង​«​ក្បត់ជាតិ​»​របស់ លោក កឹម សុខា មិនឃើញ​ចេញ សេចក្ដីថ្លែងការណ៍​នៅ​ឡើយ។

អ្នកឃ្លាំមើល​យល់ថា ជីវិត​នយោបាយ​លោក កឹម សុខា អាច​នឹង​ពិបាក​រស់​ឡើងវិញ ព្រោះ តាម​ចរិត​លោក ហ៊ុន សែន មិន​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញលេញ​ឱ្យ​លោក កឹម សុខា វិលត្រឡប់​ចូល​ឆាក់​នយោបាយ​នោះ​ឡើយ​ព្រោះ​ខ្លាច រង្គោះរង្គើ​អំណាច​លោក ហ៊ុន ម៉ាណែត៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ