

ករណីសោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឲ្យកុមារពីរនាក់ ដែលជាកូនរបស់គ្រួសារមានដើមកំណើតជាខ្មែរ ស្លាប់បាត់បង់ជីវិត នៅទីក្រុងស៊ីដនី (Sydney) កាលពីល្ងាចថ្ងៃពុធ ទី១៧ ខែមិថុនានោះ បានធ្វើឲ្យមានការសោកសៅ និងរំជួលចិត្តទូទាំងប្រទេសអូស្ត្រាលី។ សារព័ត៌មានអូស្ត្រាលីគ្រប់ស្ថាប័ន ក៏បានចុះផ្សាយព្រោងព្រាតជាបន្តបន្ទាប់ដែរនូវករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ។ ឪពុកម្តាយរបស់កុមាររងគ្រោះ នឹងរៀបចំពិធីបុណ្យសពកូនបង្កើតទាំងពីរនៅថ្ងៃច័ន្ទ ទី២២ មិថុនា សប្តាហ៍ក្រោយនេះ។
ប្រជាសហគមន៍ខ្មែរ និងប្រជាពលរដ្ឋទូទៅនៅប្រទេសអូស្ត្រាលី បានបង្ហាញសេចក្តីសោកសៅ និងអាណិតអាសូរពន់ពេក ព្រមទាំងចូលរួមរំលែកទុក្ខដល់គ្រួសាររបស់កុមារទាំងពីរដែលត្រូវបានរថយន្តបើកបុកបណ្តាលឲ្យស្លាប់យ៉ាងរន្ធត់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃពុធ ទី១៧ ខែមិថុនា នៅតំបន់ខាប្រាម៉ាតា (Cabramatta ) ជាយទីក្រុងស៊ីដនីនៃរដ្ឋ ញូសៅវែល (NSW) ប្រទេសអូស្ត្រាលី។
មកទល់ពេលនេះ ឪពុកម្ដាយរបស់កុមាររងគ្រោះ គឺលោក ថា វុណ្ឌី (Vundy Tha ) និងលោកស្រី រ៉ាម សុខ (Sok Ram) ដែលជាជនជាតិអូស្ត្រាលីមានដើមកកំណើតខ្មែរ នៅតែសោកសង្រេង និងមិនអាចទទួលយកនោះទេ នៅពេលកូនទាំងពីរនាក់របស់ពួកគាត់គឺកូនស្រីឈ្មោះខាធើរីន (Katherine) អាយុ៥ឆ្នាំ និងកូនប្រុសឈ្មោះហារី (Harry) អាយុ១ឆ្នាំ ត្រូវបានស្លាប់បាត់បង់ជីវិតត្រឹមតែមួយប៉ប្រិចភ្នែក។
ឪពុកកុមាររងគ្រោះ គឺលោក ថា វុណ្ឌី រៀបរាប់ប្រាប់ទូរទស្សន៍អាស៊ីសេរីទាំងក្តុកក្តួលថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ខណៈដែលប្រពន្ធរបស់លោក បានរុញរទេះដឹកកូនប្រុសនិងនាំកូនស្រី ចេញពីសាលារៀនត្រឡប់មកផ្ទះវិញ ប៉ុន្តែនៅពេលពួកគាត់ ដើរឆ្លងផ្លូវ ក៏មានរថយន្តមួយបើកបុកតែម្តង។
លោក ថា វុណ្ឌី៖ «ប្រពន្ធខ្ញុំប្រាប់ថា គាត់(អ្នកបើកបរឡាន) បានឈប់ឡានហើយ ទើបគាត់ដើរឆ្លងផ្លូវទៅ តែចៃដន្យអីឡាននោះ ស្រាប់តែបើកមកបុកកូនរបស់ខ្ញុំ។ ពេលវេលានោះទាន់ហន់ពេក ប្រហែលជាកូនស្រីខ្ញុំដើរទន្ទឹមនឹងរទេះកូនក្មេង ទើបបានបុកគ្នារះទាំងពីរហើយកូនស្រីខ្ញុំខ្ទាតចេញទៅផ្លូវម្ខាងទៀត ហើយរទេះកូនតូចរបស់ខ្ញុំនៅជាប់ក្រោមឡាន។ ពេលប្រពន្ធខ្ញុំឃើញកូនក្រោមឡាន គាត់ក៏រត់ទៅកណ្តាលថ្នល់ឲ្យគេឈប់ហើយចង្អុលប្រាប់គេថា កូនខ្ញុំនៅក្រោមឡាន។ ដូច្នេះទើបអ្នកដំណើរទាំងអស់ចុះពីឡាននោះ មកជួយលើកឡាននោះដើម្បីយកកូនក្មេងចេញមក។ គាត់ ក៏តេហៅឡានសង្គ្រោះបន្ទាន់ និងតេទៅខ្ញុំ ព្រោះខ្ញុំនៅកន្លែងធ្វើការ។ គាត់ប្រាប់ថា បងមកផ្ទះឥឡូវនេះព្រោះកូនយើងឡានបុកហើយធ្ងន់ធ្ងរ។ ពេលនោះ ខ្ញុំគិតអីអត់ចេញទេ ថ្លើមខ្ញុំធ្លាក់ក្តុកដល់ដីហើយ»។
លោកបន្តថា ក្រុមគ្រូពេទ្យ បានព្យាយាមជួយសង្គ្រោះកូនរបស់លោកទាំងពីរដែរ ប៉ុន្តែដោយសារស្ថានភាពធ្ងន់ធ្ងរ ទើបមិនអាចជួយពួកគេបានឡើយ។ ក្រោយកើតហេតុ ប៉ូលិសអូស្ត្រាលី ក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តបង្ក ភេទប្រុស អាយុ៥៦ឆ្នាំ និងបាននាំខ្លួនទៅធ្វើតេស្ដចាំបាច់នៅមន្ទីរពេទ្យ។ប៉ុន្តែប៉ូលិស បានសម្រេចដោះលែងអ្នកបើកបរឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេត បន្ថែមទៀត។
ឪពុកកុមាររងគ្រោះ ឲ្យដឹងដែរថា ថ្វីដ្បិតលោកអនុគ្រោះឲ្យអ្នកបើកបរ ព្រោះគិតរឿងបានកើតឡើងទៅហើយ និងមិនអាចដូរយកជីវិតរបស់កូនលោកមកវិញក្តី ប៉ុន្តែរឿងកិច្ចការងារនិងសេចក្តីសម្រេច របស់ប៉ូលិសនិងតុលាការអូស្ត្រាលីយ៉ាងណានោះ លោកមិនដឹងនោះទេ។
លោក ថា វុណ្ឌី៖ «ប្រទេសមានច្បាប់ ខ្ញុំមិនអាចនិយាយថា ខ្ញុំលើកលែងទោសឲ្យគាត់ឬក៏ស្អីទេ បើគាត់មានបញ្ហា ហើយប៉ូលិសគេរកទៅ គេឃើញគាត់មានកំហុស ក៏ខ្ញុំអត់អាចជួយអីគាត់បានដែរ ព្រោះច្បាប់គឺច្បាប់»។
បច្ចុប្បន្ននេះ សាកសពកុមារទាំងពីរ កំពុងតម្កល់នៅកន្លែងសម្រាប់រៀបចំពិធីបុណ្យ សពឈ្មោះUniversal Chung wah funeral ក្នុងតំបន់Fairfield។ ក្រុមគ្រួសារ នឹងរៀបចំពិធីបុណ្យដោយនិមន្តព្រះសង្ឃបង្សុកូលនៅទីតាំងតម្កល់សពនេះនៅថ្ងៃ ច័ន្ទទី២២ ខែមិថុនា។ បន្ទាប់ពីមក នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមិថុនា នឹងធ្វើពិធីដង្ហែសពកុមារទាំងពីរទៅកន្លែងបូជា។ ឪពុកម្តាយកុមាររងគ្រោះ ក៏បានប្រកាសអំពាវនាវឲ្យបងប្អូនញាតិមិត្តចូលរួមផងដែរ។
ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានផ្តាច់ជីវិតកុមារទាំងពីរនេះទូរទស្សន៍ និងសារព័ត៌មានក្នុងប្រទេសអូស្ត្រាលី បានចុះផ្សាយព្រោងព្រាតដោយ បង្ហាញអំពីភាពសោកសៅរបស់ឪពុកម្តាយរបស់ជនរងគ្រោះ។ ម្តាយកុមាររងគ្រោះ រៀបរាប់ទាំងទួញសោកប្រាប់សារព័ត៌មានអូស្ត្រាលីថា លោកស្រី នៅតែមិនជឿថា មានរឿងនេះកើតឡើងឡើយ ហើយលោកស្រី ស្រលាញ់កូនលើសពីជីវិតខ្លួនឯង ទៅទៀត។ ចំណែកឪពុកកុមាររងគ្រោះវិញ លោករៀបរាប់ថា បេះដូងរបស់លោក ត្រូវបានបែកប្រេះហើយមិនដឹងថា ត្រូវរស់នៅបែបណាទៀតនោះទេ ក្រោយបាត់បង់កូនទាំងពីរ។ កាសែតអូស្ត្រាលីមួយចំនួន បានចុះផ្សាយថា ក្រោយគ្រោះថ្នាក់ចរាចរណ៍នេះ សប្បុរសជន ក៏បាននាំគ្នាបរិច្ចាគថវិកាតាមអនឡាញជួយដល់ឪពុកម្តាយកុមាររងគ្រោះដែរ ដោយគិតមកដល់ពេលនេះ កើនដល់ជាង៣ សែនដុល្លារ(៣០០.០០០)អូស្ត្រាលី។
លោក ថា វុណ្ឌី អរគុណដល់សប្បុរសជន ប៉ុន្តែលោក នៅតែចង់បានជីវិតកូនទាំងពីររបស់លោកមកវិញ។ លោក ក៏ក្រើនរំលឹកដល់អ្នកបើកបរទាំងអស់ សូមឲ្យមានស្មារតីប្រុងប្រយ័ត្នក្នុងពេលបើកបរ ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់ដែលនាំឲ្យមានការបង់អាយុជីវិតមនុស្សនិងបន្សល់ការឈឺចាប់ដល់គ្រួសារជនរងគ្រោះ។
លោក ថា វុណ្ឌី៖ «គ្រោះថ្នាក់វាអាចកើតឡើងគ្រប់ពេល តែបើយើងប្រុងប្រយ័ត្នខ្ពស់ឲ្យមែនទែន ជួនកាលរឿងដែលអាចកើតឡើង ក៏មិនអាចកើតឡើងបានដែរ»។
លោក ថា វុណ្ឌី បានចាកចេញពីប្រទេសកម្ពុជាមករស់នៅប្រទេសអូស្ត្រាលីតាំងពី ឆ្នាំ២០០៣គឺមានរយៈពេល២៣ឆ្នាំហើយ។លោក និងគ្រួសារបានតាំងទីលំនៅក្នុងតំបន់ខាប្រាម៉ាតា (Cabramatta) ជាតំបន់ដែលមានចម្រុះជាតិសាសន៍រស់នៅច្រើន ជាពិសេសសហគមន៍អាស៊ី។
ចំពោះករណីសោកនាដកម្មនៃគ្រោះថ្នាក់ចរាចរណ៍ដែលបានបណ្តាលឲ្យកុមារពីរនាក់ស្លាប់នេះ អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានចែករំលែករូបភាព និងបាន បង្ហោះសារចូលរួមរំលែកទុក្ខព្រោងព្រាតមកទល់ពេលនេះ។ ខ្ញុំថា ថៃ អ្នករាយការណ៍ទូរទស្សន៍អាស៊ីសេរីប្រចាំក្រុងម៉ែលប៊ន ក៏សូមចូលរំលែកទុក្ខនិងបួងឲ្យ វិញ្ញាណក្ខន្ធរបស់កុមារទាំងពីរបានដល់ឋានបរមសុខ!









