

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សង្ឃឹមថា តុលាការកំពូលនឹងផ្ដល់សិទ្ធិសេរីភាពឲ្យលោកពេញលេញ ដើម្បីលោកអាចចូលរួមប្រកួតប្រជែងការបោះឆ្នោត និងស្ដារមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិឡើងវិញ។ ការលើកឡើងនេះ ខណៈតុលាការកំពូលនឹងប្រកាសសាលដីកាសំណុំរឿងរបស់លោកនៅថ្ងៃទី១៩ ខែមិថុនា ស្អែកនេះ។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន នៅតែមានសេចក្ដីសង្ឃឹមចំពោះតុលាការកំពូល នឹងផ្តល់សេរីភាពនយោបាយពេញលេញដល់រូបលោកវិញ ប្រសិនបើរដ្ឋាភិបាលប្រាកដជាមានជំហរផ្សះផ្សាបង្រួបបង្រួមជាតិ ដូចការអះអាងកន្លងមកនោះ។
លោក រ៉ុង ឈុន ក៏បានទទូចឲ្យអាជ្ញាធរ បើកផ្លូវដល់ពលរដ្ឋ និងអ្នកគាំទ្រលោក ដោយគ្មានការរំខាន ឬការរារាំងណាមួយ នៅខាងមុខតុលាការកំពូលនាថ្ងៃស្អែកនេះ ដើម្បីឲ្យពួកគាត់អាចសម្ដែងមតិដោយសន្តិវិធី។ លោកថា ការសម្ដែងមតិរបស់ពលរដ្ឋ មិនប៉ះពាល់សន្តិសុខសង្គមឡើយ ប៉ុន្តែ បង្ហាញទឺកចិត្តគិតពីសង្គម ឲ្យរដ្ឋាភិបាលបានដឹងកាន់តែច្បាស់។
លោកបន្តថា អ្នកគាំទ្ររបស់លោកកាន់តែច្រើន ចាប់អារម្មណ៍ទៅឃ្លាំមើលការប្រកាសសាលដីកានៅតុលាការកំពូល ពីព្រោះក្នុងកាលៈទេសៈនេះ ការទាមទារសេរីភាពនយោបាយរបស់លោក គឺជាឧទាហរណ៍មួយ ក្នុងចំណោមក្រុមអ្នកនយោបាយសំខាន់ៗ នៅកម្ពុជា ដែលបាត់បង់សិទ្ធិប្រកួតប្រជែងនយោបាយ ស្របតាមរដ្ឋធម្មនុញ្ញ។ លោករំឭកថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិពេញលេញក្នុងការបញ្ចេញមតិ និង ចូលរួមសកម្មភាពនយោបាយ ដូច្នេះ លោកសង្ឃឹមថា តុលាការកំពូល នឹងពិនិត្យចំណុចនេះឡើងវិញ។
លើសពីនេះទៀត លោក រ៉ុង ឈុន លើកឡើងថា កាលៈទេសៈនេះ គឺជាពេលវេលា ដែលរដ្ឋាភិបាលកម្ពុជា បង្ហាញពីស្មារតីផ្សះផ្សាបង្រួបបង្រួមជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីលើកមុខមាត់ និងកិត្តិយសប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ពីព្រោះ លោកថា កន្លងមក លោក ហ៊ុន ម៉ាណែត ក៏ធ្លាប់លើកឡើងអំពីវិបត្តិនានា ដែលកម្ពុជាប្រឈម ហើយធ្វើធ្លាក់ចុះមុខមាត់កម្ពុជា រហូតដល់ធ្វើឲ្យប៉ះពាល់ការវិនិយោគ និងភ្ញៀវទេសចរណ៍ជាដើម។
លោក រ៉ុង ឈុន៖ «កត្តាទាំងអស់នេះហើយ ដូចខ្ញុំបានជម្រាបខាងដើមអ៊ីចឹង បើយើងតម្កល់នៅផលប្រយោជន៍ជាតិ ហើយបង្ហាញអំពីការផ្សះផ្សាជាតិ ឯកភាពជាតិ ត្រូវចាប់ផ្ដើមពីខ្ញុំទៅ មិនមែនថា ផ្ដល់សេរីភាពឲ្យខ្ញុំ ហើយអ្នកផ្សេងទៀត មិនមែនទេ ខ្ញុំចង់ឃើញអ្នកដែលកំពុងស្ថិតក្នុងពន្ធនាគារ ក៏ដូចជា អ្នកដែលនិរទេសនៅក្រៅប្រទេស។ និយាយទៅចង់ឃើញខ្មែរយើងអង្គុយនៅលើតុជជែកគ្នា រក ដំណោះស្រាយជាតិ ហើយប្រកួតគ្នាតាមរយៈបោះឆ្នោតអ៊ីចឹងទៅ»។
តុលាការកំពូល បានបើកសវនាការសំណុំរឿងលោក រ៉ុង ឈុន កាលពីថ្ងៃទី១៥ ខែមិថុនា ហើយគ្រោងនឹងប្រកាសសាលដីកានៅថ្ងៃទី១៩ ស្អែកនេះ។
កាលពីថ្ងៃទី៣១ ខែមីនា សាលាឧទ្ធរណ៍ភ្នំពេញ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលផ្ដន្ទាទោសលោក រ៉ុង ឈុន ឲ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំពិន័យជាប្រាក់ ៤លានរៀល និងដកហូតសិទ្ធិនយោបាយអចិន្ត្រៃយ៍។ តុលាការ ចោទប្រកាន់លោក ពីបទ «មិនរាងចាល» ក្នុងសំណុំរឿង «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ដែលបានប្រព្រឹត្ត នៅក្នុងខែឧសភា ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការអត្ថាធិប្បាយរបស់លោក អំពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា អ្នកកាន់អំណាច គួរតែគិតគូរពីការផ្សះផ្សាវិបត្តិនយោបាយនៅកម្ពុជាឡើងវិញ ដើម្បីផលប្រយោជន៍ជាតិរួម។ យ៉ាងណា លោករំពឹងតិចតួច ដែលលោក រ៉ុង ឈុន ទទួលបានសិទ្ធិសេរីភាព ពីព្រោះ បច្ចុប្បន្ន សូម្បីតែពលរដ្ឋបញ្ចេញមតិ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្តបន្ទាប់។
លោក ស៊ឹង សែនករុណា៖ «បើមេដឹកនយោបាយ ព្រោះមេដឹកនាំនយោបាយ ជាមេរបស់តុលាការគឺមេដឹកនាំប្រទេសជាពិសេសលោក ហ៊ុន សែន ហ្នឹងឯង ដែលជាអ្នកមានអំណាចនៅក្នុងដៃពេញដៃ ដែលគ្រប់គ្រងទៅលើតុលាការហ្នឹង។ បើសិនជាគិតគូរថា ការបើកនូវលំហសេរីភាពនយោបាយ វាជាផលប្រយោជន៍របស់ជាតិ ផលប្រយោជន៍របស់ប្រជាពលរដ្ឋ អ៊ីចឹងគប្បីតុលាការហ្នឹង ត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់ ហើយឲ្យលោក រ៉ុង ឈុន មានសេរីភាពពេញលេញគ្រប់គ្រាន់ ក្នុងការអនុវត្តនៅសិទ្ធិសេរីភាពរបស់ខ្លួន ដើម្បីចូលរួមនៅក្នុងសង្គម និងនយោបាយ ជាពិសេសនៅក្នុងប្រទេសដែលប្រកាន់ថា ជារបបប្រជាធិបតេយ្យ»។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា ប្រាប់ទូរទស្សន៍អាស៊ីសេរីថា អ្នកកាន់អំណាច គួរតែគិតគូរពីការផ្សះផ្សាវិបត្តិនយោបាយនៅកម្ពុជាឡើងវិញ ដើម្បីផលប្រយោជន៍ជាតិរួម។ យ៉ាងណា លោករំពឹងតិចតួច ដែលលោក រ៉ុង ឈុន ទទួលបានសិទ្ធិសេរីភាព ពីព្រោះ បច្ចុប្បន្ន សូម្បីតែពលរដ្ឋបញ្ចេញមតិ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបន្តបន្ទាប់។
អ្នកឃ្លាំមើលលើកឡើងថា នយោបាយអាទិភាពរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ផ្ដោតតែលើការរក្សាអំណាចគ្រួសារ ជាជាងផលប្រយោជន៍ជាតិ ហើយតុលាការគ្រាន់តែជាឧបករណ៍បំបិទសិទ្ធិគូប្រជែង និង អ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាលប៉ុណ្ណោះ៕









