អ្នកឃ្លាំមើល​​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​ស្នើ​​អន្តរជាតិ​ដាក់​សម្ពាធ​​ថៃ​ឱ្យ​ដក​កង​កម្លាំង​ចេញ​ពី​ដី​កម្ពុជា មុន​ជជែក​រឿង​បោះបង្គោល​ព្រំដែន

0
59
រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា លោក ទៀ សីហា (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ថៃ​លោក ណាត់​តា​ផន ណាក់ផានិច (Nattapon Nakpanich) ពេលចុះហត្ថលេខាសេចក្ដីថ្លែងការណ៍រួម នៅច្រកព្រំដែន​អន្តរជាតិព្រំ នៅខេត្ត​ចន្ទបុរី កាលពីថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។ ​រូប៖ ក្រសួងការពារជាតិកម្ពុជា
រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា លោក ទៀ សីហា (ឆ្វេង) រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ​ថៃ​លោក ណាត់​តា​ផន ណាក់ផានិច (Nattapon Nakpanich) ពេលចុះហត្ថលេខាសេចក្ដីថ្លែងការណ៍រួម នៅច្រកព្រំដែន​អន្តរជាតិព្រំ នៅខេត្ត​ចន្ទបុរី កាលពីថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។ ​រូប៖ ក្រសួងការពារជាតិកម្ពុជា

អ្នកឃ្លាំមើល​សង្គម​ជំរុញ​ឱ្យ​កម្ពុជា​ស្វែងរក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ ដាក់​សម្ពាធ​លើ​ប្រទេស​ថៃ​ដើម្បី​ឱ្យ​កងកម្លាំង​ថៃ​ដក​ចេញពី​ទឹកដី​កម្ពុជា និង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀសសឹក វិលត្រឡប់​ទៅកាន់​ផ្ទះសម្បែង និង​គ្រប់គ្រង​ដីធ្លី​របស់​ពួកគេ​ឡើងវិញ មុននឹង​ចាប់ផ្តើម​ការ​ចរចា​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

អ្នកនាំពាក្យ​រដ្ឋាភិបាល​ឯករាជ្យ ២៣ តុលា លោក គឹម សុខ បាន​អះអាង​ថា កម្ពុជា​មិន​គួរ​ផ្តោត​លើ​ការ​ទាមទារ​ឱ្យ​ថៃ​វិល​មក​តុ​ចរចា​អំពី​ការ​បោះបង្គោល​ព្រំដែន​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​គួរ​ទាមទារ​ឱ្យ​កងកម្លាំង​ថៃ​ដកចេញ​ពី ទឹកដី​កម្ពុជា ជាមុន​សិន និង​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ភៀសខ្លួន​ដោយសារ​ជម្លោះ អាច​វិលត្រឡប់​ទៅកាន់​ភូមិកំណើត និង​គ្រប់គ្រង​ដីធ្លី និង​ផ្ទះសម្បែង​របស់​ពួកគេ​ឡើងវិញ​។ លោក​ក៏បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សកម្មភាព​ការទូត​ឱ្យ​បាន​ខ្លាំងក្លា​ដើម្បី​ឱ្យ​មានការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ និង​ភាគី​ទី​បី​ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​ព្រំដែន។

លោក គឹម សុខ បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ទាមទារ​ឱ្យ​ថៃ​ចូល​មក​ចរចា​អំពី​ការ​បោះបង្គោល​ព្រំដែន​នៅក្នុង​ស្ថានភាព​បច្ចុប្បន្ន អាច​ធ្វើ​ឱ្យ​កម្ពុជា​ចាញ់​ប្រៀប ដោយសារ កងកម្លាំង​ថៃ​កំពុង​គ្រប់គ្រង ទីតាំង​តូច ធំ​យ៉ាងតិច ៧០​កន្លែង និង​បាន​បង្ក​អសន្តិសុខ​តាម​បណ្តោយ​ព្រំដែន​គោក​ប្រវែង​ជាង ៨០០​គីឡូម៉ែត្រ និង​បាន​ចូល​ជ្រៅ​ក្នុង​ទឹកដី​កម្ពុជា​នៅ​តំបន់​មួយចំនួន។

លោក គឹម សុខ៖ «ដូច្នេះ រឿង​ដែល​ត្រូវ​ទាមទារ​ដាច់ខាត​ទៅ​ភាគី​ថៃ ហើយ​និង​រក​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ គឺ​ត្រូវ​ដាក់​កំហិត​ឱ្យ​ថៃ​ដក​កងទ័ព ឬក៏​កម្លាំង​ចេញពី​ទឹកដី​នៃ​ប្រទេស​កម្ពុជា​សិន ហើយ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ភៀស​សឹក​អាច​វិល​ទៅ​ភូមិកំណើត​របស់​ពួកគាត់​បាន គ្រប់គ្រង​ដីធ្លី ហើយ​និង​ផ្ទះសម្បែង​របស់​ពួកគាត់​ឡើងវិញ បន្ទាប់មក ទើប​អាច​និយាយ​អំពី​ការចរចា​បោះបង្គោល​ព្រំដែន​រវាង​កម្ពុជា និង​ថៃ ដោយមាន​ភាគី​ទី​បី​ចូលរួម​ជា​បច្ចេកទេស»។

លោក គឹម សុខ បន្ថែម​ថា ការកំណត់​បង្គោល​ព្រំដែន ត្រូវ​មាន​ភាគី​ទី​បី​ចូលរួម ដូចជា​បារាំង ដែល​ជា​ម្ចាស់​ផែនទី​ដើម របស់​កម្ពុជា ទើប​អាច​ការពារ​ទឹកដី​នៃ​ប្រទេស​កម្ពុជា​បាន​។ លោក​ថា ប្រសិនបើ នៅតែ​បន្ត​ទាមទារ​ឱ្យ​ថៃ មក​ចរចា​កំណត់ព្រំដែន ដូច​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ហ៊ុន​ធ្វើ គឺ​មិន​ខុសពី​ឱ្យ​ថៃ គ្រប់គ្រង​លើទឹក​ដី​នៃ​ប្រទេស​កម្ពុជា ដែល​ថៃ​ឈ្លានពាន និង​ត្រួតត្រា​បច្ចុប្បន្ន​នោះ​ទេ។

លោក គឹម សុខ បន្ថែម​ទៀត​ថា កម្ពុជា ត្រូវ​ធ្វើតាម​អនុសាសន៍ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) ដែល​ទាមទារ​ឲ្យ​ពលរដ្ឋ​ភៀស​សឹក វិល​ទៅផ្ទះ​របស់​ពួកគាត់​ជាមុន​សិន ។ នេះ​ជា​យោបល់ ដែល​ត្រូវ​ទាំង​ស្ថានការណ៍​ជាក់ស្ដែង និង​ស្របតាម​គោលការណ៍​អន្តរជាតិ។

ការ​អះអាង​របស់​លោក គឹម សុខ បន្ទាប់​ពី​រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន បាន​ថ្លែង​ក្នុង​ពិធី​បង្ហូតទង់​អាស៊ាន ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៥៩ នៃ​ការបង្កើត​អាស៊ាន ដោយ​អំពាវនាវ​ឱ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ តាមរយៈ​ដំណោះស្រាយ​ដែល​មាន​យុត្តិធម៌ សន្តិភាព និង​អាច​នាំទៅរក​ស្ថិរភាព​រយៈពេល​វែង។

លោក ប្រាក់ សុខុន បាន​ឲ្យ​ដឹង​ទៀត​ថា កម្ពុជា​បន្ត​អំពាវនាវ​ឱ្យ​មាន​ការអនុវត្ត​ជាបន្ទាន់ ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព នូវ​សេចក្តី​ប្រកាស​រួម​ចុះ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ជាពិសេស​ការ​ចាប់ផ្តើម​ឡើងវិញ​ជាបន្ទាន់​នូវ​ការងារ​វាស់វែង និង​បោះបង្គោល​ព្រំដែន​របស់​គណៈកម្ម​ការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) ព្រមទាំង​ការ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ភៀស​សឹក វិលត្រឡប់​ទៅកាន់​លំនៅឋាន និង​ប្រកប​របរ​ចិញ្ចឹមជីវិត​ជា​ធម្មតា​របស់​ពួកគេ​វិញ ដោយ​គ្មាន​ការរារាំង ប្រកបដោយ​សុវត្ថិភាព និង​សេចក្តី​ថ្លៃថ្នូរ​ឱ្យ​កាន់តែ​ឆាប់​បំផុត។

ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក ថម អេនឌ្រូ (Tom Andrews) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​៦ សីហា ឆ្លើយតប​ទៅ​នឹង​ការ​តវ៉ា​របស់​ថៃ​ថា សេចក្តី​ថ្លែងការណ៍​របស់​លោក​ជុំវិញ​ចំនួន​ជនភៀសសឹក​ដោយសារ​ជម្លោះ​តាម​ព្រំដែន​កម្ពុជា​-​ថៃ គឺជា​តួលេខ​ដែល​លោក​បាន ផ្អែកលើ​របាយការណ៍​របស់​អង្គការសហប្រជាជាតិ​។ លោក​អះអាង​ថា បាន​ផ្ញើ​សេចក្តី​ព្រាង​នៃ​ផ្នែក​ដែល​ពាក់ព័ន្ធ​នឹង​ជម្លោះព្រំដែន​ទៅកាន់​រដ្ឋាភិបាល​ថៃ ពីរ​ថ្ងៃមុន​ការ​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​ជា​សាធារណៈ​។ លោក​ក៏​នៅតែ​បើកចំហ​ក្នុង​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ថៃ មុន​ពេល​បញ្ចប់​របាយ​ការណ៍​របស់​លោក​ដាក់​ជូន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ។

ជុំវិញ​បញ្ហា​នេះ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក នេត្រ ភក្ត្រា បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ ខែសីហា ថា ការបំផ្លាញ​ផ្ទះសម្បែង ការរារាំង​ការ​វិល​ត្រឡប់​របស់​ប្រជាពលរដ្ឋ ការខូចខាត​សាលារៀន វត្ត​អារាម មណ្ឌល​សុខភាព និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល មិនអាច​ត្រូវ​បាន​ធ្វើ​ឱ្យ​ក្លាយជា​រឿង​ធម្មតា មិនអាច​ត្រូវ​បាន​បំភ្លេច និង​មិន​គួរ​ត្រូវ​បាន​ទុក​ឱ្យ​កន្លង​ផុត​ទៅ​ដោយ​គ្មាន​ការទទួលខុសត្រូវ​ឡើយ។

លោក នេត្រ ភក្ត្រា បន្ថែម​ថា ការធានា​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែល​នៅតែ​ភៀស​សឹក​អាច​វិលត្រឡប់​ទៅផ្ទះ​របស់​ពួកគេ​ដោយ​សុវត្ថិភាព ស្ម័គ្រចិត្ត និង​សេចក្តី​ថ្លៃថ្នូរ ស្របតាម សេចក្តី​ប្រកាស​រួម​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ និង​ច្បាប់​អន្តរជាតិ ត្រូវតែ​ជា​កិច្ចការ​បន្ទាន់​ហើយ​កងកម្លាំង​ថៃ​ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ដែល​រារាំង​ការ​វិល​ត្រឡប់​របស់​ជន​ស៊ីវិល៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ