លោក រ៉ុង ឈុន ទទូច​ឲ្យ​តុលាការ​កំពូល​ផ្ដល់​សេរីភាព​នយោបាយ​ឲ្យ​លោក​

0
47
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន។ រូប៖ បណ្ដាញសង្គម
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន។ រូប៖ បណ្ដាញសង្គម

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ទទូច​ឲ្យ​តុលាការ​កំពូល​ទម្លាក់​បទ​ចោទប្រកាន់ និង​ផ្ដល់​សេរីភាព​នយោបាយ​ពេញលេញ​ដល់​លោក ក្នុងនាម​ជា ពលរដ្ឋ​ខ្មែរ​មួយ​រូប ដែល​គ្មាន​កំហុស និង យកចិត្តទុកដាក់​តែ​វាសនា​ជាតិ។ សង្គម​ស៊ីវិល អំពាវនាវ​ឱ្យ​មាន​ការ​អនុគ្រោះ​យោគយល់​គ្នា​ខ្ពស់ ក្នុងចំណោម​ក្រុម​មេដឹកនាំ​នយោបាយ​កំពូលៗ ហើយ​គួរ​នាំគ្នា​ទៅ​ប្រកួត​ឈ្នះ​ចាញ់ លើ​វេទិកា​ប្រជាធិបតេយ្យ​សេរី​ត្រឹមត្រូវ ដោយមាន​សិទ្ធិ​នយោបាយ​ពេញលក្ខណៈ​ទាំងអស់គ្នា។

ខណៈ​លោក កឹម សុខា ត្រូវ​បាន​មេដឹកនាំ​បក្ស​កាន់អំណាច និង​ជា​ប្រមុខ​រដ្ឋស្ដីទី លោក ហ៊ុន សែន លើកលែងទោស​ត្រឹមតែ​ការ​ជាប់​ពន្ធនាគារ និង ដោះលែង​ពី​ការ​ឃុំ​ក្នុងផ្ទះ ប៉ុន្តែ នៅតែ​បន្ត​ដកហូត​សិទ្ធិ​នយោបាយ​នោះ ករណី​លោក រ៉ុង ឈុន ក្លាយជា ប្រធានបទ​នៃ​ការ​ជជែក ដូច​សំណុំរឿង​លោក កឹម សុខា ដែរ ។ នៅ​ពេល​នេះ លោក កឹម សុខា និង លោក រ៉ុង ឈុន មាន​ស្ថានភាព​ប្រហាក់ប្រហែល​គ្នា គឺ​រង​នូវ​ការ​ហាមឃាត់​សិទ្ធិ​នយោបាយ​អចិន្ត្រៃយ៍។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន លើកឡើង​ថា លោក​បន្ត​ប្ដឹង​ជំទាស់ ទៅ​តុលាការ​ជាន់ខ្ពស់ ដើម្បី​ស្វែងរក​យុត្តិធម៌ ជាពិសេស ការ​បាន​សិទ្ធិ​នយោបាយ វិញ ដើម្បី​បន្ដ​សកម្មភាព​នយោបាយ​ពេញលក្ខណៈ ជួយ​ប្រជាពលរដ្ឋ និង ប្រទេស ជាតិ ដែល​ជា​សេចក្ដីប្រាថ្នា​តែមួយគត់​របស់​លោក ។ ការ​លើកឡើង​នេះ បន្ទាប់ពី មាន​ដីកា​ជូនដំណឹង ពី​មហាអយ្យការ​អម​តុលាការ​កំពូល កាល​ថ្ងៃទី​២៥ ខែឧសភា ឲ្យ​ដឹង​ថា តុលាការ​ជាន់ខ្ពស់​នេះ​នឹង​បើកសវនាការ​សំណុំរឿង​របស់​លោក នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២៦ ខាងមុខ។

លោក រ៉ុង ឈុន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ថា លោក​នឹង​ចូលរួម​សវនាការ ទោះបីជា​មាន​សង្ឃឹម​តិច​តួច អំពី​យុត្តិធម៌​។ លោក​បន្ត​ថា ការ​បិទ​សិទ្ធិសេរីភាព​របស់​លោក ជា​ចំណែក​មួយ ដែល​នឹង​ធ្វើ​ប៉ះពាល់ ដល់​ដំណើរការ​នៃ ការបោះឆ្នោត​នា​ពេល​ខាងមុខ​នេះ​។ លោក​អះអាង​ថា សហគមន៍​អន្តរជាតិ នឹង ប្រកាស​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ឡើយ ពីព្រោះ​ពុំ​មាន​ការប្រកួតប្រជែង ដោយ​សេរី និង ត្រឹមត្រូវ ពី​គ្រប់​ភាគី​ទាំងអស់។

លោក រ៉ុង ឈុន៖ «ត្រូវ​ដោះលែង​ឲ្យ​មាន​សេរីភាព​ពេញលេញ​ទាំងអស់ ដើម្បី​ថា កម្ពុជា​យើង​បាន​ផ្សះផ្សា​ជាតិ បាន​ឯកភាព​ជាតិ អាហ្នឹង​បាន​កម្ពុជា​យើង​ខ្លាំង ហើយ បើ​គ្រាន់តែ​ដោះ​មួយ​ផ្នែក​ទុក​មួយ​ផ្នែក អាហ្នឹង​មើលទៅ​វា​មិនទាន់​ថា មតិ​ជាតិ អន្តរជាតិ​ទទួល​ស្វាគមន៍​ឲ្យ​តម្លៃ​យើង​ស្មើមុខស្មើមាត់​ដែរ»។

កាលពី​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២៦ សាលាឧទ្ធរណ៍​ភ្នំពេញ​បានសម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ផ្ដន្ទាទោស លោក រ៉ុង ឈុន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ​«​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ សង្គម​»​និង​ដកហូត​សិទ្ធិ​នយោបាយ​ជា​អចិន្ត្រៃយ៍ ពី​បទ តាម​បញ្ញតិ្តមាត្រា ៤៩៨ នៃ​ក្រមព្រហ្មទណ្ឌ​។ ដោយ​មិន​សុខចិត្ត​ចំពោះ​ការសម្រេច​នេះ​លោក រ៉ុង ឈុន ក៏បាន​ប្ដឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល ហើយ​តុលាការ​ជាន់ខ្ពស់​នេះ នឹង​បើក​សវ​នា ការ​ជម្រះ​ក្ដី​និង​សម្រេច​ចុងក្រោយ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២៦។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់ CHRAC លោក រស់ សុដ្ឋា អំពាវនាវ​ឱ្យ​មាន​ការ​អនុគ្រោះ​យោគយល់​គ្នា​ខ្ពស់ ក្នុងចំណោម​ក្រុម​មេដឹកនាំ នយោបាយ​កំពូលៗ ហើយ​គួរ​នាំគ្នា​ទៅ​ប្រកួត​ឈ្នះ​ចាញ់ លើ​វេទិកា​ប្រជាធិបតេយ្យ សេរី​ត្រឹមត្រូវ ដោយមាន​សិទ្ធិ​នយោបាយ​ពេញលក្ខណៈ​ទាំងអស់គ្នា​។ ដូច្នេះ លោក ថា ទោះបីជា​សង្ឃឹម​តិចតួច ក៏​លោក​នៅតែ​ទទូច​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ផ្ដល់​សិទ្ធិ​សេរី​ឲ្យ​លោក រ៉ុង ឈុន។

លោក រស់ សុដ្ឋា៖ «បញ្ហា​ការអនុវត្ត​សិទ្ធិ​សេរីភាព​នយោបាយ បញ្ហា​ការ​បង្រួប បង្រួម​ជាតិ បញ្ហា​ទាំងអស់​ហ្នឹងហើយ វា​ចោទ​បញ្ហា​ផ្សេងៗ​ទៀត ករណី​គ្រប់បែប យ៉ាងណា​ទាំងអស់​។ អ៊ីចឹង​បាន​ថា​បញ្ហា​ទាំងអស់​ហ្នឹង​វា​នៅតែ​មាន​ការចោទប្រកាន់ គ្នា ហើយ​មាន​អ្នកនយោបាយ​ខ្លះ ត្រូវ​បាន​បាត់បង់​សិទ្ធិ​មួយ​ចំនួន»។

អ្នកឃ្លាំមើល​លើកឡើង​ថា លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត នឹង​រង​ការ​រិះគន់​ធ្ងន់ៗ ជាថ្មី​ទៀត នៅ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​២០២៨ ថា មេដឹកនាំ​គណបក្ស ប្រជាជន​កម្ពុជា ប្លន់​អំណាច​ដឹកនាំ​ជាតិ ប្រសិនបើ​អ្នក​អំណាច​គ្រួសារ​ហ៊ុន មិន​បើក ឱកាស​ឱ្យ​ក្រុម​អ្នកនយោបាយ​ប្រឆាំង ចូលរួម​ប្រកួតប្រជែង ដោយ​ពេញ​សិទ្ធិ និង​ពេញ​សមត្ថភាព៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ