លោក ហ៊ុន សែន រង​ការ​រិះគន់​ថា មិន​អើពើ​ពី​ទុក្ខ​លំបាក​ជនរងគ្រោះ ដែល​ដោះស្រាយ​ឱ្យ​តែ​លោក ហេង ឡុង

0
56

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន រង​ការ​រិះគន់​ថា ជា​មេដឹកនាំ «​គ្មាន​គុណធម៌​» តាមរយៈ​ការ​ចេញមុខ​អន្តរាគមន៍​ករណី​បំណុល​របស់​អ្នកជំនួញ​ម្នាក់​គឺ​លោក ហេង ឡុង ប៉ុន្តែ​មិន​ខ្វល់ខ្វាយ​ជួយ​ជនរងគ្រោះ​រាប់រយ​នាក់​ដែល​កំពុង​រងទុក្ខ​វេទនា​ដោយសារតែ​ក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់​លោក ហ៊ុន តូ បាន​លួច​លុយ​អតិថិជន​ពី​គណនី​ធនាគារ​។ អ្នកឃ្លាំមើល​លើកឡើង​ថា មូលហេតុ​ដែល​ជនរងគ្រោះ​មិនអាច​ទទួល​បាន​ពន្លឺយុត្តិធម៌ ឬ​ទាម​ទារ​លុយ​របស់​ខ្លួន​មកវិញ​គឺ​ដោយសារតែ​រដ្ឋាភិបាល​ត្រកូល «​ហ៊ុន​» និង​ប្រព័ន្ធ​តុលាការ​បាន​ជាន់ឈ្លី​ប្រព័ន្ធ​ច្បាប់ ដើម្បី​ការពារ​ផលប្រយោជន៍​ឱ្យ​ក្រុម​សាច់ញាតិ​នៃ​សមាជិក​ត្រកូល ហ៊ុន។

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា​លោក ហ៊ុន សែន រួម​ទាំង​រដ្ឋាភិបាល​ដឹកនាំ​ដោយ​កូនប្រុស​គឺ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ហាក់​បិទ​ភ្នែក​បិទ​ត្រចៀក ធ្វើ​មើល​មិនឃើញ ស្ដាប់​មិនឮ​ពី​ការឈឺចាប់​របស់​ជន​រងគ្រោះ​ដែល​ត្រូវ​ក្រុមហ៊ុន ហួយ​វ័ន ផេ ដែល​ជា​សាច់ញាតិ​របស់​ខ្លួន​គឺ​លោក ហ៊ុន តូ បង្កក​លុយ និង​លួច​ពី​គណនី​ធនាគារ​។ ជាមួយ​គ្នានេះ លោក ហ៊ុន សែន បែរជា​បង្ហាញ​សមានចិត្ត​អន្តរាគមន៍​បំណុល​អ្នក​ដែល​មាន​ភក្ដីភាព​ជាមួយ​លោក​គឺ​លោក ហេង ឡុង ទៅវិញ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​នៅ​ថ្ងៃទី​៩ ខែមិថុនា​ថា ករណី​របស់​លោក ហេង ឡុង គឺជា​បទល្មើស​ឆបោក​ហើយ​មេខ្លោង​ដែល​អាជ្ញាធរ​ត្រូវតែ​ស៊ើបអង្កេត​នោះ​គឺ​លោក ហ៊ុន សែន ពីព្រោះ​បាន​ចេញ​មុខ​ដោយ​ចំហ​សម្របសម្រួល​ឱ្យ​លោក ហេង ឡុង រួច​ផុត​ពី​សំណាញ់​ច្បាប់។

លោក គឹម សុខ៖ «​ច្បាប់​នៅ​ប្រទេស​កម្ពុជា​គ្រប់គ្រាន់​ក្នុង​ការ​ចាត់ការ​លើ​លោក ហ៊ុន សែន។ ក៏ប៉ុន្តែ​អ្នក​អនុវត្ត​ច្បាប់​ជាពិសេស លោក ហ៊ុន ម៉ាណែត ដែល​ជា​តួអង្គ​សំខាន់​នៅក្នុង​ការដឹកនាំ​ប្រតិបត្តិ​អនុវត្ត​ច្បាប់​ហ្នឹង​កូនប្រុស​របស់​លោក ហ៊ុន សែន ហ្នឹងហើយ​លោក ហ៊ុន ម៉ាណែត ធ្វើជា​នាយករដ្ឋមន្ត្រី ដោយសារ​ការ​បំពាន​ច្បាប់​ហ្នឹង​។ ដូច្នេះ អត់​មាន​អ្នកណា​អនុវត្ត​ច្បាប់ ដើម្បី​ចាត់ការ​លោក ហ៊ុន សែន ឡើយ​។ ច្បាប់​គ្រប់គ្រាន់​សម្រាប់​ចាត់ការ​លោក ហ៊ុន សែន តែ​អ្នក​អនុវត្ត​ច្បាប់ សុទ្ធតែ​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​ឧក្រិដ្ឋកម្ម​។ វា​មានតែ​ប្តូរ​របប​គ្រប់គ្រង​ហ្នឹង​ចេញ​ទេ»។

លោក​បន្ថែមទៀត​ថា លោក ហ៊ុន សែន គឺជា​មេដឹកនាំ​អគុណ​ធម៌​បំផុត​ក្នុង​គ្រា​ដែល​ជនរងគ្រោះ​រាប់​សិប​នាក់​ត្រូវ​ក្រុមហ៊ុន​នៃ​សមាជិកគ្រួសារ​របស់​ខ្លួន​ប្លន់​យក​លុយ​ប្រជាពលរដ្ឋ ប៉ុន្តែ​បែរជា​ធ្វើ​មិនដឹងមិនឮ និង​បង្ហាញ​អំណាច​ការពារ​ជនសង្ស័យ​ឆបោក​ទៅវិញ។

លោក ហ៊ុន សែន ថ្មីៗ​នេះ​បាន​ចេញមុខ​អន្តរាគមន៍​ជួយ​ឱ្យ​លោក ហេង ឡុង ដែល​មាន​ងារ​ជា​ឧកញ៉ា និង​ជា​មនុស្ស​ដែល​មាន​ភក្ដីភាព​ជាមួយ​លោក​ឱ្យ​រួច​ផុត​ពី​សំណាញ់​ច្បាប់​។ ការ​ចេញមុខ​អន្តរាគមន៍​របស់​លោក ហ៊ុន សែន នេះ​ធ្វើឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោក ហេង ឡុង តាម​ដីកា​តុលាការ​បញ្ជា​ឱ្យ​ចូល​ខ្លួន ដើម្បី​សាកសួរ​លើ​បណ្ដឹង​ព្រហ្មទណ្ឌ​ពី​បទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន តាម​ពាក្យបណ្ដឹង​របស់​ឈ្មោះ កែវ បូណ៍ភិរក្ស។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​អន្តរាគមន៍​នេះ​លោក​មិនបាន​ផ្ដល់​លុយ ដើម្បី​សង​ម្ចាស់បំណុល​ជំនួស​លោក ហេង ឡុង ឡើយ។

ទន្ទឹម​ការ​ចេញមុខ​អន្តរាគមន៍​មនុស្ស​របស់​ខ្លួន​នេះ លោក ហ៊ុន សែន មិនបាន​អើពើ​ជួយ​អន្តរាគមន៍​ជនរងគ្រោះ​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ឡើយ ដោយ​ទុក​ឱ្យ​ពួកគាត់​ជួប​ការ​លំបាក និង​បន្ត​ចេញ​តវ៉ា​តាម​ដងផ្លូវ​។ កាន់តែ​អាក្រក់​ជាង​នេះ អាជ្ញាធរ​ថែមទាំង​ចាប់​អតិថិជន​ទាម​ទារលុយ​របស់​ខ្លួន​ចំនួន ២​នាក់​ដាក់គុក និង​គំរាម​សាច់ញាតិ​គ្រួសារ​ពួកគេ​មិន​ឱ្យ​និយាយ​អ្វី​ទាំងអស់​។​

មកដល់ពេលនេះ មាន​រយៈពេល​ជាង កន្លង​ឆ្នាំ​មក​ហើយ​ដែល​ជនរងគ្រោះ​នៃ​ក្រុមហ៊ុន ហួយវ័ន ផេ របស់​លោក ហ៊ុន តូ ត្រូវ​បាន​ក្រុមហ៊ុន​បង្កក និង​បាន​លួច​យក​លុយ​ពួកគាត់​ពី​គណនី​ធនាគារ​ហួយ​វ័ន​។ កាលពី​ថ្ងៃទី​៨ ខែមិថុនា អតិថិជន​ចម្រុះ​ជាតិ​សាសន៍ ជាពិសេស​ជនជាតិ​ចិន​ក៏បាន​ប្រមូល​ផ្ដុំគ្នា​ជាច្រើន​នាក់​នៅ​ខាងមុខ​ស្ថានទូត​ចិន ដើម្បី​ទាម​ទារ​លុយ​របស់​ខ្លួន​មកវិញ និង​បាន​លើក​រូបថត​លោក ហ៊ុន តូ ភ្ជាប់​នឹង​បដា​សរសេរ​ថា សង់​លុយ​កម្លាំង​ញើស​ឈាម​យើង​វិញ​។ អតិថិជន​ជនជាតិ​ចិន​មួយចំនួន​ក៏បាន​ផ្ដល់​បទ​សម្ភាស​ដល់​កាសែត​ក្នុងស្រុក​ក្នុងអំឡុងពេល​តវ៉ា​ថា ជនរងគ្រោះ​ជាច្រើន​កំពុង​មាន​វិបត្តិ​ផ្លូវចិត្ត និង​ជួប​ការ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ហើយ​បើ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​នៅតែ​មិន​អើពើ​ជួយ​ស្វែងរក​ដំណោះស្រាយ ជនរងគ្រោះ​មួយចំនួន​អាច​នឹង​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង។

អតិថិជន​ឱ្យដឹង​ថា លុយ​ជនរងគ្រោះ​ខ្លះ​មាន​រហូតដល់​ខ្ទង់លាន​ដុល្លារ​ត្រូវ​បាន​ក្រុមហ៊ុន ហួយ​វ័ន លួច​យក​ពី​គណនី។ ពួកគាត់​ថា នឹង​បន្ត​ចេញ​តវ៉ា​រហូត​ទទួល​បាន​លុយ​របស់​ខ្លួន​មកវិញ ខណៈ​ជនរងគ្រោះ​ខ្លះ​ក៏បាន​ស្វែងរក​មេធាវី​ការពារ​ក្ដី​តាម​ការណែនាំ​របស់​ធនាគារ​ជាតិ​កម្ពុជា ប៉ុន្តែ​ពួកគាត់​ថា គ្មាន​មេធាវី​ណា​ហ៊ាន​កាន់​ក្ដី​ក្នុង​សំណុំរឿង​ពួកគាត់​ឡើយ។

ទូរទស្សន៍​អាស៊ីសេរី​មិនអាច​ទាក់ទង​អគ្គទេសាភិបាល​នៃ​ធនាគារជាតិ​នៃ​កម្ពុជា អ្នកស្រី ជា សិរី ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បានទេ​ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃទី​៩ ខែ​មិថុនា។

ជុំវិញ​រឿង​នេះ ប្រធាន​ចលនា​ខ្មែរ ដើម្បី​ប្រជាធិបតេយ្យ (KMD) អ្នកស្រី មូរ សុខហួរ មានប្រសាសន៍ថា ជនរងគ្រោះ​នៃ​ក្រុមហ៊ុន ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ មិនអាច​ទទួល​បាន​យុត្តិធម៌ ឬ​ទទួល​លុយកាក់​របស់​ខ្លួន​មកវិញ​តាមរយៈ​យន្តការ​តុលាការ​បាន​ឡើយ​។ អ្នកស្រី​ថា តុលាការ​នៅ​កម្ពុជា រួម​ទាំង​ស្ថាប័នរដ្ឋ​សំខាន់ៗ និង​អ្នក​អនុវត្ត​ច្បាប់​កំពុង​ក្លាយជា​ឧបករណ៍​បម្រើ និង​ការពារ​ផលប្រយោជន៍​ឱ្យ​រដ្ឋាភិបាល​នៃ​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន។

ទោះជា​យ៉ាងណា អ្នកស្រី មូរ សុខ​ហួរ សង្កត់ធ្ងន់​ថា ជនរងគ្រោះ​ទាំងអស់​មិន​ត្រូវ​អស់សង្ឃឹម​ឡើយ និង​ត្រូវតែ​រួមគ្នា​ជា​ធ្លុង​មួយ​បន្ត​ចេញ​តវ៉ា ដើម្បី​ទាមទារ​សិទ្ធិ និង​លុយកាក់​របស់​ខ្លួន​ដែល​បាត់បង់​។​

អ្នកស្រី មូរ សុខហួរ៖ «​ខ្ញុំ​នៅតែ​គាំទ្រ នៅតែ​ជំរុញ​ឱ្យ​អតិថិជន​ទាំងអស់​នោះ​បន្ត​ក្នុង​ការ​តវ៉ា ទោះបី​ដល់ទី​ណាក៏ដោយ ហើយ​ខ្ញុំ​តែងតែ​និយាយ​ហើយ​និយាយ​ទៀត កុំ​ភ្លេច​នៅមុខ​ស្ថានទូត​នៃ​ប្រទេស​អង់គ្លេស និង​ប្រទេស​អាមេរិក​។ គណបក្ស​ប្រជាជន​កម្ពុជា​នៅតែ​បន្ត​រម្លាយ អ្វី​ដែល​ជា​ប្រព័ន្ធ​ច្បាប់ នៅតែ​បន្ត​ធ្វើ​ឱ្យ​ប្រព័ន្ធ​ច្បាប់​យើង​ធូររលុង​ប្រទេស​មួយ​ទាំងមូល​នឹង​ទទួល​រងគ្រោះ​ជានិច្ច​។ អ៊ីចឹង​ហើយ​បាន​យើង​ទាមទារ យើង​នៅតែ​និយាយ​ហើយ​និយាយ​ទៀត​ក្រោក​ឈរ​ឡើង​ពលរដ្ឋ​ខ្មែរ បញ្ចេញមតិ​ទៅតាម​រូបភាព​ណាក៏ដោយ ប៉ុន្តែ​ដោយ​អហិង្សា ហ៊ាន​និយាយ ហ៊ាន​តវ៉ា យើង​មិន​ត្រឹមតែ​អាច​ការពារ​ផលប្រយោជន៍​ខ្លួន​យើង​ទេ យើង​ការពារ​ផលប្រយោជន៍​ជាតិ​ទាំងមូល»។

លោក ហ៊ុន តូ ធ្លាប់​សារភាព​ថា លោក​ពិត​ជា​មាន​ភាគហ៊ុន​ចំនួន ៣០​ភាគរយ​ក្នុង​ក្រុមហ៊ុន ហួយ​វ័ន ផេ ប៉ុន្តែ​មកដល់ពេលនេះ គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ឃាត់ខ្លួន​ក្មួយប្រុស​លោក ហ៊ុន សែន រូប​នេះ ដើម្បី​ស៊ើបអង្កេត និង​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​បង្កក​លុយ​អតិថិ​ជន​នេះ​នៅឡើយ​។ ក្រុមហ៊ុន​ហួយ​វ័ន ផេ របស់​លោក ហ៊ុន តូ ចាប់ផ្ដើម​បង្កក​លុយ​អតិថិជន​រួច​កាត់​លុយ​ចេញពី​គណនី​តែម្ដង បន្ទាប់ពី​សហរដ្ឋអាមេរិក (US) និង​ចក្រភព​អង់គ្លេស (UK) ដាក់ទណ្ឌកម្ម​កាលពី​ចុងឆ្នាំ​២០២៥ ដោយសារតែ​រកឃើញ​ថា ក្រុមហ៊ុន​នេះ​ពាក់ព័ន្ធ​យ៉ាងសកម្ម និង​ជា​ក្រុមហ៊ុន​ដ៏​ធំ​សម្បើម​ជួយ​លាងលុយកខ្វក់​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ និង​ក្រុម​ឧក្រិដ្ឋជន​ចោរ​ព័ត៌មានវិទ្យា ឬ​ហែកឃឺ (Hacker) របស់​កូរ៉េខាងជើង​ក្នុង​ទំហំ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ