លោក រ៉ុង ឈុន សង្ឃឹម​បាន​សេរីភាព​នយោបាយ​វិញ បើ​រដ្ឋាភិបាល​តម្កល់​ប្រយោជន៍​ជាតិ​ជាធំ

0
58
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន និងអ្នកគាំទ្រអមដំណើរទៅតុលាការកំពូល កាល​ពីថ្ងៃទី១៥ មិថុនា​ ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន សង្ឃឹមថា តុលាការ​កំពូល​នឹង​ផ្ដល់​សិទ្ធិ​សេរីភាព​ឲ្យ​លោក​ពេញលេញ ដើម្បី​លោក​អាច​ចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត និង​ស្ដារ​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ​ឡើងវិញ​។ ការ​លើកឡើង​នេះ ខណៈ​តុលាការ​កំពូល​នឹង​ប្រកាស​សាលដីកា​សំណុំរឿង​របស់​លោក​នៅ​ថ្ងៃទី​១៩ ខែ​មិថុនា ស្អែក​នេះ។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន នៅតែ​មាន​សេចក្ដី​សង្ឃឹម​ចំពោះ​តុលាការ​កំពូល នឹង​ផ្តល់​សេរីភាព​នយោបាយ​ពេញលេញ​ដល់​រូបលោក​វិញ ប្រសិនបើ​រដ្ឋាភិបាល​ប្រាកដ​ជា​មាន​ជំហរ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ ដូច​ការ​អះអាង​កន្លង​មក​នោះ។

លោក រ៉ុង ឈុន ក៏បាន​ទទូច​ឲ្យ​អាជ្ញាធរ បើកផ្លូវ​ដល់​ពលរដ្ឋ និង​អ្នកគាំទ្រ​លោក ដោយ​គ្មាន​ការ​រំខាន ឬ​ការរារាំង​ណាមួយ នៅ​ខាងមុខ​តុលាការ​កំពូល​នា​ថ្ងៃស្អែក​នេះ ដើម្បី​ឲ្យ​ពួកគាត់​អាច​សម្ដែង​មតិ​ដោយ​សន្តិវិធី​។ លោក​ថា ការសម្ដែង​មតិ​របស់​ពលរដ្ឋ មិន​ប៉ះពាល់​សន្តិសុខ​សង្គម​ឡើយ ប៉ុន្តែ បង្ហាញ​ទឺក​ចិត្ត​គិត​ពី​សង្គម ឲ្យ​រដ្ឋាភិបាល​បានដឹង​កាន់តែ​ច្បាស់។

លោក​បន្ត​ថា អ្នកគាំទ្រ​របស់​លោក​កាន់តែ​ច្រើន ចាប់អារម្មណ៍​ទៅ​ឃ្លាំមើល​ការប្រកាស​សាលដីកា​នៅ​តុលាការ​កំពូល ពីព្រោះ​ក្នុង​កាលៈទេសៈ​នេះ ការ​ទាមទារ​សេរីភាព​នយោបាយ​របស់​លោក គឺជា​ឧទាហរណ៍​មួយ ក្នុងចំណោម​ក្រុម​អ្នកនយោបាយ​សំខាន់ៗ នៅ​កម្ពុជា ដែល​បាត់បង់​សិទ្ធិ​ប្រកួតប្រជែង​នយោបាយ ស្របតាម​រដ្ឋធម្មនុញ្ញ​។ លោក​រំឭក​ថា ប្រជាពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ និង ចូលរួម​សកម្មភាព​នយោបាយ ដូច្នេះ លោក​សង្ឃឹមថា តុលាការ​កំពូល នឹង​ពិនិត្យ​ចំណុច​នេះ​ឡើងវិញ។

លើស​ពី​នេះ​ទៀត លោក រ៉ុង ឈុន លើកឡើង​ថា កាលៈទេសៈ​នេះ គឺជា​ពេលវេលា ដែល​រដ្ឋាភិបាល​កម្ពុជា បង្ហាញ​ពី​ស្មារតី​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ និង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ ដើម្បី​លើកមុខ​មាត់ និង​កិត្តិយស​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ពីព្រោះ លោក​ថា កន្លងមក លោក ហ៊ុន ម៉ា​ណែ​ត ក៏​ធ្លាប់​លើកឡើង​អំពី​វិបត្តិ​នានា ដែល​កម្ពុជា​ប្រឈម ហើយ​ធ្វើ​ធ្លាក់ចុះ​មុខមាត់​កម្ពុជា រហូតដល់​ធ្វើ​ឲ្យ​ប៉ះពាល់​ការ​វិនិយោគ និង​ភ្ញៀវ​ទេសចរណ៍​ជាដើម។ «»

​តុលាការ​កំពូល បាន​បើកសវនាការ​សំណុំរឿង​លោក រ៉ុង ឈុន កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ហើយ​គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​១៩ ស្អែក​នេះ​។

កាលពី​ថ្ងៃទី​៣១ ខែមីនា សាលាឧទ្ធរណ៍​ភ្នំពេញ បានសម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ៤​ឆ្នាំ​ពិន័យ​ជា​ប្រាក់ ៤​លាន​រៀល និង​ដកហូត​សិទ្ធិ​នយោបាយ​អចិន្ត្រៃយ៍​។ តុលាការ ចោទប្រកាន់​លោក ពី​បទ «​មិន​រាងចាល​» ក្នុង​សំណុំរឿង «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដែល​បាន​ប្រព្រឹត្ត នៅក្នុង​ខែ​ឧសភា ឆ្នាំ​២០២៥ ពាក់ព័ន្ធ​នឹង​ការ​អត្ថាធិប្បាយ​របស់​លោក អំពី​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។

ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ថា អ្នក​កាន់អំណាច គួរតែ​គិតគូរ​ពី​ការផ្សះផ្សា​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ឡើងវិញ ដើម្បី​ផលប្រយោជន៍​ជាតិ​រួម​។ យ៉ាងណា លោក​រំពឹង​តិចតួច ដែល​លោក រ៉ុង ឈុន ទទួល​បាន​សិទ្ធិ​សេរីភាព ពីព្រោះ បច្ចុប្បន្ន សូម្បីតែ​ពលរដ្ឋ​បញ្ចេញមតិ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បន្តបន្ទាប់។ «»

អ្នកឃ្លាំមើល​លើកឡើង​ថា នយោបាយ​អាទិភាព​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ផ្ដោត​តែ​លើ​ការ​រក្សា​អំណាច​គ្រួសារ ជាជាង​ផលប្រយោជន៍​ជាតិ ហើយ​តុលាការ​គ្រាន់តែ​ជា​ឧបករណ៍​បំបិទ​សិទ្ធិ​គូប្រជែង និង អ្នក​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​ប៉ុណ្ណោះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ