ទាហាន​ថៃ​បង្ក​សំឡេង​ផ្ទុះ​ជា​បន្តបន្ទាប់​នៅ​តំបន់​ព្រំដែន​អូរ​ស្មាច់​ដោយ​មិនដឹង​មូលហេតុ

0
43
ទិដ្ឋភាពច្រកព្រំដែនអន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ។ រូប៖ ទទក
ទិដ្ឋភាពច្រកព្រំដែនអន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ។ រូប៖ ទទក

ទាហាន​ថៃ​បាន​បង្ក​សំឡេង​ផ្ទុះ​ជាច្រើន​គ្រាប់ នៅ​តំបន់​អូរ​ស្មាច់ និង​អូរ​ខ្លាឃ្មុំ ព្រំដែន​ខេត្ត​ឧត្តរមានជ័យ បង្ក​ការ​រំខាន​ដល់​ទាហាន​ខ្មែរ​ដែល​កំពុង​ឈរជើង និង​ដើរ​ល្បាត​នៅក្នុង​តំបន់​នេះ​។ ទាហាន​ខ្មែរ​ថា សំឡេង​ផ្ទុះ​នេះ ដូចគ្នា​ទៅ​នឹង​សំឡេង​បាញ់កាំភ្លើង​វែង​ប្រភេទ M-16 ដែរ​។ ទោះជា​យ៉ាងណា ទាហាន​ខ្មែរ​មិនបាន​ផ្ទុះអាវុធ ឬ​បាញ់​តបត​ទៅកាន់​ភាគី​ថៃ​វិញ​នោះ​ឡើយ។

បន្ទាប់ពី​ចូលកាន់​កាប់​តំបន់​អូរ​ស្មាច់ អស់​រយៈពេល​ជិត​មួយឆ្នាំ ទាហាន​ថៃ​នៅតែ​បន្ត​គំរាមកំហែង និង​បង្កើត​ហេតុការណ៍​ផ្សេងៗ ដើម្បី​បង្កជម្លោះ​ជាមួយ​ទាហាន​ខ្មែរ គ្មាន​ស្រាកស្រាន្ត​នោះ​ឡើយ។

ទាហាន​ខ្មែរ​មួយ​រូប ដែល​កំពុង​ឈរជើង​នៅ​ព្រំដែន​ខេត្ត​ឧត្តរមានជ័យ បាន​អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា នៅ​រយៈកាល​ថ្មីៗ​នេះ ទាហាន​ថៃ​បាន​បង្ក​សំឡេង​ផ្ទុះ​ជា​បន្តបន្ទាប់​គ្នា ពោល​គឺ​នៅ​យប់​ថ្ងៃទី​៦ ខែសីហា ទាហាន​ថៃ​បាន​បង្ក​សំឡេង​ផ្ទុះ​ចំនួន​ជាង​២០​គ្រាប់ ហើយ​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ទាហាន​ថៃ​បាន​បង្ក​សំឡេង​ផ្ទុះ​ប្រហែល​១០​គ្រាប់​បន្ថែម​ទៀត នៅ​តំបន់​អូរ​ស្មាច់ និង​តំបន់​អូរ​ខ្លាឃ្មុំ ដែល​ទាហាន​ថៃ​បាន​ដណ្ដើម​កាន់កាប់​ពី​កម្ពុជា​។ លោក​បន្ត​ថា សំឡេង​ផ្ទុះ​នេះ​ដូចគ្នា​ទៅ​នឹង​កាំភ្លើង​វែង​ប្រភេទ M16 ក៏ប៉ុន្តែ​គិត​មកដល់ពេលនេះ ភាគី​ថៃ​មិនទាន់​ចេញ​មក​បកស្រាយ​ពី​មូលហេតុ និង​ប្រភព​នៃ​សំឡេង​ផ្ទុះ​នេះ​ឡើយ។

ទាហាន​ខ្មែរ​រូប​នេះ​បញ្ជាក់​បន្ថែម​ថា នៅ​តំបន់​អូរ​ស្មាច់​នេះ ជា​ញឹកញាប់​ទាហាន​ថៃ​តែងតែ​បង្ករឿង និង​ឆ្មក់​បាញ់កាំភ្លើង​មក​លើ​ទីតាំង​របស់​ទាហាន​ខ្មែរ ខណៈ​ទាហាន​ខ្មែរ​បាន​រក្សា​ការ​អត់ធ្មត់ និង​គោរព​តាម​បញ្ជា​របស់​ថ្នាក់លើ ដើម្បី​ចៀសវាង​ការ​ផ្ទុះអាវុធ​សាជាថ្មី​។ លោក​បន្ថែម​ថា ជាទូទៅ​ការ​ផ្ទុះ​អាវុធ និង​បង្ក​ភាព​តានតឹង​របស់​យោធា​ថៃ តែងតែ​កើតឡើង​នៅ​ពេល​ដែល​កម្ពុជា បាន​ដឹកនាំ​ក្រុម​អនុព័ន្ធយោធា​បរទេស​ចុះទៅ​សង្កេតការណ៍ នៅ​ទល់មុខ​ទីតាំង​រនាំង​បន្លា​លួស​របស់​យោធា​ថៃ ដែល​ធ្វើ​ឱ្យ​យោធា​ថៃ​មិន​សប្បាយចិត្ត និង​បង្កទំនាស់។

ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អ្នកស្រី ម៉ាលី សុជាតា ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃទី​៧ ខែសីហា។

កាលពី​ថ្ងៃទី​២៩ ខែមេសា ក្រសួងការពារជាតិ​កម្ពុជា​បាន​អះអាង​ថា ទាហាន​ថៃ​បាន​បាញ់កាំភ្លើង​ប្រភេទ M79 និង​ប្រភេទ M16​ចំនួន ៥​លើក សរុប​ចំនួន​៩​គ្រាប់ ក្នុង​អំឡុង​ពេល​ដែល​ក្រុម​អនុព័ន្ធយោធា​បរទេស (MACPP) ចុះ​សង្កេតការណ៍​នៅ​ច្រក​អូរ​ស្មាច់​។ ក៏ប៉ុន្តែ​យោធា​ថៃ​បាន​អះអាង​ថា សំឡេង​ផ្ទុះ​នេះ​គឺជា​សំឡេង​ផ្ទុះ​ផាវ ដែល​ទាហាន​ថៃ​បាន​ដុត​ចំនួន​បី​គ្រាប់ ដើម្បី​ព្រមាន​កម្ពុជា​កុំឱ្យ​ចូល​មក​ក្បែរ​តំបន់​បន្លា​លួស​ដែល​យោធា​ថៃ​បាន​ដាក់​ពង្រាយ។ ក៏ប៉ុន្តែ​ទាហាន​ខ្មែរ​បាន​អះអាង​ថា ស្នូរ​ផ្ទុះ​នេះ គឺជា​សំឡេង​បាញ់កាំភ្លើង​វែង។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​ក្រសួងការពារជាតិ ដាក់​លិខិតតវ៉ា​ទៅកាន់​យោធា​ថៃ ដើម្បី​ឱ្យ​ភាគី​ថៃ​បកស្រាយ​ពី​មូលហេតុ​នៃ​សំឡេង​ផ្ទុះ​នេះ​។ លោក​បន្ត​ថា ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា និង​ថៃ​កំពុង​អនុ​វត្តបទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ សំឡេង​ផ្ទុះ​នៅ​តំបន់​ព្រំដែន​អាច​នឹង​ក្លាយ​ដើមចម​នៃ​ការ​ប្រឈម​មុខ​ដាក់គ្នា និង​បង្កើន​ភាព​តានតឹង​នៅក្នុង​តំបន់។

លោក ម៉ែន ណាត៖ «យើង​ជា​ភាគី​រងគ្រោះ រឿង​អី​ដែល​យើង​ត្រូវ​លាក់​ព័ត៌មាន យើង​ត្រូវតែ​បង្ហាញ ឱ្យ​សាធារណជន​ដឹង ឱ្យ​ពិភពលោក​បានដឹង ទាំង​អ្នកការទូត ទាំង​អង្គការ​អន្តរជាតិ ទាំង​បណ្ដាញ​សារព័ត៌មាន​ក្នុងស្រុក​ក្រៅ​ស្រុក​អី ត្រូវតែ​ឱ្យ​ដឹង​ឱ្យ​ទូលំទូលាយ អាហ្នឹង​បាន​អាច​មាន​ទឹកមាត់ប្រៃ​ក្នុង​ការ​ទប់ស្កាត់​ថៃ​មួយ​ចំណែក​។ ហើយ​កាលណា​លាក់​ទៅ​វា​ធ្វើ​ឱ្យ​យើង​ខាតបង់ វា​បាត់​ព័ត៌មាន»។

យោធា​ថៃ​បាន​ចូល​កាន់កាប់​ក្នុង​តំបន់​ច្រកព្រំដែន​អន្តរជាតិ​អូរ​ស្មាច់ ដោយ​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​ប្រមាណ​ជាង​៤​រយ​ម៉ែត្រ ក្រោយ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៧ ខែធ្នូ ២០២៥​។ ក្រោយ​ការ​ចូល​កាន់កាប់​ខុសច្បាប់​នេះ​យោធា​ថៃ​បាន​រាយ​បន្លា​លួស ព័ទ្ធ​យក​ប៉ុស្តិ៍​នគរបាល ការិយាល័យ​អន្តោប្រវេសន៍ អាគារ​កាស៊ីណូ និង​ទីប្រជុំជន​របស់​កម្ពុជា ជាច្រើន​ទីតាំង។

បច្ចុប្បន្ន​ទាហាន​ថៃ​បាន​កាយ​ប្រឡាយ និង​រាយ​បន្លា​លួស​ព័ទ្ធ​យក​ភូមិឋាន និង​ដីស្រែ​ចម្ការ របស់​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ទីតាំង​បន្ថែម​ទៀត មាន​ដូចជា ភូមិ​អូរ​ស្មាច់ ភូមិ​អូរ​ខ្លាឃ្មុំ និង​ភូមិ​រួត​ចំប៉ី ជាដើម​។ តាម​ការប្រកាស​របស់​យោធា​ថៃ​នា​ពេល​កន្លងមក បាន​អះអាង​ថា យោធា​ថៃ​នឹង​ដាក់​ពង្រាយ​កម្លាំង ដើម្បី​គ្រប់គ្រង​តំបន់​ទាំងនេះ​ជា​អចិន្ត្រៃយ៍ គឺ​មិនមែន​កាន់កាប់​តែ​ក្នុង​អំឡុង​ការអនុវត្ត​បទ​ឈប់​បាញ់​ដែល​ភាគី​ថៃ បាន​ឯកភាព​គ្នា​ជាមួយ​កម្ពុជា​នៅ​លើ​ក្រដាស​នោះ​ឡើយ។

អ្នកឃ្លាំមើល​លើកឡើង​ថា សកម្មភាព​របស់​យោធា​ថៃ ប្រៀប​បាន​ទៅ​នឹង​ការ​ហែក​ចោល​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ជា​លើក​ទី​២ និង​ជា​ការ​ឈ្លានពាន​កម្ពុជា ដោយ​មិន​ចាំបាច់​ធ្វើសង្គ្រាម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ