បទល្មើស​ពាក់ព័ន្ធ​ជនជាតិ​ចិន​បន្ត​កើតមាន ស្រប​ពេល​កម្ពុជា​បើកទូលាយ​ទទួល​ទេសចរ​ចិន​កាន់តែ​ច្រើន

0
45
លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត (ឆ្វេង) ជួប​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) ​នៅ​រដ្ឋធានី​ប៉េកាំង កាល​ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត
លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត (ឆ្វេង) ជួប​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង (Xi Jinping) ​នៅ​រដ្ឋធានី​ប៉េកាំង កាល​ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន ម៉ាណែត

ទោះបី​បណ្ដាញ​ឧក្រិដ្ឋជន​ចិន​បាន​ប្រែក្លាយ​កម្ពុជា​ទៅជា​មជ្ឈមណ្ឌល​ឆបោក​តាម​អន​ឡាញ និង​បន្ត​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​ជាច្រើន​ដូចជា ការ​ជួញដូរ​មនុស្ស ចាប់ជំរិត ឃាតកម្ម និង​លាងលុយកខ្វក់​ជាដើម​ក្ដី ក៏​រដ្ឋាភិបាល​ត្រកូល ហ៊ុន នៅតែ​បន្ត​បើកទូលាយ និង​លើកទឹកចិត្ត​ឱ្យ​ទេសចរ​ជនជាតិ​ចិន​ចូល​ប្រទេស​កាន់តែច្រើន តាមរយៈ​ការលើកលែង​ទិដ្ឋាការ ឬ​វី​សា (VISA)។ អ្នកឃ្លាំមើល​យល់ថា កម្ពុជា​គួរ​មាន​វិធានការ​រឹត​បន្តឹង​ជនជាតិ​ចិន និង​ព្រួយបារម្ភ​ថា គោលនយោបាយ​បើកចំហ​ជើងមេឃ​ឱ្យ​ជនជាតិ​ចិន​ចូល​កម្ពុជា​ដោយ​សេរី​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ហានិភ័យ​ផ្នែក​សន្តិសុខ និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។

រូបភាព​ឃោរឃៅ​នៃ​អំពើ​ចាប់ជំរិត និង​ឃាតកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​មួយចំនួន​លើទឹក​ដី​កម្ពុជា បន្ត​កើតមាន​ឥត​ស្រាកស្រាន្ត​ក្នុង​រយៈពេល​ចុងក្រោយ​នេះ។ អំពើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​កើតឡើង​ស្របពេល​រដ្ឋាភិបាល​ត្រកូល ហ៊ុន រង​ការ​រិះគន់​ថា បរាជ័យ​ក្នុង​ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ឆបោក​តាម​អនឡាញ​ដែល​កំពុង​រីក​រាលដាល​នៅ​តាម​អគារ និង​មជ្ឈមណ្ឌល​ឆបោក​ទូទាំង​ប្រទេស។

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​កាលពី​ថ្ងៃទី​៧ ខែមិថុនា បាន​បង្ហាញមុខ​ជនសង្ស័យ​ជនជាតិ​ចិន ៤​នាក់ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​គិតទុក​ជាមុន​លើ​ជន​ជាតិចិន​ម្នាក់​ដែល​ជា​ម្ចាស់​ក្រុមហ៊ុន​អចលនទ្រព្យ​។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៤ ខែមិថុនា ក្រោយ​បើក​ការស្រាវជ្រាវ​ករណី​សម្លាប់​ជនរងគ្រោះ ហើយ​ក្រុម​ឃាតក​យក​សាកសព​ដាក់​ក្នុង​រថយន្ត​ដឹក​ទៅ​បោះចោល​នៅ​ដី​ឡូតិ៍​មួយ​កន្លែង​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​រឹបអូស​បាន​វត្ថុ​តាង និង​ដកហូត​ទូរស័ព្ទ​ដៃ រថយន្ត ២​គ្រឿង ម៉ូតូ ១​គ្រឿង និង​លិខិតឆ្លងដែន​មួយចំនួន​។ ជន​ដៃដល់​ទាំងនោះ​មានឈ្មោះ ចូ​វ ជៀន ហុង (ZHOU JIAN HONG) ចាវ ហ្វឹង ឈួន (ZHAO FENG QUAN) ហាន តឺ តុង (HAN DE DONG) និង​ម៉ា រ៉ុង គុយ (MA RONG GUI)​។ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​អះអាងថា បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ​រួចរាល់​ហើយ​។​

ទាក់ទង​ករណី​នេះ​ដែរ កាលពី​ថ្ងៃទី​៣ ខែមិថុនា កន្លង​ទៅ ជនសង្ស័យ​ជនជាតិ​ចិន និង​ខ្មែរ ៤​នាក់ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចោទ​ប្រកាន់​ថា បាន​ចាប់ជំរិត​ទារប្រាក់​ពលរដ្ឋ​ខ្មែរ ២​នាក់ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​រហូតដល់​ស្លាប់​នៅ​រាជធានី​ភ្នំពេញ។

រីឯ កាលពី​ថ្ងៃទី​៤ ខែមិថុនា សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ក៏បាន​បង្ក្រាប​មុខ​សញ្ញា​នៃ​ក្រុម​ចាប់ជំរិត​ជា​ជនជាតិ​ចិន ៤​នាក់ នៅ​ខណ្ឌ​កំបូល ដោយ​ដកហូត​បាន​អាវុធខ្លី និង​ខ្នោះដៃ​មួយចំនួន​។ ក្នុងចំណោម​ជនសង្ស័យ​ទាំងនោះ​មាន​ម្នាក់​ឈ្មោះ វ៉េង សេង ហ្វឹង (WENG SHENG FENG) អាយុ ៤៣​ឆ្នាំ គឺជា​ឧក្រិដ្ឋជន​ធ្លាប់​ជាប់ពន្ធនាគារ​នៅ​កម្ពុជា ពី​បទ​បង្ខាំង​មនុស្ស ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់ និង​កាន់កាប់​អាវុធ​ខុសច្បាប់​។ តុលាការ​ឱ្យ​ដឹង​ថា បុគ្គល​រូប​នេះ​ធ្លាប់​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ ៣​ឆ្នាំ ប៉ុន្តែ​អនុវត្ត​ទោស​បាន ១​ឆ្នាំ ៣​ខែ ក៏​ត្រូវ​បាន​ដោះលែង​ដោយ​ព្យួរទោស​នៅសល់ និង​បាន​ចាត់វិធានការ​បណ្ដេញចេញ​ពី​កម្ពុជា និង​ដាក់​បម្រាម​មិន​ឱ្យ​ចូល​ប្រទេស​វិញ​ឡើយ​។ ទោះជា​យ៉ាងណា ឧក្រិដ្ឋជន​រូប​នេះ​នៅតែ​លួច​ចូល​កម្ពុជា​វិញ​បាន​ដដែល និង​ត្រូវ​បាន​សមត្ថកិច្ច​ចោទប្រកាន់​ថា ដើម្បី​រៀបចំ​គម្រោង​ចាប់ជំរិត​ជាថ្មី​មុន​ពេល​សមត្ថកិច្ច​ចុះ​បង្ក្រាប។

ទន្ទឹម​នឹង​ការ​កើនឡើង​នៃ​ករណី​ចាប់ជំរិត និង​ឃាតកម្ម​ពាក់ព័ន្ធ​ជនជាតិ​ចិន​នៅ​កម្ពុជា​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» បែរជា​បន្ត​គោលនយោបាយ​បើកចំហ​ទទួល​ជនជាតិ​ចិន​ចូល​ប្រទេស​ដោយ​សេរី​តាមរយៈ​ការលើកលែង​ទិដ្ឋាការ ឬ​វី​សា​(Visa)​។ ក្រសួងទេសចរណ៍​ឱ្យ​ដឹង​ថា វិធានការ​នេះ​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃទី​១៥ ខែមិថុនា ដល់​ថ្ងៃទី​១៥ ខែតុលា ក្នុង​គោលបំណង​ទាក់ទាញ និង​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​ចិន​មក​កម្ពុជា​កាន់តែ​ច្រើន។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា ករណី​ចាប់ជំរិត និង​ឃាតកម្ម​ដែល​បន្ត​កើតមាន​ជា​បន្តបន្ទាប់​កំពុង​បំផ្លាញ​មុខមាត់​កម្ពុជា និង​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ទេសចរណ៍​កម្ពុជា​។ លោក​ថា ស្ថានភាព​អសន្តិសុខ​បែបនេះ​ភ្ញៀវ​ទេសចរ​មកពី​បណ្ដា​ប្រទេស​លោក​សេរី​ខ្លាចរអា និង​មិន​ហ៊ាន​មក​ទស្សនា​កម្ពុជា​ឡើយ​។ លោក​បន្ថែម​ថា ប្រសិនបើ​រដ្ឋាភិបាល​ចង់​ទាក់ទាញ​ទេសចរ​អន្តរជាតិ និង​ជំរុញ​សេដ្ឋកិច្ចជាតិ​មែន​នោះ ត្រូវ​បង្ហាញ​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ទប់ស្កាត់​អំពើពុករលួយ និង​លុបបំបាត់​ឧក្រិដ្ឋកម្ម​ឱ្យ​មាន​ប្រសិទ្ធភាព។

លោក ស៊ឹង សែនករុណា៖ «ពាក់ព័ន្ធ​នឹង​ឥរិយាបថ និង​សីលធម៌​របស់​ជនជាតិ​ចិន និយាយ​នេះ​មិនមែន​រើសអើង​ទេ ប៉ុន្តែ​យើង​មើល​អំពី​ការប្រព្រឹត្ត​ជនជាតិ​ចិន​មួយចំនួន​ដែល​ទៅ​រក​ស៊ី​ស្រុក​យើង ប្រកបមុខរបរ​ផ្សេងៗ​ចរិតលក្ខណៈ​របស់​គាត់​ខុសពី​ប្រទេស​ផ្សេងៗ​នៅក្នុង​ប្រទេស​សេរី​ដែល​គេ​មានការ​គោរព​នីតិរដ្ឋ​អី​ផ្សេងៗ​ក្នុង​កម្រិត​ភាគរយ​គឺ​ខ្ពស់​ណាស់ គេ​មិន​ទៅ​ប្រព្រឹត្ត​នូវ​អំពើ​ដែល​មាន​ឥរិយាបថ​មិន​ត្រឹមត្រូវ មិន​ច្បាស់លាស់ គេ​មាន​ភាព​ល្អ​ប្រសើរ​ច្រើនជាង​ជនជាតិ​ចិន»។

ដោយឡែក ជុំវិញ​គោលនយោបាយ​លើកលែង​ទិដ្ឋាការ​សម្រាប់​ជនជាតិ​ចិន លោក ស៊ឹង សែនករុណា យល់​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់​អស់ជម្រើស​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​មាន​សក្ដានុពល​ពី​បណ្ដា​ប្រទេស​លោក​សេរី​ហើយ​។ លោក​ក៏​មិន​រំពឹង​ថា ភ្ញៀវ​ទេសចរ​ចិន​នឹង​រួមចំណែក​ដល់​សេដ្ឋកិច្ចជាតិ​បាន​ច្រើន​នោះ​ទេ ព្រោះ​ភាគច្រើន​ពួកគេ​ចាយវាយ​ដោយ​ប្រុងប្រយ័ត្ន និង​និយម​ប្រើប្រាស់​សេវាកម្ម​របស់​អ្នកជំនួញ​ជនជាតិ​ចិន​ដូចគ្នា​ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា​។​

ទូរទស្សន៍​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​លោក តុប សុភ័ក និង​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុឃៈ ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បាន​ឡើយ​នៅ​ថ្ងៃទី​៨ ខែ​មិថុនា។

អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា ការលើកលែង​ទិដ្ឋាការ​សម្រាប់​ទេសចរ​ចិន​នឹង​ធ្វើ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​អាច​មាន​ឱកាស​ចូល​មក​ពង្រីក​បណ្ដាញ​ឧក្រិដ្ឋកម្ម​កាន់តែ​ច្រើន​នៅ​កម្ពុជា។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ចង់​ឃើញ​រដ្ឋាភិបាល​ពង្រឹង​ការ​ត្រួតពិនិត្យ និង​ចាត់វិធានការ​ឱ្យ​បាន​តឹងរ៉ឹង​ចំពោះ​ជនជាតិ​ចិន​ដែល​ចូល​មក​កម្ពុជា​។ លោក​បន្ត​ថា វិធានការ​បែបនេះ​មិនមែន​ជា​ការរើសអើង​ជាតិ​សាសន៍​ឡើយ ប៉ុន្តែ​ជា​ការ​ឆ្លើយតប​ជាក់ស្ដែង​ដើម្បី​ទប់ស្កាត់​បទល្មើស​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការពង្រីក​បណ្ដាញ​ឆបោក​តាម​អនឡាញ អំពើ​លាងលុយកខ្វក់ ការ​ជួញដូរ​គ្រឿងញៀន និង​អាវុធ​ខុសច្បាប់ ខណៈ​បទល្មើស​ទាំងនេះ​មួយ​ចំនួន​ធំ​ត្រូវ​បាន​អាជ្ញាធរ​រក​ឃើញ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​ឧក្រិដ្ឋជន​ជនជាតិ​ចិន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ