

អ្នកឃ្លាំមើលថា រដ្ឋាភិបាលបរាជ័យក្នុងការគ្រប់គ្រងអាវុធ និងការទប់ស្កាត់គ្រឿងញៀនដែលបានរីករាលដាលចូលក្នុងសហគមន៍ និងនៅតាមទីជនបទ។ ពួកគាត់ក៏ទទូចឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការក្តៅ វែកមុខអ្នកពាក់ព័ន្ធទាំងអស់ ដែលជួញដូរអាវុធ និងគ្រាប់បែក និងគ្រឿងញៀនឲ្យជនបង្ក ដែលបានបំផ្ទុះបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់នៅខេត្តពោធិ៍សាត់។
អ្នកឃ្លាំមើលបង្ហាញក្តីបារម្ភចំពោះករណីអ្នកប្រើប្រាស់គ្រឿងញៀនមានអាវុធធនធ្ងន់ប្រើប្រាស់នៅក្នុងដៃ ដែលអាចបង្កហានិភ័យ អសន្តិសុខ និងការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ និងនៅតាមទីជនបទ។ ពួកគាត់យល់ថា បញ្ហានេះ បណ្តាលមកពីអំពើពុករលួយរបស់មន្ត្រីខិលខូចមួយចំនួន ក្នុងការទប់ស្កាត់បញ្ហាគ្រឿងញៀន និងអសមត្ថភាពក្នុងការគ្រប់គ្រងអាវុធយុទ្ធភណ្ឌជាដើម។
ក្តីបារម្ភនេះ កើតឡើងក្រោយមានករណីជនល្មើសជាអ្នកប្រើប្រាស់គ្រឿងញៀនម្នាក់ ឈ្មោះ អែម ដុំ បានប្រើអំពើហិង្សាក្នុងគ្រួសារ វាយដំលើប្រពន្ធ ហើយប្រពន្ធបានប្តឹងទៅកម្លាំងសមត្ថកិច្ចអំពីករណីហិង្សានេះ។ បន្ទាប់មក កម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាការពារបានចុះទៅបង្ក្រាបជនដៃដល់ ប៉ុន្តែក្នុងហេតុការណ៍នោះ ជនបង្កបានបំផ្ទុះគ្រាប់បែក បណ្តាលឲ្យមនុស្ស៦នាក់បានស្លាប់ រួមមាន មន្ត្រីនគរបាល ២នាក់ ប្រជាការពារ ៣នាក់ ជនបង្កម្នាក់ និងប្រជាការពារម្នាក់បានរបួសធ្ងន់ផងដែរ។ ហេតុការណ៍នេះ កើតឡើងនៅចំណុចអូរបាយក្រៀម ស្ថិតក្នុងភូមិ ឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៥ សីហា។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ឲ្យទូរទស្សន៍អាស៊ីសេរីដឹងថា ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធបញ្ហាភូមិឃុំមានសុវត្ថិភាព គឺបរាជ័យ ដោយសារការរីករាលដាលនៃគ្រឿងញៀន។ លោកបន្តថា អ្នកប្រើប្រាស់គ្រឿងញៀនក៏ជាក្រុមជនរងគ្រោះនៃអ្នកដែលជួញដូរផងដែរ។ លោកបន្តថា រដ្ឋាភិបាល អសមត្ថភាពក្នុងការគ្រប់គ្រងអាវុធបំផ្ទុះ ដែលបណ្តាលឲ្យជនបង្កមានអាវុធប្រភេទនេះប្រើប្រាស់។ លោកទទូចឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានម៉ឺងម៉ាត់ និងស៊ើបអង្កតពីប្រភពអាវុធបំផ្ទុះនេះឲ្យបានច្បាស់លាស់ និងអ្នកពាក់ព័ន្ធផ្សេងៗ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។
៖ «បញ្ហាគ្រឿងញៀនហ្នឹង វាកំពុងតែញាំញីខ្លាំងមែនទែនទៅលើយុវជន ទៅលើប្រជាពលរដ្ឋខ្មែរដែលគាត់រងគ្រោះពីការប្រើប្រាស់គ្រឿងញៀនហ្នឹង។ អភិបាលកិច្ចនៅកម្ពុជាហ្នឹងហាក់បីដូចជាដំណើរការហ្នឹងវារប៉ាក់រប៉ើកមិនមានភាពពេញលេញសម្រាប់ គេហៅថា រដ្ឋបាលឃុំសង្កាត់ក៏ដូចជាពាក់ព័ន្ធនឹងការបង្ក្រាបបទល្មើសហ្នឹង។ រដ្ឋាភិបាលយកចិត្តទុកដាក់ឡើងវិញពាក់ព័ន្ធនឹងបញ្ហាភូមិឃុំមានសុវត្ថិភាពមិនថា គ្រឿងញៀនមិនថា គ្រឿងផ្ទុះក៏ដូចជាបញ្ហាសន្តិសុខផ្សេងៗដើម្បីស្ដារនូវគេហៅថា ទំនុកចិត្តទៅដល់ប្រជាពលរដ្ឋកុំឲ្យមានការភ័យខ្លាចពាក់ព័ន្ធទៅនឹងអឺហៅអ្នកដែលប្រើប្រាស់គ្រឿងញៀនគាត់បង្កភាពអសន្តិសុខនៅតាមមូលដ្ឋាន»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងស្នងការនគរបាលខេត្តពោធិ៍សាត់លោក ស ថេង ដើម្បីសួរនាំពីការស៊ើបអង្កេតនេះបានឡើយនៅថ្ងៃទី ០៧ សីហានេះ ដោយទូរស័ព្ទចូល ប៉ុន្តែពុំមានអ្នកទទួល។
ទោះបីជាជនល្មើសបានស្លាប់ហើយក្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា ក៏បានណែនាំឲ្យរដ្ឋបាលខេត្ត និងស្នងការនគរបាលខេត្តពោធិ៍សាត់ បន្តស្រាវជ្រាវវែកមុខអ្នកដែលបានចែកចាយគ្រឿងញៀនក្នុងមូលដ្ឋាន និងប្រភពគ្រាប់បែកដែលជនបង្កបានប្រើប្រាស់ផងដែរ។
ទោះមានការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបែបនេះក្តី ក៏អ្នកវិភាគសង្គមមួយចំនួន មើលឃើញពីភាពចន្លោះប្រហោងនៃការស៊ើបអង្កេតនេះថា ករណីជាច្រើនពាក់ព័ន្ធហេតុការណ៍នេះ មិនសូវបានលាតត្រដាង។
អ្នកតាមដានភូមិសាស្ត្រនយោបាយ និងសង្គម លោក សេង វណ្ណលី មានប្រសាសន៍ថា នេះជាសញ្ញាអាសន្នឆ្លុះបញ្ចាំងពីគ្រោះថ្នាក់នៃការបាត់បង់ការទប់ស្កាត់លំហូរអាវុធ និងសារធាតុញៀនក្នុងសហគមន៍ ដែលទាមទារឲ្យមានការពិនិត្យឡើងវិញពីសំណាក់អាជ្ញាធរពាក់ព័ន្ធទាំងអស់។ លោកទាមទារឲ្យអាជ្ញាធរបើកការស៊ើបអង្កេតឲ្យបានទូលំទូលាយ និងល្អិតល្អន់អំពីប្រភពដើមនៃគ្រាប់បែក និងស្វែងរកខ្សែបណ្ដាញទាំងមូល ចាប់តាំងពីអ្នកផ្គត់ផ្គង់ អ្នករត់ពន្ធ អ្នកផ្តល់ជម្រក រហូតដល់អ្នកបិទបាំងនៅពីក្រោយខ្នង ដើម្បីកាត់ផ្តាច់ឫសគល់នៃលំហូរអាវុធខុសច្បាប់ទាំងនេះ។
លោក សេង វណ្ណលី៖ «ដើម្បីដោះស្រាយបញ្ហាហ្នឹង អឺនិងកាត់បន្ថយបញ្ហាគ្រឿងញៀន ក៏ដូចជាអាវុធខុសច្បាប់ឲ្យមានប្រសិទ្ធភាពរដ្ឋាភិបាលចាំបាច់ត្រូវអនុវត្តវិធានការក្តៅ និងយុទ្ធសាស្ត្រចម្រុះប្រកបដោយភាពម៉ឺងម៉ាត់។ ការបង្ក្រាបបទល្មើសត្រូវធ្វើឡើងដោយគ្មានការយោគយល់ ឬលើកលែង ចំពោះមន្ត្រីខិលខូច ឬអ្នកមានអំណាចដែលនៅពីក្រោយខ្នងការជួញដូរ។ ទន្ទឹមនឹងការរឹតបន្តឹងការត្រួតពិនិត្យតាមព្រំដែន និងការស្រាវជ្រាវទីផ្សារងងឹត រដ្ឋាភិបាលត្រូវបង្កើនការស្តារនីតិសម្បទាអ្នកញៀនថ្នាំឱ្យបានពិតប្រាកដ ពង្រឹងការអប់រំនៅតាមមូលដ្ឋាន និងបើកទូលាយឱ្យមានការចូលរួមពីមហាជននៅក្នុងការរាយការណ៍ ដើម្បីលុបបំបាត់បញ្ហានេះចេញពីសង្គមឱ្យបានរឹងមាំ និងមានចិរភាព»។
កន្លងមករាជរដ្ឋាភិបាល ក៏បានបើកការបង្ក្រាបបទល្មើសគ្រឿងញៀនជាហូរហែ និងបានដុតបំផ្លាញគ្រឿងញៀនជាង ៥តោន ដែលសមត្ថកិច្ចបានរឹបអូស។
អាជ្ញាធរបានបង្ហាញរបាយការណ៍ទិន្នន័យនៃការបង្ក្រាបគ្រឿងញៀន ឱ្យដឹងថា ចាប់ថ្ងៃទី១ ខែមករា ដល់ខែកក្កដា គឺរយៈពេលជិត ៧ខែ ក្នុងឆ្នាំ២០២៦នេះ មានចំនួនរហូតដល់ ៦០៦០ ករណី និងឃាត់ខ្លួនមនុស្សបាន ១៦០១៨នាក់ ក្នុងនោះ មានស្ត្រី ១០៩៣នាក់។
ឆ្នាំ២០២៥ សមត្ថកិច្ច បានបង្ក្រាបករណីគ្រឿងញៀន បានជាង ១ម៉ឺន ៧ រយករណី ឃាត់ខ្លួនជន សង្ស័យ ជិត ៣ម៉ឺននាក់ រឹបអូសបានគ្រឿងញៀនជិត ៦តោន និងសារធាតុគីមីផ្សំជាង ៤២តោន ព្រមទាំង បានបិទទីតាំងអាជីវកម្ម ១២កន្លែង។
ទោះជាមានការបង្ក្រាបបែបនេះក្តី ករណីគ្រឿងញៀននេះ នៅតែជាក្តីបារម្ភសម្រាប់ពលរដ្ឋ និងអ្នកឃ្លាំមើល ដោយសារតែពួកគេចង់ឲ្យរដ្ឋាភិបាល បង្ក្រាបលើមេក្លោងធំៗដែលបានជួញដូរគ្រឿងញៀន ជាជាងបង្ក្រាបលើអ្នកជួញដូរតូចតាច៕








