ឪពុកម្ដាយ​របស់​កុមារ​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស៊ីដនី គ្រោង​រៀបចំ​បុណ្យសព​​កូន

0
6
កុមារ​ពីរ​នាក់​ដែល​ជួប​សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត នៅ​ទីក្រុង​ស៊ីដនី (Sydney) កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​ម្ដាយ​កុមារ
កុមារ​ពីរ​នាក់​ដែល​ជួប​សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​បាត់​បង់ជីវិត នៅ​ទីក្រុង​ស៊ីដនី (Sydney) កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៦។ រូប៖ ហ្វេសប៊ុក​ម្ដាយ​កុមារ

ករណី​សោកនាដកម្ម​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​បណ្តាល​ឲ្យ​កុមារ​ពីរ​នាក់ ដែល​ជា​កូន​របស់​គ្រួសារ​មាន​ដើមកំណើត​ជា​ខ្មែរ ស្លាប់​បាត់​បង់ជីវិត នៅ​ទីក្រុង​ស៊ីដនី (Sydney) កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ ខែមិថុនា​នោះ បាន​ធ្វើ​ឲ្យ​មានការ​សោកសៅ និង​រំជួលចិត្ត​ទូទាំង​ប្រទេស​អូស្ត្រាលី​។ សារព័ត៌មាន​អូស្ត្រាលី​គ្រប់​ស្ថាប័ន ក៏បាន​ចុះផ្សាយ​ព្រោងព្រាត​ជា​បន្តបន្ទាប់​ដែរ​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​។ ឪពុកម្តាយ​របស់​កុមារ​រងគ្រោះ នឹង​រៀបចំ​ពិធី​បុណ្យសព​កូនបង្កើត​ទាំងពីរ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ មិថុនា សប្តាហ៍​ក្រោយនេះ។

ប្រជា​សហគមន៍​ខ្មែរ និង​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ប្រទេស​អូស្ត្រាលី បាន​បង្ហាញ​សេចក្តី​សោកសៅ និង​អាណិតអាសូរ​ពន់ពេក ព្រមទាំង​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់​កុមារ​ទាំងពីរ​ដែល​ត្រូវ​បាន​រថយន្ត​បើក​បុក​បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​រន្ធត់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ ខែមិថុនា នៅ​តំបន់​ខាប្រាម៉ាតា (Cabramatta ) ជាយ​ទីក្រុង​ស៊ីដនី​នៃ​រដ្ឋ ញូសៅវែល (NSW) ប្រទេស​អូស្ត្រាលី។

មក​ទល់​ពេល​នេះ ឪពុកម្ដាយ​របស់​កុមារ​រងគ្រោះ គឺ​លោក ថា វុណ្ឌី (Vundy Tha ) និង​លោកស្រី រ៉ាម សុខ (Sok Ram) ដែល​ជា​ជនជាតិ​អូស្ត្រាលី​មាន​ដើម​ក​កំណើត​ខ្មែរ នៅតែ​សោកសង្រេង និង​មិនអាច​ទទួលយក​នោះ​ទេ នៅពេល​កូន​ទាំងពីរ​នាក់​របស់​ពួកគាត់​គឺ​កូនស្រី​ឈ្មោះ​ខាធើរីន (Katherine) អាយុ​៥​ឆ្នាំ និង​កូនប្រុស​ឈ្មោះ​ហារី (Harry) អាយុ​១​ឆ្នាំ ត្រូវ​បាន​ស្លាប់​បាត់​បង់ជីវិត​ត្រឹមតែ​មួយ​ប៉ប្រិចភ្នែក។

ឪពុក​កុមារ​រងគ្រោះ គឺ​លោក ថា វុណ្ឌី រៀបរាប់​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី​ទាំង​ក្តុកក្តួល​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង ខណៈ​ដែល​ប្រពន្ធ​របស់​លោក បាន​រុញ​រទេះដឹក​កូនប្រុស​និង​នាំ​កូនស្រី ចេញពី​សាលារៀន​ត្រឡប់​មក​ផ្ទះ​វិញ ប៉ុន្តែ​នៅពេល​ពួកគាត់ ដើរ​ឆ្លងផ្លូវ ក៏​មាន​រថយន្ត​មួយ​បើក​បុក​តែម្តង។

លោក ថា វុណ្ឌី៖ «​ប្រពន្ធ​ខ្ញុំ​ប្រាប់​ថា គាត់​(​អ្នកបើកបរ​ឡាន​) បាន​ឈប់​ឡាន​ហើយ ទើប​គាត់​ដើរ​ឆ្លងផ្លូវ​ទៅ តែ​ចៃដន្យ​អី​ឡាន​នោះ ស្រាប់​តែ​បើក​មក​បុក​កូន​របស់ខ្ញុំ​។ ពេលវេលា​នោះ​ទាន់ហន់​ពេក ប្រហែលជា​កូនស្រី​ខ្ញុំ​ដើរ​ទន្ទឹម​នឹង​រទេះ​កូនក្មេង ទើបបាន​បុក​គ្នា​រះ​ទាំងពីរ​ហើយ​កូនស្រី​ខ្ញុំ​ខ្ទាត​ចេញទៅ​ផ្លូវ​ម្ខាង​ទៀត ហើយ​រទេះ​កូនតូច​របស់ខ្ញុំ​នៅ​ជាប់​ក្រោម​ឡាន។ ពេល​ប្រពន្ធ​ខ្ញុំ​ឃើញ​កូន​ក្រោម​ឡាន គាត់​ក៏រ​ត់​ទៅ​កណ្តាល​ថ្នល់​ឲ្យ​គេ​ឈប់​ហើយ​ចង្អុល​ប្រាប់​គេ​ថា កូន​ខ្ញុំ​នៅ​ក្រោម​ឡាន​។ ដូច្នេះ​ទើប​អ្នកដំណើរ​ទាំងអស់​ចុះ​ពី​ឡាន​នោះ មក​ជួយ​លើក​ឡាន​នោះ​ដើម្បី​យក​កូនក្មេង​ចេញ​មក​។ គាត់ ក៏​តេ​ហៅ​ឡាន​សង្គ្រោះបន្ទាន់ និង​តេ​ទៅ​ខ្ញុំ ព្រោះ​ខ្ញុំ​នៅ​កន្លែងធ្វើការ​។ គាត់​ប្រាប់​ថា បង​មក​ផ្ទះ​ឥឡូវនេះ​ព្រោះ​កូន​យើង​ឡាន​បុក​ហើយ​ធ្ងន់ធ្ងរ​។ ពេលនោះ ខ្ញុំ​គិត​អី​អត់​ចេញ​ទេ ថ្លើម​ខ្ញុំ​ធ្លាក់​ក្តុក​ដល់​ដី​ហើយ»។

លោក​បន្ត​ថា ក្រុម​គ្រូពេទ្យ បាន​ព្យាយាម​ជួយសង្គ្រោះ​កូន​របស់​លោក​ទាំងពីរ​ដែរ ប៉ុន្តែ​ដោយសារ​ស្ថានភាព​ធ្ងន់ធ្ងរ ទើប​មិន​អាច​ជួយ​ពួកគេ​បាន​ឡើយ​។ ក្រោយ​កើតហេតុ ប៉ូលិស​អូស្ត្រាលី ក៏បាន​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​បង្ក ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ និង​បាន​នាំ​ខ្លួន​ទៅ​ធ្វើ​តេស្ដ​ចាំបាច់​នៅ​មន្ទីរពេទ្យ​។​ប៉ុន្តែ​ប៉ូលិស បានសម្រេច​ដោះលែង​អ្នកបើកបរ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​ការស៊ើបអង្កេត បន្ថែម​ទៀត។

ឪពុក​កុមារ​រងគ្រោះ ឲ្យ​ដឹង​ដែរ​ថា ថ្វី​ដ្បិត​លោក​អនុគ្រោះ​ឲ្យ​អ្នកបើកបរ ព្រោះ​គិត​រឿង​បាន​កើតឡើង​ទៅ​ហើយ និង​មិនអាច​ដូរ​យក​ជីវិត​របស់​កូនលោក​មកវិញ​ក្តី ប៉ុន្តែ​រឿង​កិច្ច​ការងារ​និង​សេចក្តី​សម្រេច របស់​ប៉ូលិស​និង​តុលាការ​អូស្ត្រាលី​យ៉ាងណា​នោះ លោក​មិនដឹង​នោះ​ទេ។

លោក ថា វុណ្ឌី៖ «​ប្រទេស​មានច្បាប់ ខ្ញុំ​មិនអាច​និយាយ​ថា ខ្ញុំ​លើកលែង​ទោស​ឲ្យ​គាត់​ឬក៏​ស្អី​ទេ បើ​គាត់​មាន​បញ្ហា ហើយ​ប៉ូលិស​គេ​រក​ទៅ គេ​ឃើញ​គាត់​មាន​កំហុស ក៏​ខ្ញុំ​អត់​អាច​ជួយ​អី​គាត់​បាន​ដែរ ព្រោះ​ច្បាប់​គឺ​ច្បាប់»។

បច្ចុប្បន្ន​នេះ សាកសព​កុមារ​ទាំងពីរ កំពុង​តម្កល់​នៅ​កន្លែង​សម្រាប់​រៀបចំ​ពិធីបុណ្យ សព​ឈ្មោះ​Universal Chung wah funeral ក្នុង​តំបន់​Fairfield​។ ក្រុម​គ្រួសារ នឹង​រៀបចំ​ពិធីបុណ្យ​ដោយ​និមន្ត​ព្រះសង្ឃ​បង្សុកូល​នៅ​ទីតាំង​តម្កល់សព​នេះ​នៅ​ថ្ងៃ ច័ន្ទ​ទី​២២ ខែ​មិថុនា​។ បន្ទាប់ពី​មក នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែមិថុនា នឹង​ធ្វើ​ពិធី​ដង្ហែ​សព​កុមារ​ទាំងពីរ​ទៅ​កន្លែង​បូជា​។ ឪពុក​ម្តាយ​កុមារ​រងគ្រោះ ក៏បាន​ប្រកាស​អំពាវនាវ​ឲ្យ​បងប្អូន​ញាតិមិត្ត​ចូលរួម​ផង​ដែរ។

ទាក់ទង​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​ផ្តាច់​ជីវិត​កុមារ​ទាំងពីរ​នេះ​ទូរទស្សន៍ និង​សារព័ត៌មាន​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ចុះផ្សាយ​ព្រោងព្រាត​ដោយ បង្ហាញ​អំពី​ភាព​សោកសៅ​របស់​ឪពុក​ម្តាយ​របស់​ជនរងគ្រោះ។ ម្តាយ​កុមារ​រងគ្រោះ រៀបរាប់​ទាំង​ទួញ​សោក​ប្រាប់​សារព័ត៌មាន​អូស្ត្រាលី​ថា លោកស្រី នៅតែ​មិន​ជឿ​ថា មាន​រឿង​នេះ​កើតឡើង​ឡើយ ហើយ​លោកស្រី ស្រលាញ់​កូន​លើស​ពី​ជីវិត​ខ្លួនឯង ទៅទៀត​។ ចំណែក​ឪពុក​កុមារ​រងគ្រោះ​វិញ លោក​រៀបរាប់​ថា បេះដូង​របស់​លោក ត្រូវ​បាន​បែក​ប្រេះ​ហើយ​មិនដឹង​ថា ត្រូវ​រស់នៅ​បែប​ណា​ទៀត​នោះ​ទេ ក្រោយ​បាត់បង់​កូន​ទាំងពីរ។ កាសែត​អូស្ត្រាលី​មួយចំនួន បាន​ចុះផ្សាយ​ថា ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ សប្បុរសជន ក៏បាន​នាំគ្នា​បរិច្ចាគ​ថវិកា​តាម​អន​ឡាញ​ជួយ​ដល់​ឪពុក​ម្តាយ​កុមារ​រងគ្រោះ​ដែរ ដោយ​គិត​មកដល់ពេលនេះ កើន​ដល់​ជាង​៣ សែន​ដុល្លារ​(៣០០.០០០)​អូស្ត្រាលី។

លោក ថា វុណ្ឌី អរគុណ​ដល់​សប្បុរស​ជន ប៉ុន្តែ​លោក នៅតែ​ចង់បាន​ជីវិត​កូន​ទាំងពីរ​របស់​លោក​មក​វិញ​។ លោក ក៏​ក្រើនរំលឹក​ដល់​អ្នក​បើកប​រទាំង​អស់ សូម​ឲ្យ​មាន​ស្មារតី​ប្រុងប្រយ័ត្ន​ក្នុង​ពេល​បើកបរ ដើម្បី​ជៀសវាង​ការ​បង្ក​គ្រោះថ្នាក់​ដែល​នាំ​ឲ្យ​មាន​ការ​បង់​អាយុជីវិត​មនុស្ស​និង​បន្សល់​ការឈឺចាប់​ដល់​គ្រួសារ​ជនរងគ្រោះ។

លោក ថា វុណ្ឌី៖ «គ្រោះថ្នាក់​វា​អាច​កើតឡើង​គ្រប់ពេល តែបើ​យើង​ប្រុងប្រយ័ត្ន​ខ្ពស់​ឲ្យ​មែនទែន ជួនកាល​រឿង​ដែល​អាច​កើតឡើង ក៏​មិនអាច​កើតឡើង​បាន​ដែរ»។

លោក ថា វុ​ណ្ឌី បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​មក​រស់នៅ​ប្រទេស​អូស្ត្រាលី​តាំងពី ឆ្នាំ​២០០៣​គឺ​មាន​រយៈពេល​២៣​ឆ្នាំ​ហើយ​។​លោក និង​គ្រួ​សារបាន​តាំងទី​លំនៅ​ក្នុង​តំបន់​ខាប្រាម៉ាតា (Cabramatta) ជា​តំបន់​ដែល​មាន​ចម្រុះ​ជាតិ​សាសន៍​រស់នៅ​ច្រើន ជាពិសេស​សហគមន៍​អាស៊ី។

ចំពោះ​ករណី​សោកនាដកម្ម​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​បណ្តាល​ឲ្យ​កុមារ​ពីរ​នាក់​ស្លាប់​នេះ អ្នកប្រើប្រាស់​បណ្ដាញ​សង្គម ក៏បាន​ចែករំលែក​រូបភាព និង​បាន បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ព្រោងព្រាត​មក​ទល់​ពេល​នេះ​។ ខ្ញុំ​ថា ថៃ អ្នករាយការណ៍​ទូរទស្សន៍​អាស៊ីសេរី​ប្រចាំ​ក្រុង​ម៉ែលប៊ន ក៏​សូម​ចូល​រំលែក​ទុក្ខ​និង​បួង​ឲ្យ វិញ្ញាណក្ខន្ធ​របស់​កុមារ​ទាំង​ពីរ​បាន​ដល់​ឋាន​បរមសុខ!

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ