

រដ្ឋាភិបាលឥណ្ឌាបានព្រមានពលរដ្ឋរបស់ ខ្លួនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់នៅពេលធ្វើដំណើរមកកម្ពុជា ដោយសារធ្លាក់ក្នុងអន្ទាក់របស់បណ្ដាញឆបោកតាមអនឡាញ និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងៗទៀត ។ ទន្ទឹមនឹងនេះ អង្គការជំនាញ និងសារព័ត៌មានអន្តរជាតិធំៗក៏រាយការណ៍ជាបន្តបន្ទាប់ពីករណីរដ្ឋាភិបាលកម្ពុជា បរាជ័យបង្ក្រាបទីតាំងមជ្ឈមណ្ឌលឆបោក។
ស្ថានទូតឥណ្ឌាប្រចាំកម្ពុជាឱ្យដឹងថា ខ្លួនបានទទួលព័ត៌មានអំពីពលរដ្ឋឥណ្ឌាមួយចំនួនដែលធ្លាក់ក្នុងអន្ទាក់បណ្ដាញជួញដូរមនុស្ស បន្ទាប់ពីត្រូវបានបោកបញ្ឆោតដោយការសន្យាផ្ដល់ការងារប្រាក់ខែខ្ពស់នៅកម្ពុជា។ តាមរយៈសេចក្ដីជូនដំណឹងកាលពីថ្ងៃទី១០ ខែមិថុនា ស្ថានទូតបញ្ជាក់ថា ពលរដ្ឋឥណ្ឌាទាំងនេះគឺជាជនរងគ្រោះត្រូវបានបង្ខិតបង្ខំឱ្យប្រព្រឹត្តសកម្មភាពឆបោកតាមអនឡាញ និងសកម្មភាពខុសច្បាប់ផ្សេងទៀត។
ស្ថានទូតក៏បានណែនាំមិនឱ្យពលរដ្ឋឥណ្ឌាប្រើទិដ្ឋាការទេសចរណ៍សម្រាប់ស្វែងរកការងារធ្វើ ឬប្រព្រឹត្តសកម្មភាពផ្ទុយពីគោលបំណងនៃទិដ្ឋាការឡើយ។ ជាមួយគ្នានេះ រដ្ឋាភិបាលឥណ្ឌាក៏បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួនដែលមិនមានទិដ្ឋាការស្របច្បាប់នៅកម្ពុជា ត្រូវចាកចេញពីប្រទេសកម្ពុជាជាបន្ទាន់។
នេះមិនមែនជាលើកទីមួយទេដែលអាជ្ញាធរឥណ្ឌាចេញសេចក្ដីជូនដំណឹងព្រមានពលរដ្ឋរបស់ខ្លួនមុនធ្វើដំណើរមកកម្ពុជា។ កន្លងមកក្រៅពីឥណ្ឌាក៏មានប្រទេសមួយចំនួននៅអាស៊ានដូចជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី វៀតណាម និងថៃជាដើម ក៏បានចេញសេចក្ដីប្រកាសព្រមានស្រដៀងគ្នានេះដែរ បន្ទាប់ពីរកឃើញថា ពលរដ្ឋរបស់ខ្លួនត្រូវបានបោកបញ្ឆោតឱ្យមកធ្វើការនៅកម្ពុជា ហើយក្រោយមកត្រូវបានបង្ខំឱ្យចូលរួមក្នុងសកម្មភាពឆបោកតាមអនឡាញ។
សេចក្ដីជូនដំណឹងរបស់ស្ថានទូតឥណ្ឌាជាថ្មីៗនេះគឺស៊ីសង្វាក់គ្នានឹងរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ដោយរកឃើញថា មជ្ឈមណ្ឌលឆបោកតាមអនឡាញនៅកម្ពុជានៅតែដំណើរការដដែលទោះបីជាមានការបង្ក្រាបក៏ដោយ។
របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) កាលពីថ្ងៃទី៨ ខែមិថុនា រកឃើញថា ក្នុងចំណោមទីតាំងចំនួន ៨៦ ដែលត្រូវបានកំណត់អត្តសញ្ញាណថា ជាមជ្ឈមណ្ឌលបោកប្រាស់ រដ្ឋាភិបាលកម្ពុជាបានធ្វើអន្តរាគមន៍នៅទីតាំងចំនួន ២៤ ប៉ុណ្ណោះ។ អង្គការលើកលែងទោសអន្តរជាតិវាយតម្លៃថា រដ្ឋាភិបាលកម្ពុជាបរាជ័យក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងការពារជនរងគ្រោះពីការជួញដូរមនុស្ស ដោយទុកឱ្យជនរងគ្រោះជាច្រើនបន្តរស់នៅក្នុងស្ថានភាពឯកោ ប្រឈមនឹងការកេងប្រវ័ញ្ច និងការរំលោភបំពាននៅតាមមជ្ឈមណ្ឌលឆបោកនានាទូទាំងប្រទេស។ អង្គការនេះរកឃើញថា ការបរាជ័យក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មនេះ បណ្ដាលមកពីអាជ្ញាធរខកខានក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះនៃការជួញដូរមនុស្ស និងមានការឃុបឃិតរវាងមន្ត្រីអនុវត្តច្បាប់ជាមួយបណ្ដាញឧក្រិដ្ឋជនដែលអនុញ្ញាតឱ្យបណ្ដាញក្រុមឧក្រិដ្ឋជនអាចគេចផុតពីការបង្ក្រាបរបស់សមត្ថកិច្ច។
របាយការណ៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការស្រាវជ្រាវ ប្រមូលភស្តុតាង និងការសម្ភាសដោយផ្ទាល់ជាមួយជនរងគ្រោះជាង ៧០នាក់ រួមទាំងសាក្សី មន្ត្រីសង្គមស៊ីវិលពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាននៅតាមតំបន់មជ្ឈមណ្ឌលឆបោកតាមអនឡាញ។
ពាក់ព័ន្ធនឹងរឿងនេះ ប្រធានលេខាធិការដ្ឋានគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា លោក ឆៃ ស៊ីណារិទ្ធ បានច្រានចោល និងចាត់ទុកថា របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិគ្មានលក្ខណៈគ្រប់ជ្រុងជ្រោយ។ លោកប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី១១ ខែមិថុនាថា កម្ពុជាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ និងបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែននេះ។ លោកអះអាងថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចបានបង្ក្រាបករណីឆបោកតាមអនឡាញជាង ៤រយករណី ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ ទីតាំង និងបញ្ជូនសំណុំរឿងជាង ១រយករណី (១៤៣ករណី) ទៅតុលាការ ពាក់ព័ន្ធនឹងជនសង្ស័យជាង ១ពាន់នាក់។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា ទោះបីអាជ្ញាធរបើកយុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមអនឡាញក៏ដោយ ក៏ក្រុមជនបរទេសនៅតែបន្តជួលផ្ទះ និងអគារតូចៗ ដើម្បីបន្តប្រតិបត្តិការឆបោកដដែល។ លោកទទួលស្គាល់ថា បទល្មើសនេះមានភាពស្មុគស្មាញ ប៉ុន្តែជំរុញឱ្យសមត្ថកិច្ចបង្កើនប្រសិទ្ធភាពស៊ើបអង្កេត និងបង្ក្រាបឱ្យដល់ឫសគល់ចំពោះអ្នកដែលពាក់ព័ន្ធទាំងអស់។
លោក អំ សំអាត៖ «ការបង្ក្រាប ស្កែមអនឡាញ (Scam Online) ជោគជ័យទៅបាន ទីមួយ ទន្ទឹមនឹងការបង្ក្រាបហ្នឹង អ្នកដែលពាក់ព័ន្ធបទល្មើស ស្កែមអនឡាញ ក៏ត្រូវតែមានការបង្ក្រាបទៅលើមន្ត្រីសមត្ថកិច្ច ឬអាជ្ញាធរដែលពាក់ព័ន្ធជាមួយស្កេមអនឡាញ។ មួយទៀតគឺលុបបំបាត់នូវអំពើពុករលួយ ការអនុវត្តច្បាប់ត្រូវតែធ្វើឡើងដោយតឹងរ៉ឹង។ ជនណាក៏ដោយឱ្យតែពាក់ព័ន្ធជាមួយនឹងការឆបោកតាមប្រព័ន្ធអនឡាញហ្នឹង ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ ទោះបីជាមានឋានន្តរសក្ដិ ខ្នងបង្អែកប៉ុណ្ណាក៏ដោយ ក៏ត្រូវតែអនុវត្តតាមច្បាប់ឱ្យមានប្រសិទ្ធភាព»។
អង្គការលើកលែងទោសអន្តរជាតិបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបង្កើនការស៊ើបអង្កេតដោយឯករាជ្យ ស្វែងរក និងការពារជនរងគ្រោះពីការជួញដូរមនុស្សក្នុងឧស្សាហកម្មឆបោកតាមអនឡាញ ព្រមទាំងចាត់វិធានការតាមច្បាប់ចំពោះបុគ្គល ឬមន្ត្រីណាដែលពាក់ព័ន្ធនឹងបណ្ដាញឆបោកតាមអនឡាញ។ ទន្ទឹមគ្នានេះ អ្នកឃ្លាំមើលលើកឡើងថា ដរាបណាមិនមានការបង្ក្រាបដល់ឫសគល់ ជាពិសេសមេខ្លោងធំៗ កម្ពុជានឹងបន្តរងការរិះគន់ពីសហគមន៍អន្តរជាតិ ហើយឧក្រិដ្ឋកម្មឆ្លងដែននឹងបន្តរីករាលដាលបង្កផលប៉ះពាល់កាន់តែធ្ងន់ធ្ងរដល់កេរ្តិ៍ឈ្មោះ សេដ្ឋកិច្ច និងសន្តិសុខប្រទេសកម្ពុជាបន្ថែមទៀត៕









