

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ទទូចឲ្យតុលាការកំពូលទម្លាក់បទចោទប្រកាន់ និងផ្ដល់សេរីភាពនយោបាយពេញលេញដល់លោក ក្នុងនាមជា ពលរដ្ឋខ្មែរមួយរូប ដែលគ្មានកំហុស និង យកចិត្តទុកដាក់តែវាសនាជាតិ។ សង្គមស៊ីវិល អំពាវនាវឱ្យមានការអនុគ្រោះយោគយល់គ្នាខ្ពស់ ក្នុងចំណោមក្រុមមេដឹកនាំនយោបាយកំពូលៗ ហើយគួរនាំគ្នាទៅប្រកួតឈ្នះចាញ់ លើវេទិកាប្រជាធិបតេយ្យសេរីត្រឹមត្រូវ ដោយមានសិទ្ធិនយោបាយពេញលក្ខណៈទាំងអស់គ្នា។
ខណៈលោក កឹម សុខា ត្រូវបានមេដឹកនាំបក្សកាន់អំណាច និងជាប្រមុខរដ្ឋស្ដីទី លោក ហ៊ុន សែន លើកលែងទោសត្រឹមតែការជាប់ពន្ធនាគារ និង ដោះលែងពីការឃុំក្នុងផ្ទះ ប៉ុន្តែ នៅតែបន្តដកហូតសិទ្ធិនយោបាយនោះ ករណីលោក រ៉ុង ឈុន ក្លាយជា ប្រធានបទនៃការជជែក ដូចសំណុំរឿងលោក កឹម សុខា ដែរ ។ នៅពេលនេះ លោក កឹម សុខា និង លោក រ៉ុង ឈុន មានស្ថានភាពប្រហាក់ប្រហែលគ្នា គឺរងនូវការហាមឃាត់សិទ្ធិនយោបាយអចិន្ត្រៃយ៍។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន លើកឡើងថា លោកបន្តប្ដឹងជំទាស់ ទៅតុលាការជាន់ខ្ពស់ ដើម្បីស្វែងរកយុត្តិធម៌ ជាពិសេស ការបានសិទ្ធិនយោបាយ វិញ ដើម្បីបន្ដសកម្មភាពនយោបាយពេញលក្ខណៈ ជួយប្រជាពលរដ្ឋ និង ប្រទេស ជាតិ ដែលជាសេចក្ដីប្រាថ្នាតែមួយគត់របស់លោក ។ ការលើកឡើងនេះ បន្ទាប់ពី មានដីកាជូនដំណឹង ពីមហាអយ្យការអមតុលាការកំពូល កាលថ្ងៃទី២៥ ខែឧសភា ឲ្យដឹងថា តុលាការជាន់ខ្ពស់នេះនឹងបើកសវនាការសំណុំរឿងរបស់លោក នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខ។
លោក រ៉ុង ឈុន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៨ ខែឧសភា ថា លោកនឹងចូលរួមសវនាការ ទោះបីជាមានសង្ឃឹមតិចតួច អំពីយុត្តិធម៌។ លោកបន្តថា ការបិទសិទ្ធិសេរីភាពរបស់លោក ជាចំណែកមួយ ដែលនឹងធ្វើប៉ះពាល់ ដល់ដំណើរការនៃ ការបោះឆ្នោតនាពេលខាងមុខនេះ។ លោកអះអាងថា សហគមន៍អន្តរជាតិ នឹង ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ ពីព្រោះពុំមានការប្រកួតប្រជែង ដោយសេរី និង ត្រឹមត្រូវ ពីគ្រប់ភាគីទាំងអស់។
លោក រ៉ុង ឈុន៖ «ត្រូវដោះលែងឲ្យមានសេរីភាពពេញលេញទាំងអស់ ដើម្បីថា កម្ពុជាយើងបានផ្សះផ្សាជាតិ បានឯកភាពជាតិ អាហ្នឹងបានកម្ពុជាយើងខ្លាំង ហើយ បើគ្រាន់តែដោះមួយផ្នែកទុកមួយផ្នែក អាហ្នឹងមើលទៅវាមិនទាន់ថា មតិជាតិ អន្តរជាតិទទួលស្វាគមន៍ឲ្យតម្លៃយើងស្មើមុខស្មើមាត់ដែរ»។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ សាលាឧទ្ធរណ៍ភ្នំពេញបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោស លោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ«ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម»និងដកហូតសិទ្ធិនយោបាយជាអចិន្ត្រៃយ៍ ពីបទ តាមបញ្ញតិ្តមាត្រា ៤៩៨ នៃក្រមព្រហ្មទណ្ឌ។ ដោយមិនសុខចិត្តចំពោះការសម្រេចនេះលោក រ៉ុង ឈុន ក៏បានប្ដឹងសាទុក្ខទៅតុលាការកំពូល ហើយតុលាការជាន់ខ្ពស់នេះ នឹងបើកសវនា ការជម្រះក្ដីនិងសម្រេចចុងក្រោយ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។
ប្រធានអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ CHRAC លោក រស់ សុដ្ឋា អំពាវនាវឱ្យមានការអនុគ្រោះយោគយល់គ្នាខ្ពស់ ក្នុងចំណោមក្រុមមេដឹកនាំ នយោបាយកំពូលៗ ហើយគួរនាំគ្នាទៅប្រកួតឈ្នះចាញ់ លើវេទិកាប្រជាធិបតេយ្យ សេរីត្រឹមត្រូវ ដោយមានសិទ្ធិនយោបាយពេញលក្ខណៈទាំងអស់គ្នា។ ដូច្នេះ លោក ថា ទោះបីជាសង្ឃឹមតិចតួច ក៏លោកនៅតែទទូចឱ្យតុលាការទម្លាក់ចោលបទចោទប្រកាន់ និងផ្ដល់សិទ្ធិសេរីឲ្យលោក រ៉ុង ឈុន។
លោក រស់ សុដ្ឋា៖ «បញ្ហាការអនុវត្តសិទ្ធិសេរីភាពនយោបាយ បញ្ហាការបង្រួប បង្រួមជាតិ បញ្ហាទាំងអស់ហ្នឹងហើយ វាចោទបញ្ហាផ្សេងៗទៀត ករណីគ្រប់បែប យ៉ាងណាទាំងអស់។ អ៊ីចឹងបានថាបញ្ហាទាំងអស់ហ្នឹងវានៅតែមានការចោទប្រកាន់ គ្នា ហើយមានអ្នកនយោបាយខ្លះ ត្រូវបានបាត់បង់សិទ្ធិមួយចំនួន»។
អ្នកឃ្លាំមើលលើកឡើងថា លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត នឹងរងការរិះគន់ធ្ងន់ៗ ជាថ្មីទៀត នៅក្រោយការបោះឆ្នោតឆ្នាំ២០២៨ ថា មេដឹកនាំគណបក្ស ប្រជាជនកម្ពុជា ប្លន់អំណាចដឹកនាំជាតិ ប្រសិនបើអ្នកអំណាចគ្រួសារហ៊ុន មិនបើក ឱកាសឱ្យក្រុមអ្នកនយោបាយប្រឆាំង ចូលរួមប្រកួតប្រជែង ដោយពេញសិទ្ធិ និងពេញសមត្ថភាព៕









