

មន្ត្រីសង្គមស៊ីវិល និងក្រុមសហជីពសោកស្ដាយដែលអាជ្ញាធរក្រុងភ្នំពេញហៅទៅព្រមានរឿងដាក់ញត្តិនៅតាមស្ថានទូតបរទេស កន្លងទៅថាជាទង្វើ«ខុសច្បាប់» ក្រោយពីពួកគាត់មិនបានសុំការអនុញ្ញាតពី សាលាក្រុងជាមុន។ មន្ត្រីសង្គមស៊ីវិលចាត់ទុកការគំរាមកំហែងរបស់អាជ្ញាធរនេះ ថាជារឿងខ្ជះខ្ជាយពេលឥតប្រយោជន៍ ហើយជារូបភាពនៃការរឹតត្បិតសិទ្ធិសេរីភាពមកលើអង្គការសង្គមស៊ីវិល និងសហជីព។
ជិតឆ្នាំ១០ហើយ ចាប់តាំងពីគណបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល រំលាយចោល និងបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើនមក សេរីភាពនៃការប្រមូលម្ដុំគ្នា របស់អង្គការសង្គមស៊ីវិល សហជីព និង សកម្មជនសិទ្ធិមនុស្ស ជាដើមកាន់តែរួមតូច ក្រោយពីអាជ្ញាធរក្រុងភ្នំពេញ តែងតែហាមឃាត់មិនឱ្យជួបជុំគ្នាសម្ដែងមតិ ឬទាមទារតាមទីសាធារណៈផ្សេងៗ ។ អ្នករិះគន់ថា ទង្វើរបស់អាជ្ញាធរធ្វើនេះ ហាក់មិនស្របជាមួយស្មារតីនៃការដឹកនាំតាមបែប លទ្ធិប្រជាធិបតេយ្យនោះទេ តែជារបៀបដឹកនាំតាមបែប«ផ្ដាច់ការ»។
ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) អ្នកស្រី អ៊ូ ទេពផល្លីន ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៥ មិថុនាថា ជំនួបរវាងអាជ្ញាធរក្រុងភ្នំពេញ និងសហជីព កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ អាជ្ញាធរហៅជំនួបនោះថា ជាការជួបជុំដើម្បីណែនាំ តម្រង់ទិស ក្រោយពីក្រុមសហជីពបានធ្វើសកម្មភាព ដាក់ញត្តិនៅតាមស្ថានទូតនានា កាលពីថ្ងៃទី១ ខែឧសភា ជំរុញឱ្យស្ថានទូតប្រទេសលោកសេរី ជួយអន្តរាគមន៍រកដំណោះស្រាយបញ្ហាសហជីពឯករាជ្យនៅកម្ពុជារងការរឹតត្បិតសិទ្ធិសេរីភាព និងរំលោភសិទ្ធិការងារពីនិយោជក។
អ្នកស្រីរំលឹកថា ក្នុងជំនួបជាង៣ម៉ោងនោះ មន្ត្រីសាលាក្រុង ដែលដឹកនាំអង្គប្រជុំដោយអភិបាលរងក្រុង សុខ ពេញវុធ បានសួរនាំពាក់ព័ន្ធថា ហេតុអ្វីបាន ជាក្រុមសហជីពទាំងនោះ មិនដាក់លិខិតស្នើសុំពី សាលាក្រុងភ្នំពេញ ហើយលោកចោទថា ការមិនស្នើសុំនេះជាទង្វើខុសច្បាប់ និងព្រមានថា ប្រសិនបើមានសកម្មភាពបែបនេះទៀត នឹងត្រូវប្រឈមនឹងមុខច្បាប់។ ប៉ុន្តែ ភ្លាមៗនោះអ្នកស្រីថា ក្រុមតំណាងសហជីពបានឆ្លើយតប ដោយរៀបរាប់ថា ពួកគាត់បានដាក់លិខិតជូនដំណឹងទៅកាន់ក្រសួងការងាររួចហើយ ដូច្នេះការដាក់លិខិតស្នើសុំពីសាលាក្រុងពុំចាំបាច់នោះទេ ព្រោះសកម្មភាពទាំងនោះ មិនមែនជា សកម្មភាពបាតុកម្ម។
ទោះជាយ៉ាងណាអ្នកការពារសិទ្ធិកម្មកររូបនេះ សង្កេតឃើញថា ជំនួបជាមួយមន្ត្រីសាលាក្រុងភ្នំពេញ គឺជារូបភាពនៃការគំរាមកំហែងបែបប្រយោល និងជាការរឹតត្បិតសិទ្ធិសេរីភាពនៃការជួបជុំរបស់អង្គការសង្គមស៊ីវិល និងក្រុមសហជីព។ អ្នកស្រី ហួតចិត្ត ដែលអាជ្ញាធរក្រុងភ្នំពេញមិនអើពើរកដំណោះស្រាយបញ្ហាដែលមាននៅក្នុងញត្តិ ប៉ុន្តែបែរជាមកចាប់កំហុស តំណាងសហជីព ដោយគ្រាន់តែ មិនបាន ដាក់លិខិតស្នើសុំ ការអនុញ្ញាតពីសាលាក្រុង។ បន្ថែមពីលើនោះ អ្នកស្រីថា កន្លងមក បើទោះបីជា ក្រុមសហជីព ធ្លាប់បានដាក់លិខិតស្នើសុំពីសាលាក្រុង និងលិខិតអញ្ជើញផ្សេងៗ ក៏មន្ត្រីសាលាក្រុង ក៏មិនដែលសហការនោះដែរ ក្រោមហេតុផលផ្សេងៗ។
អ្នកស្រី អ៊ូ ទេពផល្លីន៖ «មានការនិយាយច្រើន រហូតដល់មានការមិនទទួលស្គាល់សមាសភាព ដែលកម្មករនិយោជិកបោះឆ្នោតឱ្យថា មិនមានការចុះបញ្ជីត្រឹមត្រូវ អ៊ីចឹងគេមិនទទួលស្គាល់សហជីពដែលស្របច្បាប់ ដូចដែលក្រុមពួកយើងដែលចូលរួមនោះទេ។ អ៊ីចឹងយើងមើលឃើញថាអាជ្ញាធរ ហាក់ដូចជាប្រើប្រាស់អំណាចជាប្រព័ន្ធថា ទាល់តែបែបនេះបែបនោះទើបត្រឹមត្រូវ ។អ៊ីចឹងយើងមើលឃើញថា ការរំលោភសិទ្ធិប្រជាពលរដ្ឋកម្មករជាប្រព័ន្ធតែម្នាក់ ហើយយើងបារម្ភណាស់»។
កាលពីថ្ងៃទី១ ខែឧសភា ក្រុមសហជីព និងអង្គការសង្គមស៊ីវិល ជាង៣០ស្ថាប័ន បានប្រារព្ធទិវាពលកម្មអន្តរជាតិឆ្នាំ២០២៦ ក្រោមប្រធានបទស្ដារឡើងវិញ និងកែទម្រង់ ឧបសគ្គនានាដែលរារាំងដល់ការអនុវត្តសេរីភាពរបស់សហជីព ដែលមានអ្នកចូលរួមជាង៣០០នាក់ ដោយបានប្រមូលផ្តុំគ្នា នៅមាត់ទន្លេទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីដើរដង្ហែក្បួនដាក់ញត្តិ នៅតាមបណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យ។
ខ្លឹមសារនៅក្នុងញត្តិនោះ មានចំនួន៨ចំណុច ដូចជាជំរុញឲ្យរដ្ឋាភិបាលធ្វើវិសោធនកម្មច្បាប់ស្ដីអំពីសហជីព ដើម្បីធានាការពារសិទ្ធិកម្មករ និយោជិក ឱ្យបានពេញលេញ ស្របតាមច្បាប់ សហជីព និងសិទ្ធិ ក្នុងការចរចាបង្កើតតុលាការការងារឯករាជ្យ សម្រាប់ដោះស្រាយវិវាទការងារ និងបញ្ឈប់ជាបន្ទាន់រាល់សកម្មភាព គំរាមកំហែង គាបសង្កត់ ឬ រើសអើងណាមួយប្រឆាំងនឹងអ្នករៀបចំបង្កើត សហជីពឯករាជ្យនៅកម្ពុជាជាដើម។
ទោះជាបែបនេះក្ដី ក្រោយពីក្រុមអង្គការសង្គមស៊ីវិល និងសហជីពបានដើរដាក់ញត្តិបាន១ខែ មកសាលាក្រុងភ្នំពេញ មិនសប្បាយចិត្តចំពោះការប្រមូលម្ដុំរបស់ពួកគាត់នោះទេ ហើយថែមទាំងចេញលិខិតកោះហៅ ដើម្បីជួបជាមួយតំណាងៗ ដើម្បីណែនាំ និងគំរាមកំហែង មិនឱ្យធ្វើសកម្មភាពបែបនេះទៀត ដរាបណាគ្មានការអនុញ្ញាតពីសាលាក្រុងភ្នំពេញជាមុន។
អនុប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ លោក អាត់ ធន់ ដែលបានចូលរួមក្នុងជំនួបពិភាក្សា ជាមួយមន្ត្រី សាលាក្រុង កាលពីថ្ងៃទី៣ ខែមិថុនាដែរនោះ យល់ឃើញថា ការកោះហៅទៅជួបនោះ អភិបាលរងក្រុង លោក សុខ ពេញវុធ បានបញ្ជាក់ច្បាស់គឺហៅមក ដើម្បីណែនាំតំណាងសហជីពទាំងនោះ ជុំវិញការធ្វើសកម្មភាពដាក់ញត្តិ មិនបានស្នើសុំការអនុញ្ញាតពីសាលាក្រុង។ លោកថា ការណែនាំទាំងនោះអាជ្ញាធរបានសង្កត់ធ្ងន់ឱ្យតំណាង សហជីពត្រូវគោរពតាមលក្ខខណ្ឌ សាលាក្រុងដែលតម្រូវឱ្យស្នើសុំច្បាប់ជាមុន ដោយអាជ្ញាធរចោទថា សកម្មភាពទាំងនោះ ជាសកម្មបាតុកម្មខុសច្បាប់។
លោក អាត់ ធន់៖ «ការហៅនេះចង់មិនចង់វាគឺជារូបភាពមួយហៅទៅដើម្បីណែនាំ ព្រោះការហៅក្រោយព្រឹត្តិការណ៍ហ្នឹង។ ហើយជាក់ស្ដែងនៅក្នុងកំណត់ហេតុដែលខាងសាលារាជធានីបានបញ្ជាក់ គឺសាលារាជធានីភ្នំពេញ បានណែនាំ ដូចចំណុចដែលមានស្រាប។ ណែនាំឱ្យយើងត្រូវ អនុវត្តទៅតាមច្បាប់ ត្រូវជូនដំណឹង ហើយបើមិនធ្វើតាមនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ បើយើងនិយាយពីទិដ្ឋភាពមួយទៀត គឺជាការដាក់សម្ពាធ មកលើចលនាសហជីពហ្នឹងហើយ»។
ទូរទស្សន៍អាស៊ីសេរីពុំអាចទាក់ទងអភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៥ ខែមិថុនា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា ការដើរដាក់ញត្តិរបស់ក្រុមអង្គការសង្គមស៊ីវិល និងសហជីពកន្លងមកគឺជារឿងត្រឹមត្រូវ ហើយគ្មានសកម្មភាពណាមួយដែលខុសទៅនឹងច្បាប់ ស្ដីពីការជួបជុំ មតិដោយសន្តិវិធីនោះឡើយ។ លោកសោកស្ដាយ ដែលអាជ្ញាធរហៅតំណាងៗសហជីព និងអង្គការសង្គមស៊ីវិលទាំងនោះទៅណែនាំ និង ដាក់សម្ពាធផ្សេងៗ ដែលបង្ហាញថាជាការ រឹតត្បិតផ្នែកសិទ្ធិសេរីភាព អង្គការសង្គមស៊ីវិល។
លោកបន្តថា នៅក្នុងប្រទេសប្រជាធិបតេយ្យ ការចូលរួមសម្ដែងមតិ ប្រកបដោយសេរី និងគ្មានការរឹតត្បិត ពីសំណាក់អាជ្ញាធរពាក់ព័ន្ធ គឺជាចំណុចស្នូលនៃ លទ្ធិប្រជាធិបតេយ្យ។ ដូច្នេះ លោកថា កម្ពុជាគួរតែដល់ពេលហើយ ក្នុងការស្ដារនូវលទ្ធិប្រជាធិបតេយ្យ បើកលំហឱ្យមានការចូលរួមយ៉ាងសកម្មពីសំណាក់ពលរដ្ឋ សង្គមស៊ីវិល សហជីព និងអ្នកនយោបាយគ្រប់និន្នាការ ក្នុងការប្រឆាំងនឹងអំពើអយុត្តិធម៌ និងលើកកម្ពស់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយភាពថ្លៃថ្នូរ៕









