

ចាប់តាំងពីរដ្ឋាភិបាលថៃសម្រេចលុបចោល MOU២០០១ស្ដីពីតំបន់ដែនសមុទ្រត្រួតស៊ីគ្នា ជាមួយកម្ពុជាមក ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បន្តចែករំលែកអត្ថបទ របស់បញ្ញវន្តថៃ ជាបន្តបន្ទាប់ ដែលបានរិះគន់មេដឹកនាំថៃខ្លាំងៗ ពាក់ព័ន្ធ ការលុបចោល MOU២០០១។ ទន្ទឹមគ្នានោះលោក ហ៊ុន សែន មិនបានបើកលំហសេរីភាព ដល់បញ្ញវន្ត ឬពលរដ្ឋខ្មែរ ឱ្យនិយាយដោយសេរី ពាក់ព័ន្ធបញ្ហា ព្រំដែន ដូចប្រទេសថៃនោះទេ ផ្ទុយទៅវិញ លោកបន្តចាប់ពលរដ្ឋដាក់ពន្ធនាគារ ឱ្យតែហ៊ានរិះគន់បញ្ហាព្រំដែន ដែលប៉ះពាល់ ដល់អំណាចមេដឹកនាំត្រកូល«ហ៊ុន»។
អ្នកនយោបាយ ដែលសម្បូរដោយហិង្សានិយម គឺលោក ហ៊ុន សែន ហាក់មានមោទនភាពសម្បើមណាស់ នៅពេលដែលឃើញមានក្រុមបញ្ញវន្តថៃ បន្តវែកញែក និងរិះគន់ រដ្ឋាភិបាលថៃ រឿងលុបចោល អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០១ (MOU 2001 ឬ MOU 44 )ដែលបង្ហាញភាគីថៃ កំពុងធ្លាក់ចូលអន្ទាក់ របស់កម្ពុជា ក្រោយពីកម្ពុជាប្រកាសប្រើយន្តការ ផ្សះផ្សាដោយបង្ខំ ដោយអនុលោមតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ។
ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅថ្ងៃទី០៨ ខែមិថុនា បានបង្ហោះអត្ថបទបកប្រែពីថៃដ៏វែងអន្លាយមួយនៅលើហ្វេសប៊ុករបស់លោក រៀបរាប់ថា លោកចាប់អារម្មណ៍ជាខ្លាំងលើអត្ថបទ ដែលមានចំណងជើងថា «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»ដែលសរសេរដោយ សាស្ត្រាចារ្យជនជាតិថៃឈ្មោះ អក្ខរៈពង្ស ខាំឃុន (Akaraphong Khamkhun) ដែលជាអ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា ព្រោះនៅក្នុងការសំណេរនោះបាននិយាយរិះគន់ថា សង្គមថៃជាសង្គមរស់នៅក្នុងការស្រមើស្រមៃ និងមិនសូវអានសៀវភៅ។
ខ្លឹមសារទាំងស្រុងដែល លោក ហ៊ុន សែនបានយកមកបង្ហោះនោះ រៀបរាប់ថា កម្ពុជាជាប្រទេសដែលឆ្លាត ក្នុងការដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ ធ្វើទៅតាមច្បាប់អន្តរជាតិ ខណៈភាគីថៃ ជាសង្គមដែលមិនសូវយល់ដឹងពី ច្បាប់សមុទ្រ។ សាស្ត្រាចារ្យថៃរូបនេះ ក៏បានសរសើរ កម្ពុជាបានដើរលឿនជាងថៃ ទើបធ្វើឱ្យថៃ ត្រៀមខ្លួនមិនទាន់ ។ លោកបានរិះគន់រដ្ឋាភិបាលថៃ ដែលបានប្រកាសលុបចោលកិច្ចព្រមព្រៀងព្រំដែនទឹកថាជារឿងមិនត្រឹមត្រូវ ខណៈដែល វិវាទកើតនៅព្រំដែនគោក ប៉ុន្តែបែរជាលុបកិច្ចព្រមព្រៀងនៅដែនទឹក ។លោកចោទរដ្ឋាភិបាលថៃ ថាមិនស្គាល់ពីស្តង់ដារពិតប្រាកដនៃ នយោបាយអន្តរជាតិ។
បន្ថែមពីលើនោះ បញ្ញវន្តថៃរូបនេះ បានសង្កត់ធ្ងន់ថា ថៃជាសង្គមដែលគិតស្រមៃតែម្នាក់ឯង ព្រោះគិតថា កម្ពុជានឹងដើរតាមខ្លួន ដោយអាងលើមោទនភាពថា ខ្លួនជាប្រទេសដែលធំជាង មានអំណាចចរចាច្រើនជាង ចង់ធ្វើអ្វីក៏បាន។ លោក ថានេះជាមេរៀនដែលសង្គមថៃ ត្រូវតែរៀនសូត្រ។ លោកបន្តថា នៅពេលដែល កម្ពុជានិយាយថា ថៃលុបចោល MOU 44 ជាឯកតោភាគី សំណួរបានចោទថាតើឥរិយាបថរបស់កម្ពុជាឆ្លុះបញ្ចាំងពីអ្វី? តើវានឹងធ្វើឱ្យថៃខាតបង់នៅលើឆាកអន្តរជាតិដែរឬទេ? លោកឆ្លើយថា ជាការពិតគឺ វាជា ការខាតបង់រួចទៅហើយ។
ទំនងជាសារដែលបញ្ញវន្តថៃ ពោលសរសើរកម្ពុជានិងរិះគន់រដ្ឋាភិបាលថៃចំៗបែបនេះហើយ ទើបធ្វើឱ្យលោក ហ៊ុន សែន ហាក់មានមោទនភាព ដោយយកសំណេរទាំងនោះ មកបង្ហោះលើគណនី ហ្វេសប៊ុក របស់លោក រួមដោយអារម្មណ៍មោទនភាព។
ប៉ុន្តែគេឃើញថា ការដែលកម្ពុជារុញសំណុំរឿងដែនសមុទ្រត្រួតស៊ីគ្នាទៅដោះស្រាយតាមយន្តការអន្តរជាតិ ក៏ព្រោះតែថៃ បានលុបចោល MOU ២០០១ ដូច្នេះ កម្ពុជាគ្មានឆន្ទៈពិតប្រាកដ ក្នុងការប្រើប្រាស់យន្តការអន្តរជាតិនោះឡើយ។ រីឯករណីដែល លោក ហ៊ុន សែន យកសំណេរបញ្ញវន្តថៃ មកបង្ហោះ គឺគ្រាន់តែដើម្បីអួតអាងថា ខ្លួនជាមេដឹកនាំឆ្លាតវៃ និងមានប្រៀបជាងប្រទេសថៃ ។ ប៉ុន្តែ អ្នកឃ្លាំមើលរិះគន់ថា លោក ហ៊ុន សែន ពុំសូវគិតពីប្រយោជន៍ជាតិជាធំនោះទេ គឺលោក តែងតែគិតធ្វើយ៉ាងណា ដើម្បីតែចង់បានប្រជាប្រិយភាព និងមានអ្នកដទៃកោតសរសើរប៉ុណ្ណោះ ខណៈបញ្ហាទឹកដីជាច្រើនទីតាំងនៅដែនគោក ដែលថៃបានវាយដណ្ដើមយក លោក ហ៊ុន សែន នៅតែ គ្មានដំណោះស្រាយ ទាមទារយកមកវិញ តាមរបៀបណានៅឡើយ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ការដែល លោក ហ៊ុន សែន យកសំណេរបញ្ញវន្តមកបង្ហោះគឺ ដើម្បីចង់បង្ហាញថា លោក ជាមេដឹកនាំល្អ ដែលចេះស្ដាប់មតិអ្នកដទៃ ប៉ុន្តែការពិត លោក ហ៊ុន សែន មិនដែលស្ដាប់មតិអ្នកដទៃនោះទេ ប្រសិនបើមតិទាំងនោះមិនចំណេញដល់អំណាចរបស់លោក។ ដូច្នេះលោកថា អ្វីដែល លោក ហ៊ុន សែនថ្លែងពីការការពារទឹកដី និងការពារប្រយោជន៍ពលរដ្ឋ គឺគ្រាន់តែសារនយោបាយ បោកប្រាស់ ដើម្បីធ្វើយ៉ាងណា រក្សាអំណាចត្រកូល«ហ៊ុន»ឱ្យបន្តមានឥទ្ធិពលប៉ុណ្ណោះ។ លោកបន្តថា ចាប់តាំងពីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃមក លោក ហ៊ុន សែន មិនដែលស្ដាប់មតិពលរដ្ឋ ឬបញ្ញវន្តខ្មែរនោះទេ ក្រៅតែពីគំរាមកំហែងចាប់ដាក់ពន្ធនាគារ ប្រសិនបើហ៊ានរិះគន់ រឿងព្រំដែន។
លោក ម៉ែន ណាត៖ «ចង់អួតថា គាត់នឹងបើកចិត្តទូលាយទទួលយកមតិ ប៉ុន្តែគ្មានទេណា លោក ហ៊ុន សែន មិនដែលទទួលយកមតិអ្នកណា ដែលខាតដល់ប្រយោជន៍គាត់ទេ មិនមែនប្រយោជន៍ជាតិទេណា យើងនិយាយឱ្យច្បាស់។ បើខាតប្រយោជន៍ជាតិ លោក ហ៊ុន សែន អត់ខ្វល់ តែបើខាតប្រយោជន៍គាត់ គឺ លោក ហ៊ុន សែនខ្វល់ ។ ដោយសារតែលោក ហ៊ុន សែន ខ្វល់ខ្លាចខាតប្រយោជន៍ផ្ទាល់ខ្លួននេះហើយបានជា លោក ហ៊ុន សែន សូម្បីតែអ្នកទិតៀនរឿងថៃឈ្លានពានកម្ពុជារាល់ថ្ងៃនេះ ក៏ត្រូវតែចាប់ទាំងអ្នកកាសែត ចាប់ទាំងពលរដ្ឋ និងអ្នកប្រឆាំងដាក់គុក»។
ជុំវិញការចាប់ខ្លួនពលរដ្ឋដាក់គុកនេះដែរ នៅថ្ងៃទី០៩ ខែមិថុនា លោក ហ៊ុន សែន បានបញ្ជាក់ប្រាប់ជនភៀសសឹក នៅឯស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យថា លោកបានបញ្ជាឱ្យសមត្ថកិច្ចចាប់ពលរដ្ឋម្នាក់ ដែលបញ្ចេញមតិអសុរោះ លើប្រអប់សារហ្វេសប៊ុករបស់ប្រព័ន្ធផ្សព្វផ្សាយFresh News កាលពីពេលថ្មីៗនេះ បន្ទាប់ពីលោក បានគំរាមថា អ្នកណាក៏ដោយឱ្យតែប៉ុនប៉ង ផ្ដួលរំលំរដ្ឋាភិបាលគឺ «ងើបមួយវាយមួយ»។ លោក ហ៊ុន សែន បញ្ជាក់ថា បណ្ដាញរបស់លោកមានគ្រប់ទីកន្លែង ដែលចាំតាមដាន ពលរដ្ឋណា ហ៊ានបញ្ចេញប៉ះពាល់ដល់រដ្ឋាភិបាល។
លោក ហ៊ុន សែន៖ «ខ្ញុំវាយតែអ្នកណាដែលចង់ផ្ដួលរំលំរដ្ឋាភិបាល ដែលនៅក្រៅក្របខណ្ឌរដ្ឋធម្មនុញ្ញប៉ុណ្ណោះ ប៉ុន្តែសម្រាប់គណបក្សនយោបាយដទៃទៀត គឺអនុញ្ញាតធ្វើទៅ ប៉ុន្តែ កុំលួចជេរតាមហ្វេសប៊ុក ឱ្យសោះ អញមានក្រុមតាមដានរហូត ហើយអត់មានចាំយប់ចាំថ្ងៃអីទេ យកទាំងអស់ ព្រោះភស្តុតាងជាក់ស្ដែង មាននៅលើទូរស័ព្ទពួកអាហែងហើយតើ»។
ជុំវិញបញ្ហាលោក ហ៊ុន សែន បង្ហោះសារបញ្ញវន្តថៃនេះដែរ អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ សេង វណ្ណលី លើកឡើងថា លោក ហ៊ុន សែន ធ្វើនេះ គឺគ្រាន់តែដើម្បីប្រយោជន៍ខ្លួន និងទាញចំណាប់អារម្មណ៍ពីពលរដ្ឋថៃ ឱ្យឃើញថា កម្ពុជាមានភាពស្របច្បាប់ ខណៈភាគីថៃ កំពុងតែដើរខុសច្បាប់អន្តរជាតិ។ ប៉ុន្តែ លោកសោកស្ដាយ ដែលលោក ហ៊ុន សែន មិនស្ដាប់មតិពលរដ្ឋ និង អ្នកនយោបាយខ្មែរ ផ្ទុយទៅវិញបែរជាបង្កើនការចាប់ពលរដ្ឋ និងអ្នកនយោបាយបក្សប្រឆាំងដាក់ពន្ធនាគារ នៅពេលឈឺឆ្អាលរឿងប្រទេសជាតិ។
លោកថាករណីនេះបង្ហាញថា លោក ហ៊ុន សែន ខ្លាចបាត់បង់អំណាច ជាប្រយោជន៍ជាតិ នៅពេលមានពលរដ្ឋ ឬក្រុមបញ្ញវន្តខ្មែរ មានសេរីភាពវែកញែក ពីចន្លោះប្រហោងនៃដឹកនាំរបស់រដ្ឋាភិបាល បក្សកាន់អំណាច និង របៀបដោះស្រាយបញ្ហា ទឹកដី មិនបានត្រឹមត្រូវ។ លោកថាទង្វើ របស់លោក ហ៊ុន សែន ធ្វើនេះកំពុងតែ បំផ្លាញប្រព័ន្ធប្រជាធិបតេយ្យ និង បំបិទសិទ្ធិសេរីភាពបញ្ចេញមតិ របស់ពលរដ្ឋ និង ក្រុមបញ្ញវន្តខ្មែរ មិនឱ្យខ្វល់ពីបញ្ហាប្រទេសជាតិ៕









