មន្ត្រី​សង្គម​ស៊ីវិល​សោកស្ដាយ​ដែល​អាជ្ញាធរ​ហៅ​មន្ត្រី​សហជីព​ទៅ​ព្រមាន​រឿង​ដាក់​ញត្តិ​តាម​ស្ថានទូត

0
1
មន្ត្រីអង្គការ​សង្គម​ស៊ីវិល សហជីព ​ទៅជួបអាជ្ញាធរ​ក្រុងភ្នំពេញ កាល​ពីថ្ងៃទី៣ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុក​សង់ត្រាល់
មន្ត្រីអង្គការ​សង្គម​ស៊ីវិល សហជីព ​ទៅជួបអាជ្ញាធរ​ក្រុងភ្នំពេញ កាល​ពីថ្ងៃទី៣ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុក​សង់ត្រាល់

មន្ត្រី​សង្គម​ស៊ីវិល និង​ក្រុម​សហជីព​សោកស្ដាយ​ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​ហៅ​ទៅ​ព្រមាន​រឿង​ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​បរទេស កន្លងទៅ​ថា​ជា​ទង្វើ​«​ខុសច្បាប់​» ក្រោយពី​ពួកគាត់​មិនបាន​សុំ​ការអនុញ្ញាត​ពី សាលាក្រុង​ជាមុន​។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ការ​គំរាមកំហែង​របស់​អាជ្ញាធរ​នេះ ថា​ជា​រឿង​ខ្ជះខ្ជាយ​ពេល​ឥតប្រយោជន៍ ហើយ​ជា​រូបភាព​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​មក​លើ​អង្គការ​សង្គម​ស៊ីវិល និង​សហជីព។

ជិត​ឆ្នាំ​១០​ហើយ ចាប់តាំងពី​គណបក្សប្រឆាំង​ដ៏​ធំ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​បាន​តុលាការ​កំពូល រំលាយ​ចោល និង​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាច្រើន​មក សេរីភាព​នៃ​ការ​ប្រមូល​ម្ដុំ​គ្នា របស់​អង្គការ​សង្គម​ស៊ីវិល សហជីព និង សកម្មជន​សិទ្ធិមនុស្ស ជាដើម​កាន់តែ​រួម​តូច ក្រោយពី​អាជ្ញាធរ​ក្រុងភ្នំពេញ តែងតែ​ហាមឃាត់​មិន​ឱ្យ​ជួបជុំគ្នា​សម្ដែង​មតិ ឬ​ទាមទារ​តាម​ទី​សាធារណៈ​ផ្សេងៗ ។ អ្នក​រិះគន់​ថា ទង្វើ​របស់​អាជ្ញាធរ​ធ្វើ​នេះ ហាក់​មិន​ស្រប​ជាមួយ​ស្មារតី​នៃ​ការដឹកនាំ​តាម​បែប លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ តែ​ជា​របៀប​ដឹកនាំ​តាម​បែប​«​ផ្ដាច់ការ»។

ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណីអាហារ និង​សេវាកម្ម​កម្ពុជា (CFSWF) អ្នកស្រី អ៊ូ ទេពផល្លីន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៥ មិថុនា​ថា ជំនួប​រវាង​អាជ្ញាធរ​ក្រុងភ្នំពេញ និង​សហជីព កាលពី​ថ្ងៃទី​៣ ខែមិថុនា កន្លងទៅ អាជ្ញាធរ​ហៅ​ជំនួប​នោះ​ថា ជា​ការ​ជួបជុំ​ដើម្បី​ណែនាំ តម្រង់​ទិស ក្រោយពី​ក្រុម​សហជីព​បាន​ធ្វើ​សកម្មភាព ដាក់​ញត្តិ​នៅ​តាម​ស្ថានទូត​នានា កាលពី​ថ្ងៃទី​១ ខែ​ឧសភា ជំរុញ​ឱ្យ​ស្ថានទូត​ប្រទេស​លោក​សេរី ជួយ​អន្តរាគមន៍​រក​ដំណោះស្រាយ​បញ្ហា​សហជីព​ឯករាជ្យ​នៅ​កម្ពុជា​រង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព និង​រំលោភសិទ្ធិ​ការងារ​ពី​និយោជក។

អ្នកស្រី​រំលឹក​ថា ក្នុង​ជំនួប​ជាង​៣​ម៉ោង​នោះ មន្ត្រី​សាលាក្រុង ដែល​ដឹកនាំ​អង្គប្រជុំ​ដោយ​អភិបាលរងក្រុង សុខ ពេញវុធ បាន​សួរនាំ​ពាក់ព័ន្ធ​ថា ហេតុអ្វី​បាន ជា​ក្រុម​សហជីព​ទាំងនោះ មិន​ដាក់​លិខិតស្នើ​សុំ​ពី សាលាក្រុង​ភ្នំពេញ ហើយ​លោក​ចោទ​ថា ការ​មិន​ស្នើសុំ​នេះ​ជា​ទង្វើ​ខុសច្បាប់ និង​ព្រមាន​ថា ប្រសិនបើ​មាន​សកម្មភាព​បែបនេះ​ទៀត នឹង​ត្រូវ​ប្រឈម​នឹង​មុខ​ច្បាប់​។ ប៉ុន្តែ ភ្លាមៗ​នោះ​អ្នកស្រី​ថា ក្រុម​តំណាង​សហជីព​បាន​ឆ្លើយតប ដោយ​រៀបរាប់​ថា ពួកគាត់​បាន​ដាក់​លិខិត​ជូនដំណឹង​ទៅ​កាន់​ក្រសួង​ការងារ​រួចហើយ ដូច្នេះ​ការ​ដាក់​លិខិតស្នើ​សុំ​ពី​សាលាក្រុង​ពុំ​ចាំបាច់​នោះ​ទេ ព្រោះ​សកម្មភាព​ទាំងនោះ មិនមែន​ជា សកម្មភាព​បាតុកម្ម។

ទោះជា​យ៉ាងណា​អ្នកការពារ​សិទ្ធិ​កម្មករ​រូប​នេះ សង្កេតឃើញ​ថា ជំនួប​ជាមួយ​មន្ត្រី​សាលាក្រុង​ភ្នំពេញ គឺជា​រូបភាព​នៃ​ការ​គំរាមកំហែង​បែប​ប្រយោល និង​ជា​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​នៃ​ការ​ជួបជុំ​របស់​អង្គការ​សង្គម​ស៊ីវិល និង​ក្រុម​សហជីព​។ អ្នកស្រី ហួត​ចិត្ត ដែល​អាជ្ញាធរ​ក្រុងភ្នំពេញ​មិន​អើពើ​រក​ដំណោះស្រាយ​បញ្ហា​ដែល​មាន​នៅក្នុង​ញត្តិ ប៉ុន្តែ​បែរជា​មក​ចាប់កំហុស តំណាង​សហជីព ដោយ​គ្រាន់តែ មិនបាន ដាក់​លិខិត​ស្នើសុំ ការអនុញ្ញាត​ពី​សាលាក្រុង​។ បន្ថែម​ពីលើ​នោះ អ្នកស្រី​ថា កន្លងមក បើ​ទោះបី​ជា ក្រុម​សហជីព ធ្លាប់​បាន​ដាក់​លិខិត​ស្នើសុំ​ពី​សាលាក្រុង និង​លិខិត​អញ្ជើញ​ផ្សេងៗ ក៏​មន្ត្រី​សាលាក្រុង ក៏​មិនដែល​សហការ​នោះ​ដែរ ក្រោម​ហេតុផល​ផ្សេងៗ។

អ្នកស្រី អ៊ូ ទេពផល្លីន៖ «មានការ​និយាយ​ច្រើន រហូតដល់​មាន​ការ​មិន​ទទួល​ស្គាល់​សមាសភាព ដែល​កម្មករ​និយោជិក​បោះឆ្នោត​ឱ្យ​ថា មិន​មាន​ការចុះបញ្ជី​ត្រឹមត្រូវ អ៊ីចឹង​គេ​មិន​ទទួលស្គាល់​សហជីព​ដែល​ស្របច្បាប់ ដូចដែល​ក្រុម​ពួក​យើង​ដែល​ចូលរួម​នោះ​ទេ។ អ៊ីចឹង​យើង​មើល​ឃើញ​ថា​អាជ្ញាធរ ហាក់ដូចជា​ប្រើប្រាស់​អំណាច​ជា​ប្រព័ន្ធ​ថា ទាល់តែ​បែបនេះ​បែប​នោះ​ទើប​ត្រឹមត្រូវ ។​អ៊ីចឹង​យើង​មើល​ឃើញ​ថា ការរំលោភ​សិទ្ធិ​ប្រជាពលរដ្ឋ​កម្មករ​ជា​ប្រព័ន្ធ​តែ​ម្នាក់ ហើយ​យើង​បារម្ភ​ណាស់»។

កាល​ពី​ថ្ងៃទី​១ ខែ​ឧសភា ក្រុម​សហជីព និង​អង្គការ​សង្គម​ស៊ីវិល ជាង​៣០​ស្ថាប័ន បាន​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២០២៦ ក្រោម​ប្រធានបទ​ស្ដារ​ឡើងវិញ និង​កែទម្រង់ ឧបសគ្គ​នានា​ដែល​រារាំង​ដល់​ការអនុវត្ត​សេរីភាព​របស់​សហជីព ដែល​មាន​អ្នកចូលរួម​ជាង​៣០០​នាក់ ដោយ​បាន​ប្រមូល​ផ្តុំគ្នា នៅ​មាត់ទន្លេ​ទល់មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដើម្បី​ដើរ​ដង្ហែ​ក្បួន​ដាក់​ញត្តិ នៅ​តាម​បណ្ដា​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ។

ខ្លឹមសារ​នៅក្នុង​ញត្តិ​នោះ មាន​ចំនួន​៨​ចំណុច ដូចជា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដី​អំពី​សហជីព ដើម្បី​ធានា​ការពារ​សិទ្ធិ​កម្មករ និយោជិក ឱ្យ​បាន​ពេញលេញ ស្រប​តាម​ច្បាប់ សហជីព និង​សិទ្ធិ ក្នុង​ការចរចា​បង្កើត​តុលាការ​ការងារ​ឯករាជ្យ សម្រាប់​ដោះស្រាយ​វិវាទ​ការងារ និង​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព គំរាមកំហែង គាបសង្កត់ ឬ រើសអើង​ណាមួយ​ប្រឆាំង​នឹង​អ្នក​រៀបចំ​បង្កើត សហជីព​ឯករាជ្យ​នៅ​កម្ពុជា​ជាដើម។

ទោះជា​បែបនេះ​ក្ដី ក្រោយពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​បាន​ដើរ​ដាក់​ញត្តិ​បាន​១​ខែ មក​សាលាក្រុង​ភ្នំពេញ មិន​សប្បាយចិត្ត​ចំពោះ​ការ​ប្រមូល​ម្ដុំ​របស់​ពួកគាត់​នោះ​ទេ ហើយ​ថែមទាំង​ចេញ​លិខិត​កោះហៅ ដើម្បី​ជួប​ជាមួយ​តំណាងៗ ដើម្បី​ណែនាំ និង​គំរាមកំហែង មិន​ឱ្យធ្វើ​សកម្មភាព​បែបនេះ​ទៀត ដរាបណា​គ្មាន​ការអនុញ្ញាត​ពី​សាលាក្រុង​ភ្នំពេញ​ជាមុន។

អនុប្រធាន​សហព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ីខៅឌូ លោក អាត់ ធន់ ដែល​បាន​ចូលរួម​ក្នុង​ជំនួប​ពិភាក្សា ជាមួយ​មន្ត្រី សាលាក្រុង កាលពី​ថ្ងៃទី​៣ ខែមិថុនា​ដែរ​នោះ យល់​ឃើញ​ថា ការ​កោះហៅ​ទៅ​ជួប​នោះ អភិបាល​រងក្រុង លោក សុខ ពេញវុធ បាន​បញ្ជាក់​ច្បាស់​គឺ​ហៅ​មក ដើម្បី​ណែនាំ​តំណាង​សហជីព​ទាំងនោះ ជុំវិញ​ការ​ធ្វើ​សកម្មភាព​ដាក់​ញត្តិ មិន​បាន​ស្នើសុំ​ការអនុញ្ញាត​ពី​សាលាក្រុង។ លោក​ថា ការណែនាំ​ទាំងនោះ​អាជ្ញាធរ​បាន​សង្កត់​ធ្ងន់​ឱ្យ​តំណាង សហជីព​ត្រូវ​គោរព​តាម​លក្ខខណ្ឌ សាលាក្រុង​ដែល​តម្រូវ​ឱ្យ​ស្នើសុំ​ច្បាប់​ជាមុន ដោយ​អាជ្ញាធរ​ចោទ​ថា សកម្មភាព​ទាំងនោះ ជា​សកម្ម​បាតុកម្ម​ខុសច្បាប់។

លោក អាត់ ធន់៖ «ការ​ហៅ​នេះ​ចង់​មិន​ចង់​វា​គឺជា​រូបភាព​មួយ​ហៅ​ទៅ​ដើម្បី​ណែនាំ ព្រោះ​ការ​ហៅ​ក្រោយ​ព្រឹត្តិការណ៍​ហ្នឹង​។ ហើយ​ជាក់ស្ដែង​នៅក្នុង​កំណត់​ហេតុ​ដែល​ខាង​សាលា​រាជធានី​បាន​បញ្ជាក់ គឺ​សាលា​រាជធានី​ភ្នំពេញ បាន​ណែនាំ ដូច​ចំណុច​ដែល​មាន​ស្រាប។ ណែនាំ​ឱ្យ​យើង​ត្រូវ អនុវត្ត​ទៅតាម​ច្បាប់ ត្រូវ​ជូនដំណឹង ហើយ​បើ​មិន​ធ្វើតាម​នោះ ត្រូវ​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់ ។ បើ​យើង​និយាយ​ពី​ទិដ្ឋភាព​មួយទៀត គឺជា​ការ​ដាក់​សម្ពាធ មក​លើ​ចលនា​សហជីព​ហ្នឹងហើយ»។

ទូរទស្សន៍​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង ដើម្បី​ឆ្លើយតប​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​៥ ខែ​មិថុនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នកទទួល។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក នី សុខា យល់ថា ការ​ដើរ​ដាក់​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​កន្លងមក​គឺជា​រឿង​ត្រឹមត្រូវ ហើយ​គ្មាន​សកម្មភាព​ណាមួយ​ដែល​ខុស​ទៅ​នឹង​ច្បាប់ ស្ដីពី​ការ​ជួបជុំ មតិ​ដោយ​សន្តិវិធី​នោះ​ឡើយ​។ លោក​សោកស្ដាយ ដែល​អាជ្ញាធរ​ហៅ​តំណាងៗ​សហជីព និង​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ទៅ​ណែនាំ និង ដាក់​សម្ពាធ​ផ្សេងៗ ដែល​បង្ហាញថា​ជា​ការ រឹតត្បិត​ផ្នែក​សិទ្ធិ​សេរីភាព អង្គការ​សង្គម​ស៊ីវិល។

លោក​បន្ត​ថា នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ ការចូលរួម​សម្ដែង​មតិ ប្រកបដោយ​សេរី និង​គ្មាន​ការ​រឹតត្បិត ពី​សំណាក់​អាជ្ញាធរ​ពាក់ព័ន្ធ គឺជា​ចំណុច​ស្នូល​នៃ លទ្ធិប្រជាធិបតេយ្យ​។ ដូច្នេះ លោក​ថា កម្ពុជា​គួរតែ​ដល់ពេល​ហើយ ក្នុង​ការ​ស្ដារ​នូវ​លទ្ធិប្រជាធិបតេយ្យ បើក​លំហ​ឱ្យ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​សំណាក់​ពលរដ្ឋ សង្គម​ស៊ីវិល សហជីព និង​អ្នកនយោបាយ​គ្រប់​និន្នាការ ក្នុង​ការ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌ និង​លើកកម្ពស់​ការ​អភិវឌ្ឍ​​ប្រទេសជាតិ​ប្រកបដោយ​ភាព​ថ្លៃថ្នូរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ