តុលាការ​ខេត្ត​ព្រះសីហនុ​ចោទប្រកាន់​ជនសង្ស័យ ៣​នាក់​ករណី​ដឹកជញ្ជូន​គ្រឿងញៀន​ជាង ១​តោន

0
60
អាជ្ញាធរគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបង្ហាញសកម្មភាពបង្ក្រាបគ្រឿងញៀន។ រូប​នគរបាលជាតិ
អាជ្ញាធរគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិបង្ហាញសកម្មភាពបង្ក្រាបគ្រឿងញៀន។ រូប​នគរបាលជាតិ

តុលាការខេត្ត​ព្រះសីហនុ​សម្រេច​ចោទប្រកាន់ និង​ឃុំខ្លួន​ជនសង្ស័យ​ជនជាតិ​ខ្មែរ​ចំនួន ៣​នាក់​ពាក់ព័ន្ធ​សំណុំរឿង​ដឹកជញ្ជូន​គ្រឿងញៀន​ទម្ងន់​ជាង ១​តោន​។ អ្នកឃ្លាំមើល​បញ្ហា​សង្គម​បារម្ភ​ចំពោះ​ការ​បន្ត​ហូរ​ចូល​គ្រឿងញៀន​ក្នុង​បរិមាណ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មក​កម្ពុជា និង​ចាត់ទុកថា ការ​ជួញដូរ និង​ដឹកជញ្ជូន​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​បែបនេះ ប្រសិនបើ​គ្មាន​ការ​ឃុបឃិត ឬ​ការ​បើកដៃ​ពី​មន្ត្រី​ពុករលួយ​មួយចំនួន​ទេ បណ្ដាញ​ឧក្រិដ្ឋជន​ក៏​មិនអាច​នាំចូល​គ្រឿងញៀន​ចូល​កម្ពុជា​បាន​ឡើយ។

ក្រៅពី​ការចោទប្រកាន់ និង​ឃុំខ្លួន​ជនសង្ស័យ ៣​នាក់ តុលាការ​ខេត្ត​ព្រះសីហនុ​ក៏​បាន​កំណត់​មុខសញ្ញា និង​ចេញ​ដីកា​បង្គាប់​ឱ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​បក្ខពួក​ជាច្រើន​នាក់​ទៀត​ដែល​មាន​ទាំង​ជនជាតិ​ខ្មែរ ចិន និង​តៃវ៉ាន់ កំពុង​រត់គេច​ខ្លួន​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដឹកជញ្ជូន​គ្រឿងញៀន​ទម្ងន់​ជាង ១​តោន​ចូល​មក​កម្ពុជា។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​តុលាការខេត្ត​ព្រះសីហនុ​កាលពី​ថ្ងៃទី​៤ ខែមិថុនា ឱ្យដឹង​ថា ជនសង្ស័យ ៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​បាន​នៅ​តាម​ទីតាំង​ផ្សេងៗ​គ្នា​កាលពី​អំឡុង​ថ្ងៃទី​២៤ និង​ថ្ងៃទី​២៥ ខែ​ឧសភា បន្ទាប់​សមត្ថកិច្ច​បាន​កំណត់​ទីតាំង​លាក់​គ្រឿងញៀន​របស់​ជនសង្ស័យ​នៅ​ចំណុច​កោះ​ថាស ក្នុង​ខេត្ត​ព្រះសីហនុ​។ ប្រភព​ដដែល​បញ្ជាក់​ថា ប្រតិបត្តិ​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​នេះ​ធ្វើឡើង​បន្ទាប់ពី​កម្លាំង​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​នៃ​ក្រសួងមហាផ្ទៃ​បាន​ទទួល​ព័ត៌មាន​ដោយ​ទីភ្នាក់ងារ​សម្ងាត់​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​សហរដ្ឋអាមេរិក ឬ​ហៅ​កាត់​ថា ឌី អ៊ី អេ (DEA) រាយការណ៍​ពី​សកម្មភាព​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​មួយ​ក្រុម​ដែល​ចរាចរណ៍​ដឹកជញ្ជូន​គ្រឿងញៀន​ឆ្លងកាត់​ទឹកដី​កម្ពុជា​-​ឡាវ ដើម្បី​បន្ត​ទៅ​ប្រទេស​ទី​៣ តាម​ច្រក​លំហ​សមុទ្រ។

តុលាការខេត្ត​ព្រះសីហនុ បាន​ចោទប្រកាន់​ជនសង្ស័យ​ខ្មែរ ៣​នាក់ រួម​ទាំង​បក្ខពួក​មួយចំនួន​ទៀត​ដែល​កំពុង​គេចខ្លួន ពី​បទ​ដឹកជញ្ជូន​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ បទ​សមគំនិត​ក្នុង​ការ​ដឹកជញ្ជូន​សារធាតុ​ញៀន និង​បទ​សម្អាត​ប្រាក់​។ ការចោទប្រកាន់​នេះ​ផ្អែកលើ​មាត្រា ៤០ នៃ​ច្បាប់​ស្ដីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន មាត្រា ២៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ ខណៈ​សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​ជនសង្ស័យ​ផ្សេងទៀត​ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ។

ទាក់ទង​នឹង​រឿង​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់​ប្រកាស​ដោយ​ទទួលស្គាល់​ថា បញ្ហា​គ្រឿងញៀន អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ ការ​ជួញដូរ​មនុស្ស​គឺ​មាន​ភាព​ប្រទាក់ក្រឡា​គ្នា និង​កំពុង​បំផ្លាញ​ដល់​សេដ្ឋកិច្ច រួម​ទាំង​កេរ្តិ៍ឈ្មោះ​មុខមាត់​ប្រទេសជាតិ​លើ​ឆាក​អន្តរជាតិ​។ លោក​បាន​ណែនាំ​ដល់​អាជ្ញាធរ ជាពិសេស​មន្ត្រី​នៅ​តាម​ព្រំដែន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ដៃគូ​អន្តរជាតិ និង​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​លើ​ការទប់ស្កាត់ និង​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋជន​ដែល​ដឹកជញ្ជូន​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ​នានា​ចូល​កម្ពុជា។

អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ឱ្យ​ដឹង​ថា ពេញ​មួយឆ្នាំ​២០២៥ កន្លងទៅ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ជាង ១​ម៉ឺន ៧​រយ​ករណី ឃាត់ខ្លួន​ជនសង្ស័យ​ជិត ៣​ម៉ឺន​នាក់ ព្រមទាំង​រឹបអូស​បាន​គ្រឿងញៀន​ជិត ៦​តោន និង​សារ​ធាតុគីមី​ផ្សំ​ជាង ៤២​តោន និង​បាន​បិទ​ទីតាំង​អាជីវកម្ម ១២​កន្លែង។

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា ការ​ហូរ​ចូល​នៃ​គ្រឿងញៀន​ក្នុង​បរិមាណ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​មក​កម្ពុ​ជា​ជា​បន្តបន្ទាប់ កំពុង​ក្លាយជា​បញ្ហា​ធ្ងន់ធ្ងរ​គំរាមកំហែង​ដល់​សន្តិសុខ​សង្គម និង​បំផ្លាញ​អនាគត​យុវជន​ខ្មែរ​ដែល​ធ្លាក់ខ្លួន​ចូលក្នុង​អន្ទាក់​គ្រឿងញៀន​។ លោក​ចង់​ឃើញ​រដ្ឋាភិបាល និង​ស្ថាប័ន​អនុវត្ត​ច្បាប់​ពង្រឹង​ការទប់ស្កាត់ និង​បង្ក្រាប​បណ្ដាញ​ជួញដូរ​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព ព្រមទាំង​បើក​ការស៊ើបអង្កេត​ដោយ​តម្លាភាព​លើ​មេខ្លោង និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់​យក​មក​ផ្ដន្ទាទោស​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាមច្បាប់។

លោក សេក សុជាតិ៖ «បញ្ហា​គ្រឿងញៀន​នេះ​គឺ​មិនមែន​ជា​មុខរបរ​ដែល​រកស៊ី​បើកចំហ​ទេ ពោល​គឺ​វា​ជា​មុខរបរ​មួយ​ដែល​មាន​លក្ខណៈ​សម្ងាត់ វា​លុះត្រាតែ​មានការ​ឃុបឃិត​ទាំង​ខាងក្នុង និង​ខាងក្រៅ បើកដៃ​ឱ្យ​ពួក​ឈ្មួញ​ទុច្ចរិត​ទើប​នាំ​ចូល​មក​បាន ដូច្នេះហើយ​បញ្ហា​ទាំងអស់​នេះ​វា​គឺជា​បញ្ហា​ធំ​ដែល​ត្រូវ​កំណត់​ឱ្យ​បាន​ថា តើ​ភាគី​ដែល​ពាក់ព័ន្ធ​ហ្នឹង​មានអី​គេ​ខ្លះ ហើយ​បើសិនជា​យើង​មើល​តែមួយ​ជ្រុង​យើង​កំណត់​អត្តសញ្ញាណ​តែ​ជនល្មើស​ហើយ​មិនបាន​ពិនិត្យ​មើល​ថា តើ​អ្នក​ដែល​ពាក់ព័ន្ធ​នៅ​ខាងក្នុង​ជា​អ្នកណា អ៊ីចឹង​រឿងរ៉ាវ​ទាំងអស់​ហ្នឹង​គឺ​ពិបាក​នៅក្នុង​ការ​បង្ក្រាប​មែនទែន»។

លំហូរ​ចូល​គ្រឿងញៀន​ចូល​កម្ពុជា​ដោយ​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​ភាគច្រើន​គឺជា​ជនជាតិ​ចិន​មក​កម្ពុជា​ក្នុង​រយៈពេល​ជាង ៥​ឆ្នាំ​ចុង​ក្រោយនេះ​មាន​រូបភាព​កាន់តែ​អាក្រក់ ដោយសារតែ​ពួក​បណ្ដាញ​ឧក្រិដ្ឋជន​បាន​នាំ​ទាំង​គ្រឿងញៀន និង​សារ​ធាតុគីមី​ផ្សំ ដើម្បី​បើក​រោងចក្រ​ផលិត​លើទឹក​ដី​កម្ពុជា​តែម្ដង​។ ជាមួយ​គ្នា​នេះ​ដែរ ស្របពេល​បញ្ហា​គ្រឿងញៀន​នៅតែ​បន្ត​ចូល​កម្ពុជា​ទាំង​តោនៗ​នោះ​រដ្ឋាភិបាល​ក៏បាន​បរាជ័យ​ដោះស្រាយ​បញ្ហា​អំពើ​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ​នៅ​កម្ពុជា​កំពុង​រីកសាយ​ភាយ​ពេញ​ប្រទេស។

អង្គការសហប្រជាជាតិ (UN) និង​អ្នកជំនាញ​ផ្នែក​ឧក្រិដ្ឋកម្ម​អន្តរជាតិ​តែងតែ​បង្ហាញ​ក្ដី​កង្វល់ និង​វាយតម្លៃ​ថា ឧស្សាហកម្ម​ឆបោក​តាម​អនឡាញ គឺជា​បណ្ដុំ​នៃ​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​មាន​ការ​ផ្សារភ្ជាប់​គ្នា​ជាមួយ​បទល្មើស​ឧក្រិដ្ឋ​ផ្សេងទៀត​ដូចជា ការ​ជួញដូរ​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស ពលកម្ម​ដោយ​បង្ខំ ការ​លាង​លុយកខ្វក់ និង​អំពើ​ជួញដូរ​ផ្លូវភេទ​ជាដើម​។ អង្គការ​អន្តរជាតិ​ទាំងនេះ​តែងតែ​ទទូច​ឱ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ ពង្រឹង​ការទប់ស្កាត់ និង​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ទាំងនេះ​ដោយមាន​ប្រសិទ្ធភាព តាមរយៈ​ការ​លុបបំបាត់​អំពើពុករលួយ ការអនុវត្ត​ច្បាប់​ដោយ​តម្លាភាព និង​ការ​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់​លើ​មេខ្លោង និង​អ្នក​នៅ​ពីក្រោយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ធំៗ ដើម្បី​ធានា​សន្តិសុខ​សង្គម នីតិរដ្ឋ និង​ការពារ​សិទ្ធិ​ជនរងគ្រោះ​ទាំង​ក្នុង និង​ក្រៅប្រទេស៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ