អាមេរិក​បន្ត​រឹបអូស​គណនី​ ហួយវ័ន ដែល​ប្រតិបត្តិ​ការ​លាង​លុយ និង​ផ្ទេរ​ប្រាក់​ពី​ការ​ឆបោក​អនឡាញ

0
15
អតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លើកបដា​នៅមុខស្ថានទូតចិន ​។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អតិថិជនក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) លើកបដា​នៅមុខស្ថានទូតចិន ​។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សហរដ្ឋអាមេរិក​បាន​បន្ត​បង្កើន​សម្ពាធ​លើ​បណ្ដាញ​ហិរញ្ញវត្ថុ Huione Group ដែល​មាន​មូលដ្ឋាន​នៅ​កម្ពុជា ដោយ​ក្រសួងយុត្តិធម៌​អាមេរិក នៅ​ថ្ងៃទី​២៣ ខែមិថុនា ឆ្នាំ​២០២៦ បាន​ប្រកាស​រឹបអូស​គ​ណ​នី ម៉ាស៊ីន​កុំព្យូទ័រ តាម​បណ្ដាញ​អ៊ីនធឺណិត (Cloud Computing) មួយ ដែល​ចោទ​ថា ត្រូវ​បាន​ប្រើ​សម្រាប់​គាំទ្រ​ប្រតិបត្តិ​ការ​លាង​លុយ និង​ផ្ទេរ​ប្រាក់​ពី​ការ​ឆបោក​តាម​អ៊ីនធឺណិត និង​ឧក្រិដ្ឋកម្ម​គ្រីបតូ​ឆ្លងដែន។

ក្រសួងយុត្តិធម៌​អាមេរិក បាន​ឱ្យ​ដឹង​ថា គណនី​នេះ​ត្រូវ​បាន​ប្រើ​សំរាប់​ដំណើរការ ផ្នែក​មួយ​នៃ​ក្រុមហ៊ុន ហួយវ័ន ឈ្មោះ ហួយវ័ន ការ៉ង់ទី (Huione Guarantee) ដែល​ត្រូវ​បាន​ចោទ​ថា ជាទី​ផ្សារ​អន​ឡាញ​សម្រាប់​ឧក្រិដ្ឋជន ដោយ​ផ្តល់​សេវា​លាង​លុយ និង​សម្របសម្រួល​ការផ្ទេរ​ប្រាក់​ពី​មជ្ឈមណ្ឌល​ឆបោក​នៅ​អាស៊ីអាគ្នេយ៍។

ក្រុម Huione បាន​រង​ការចាប់អារម្មណ៍​ជា​យូរ​មក​ហើយ ដោយសារ​មាន​ទំនាក់ទំនង​ជាមួយ​ឥស្សរជន​មាន​អំណាច​នៅ​កម្ពុជា​។ លោក ហ៊ុន តូ ក្មួយប្រុស​លោក ហ៊ុន សែន គឺជា​ម្ចាស់​ភាគហ៊ុន ៣០ ភាគរយ នៅក្នុង Huione Pay នេះ។

សកម្មភាព​ចុងក្រោយ​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រសួង​រតនាគារ​អាមេរិក បាន​កាត់​ផ្តាច់ Huione Group ចេញពី​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អាមេរិក និង​កំពុង​ពង្រីក​វិធានការ​នោះ ដើម្បី​រួមបញ្ចូល H-Pay Service PLC ដែល​អាមេរិក​ចាត់ទុកថា ជា​ផ្នែក​មួយ​នៃ​បណ្ដាញ Huione Group។

ការ​ស៊ើបអង្កេត​នេះ ដឹកនាំ​ដោយ​ក្រុម​ស៊ើប​ការ​សំងាត់​អាមេរិក FBI និង​ក្រសួង​ពន្ធដារ នៃ​សហរដ្ឋអាមេរិក ក្នុង​ក្របខណ្ឌ​ប្រតិបត្តិការ​មួយ​ដែល​អោយ​ឈ្មោះថា អូប៉េរ៉ាស្ហិន រីបតាយដ៍ (Operation Riptide) ឬ​ប្រតិបត្តិការ​ចរន្តទឹក​សមុទ្រ ដែល​មាន​គោលដៅ​បង្ក្រាប​បណ្ដាញ​ឧក្រិដ្ឋកម្ម​តាម​អ៊ីនធឺណិត និង​ការ​លាង​លុយ​ឆ្លងដែន៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ