

តុលាការខេត្តព្រះសីហនុសម្រេចចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យជនជាតិខ្មែរចំនួន ៣នាក់ពាក់ព័ន្ធសំណុំរឿងដឹកជញ្ជូនគ្រឿងញៀនទម្ងន់ជាង ១តោន។ អ្នកឃ្លាំមើលបញ្ហាសង្គមបារម្ភចំពោះការបន្តហូរចូលគ្រឿងញៀនក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់មកកម្ពុជា និងចាត់ទុកថា ការជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនទ្រង់ទ្រាយធំបែបនេះ ប្រសិនបើគ្មានការឃុបឃិត ឬការបើកដៃពីមន្ត្រីពុករលួយមួយចំនួនទេ បណ្ដាញឧក្រិដ្ឋជនក៏មិនអាចនាំចូលគ្រឿងញៀនចូលកម្ពុជាបានឡើយ។
ក្រៅពីការចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យ ៣នាក់ តុលាការខេត្តព្រះសីហនុក៏បានកំណត់មុខសញ្ញា និងចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចតាមចាប់ខ្លួនបក្ខពួកជាច្រើននាក់ទៀតដែលមានទាំងជនជាតិខ្មែរ ចិន និងតៃវ៉ាន់ កំពុងរត់គេចខ្លួនពាក់ព័ន្ធនឹងសំណុំរឿងដឹកជញ្ជូនគ្រឿងញៀនទម្ងន់ជាង ១តោនចូលមកកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់តុលាការខេត្តព្រះសីហនុកាលពីថ្ងៃទី៤ ខែមិថុនា ឱ្យដឹងថា ជនសង្ស័យ ៣នាក់ត្រូវបានសមត្ថកិច្ចឆ្មក់បង្ក្រាបបាននៅតាមទីតាំងផ្សេងៗគ្នាកាលពីអំឡុងថ្ងៃទី២៤ និងថ្ងៃទី២៥ ខែឧសភា បន្ទាប់សមត្ថកិច្ចបានកំណត់ទីតាំងលាក់គ្រឿងញៀនរបស់ជនសង្ស័យនៅចំណុចកោះថាស ក្នុងខេត្តព្រះសីហនុ។ ប្រភពដដែលបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំនេះធ្វើឡើងបន្ទាប់ពីកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃបានទទួលព័ត៌មានដោយទីភ្នាក់ងារសម្ងាត់អនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក ឬហៅកាត់ថា ឌី អ៊ី អេ (DEA) រាយការណ៍ពីសកម្មភាពបណ្ដាញជួញដូរគ្រឿងញៀនមួយក្រុមដែលចរាចរណ៍ដឹកជញ្ជូនគ្រឿងញៀនឆ្លងកាត់ទឹកដីកម្ពុជា-ឡាវ ដើម្បីបន្តទៅប្រទេសទី៣ តាមច្រកលំហសមុទ្រ។
តុលាការខេត្តព្រះសីហនុ បានចោទប្រកាន់ជនសង្ស័យខ្មែរ ៣នាក់ រួមទាំងបក្ខពួកមួយចំនួនទៀតដែលកំពុងគេចខ្លួន ពីបទដឹកជញ្ជូនសារធាតុញៀនដោយខុសច្បាប់ បទសមគំនិតក្នុងការដឹកជញ្ជូនសារធាតុញៀន និងបទសម្អាតប្រាក់។ ការចោទប្រកាន់នេះផ្អែកលើមាត្រា ៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ ខណៈសមត្ថកិច្ចកំពុងបន្តស្វែងរកជនសង្ស័យផ្សេងទៀតដែលជាប់ពាក់ព័ន្ធក្នុងសំណុំរឿងនេះ។
ទាក់ទងនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់ប្រកាសដោយទទួលស្គាល់ថា បញ្ហាគ្រឿងញៀន អំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ការជួញដូរមនុស្សគឺមានភាពប្រទាក់ក្រឡាគ្នា និងកំពុងបំផ្លាញដល់សេដ្ឋកិច្ច រួមទាំងកេរ្តិ៍ឈ្មោះមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ។ លោកបានណែនាំដល់អាជ្ញាធរ ជាពិសេសមន្ត្រីនៅតាមព្រំដែនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ និងអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើការទប់ស្កាត់ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជនដែលដឹកជញ្ជូនគ្រឿងញៀន និងសារធាតុគីមីផ្សំនានាចូលកម្ពុជា។
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យដឹងថា ពេញមួយឆ្នាំ២០២៥ កន្លងទៅ សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនជាង ១ម៉ឺន ៧រយករណី ឃាត់ខ្លួនជនសង្ស័យជិត ៣ម៉ឺននាក់ ព្រមទាំងរឹបអូសបានគ្រឿងញៀនជិត ៦តោន និងសារធាតុគីមីផ្សំជាង ៤២តោន និងបានបិទទីតាំងអាជីវកម្ម ១២កន្លែង។
ជុំវិញរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់ទូរទស្សន៍អាស៊ីសេរីថា ការហូរចូលនៃគ្រឿងញៀនក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់មកកម្ពុជាជាបន្តបន្ទាប់ កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរគំរាមកំហែងដល់សន្តិសុខសង្គម និងបំផ្លាញអនាគតយុវជនខ្មែរដែលធ្លាក់ខ្លួនចូលក្នុងអន្ទាក់គ្រឿងញៀន។ លោកចង់ឃើញរដ្ឋាភិបាល និងស្ថាប័នអនុវត្តច្បាប់ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបណ្ដាញជួញដូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ព្រមទាំងបើកការស៊ើបអង្កេតដោយតម្លាភាពលើមេខ្លោង និងអ្នកពាក់ព័ន្ធទាំងអស់យកមកផ្ដន្ទាទោសឱ្យបានធ្ងន់ធ្ងរតាមច្បាប់។
លោក សេក សុជាតិ៖ «បញ្ហាគ្រឿងញៀននេះគឺមិនមែនជាមុខរបរដែលរកស៊ីបើកចំហទេ ពោលគឺវាជាមុខរបរមួយដែលមានលក្ខណៈសម្ងាត់ វាលុះត្រាតែមានការឃុបឃិតទាំងខាងក្នុង និងខាងក្រៅ បើកដៃឱ្យពួកឈ្មួញទុច្ចរិតទើបនាំចូលមកបាន ដូច្នេះហើយបញ្ហាទាំងអស់នេះវាគឺជាបញ្ហាធំដែលត្រូវកំណត់ឱ្យបានថា តើភាគីដែលពាក់ព័ន្ធហ្នឹងមានអីគេខ្លះ ហើយបើសិនជាយើងមើលតែមួយជ្រុងយើងកំណត់អត្តសញ្ញាណតែជនល្មើសហើយមិនបានពិនិត្យមើលថា តើអ្នកដែលពាក់ព័ន្ធនៅខាងក្នុងជាអ្នកណា អ៊ីចឹងរឿងរ៉ាវទាំងអស់ហ្នឹងគឺពិបាកនៅក្នុងការបង្ក្រាបមែនទែន»។
លំហូរចូលគ្រឿងញៀនចូលកម្ពុជាដោយបណ្ដាញក្រុមឧក្រិដ្ឋជនភាគច្រើនគឺជាជនជាតិចិនមកកម្ពុជាក្នុងរយៈពេលជាង ៥ឆ្នាំចុងក្រោយនេះមានរូបភាពកាន់តែអាក្រក់ ដោយសារតែពួកបណ្ដាញឧក្រិដ្ឋជនបាននាំទាំងគ្រឿងញៀន និងសារធាតុគីមីផ្សំ ដើម្បីបើករោងចក្រផលិតលើទឹកដីកម្ពុជាតែម្ដង។ ជាមួយគ្នានេះដែរ ស្របពេលបញ្ហាគ្រឿងញៀននៅតែបន្តចូលកម្ពុជាទាំងតោនៗនោះរដ្ឋាភិបាលក៏បានបរាជ័យដោះស្រាយបញ្ហាអំពើឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅកម្ពុជាកំពុងរីកសាយភាយពេញប្រទេស។
អង្គការសហប្រជាជាតិ (UN) និងអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មអន្តរជាតិតែងតែបង្ហាញក្ដីកង្វល់ និងវាយតម្លៃថា ឧស្សាហកម្មឆបោកតាមអនឡាញ គឺជាបណ្ដុំនៃបទល្មើសឧក្រិដ្ឋកម្មឆ្លងដែនដែលមានការផ្សារភ្ជាប់គ្នាជាមួយបទល្មើសឧក្រិដ្ឋផ្សេងទៀតដូចជា ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស ពលកម្មដោយបង្ខំ ការលាងលុយកខ្វក់ និងអំពើជួញដូរផ្លូវភេទជាដើម។ អង្គការអន្តរជាតិទាំងនេះតែងតែទទូចឱ្យរដ្ឋាភិបាលក្រុងភ្នំពេញ ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនទាំងនេះដោយមានប្រសិទ្ធភាព តាមរយៈការលុបបំបាត់អំពើពុករលួយ ការអនុវត្តច្បាប់ដោយតម្លាភាព និងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់លើមេខ្លោង និងអ្នកនៅពីក្រោយបណ្ដាញឧក្រិដ្ឋកម្មធំៗ ដើម្បីធានាសន្តិសុខសង្គម នីតិរដ្ឋ និងការពារសិទ្ធិជនរងគ្រោះទាំងក្នុង និងក្រៅប្រទេស៕









