សង្គម​ស៊ីវិល​ជិត​៥០ ថ្កោលទោស​ការ​ផ្តន្ទាទោស​យុវជន ធី ថន ឱ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ ដោយ​ចាត់​ទុក​ជា «​ទណ្ឌកម្ម​ធ្ងន់ធ្ងរ»

0
76
សកម្មជនសង្គម លោក ធី ថន និងជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ រូប៖ បណ្ដាញសង្គម
សកម្មជនសង្គម លោក ធី ថន និងជា​ប្រធាន​ស្ដីទី នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ។ រូប៖ បណ្ដាញសង្គម

សង្គម​ស៊ីវិល​ក្នុងស្រុក​ជិត ៥០ ស្ថាប័ន ហៅ​ការ​ផ្តន្ទាទោស​យុវជន ធី ថន ឱ្យ​ជាប់ពន្ធនាគារ​៧​ឆ្នាំ ពី​បទ​រួមគំនិត​ក្បត់ ជា​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​យុវជន​សកម្ម​បញ្ហា​សង្គម​។ ពួកគេ​សម្តែង​ការ​សោកស្តាយ​ជា​ខ្លាំង​ចំពោះ​ការ​ផ្តន្ទាទោស​នេះ និង​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទប្រកាន់ និង​ដោះលែង​យុវជន ធី ថន ដោយ​គ្មាន​លក្ខខណ្ឌ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម នៅ​ថ្ងៃទី​៧ កញ្ញា សង្គម​ស៊ីវិល​ជិត ៥០ រួមមាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​លីកាដូ សមាគម​អាដហុក សហព័ន្ធ​សហជីព និង​សហគមន៍​ដីធ្លី​ជាដើម អះអាង​ថា យុវជន ធី ថន គឺជា​សកម្មជន​សង្គម​មួយ​រូប ដែល​បាន​ចូលរួម​ក្នុង​កិច្ច​ការងារ​សង្គម និង​សកម្មភាព​ការពារ​បរិស្ថាន​ជាច្រើន ដូចជា​ការ​ស្នើ​សុំ​ឱ្យ​ដោះលែង​ថ្នាក់ដឹកនាំ​សហជីព​លោក រ៉ុង ឈុន សកម្មជន យុវជន​ទាំង​៥​រូប នៃ​ចលនា​មាតា​ធម្មជាតិ ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ និង​ចូលរួម​ក្នុង​យុទ្ធនាការ​របស់​ចលនា​មាតា​ធម្មជាតិ​ក្នុង​ការ​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ បញ្ឈប់​ការ​បូម​ខ្សាច់ យុទ្ធនាការ​ស្នើសុំ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ ព្រមទាំង​ចូលរួម​ក្នុង​ការ​អប់រំ និង​ផ្សព្វផ្សាយ​អំពី​សិទ្ធិ​ពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ​ជាដើម។

ពួកគេ​ចាត់ទុក​ការ​ផ្តន្ទាទោស​យុវជន ធី ថន នៅពេល​នេះ គឺជា​ការ​ដាក់ទោស​ដោយ​មិន​ត្រឹមត្រូវ និង​អយុត្តិធម៌​យ៉ាង​ខ្លាំង ទោះបីជា​នៅក្នុង​អំឡុង​ពេល​សវនាការ​សាធារណៈ តុលាការ​ហាក់​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​ក្នុង​ការ​ដាក់បន្ទុក​លើ​យុវជន​រូប​នេះ ពាក់ព័ន្ធ​នឹង​បទ​ចោទ រួមគំនិត​ក្បត់ ក៏ដោយ​។ ពួកគេ​យល់ថា ការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​នេះ គឺ​មិន​គួរ​ធ្វើឡើង​ចំពោះ​ពលរដ្ឋ​ទាំងអស់​ដែល​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ​ដែល​ប្រទេស​កម្ពុជា​ទទួលស្គាល់ ក្នុង​ការ​បញ្ចេញ​នូវ​ទស្សនៈ មតិ យោបល់ ចំពោះ​បញ្ហា​ដែល​កើតមានឡើង​នៅក្នុង​សង្គម​នោះ​ឡើយ។

ពួកគេ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិ​របស់​ពលរដ្ឋ ហើយ​ថា​ភាព​សកម្ម​និយម​ចំពោះ​កិច្ចការពារបរិស្ថាន និង​សង្គម​មិនមែន​ជា​បទឧក្រិដ្ឋ​នោះ​ទេ ប៉ុន្តែ​គឺជា​ការអនុវត្ត​សិទ្ធ​ជា​មូលដ្ឋាន​។ ពួកគេ​ថា​គ្រប់​សកម្មជន​ទាំងអស់​មាន​សិទ្ធិ​បញ្ចេញមតិ យោបល់ ទស្សនៈ និង​ធ្វើ​សកម្ម​ភាពជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​។ ពួកគេ​អំពាវនាវ​ដល់​តុលាការ​ឱ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​ទាំងអស់ និង​ដោះលែង​យុវជន ធី ថន និង​សកម្មជន​សិទ្ធិមនុស្ស បរិស្ថាន និង​សង្គម​ដទៃទៀត ដោយ​ឥត​លក្ខខណ្ឌ បញ្ឈប់​ការ​ធ្វើ​ទុក្ខបុក​ម្នេញ ហើយ​និង​ធានា​ថា សកម្មជន​សិទ្ធិ​មនុស្ស សកម្មជន​បរិស្ថាន និង​សង្គម សកម្មជន​ព្រៃឈើ និង​ប្រជាពលរដ្ឋ មាន​លំហ​សេរីភាព​ពេញលេញ ក្នុង​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន ក្នុង​ការ​បញ្ចេញមតិ ប្រមូល​ផ្តុំ និង​ជួបជុំ។

យុវជន ធី ថន អាយុ ២៥ ឆ្នាំ ដែល​ជា​អនុប្រធាន​នៃ​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន កាលពី​ខែសីហា ឆ្នាំ​២០២៤ ពាក់ព័ន្ធ​ព្រឹត្តិការណ៍​នៃ​សកម្មភាព​រិះគន់ និង​តវ៉ា​ជា​សាធារណៈ ជាពិសេស​តាម​បណ្ដាញ​សង្គម ជំទាស់​នឹង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នៃ​តំបន់​ត្រី កោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) ហើយ​ដែល​ក្រោយមក​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​នេះ ដោយសារ​មានការ​តវ៉ា​ពី​ពលរដ្ឋ​។ សង្គម​ស៊ីវិល​ឱ្យ​ដឹង​ថា យុវជន ធី ថន ស្ថិត​ក្នុង​ចំណោម​មនុស្ស​ជាង ៦០​នាក់ ដែល​ត្រូវ​បាន​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន ពាក់ព័ន្ធ​ព្រឹត្តិការណ៍​ជំទាស់​នឹង​កិច្ចព្រមព្រៀង​មួយ​នេះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ