

សហរដ្ឋអាមេរិកបានបន្តបង្កើនសម្ពាធលើបណ្ដាញហិរញ្ញវត្ថុ Huione Group ដែលមានមូលដ្ឋាននៅកម្ពុជា ដោយក្រសួងយុត្តិធម៌អាមេរិក នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានប្រកាសរឹបអូសគណនី ម៉ាស៊ីនកុំព្យូទ័រ តាមបណ្ដាញអ៊ីនធឺណិត (Cloud Computing) មួយ ដែលចោទថា ត្រូវបានប្រើសម្រាប់គាំទ្រប្រតិបត្តិការលាងលុយ និងផ្ទេរប្រាក់ពីការឆបោកតាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មគ្រីបតូឆ្លងដែន។
ក្រសួងយុត្តិធម៌អាមេរិក បានឱ្យដឹងថា គណនីនេះត្រូវបានប្រើសំរាប់ដំណើរការ ផ្នែកមួយនៃក្រុមហ៊ុន ហួយវ័ន ឈ្មោះ ហួយវ័ន ការ៉ង់ទី (Huione Guarantee) ដែលត្រូវបានចោទថា ជាទីផ្សារអនឡាញសម្រាប់ឧក្រិដ្ឋជន ដោយផ្តល់សេវាលាងលុយ និងសម្របសម្រួលការផ្ទេរប្រាក់ពីមជ្ឈមណ្ឌលឆបោកនៅអាស៊ីអាគ្នេយ៍។
ក្រុម Huione បានរងការចាប់អារម្មណ៍ជាយូរមកហើយ ដោយសារមានទំនាក់ទំនងជាមួយឥស្សរជនមានអំណាចនៅកម្ពុជា។ លោក ហ៊ុន តូ ក្មួយប្រុសលោក ហ៊ុន សែន គឺជាម្ចាស់ភាគហ៊ុន ៣០ ភាគរយ នៅក្នុង Huione Pay នេះ។
សកម្មភាពចុងក្រោយនេះ ធ្វើឡើងបន្ទាប់ពីក្រសួងរតនាគារអាមេរិក បានកាត់ផ្តាច់ Huione Group ចេញពីប្រព័ន្ធហិរញ្ញវត្ថុអាមេរិក និងកំពុងពង្រីកវិធានការនោះ ដើម្បីរួមបញ្ចូល H-Pay Service PLC ដែលអាមេរិកចាត់ទុកថា ជាផ្នែកមួយនៃបណ្ដាញ Huione Group។
ការស៊ើបអង្កេតនេះ ដឹកនាំដោយក្រុមស៊ើបការសំងាត់អាមេរិក FBI និងក្រសួងពន្ធដារ នៃសហរដ្ឋអាមេរិក ក្នុងក្របខណ្ឌប្រតិបត្តិការមួយដែលអោយឈ្មោះថា អូប៉េរ៉ាស្ហិន រីបតាយដ៍ (Operation Riptide) ឬប្រតិបត្តិការចរន្តទឹកសមុទ្រ ដែលមានគោលដៅបង្ក្រាបបណ្ដាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងការលាងលុយឆ្លងដែន៕








