តុលាការ​ចោទ​ប្រកាន់​បេក្ខជន​ឃុំ​មួយ​រូប​របស់​បក្ស​ឆន្ទៈខ្មែរ​ពី​បទ​ញុះញង់​ករណី​រិះគន់​​រឿង​ព្រំដែន

0
62
បេក្ខជន​ឈរឈ្មោះ​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២៧ លោក ជិន សេងឃាង​។ រូប៖ បណ្ដាញសង្គម
បេក្ខជន​ឈរឈ្មោះ​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២៧ លោក ជិន សេងឃាង​។ រូប៖ បណ្ដាញសង្គម

សាលាដំបូង​ខេត្ត​កំពង់ចាម ឃុំខ្លួន​បេក្ខជន​ឈរឈ្មោះ​ការបោះឆ្នោត​ក្រុម ប្រឹក្សា​ឃុំ​-​សង្កាត់​គណបក្ស​ឆន្ទៈ​ខ្មែរ​ម្នាក់​នៅ​ពន្ធនាគារ ដោយ​ចោទប្រកាន់​ពី បទ «ញុះញង់​» ករណី​រិះគន់​បក្ស​កាន់អំណាច ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ព្រួយបារម្ភ ចំពោះ​ការ​បន្ត​ចាប់ខ្លួន​សកម្មជន​បក្ស​ជំទាស់​ករណី​បញ្ចេញមតិ។

ទោះបី​មេដឹកនាំ​គណបក្សកាន់អំណាច និង​ជា​ប្រមុខ​រដ្ឋស្ដីទី​លោក ហ៊ុន សែន បាន លើកលែងទោស​ដល់​លោក កឹម សុខា ឲ្យ​មាន​សេរីភាព​ខ្លះៗ​ក៏ដោយ ប៉ុន្តែ សមត្ថកិច្ច និង​តុលាការ​នៃ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅតែ​បន្ត​ចាប់​ចោទប្រកាន់ និង​ឃុំខ្លួន​សកម្មជន​គណបក្ស​ជំទាស់​បន្តបន្ទាប់។

ជាក់ស្ដែង សាលាដំបូង​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា បាន​ចោទប្រកាន់​បេក្ខជន​ឈរឈ្មោះ​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ សម្រាប់​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ​២០២៧ លោក ជិន សេងឃាង ពី​បទ​«​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។

អង្គការ​លីកាដូ បាន​ចេញ​ផ្សាយ​នូវ​អត្ថបទ​ខ្លី​មួយ​ថា​លោក ជិន សេងឃាង ជា​បេក្ខជន​ឈរឈ្មោះ​មកពី​គណបក្ស​ឆន្ទៈ​ខ្មែរ សម្រាប់​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ សង្កាត់ ឆ្នាំ​២០២៧ ខាងមុខនេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ​២០២៦ នៅផ្ទះ​របស់​លោក​ក្នុងភូមិ​ចចក ឃុំ​ត្រពាំង​ព្រះ ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ។ ការ​ចាប់ខ្លួន​លោក ជិន សេងឃាង នេះ ធ្វើឡើង​បន្ទាប់ពី​លោក បាន​បញ្ចេញមតិ​រិះគន់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​គណបក្ស​កាន់អំណាច ជុំវិញ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ។

អង្គការ​លីកាដូ បន្ថែម​ថា កន្លងមក លោក សេងឃាង ក៏​ធ្លាប់​ត្រូវ​បាន​រដ្ឋបាល ឃុំ​ត្រពាំង​ព្រះ កោះហៅ​ជួប​ពីរដង​រួច​មក​ហើយ ក្រោយពី​លោក​សកម្ម​ក្នុង​ការ ចែករំលែក និង​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល និង​ស្នើ​ឲ្យ​ចូលរួម​ជាមួយ​គណបក្ស​កាន់អំណាច។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត យល់ថា ការ​បន្ត​ចាប់ខ្លួន ចោទប្រកាន់ និង​ឃុំ​សកម្មជន នយោបាយ​និង​អ្នក​បញ្ចេញមតិ​នេះ នឹង​បង្កើន​ការ​ព្រួយបារម្ភ​បន្ថែម​ទៀត។

លោក អំ សំអាត៖ «​ការ​បន្ត​ចាប់ខ្លួន ឃុំខ្លួន និង​ចោទប្រកាន់​តទៅទៀត​ហ្នឹង វា​ហាក់បីដូចជា​បង្កើន​នៃ​ការ​ព្រួយ​បារម្ភ ហើយ​ដូចជា​មិន​មាន​ផល​ចំណេញ​ច្រើន ឬ ចំណេញ​អ្វី​សម្រាប់​កម្ពុជា​យើង​ទេ ផ្ទុយទៅវិញ យើង​ព្រួយបារម្ភ​ថា ការរិះគន់​អាច នឹង​កើតមាន​បន្ត​ទៅ​ទៀត ទៅលើ​បញ្ហា​ទាំងអស់​នេះ»។

លោក អំ សំអាត ទទូច​ឲ្យ​អាជ្ញាធរ និង​តុលាការ​ញែក​ឲ្យ​ដាច់​រវាង សេរីភាព បញ្ចេញមតិ និង​បទល្មើស ដើម្បី​ជៀសវាង​ការ​ចាប់ខ្លួន និង​ចោទ ប្រកាន់​ពលរដ្ឋ​ដែល​នាំ​ឲ្យ​មានការ​រិះគន់​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ទាក់ទង​នឹង​ការ​រឹតត្បិត​សេរីភាព​បញ្ចេញមតិ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ