

ទោះបីបណ្ដាញឧក្រិដ្ឋជនចិនបានប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឆបោកតាមអនឡាញ និងបន្តប្រព្រឹត្តអំពើឧក្រិដ្ឋកម្មជាច្រើនដូចជា ការជួញដូរមនុស្ស ចាប់ជំរិត ឃាតកម្ម និងលាងលុយកខ្វក់ជាដើមក្ដី ក៏រដ្ឋាភិបាលត្រកូល ហ៊ុន នៅតែបន្តបើកទូលាយ និងលើកទឹកចិត្តឱ្យទេសចរជនជាតិចិនចូលប្រទេសកាន់តែច្រើន តាមរយៈការលើកលែងទិដ្ឋាការ ឬវីសា (VISA)។ អ្នកឃ្លាំមើលយល់ថា កម្ពុជាគួរមានវិធានការរឹតបន្តឹងជនជាតិចិន និងព្រួយបារម្ភថា គោលនយោបាយបើកចំហជើងមេឃឱ្យជនជាតិចិនចូលកម្ពុជាដោយសេរីនេះ នឹងធ្វើឱ្យកម្ពុជាប្រឈមនឹងហានិភ័យផ្នែកសន្តិសុខ និងឧក្រិដ្ឋកម្មឆ្លងដែនកាន់តែធ្ងន់ធ្ងរបន្ថែមទៀត។
រូបភាពឃោរឃៅនៃអំពើចាប់ជំរិត និងឃាតកម្មដែលប្រព្រឹត្តដោយជនជាតិចិនមួយចំនួនលើទឹកដីកម្ពុជា បន្តកើតមានឥតស្រាកស្រាន្តក្នុងរយៈពេលចុងក្រោយនេះ។ អំពើឧក្រិដ្ឋកម្មទាំងនេះកើតឡើងស្របពេលរដ្ឋាភិបាលត្រកូល ហ៊ុន រងការរិះគន់ថា បរាជ័យក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាឆបោកតាមអនឡាញដែលកំពុងរីករាលដាលនៅតាមអគារ និងមជ្ឈមណ្ឌលឆបោកទូទាំងប្រទេស។
អគ្គស្នងការដ្ឋាននគរបាលជាតិកាលពីថ្ងៃទី៧ ខែមិថុនា បានបង្ហាញមុខជនសង្ស័យជនជាតិចិន ៤នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុនលើជនជាតិចិនម្នាក់ដែលជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ។ សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៤ ខែមិថុនា ក្រោយបើកការស្រាវជ្រាវករណីសម្លាប់ជនរងគ្រោះ ហើយក្រុមឃាតកយកសាកសពដាក់ក្នុងរថយន្តដឹកទៅបោះចោលនៅដីឡូតិ៍មួយកន្លែងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ចរឹបអូសបានវត្ថុតាង និងដកហូតទូរស័ព្ទដៃ រថយន្ត ២គ្រឿង ម៉ូតូ ១គ្រឿង និងលិខិតឆ្លងដែនមួយចំនួន។ ជនដៃដល់ទាំងនោះមានឈ្មោះ ចូវ ជៀន ហុង (ZHOU JIAN HONG) ចាវ ហ្វឹង ឈួន (ZHAO FENG QUAN) ហាន តឺ តុង (HAN DE DONG) និងម៉ា រ៉ុង គុយ (MA RONG GUI)។ អគ្គស្នងការដ្ឋាននគរបាលជាតិអះអាងថា បានបញ្ជូនសំណុំរឿងនេះទៅតុលាការរួចរាល់ហើយ។
ទាក់ទងករណីនេះដែរ កាលពីថ្ងៃទី៣ ខែមិថុនា កន្លងទៅ ជនសង្ស័យជនជាតិចិន និងខ្មែរ ៤នាក់ ក៏ត្រូវបានសមត្ថកិច្ចចោទប្រកាន់ថា បានចាប់ជំរិតទារប្រាក់ពលរដ្ឋខ្មែរ ២នាក់ និងធ្វើទារុណកម្មយ៉ាងឃោរឃៅរហូតដល់ស្លាប់នៅរាជធានីភ្នំពេញ។
រីឯ កាលពីថ្ងៃទី៤ ខែមិថុនា សមត្ថកិច្ចរាជធានីភ្នំពេញក៏បានបង្ក្រាបមុខសញ្ញានៃក្រុមចាប់ជំរិតជាជនជាតិចិន ៤នាក់ នៅខណ្ឌកំបូល ដោយដកហូតបានអាវុធខ្លី និងខ្នោះដៃមួយចំនួន។ ក្នុងចំណោមជនសង្ស័យទាំងនោះមានម្នាក់ឈ្មោះ វ៉េង សេង ហ្វឹង (WENG SHENG FENG) អាយុ ៤៣ឆ្នាំ គឺជាឧក្រិដ្ឋជនធ្លាប់ជាប់ពន្ធនាគារនៅកម្ពុជា ពីបទបង្ខាំងមនុស្ស ធ្វើទារុណកម្មជំរិតទារប្រាក់ និងកាន់កាប់អាវុធខុសច្បាប់។ តុលាការឱ្យដឹងថា បុគ្គលរូបនេះធ្លាប់ត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ ៣ឆ្នាំ ប៉ុន្តែអនុវត្តទោសបាន ១ឆ្នាំ ៣ខែ ក៏ត្រូវបានដោះលែងដោយព្យួរទោសនៅសល់ និងបានចាត់វិធានការបណ្ដេញចេញពីកម្ពុជា និងដាក់បម្រាមមិនឱ្យចូលប្រទេសវិញឡើយ។ ទោះជាយ៉ាងណា ឧក្រិដ្ឋជនរូបនេះនៅតែលួចចូលកម្ពុជាវិញបានដដែល និងត្រូវបានសមត្ថកិច្ចចោទប្រកាន់ថា ដើម្បីរៀបចំគម្រោងចាប់ជំរិតជាថ្មីមុនពេលសមត្ថកិច្ចចុះបង្ក្រាប។
ទន្ទឹមនឹងការកើនឡើងនៃករណីចាប់ជំរិត និងឃាតកម្មពាក់ព័ន្ធជនជាតិចិននៅកម្ពុជារដ្ឋាភិបាលត្រកូល «ហ៊ុន» បែរជាបន្តគោលនយោបាយបើកចំហទទួលជនជាតិចិនចូលប្រទេសដោយសេរីតាមរយៈការលើកលែងទិដ្ឋាការ ឬវីសា(Visa)។ ក្រសួងទេសចរណ៍ឱ្យដឹងថា វិធានការនេះនឹងអនុវត្តចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ក្នុងគោលបំណងទាក់ទាញ និងជំរុញឱ្យភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន។
ជុំវិញរឿងនេះ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា ករណីចាប់ជំរិត និងឃាតកម្មដែលបន្តកើតមានជាបន្តបន្ទាប់កំពុងបំផ្លាញមុខមាត់កម្ពុជា និងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរណ៍កម្ពុជា។ លោកថា ស្ថានភាពអសន្តិសុខបែបនេះភ្ញៀវទេសចរមកពីបណ្ដាប្រទេសលោកសេរីខ្លាចរអា និងមិនហ៊ានមកទស្សនាកម្ពុជាឡើយ។ លោកបន្ថែមថា ប្រសិនបើរដ្ឋាភិបាលចង់ទាក់ទាញទេសចរអន្តរជាតិ និងជំរុញសេដ្ឋកិច្ចជាតិមែននោះ ត្រូវបង្ហាញឆន្ទៈពិតប្រាកដក្នុងការទប់ស្កាត់អំពើពុករលួយ និងលុបបំបាត់ឧក្រិដ្ឋកម្មឱ្យមានប្រសិទ្ធភាព។
លោក ស៊ឹង សែនករុណា៖ «ពាក់ព័ន្ធនឹងឥរិយាបថ និងសីលធម៌របស់ជនជាតិចិន និយាយនេះមិនមែនរើសអើងទេ ប៉ុន្តែយើងមើលអំពីការប្រព្រឹត្តជនជាតិចិនមួយចំនួនដែលទៅរកស៊ីស្រុកយើង ប្រកបមុខរបរផ្សេងៗចរិតលក្ខណៈរបស់គាត់ខុសពីប្រទេសផ្សេងៗនៅក្នុងប្រទេសសេរីដែលគេមានការគោរពនីតិរដ្ឋអីផ្សេងៗក្នុងកម្រិតភាគរយគឺខ្ពស់ណាស់ គេមិនទៅប្រព្រឹត្តនូវអំពើដែលមានឥរិយាបថមិនត្រឹមត្រូវ មិនច្បាស់លាស់ គេមានភាពល្អប្រសើរច្រើនជាងជនជាតិចិន»។
ដោយឡែក ជុំវិញគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន លោក ស៊ឹង សែនករុណា យល់ថា រដ្ឋាភិបាលកម្ពុជាហាក់អស់ជម្រើសក្នុងការទាក់ទាញភ្ញៀវទេសចរដែលមានសក្ដានុពលពីបណ្ដាប្រទេសលោកសេរីហើយ។ លោកក៏មិនរំពឹងថា ភ្ញៀវទេសចរចិននឹងរួមចំណែកដល់សេដ្ឋកិច្ចជាតិបានច្រើននោះទេ ព្រោះភាគច្រើនពួកគេចាយវាយដោយប្រុងប្រយ័ត្ន និងនិយមប្រើប្រាស់សេវាកម្មរបស់អ្នកជំនួញជនជាតិចិនដូចគ្នាដែលកំពុងរកស៊ីនៅកម្ពុជា។
ទូរទស្សន៍អាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោក ទូច សុឃៈ ដើម្បីសាកសួរជុំវិញបញ្ហានេះបានឡើយនៅថ្ងៃទី៨ ខែមិថុនា។
អ្នកឃ្លាំមើលព្រួយបារម្ភថា ការលើកលែងទិដ្ឋាការសម្រាប់ទេសចរចិននឹងធ្វើឱ្យក្រុមឧក្រិដ្ឋជនអាចមានឱកាសចូលមកពង្រីកបណ្ដាញឧក្រិដ្ឋកម្មកាន់តែច្រើននៅកម្ពុជា។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ចង់ឃើញរដ្ឋាភិបាលពង្រឹងការត្រួតពិនិត្យ និងចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះជនជាតិចិនដែលចូលមកកម្ពុជា។ លោកបន្តថា វិធានការបែបនេះមិនមែនជាការរើសអើងជាតិសាសន៍ឡើយ ប៉ុន្តែជាការឆ្លើយតបជាក់ស្ដែងដើម្បីទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការពង្រីកបណ្ដាញឆបោកតាមអនឡាញ អំពើលាងលុយកខ្វក់ ការជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់ ខណៈបទល្មើសទាំងនេះមួយចំនួនធំត្រូវបានអាជ្ញាធររកឃើញថា ជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជនជនជាតិចិន៕









