រដ្ឋាភិបាល​វៀតណាម​ចាប់​ឃុំខ្លួន​ស្ត្រី​ខ្មែរក្រោម​អាយុ​៧២​ឆ្នាំ​ដោយសារ​ការ​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម

0
22
​ស្ត្រី​ខ្មែរក្រោម​​លោកស្រី ចៅ ធីទៀង ក្នុងវ័យ ៧២​ឆ្នាំ ដែលត្រូវសមត្ថកិច្ចវៀតណាមចាប់ខ្លួន។ រូប៖ ផ្ដល់ឱ្យ
​ស្ត្រី​ខ្មែរក្រោម​​លោកស្រី ចៅ ធីទៀង ក្នុងវ័យ ៧២​ឆ្នាំ ដែលត្រូវសមត្ថកិច្ចវៀតណាមចាប់ខ្លួន។ រូប៖ ផ្ដល់ឱ្យ

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ថ្កោលទោស​អាជ្ញាធរ​វៀតណាម ដែល​បាន​ចាប់​ឃុំខ្លួន​ស្ត្រី​ខ្មែរក្រោម​អាយុ ៧២​ឆ្នាំ គឺ​លោកស្រី ចៅ ធីទៀង ដាក់​ពន្ធនាគារ​នៅ​ក្រុង​ព្រែក​ឫស្សី ដោយ​គ្មាន​ដីកា​របស់​តុលាការ។ ក្នុង​ពេល​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៩ មិថុនា អាជ្ញាធរ​មិន​បាន​បង្ហាញ​មូលហេតុ ឬ​បទ​ចោទ​ណាមួយ​ឡើយ ប៉ុន្តែ​កន្លងទៅ លោកស្រី ចៅ ធីទៀង គឺជា​ពលរដ្ឋ​ខ្មែរក្រោម​ដែល​តែង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការ​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​នៅ​កម្ពុជា​ក្រោម។

លោកស្រី ចៅ ធីទៀង គឺជា​ពលរដ្ឋ​ខ្មែរក្រោម​ទី​១៩ ដែល​ត្រូវ​បាន​អាជ្ញាធរ វៀតណាម​បើក​យុទ្ធនាការ​ចាប់​ឃុំខ្លួន​ចាប់តាំងពី​ឆ្នាំ​២០២៣​មក។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​ចាត់ទុក​ការ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរក្រោម​បន្ថែម​ទៀត​នៅ​ពេល​នេះ ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ខ្មែរក្រោម​ធ្ងន់ធ្ងរ និង​ធ្វើឡើង​តាម​ទំនើងចិត្ត។

តាមរយៈ​សេចក្តី​ថ្លែងការណ៍​ពី​សហរដ្ឋអាមេរិក​នៅ​ថ្ងៃទី​២២ មិថុនា សហព័ន្ធ​ខ្មែរ កម្ពុជា​ក្រោម ឱ្យ​ដឹង​ថា លោកស្រី ចៅ ធីទៀង ត្រូវ​បាន​នគរបាល​វៀតណាម កោះហៅ​កាលពី​ថ្ងៃទី​១៩ ខែមិថុនា ហើយ​ត្រូវ​បាន​ចាប់ខ្លួន និង​ឃុំខ្លួន​បណ្ដោះអាសន្ន ដោយ​មិនបាន​បង្ហាញ​ដីកា​របស់​តុលាការ និង​មិនបាន​បង្ហាញ​ជាបន្ទាន់ អំពី​មូលដ្ឋាន​ច្បាប់​សម្រាប់​ការ​ឃុំខ្លួន​លោកស្រី​ឡើយ។ ចំណែកឯ សេចក្តី​ជូនដំណឹង​មួយ​ពី​ទីភ្នាក់ងារ​ស៊ើបអង្កេត​សន្តិសុខ​នៃ​នគរបាល​ក្រុង​ព្រែកឫស្សី ឬ​វៀតណាម​ហៅថា កឹងថើ (Can Tho) ចុះ​ថ្ងៃទី​១៩ ខែ​មិថុនា ក៏​មិនបាន​បញ្ជាក់​ពី​ការចោទប្រកាន់​ផ្នែក​ច្បាប់​ប្រឆាំង​នឹង​លោកស្រី​ដែរ។

សេចក្ដីថ្លែងការណ៍ របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អះអាង​ថា ការ​ចាប់ខ្លួន​ស្ត្រី ខ្មែរក្រោម វ័យ​ចំណាស់​រូប​នេះ គ្មាន​ការចោទប្រកាន់​ច្បាស់លាស់​ឡើយ ដោយ​ថា មូលដ្ឋាន​នៃ​ការ​ចាប់ខ្លួន​នេះ កើត​ឡើង​បន្ទាប់ពី​អាជ្ញាធរ​វៀតណាម បាន​ឆែកឆេរ​ផ្ទះ របស់​លោកស្រី និង​បាន​ចេញ​កំណត់ត្រា​ដាច់ដោយឡែក​មួយ អំពី​ទ្រព្យសម្បត្តិ ដែល​រឹបអូស​បាន ដូចជា​ទូរស័ព្ទ​ដៃ​ចំនួន​ពីរ​គ្រឿង និង​សម្ភារៈ​ទាក់ទង​នឹង​អត្តសញ្ញាណ ជនជាតិ​ដើម​ខ្មែរក្រោម​ជាដើម។

សេចក្ដីថ្លែងការណ៍​បញ្ជាក់​ថា ការ​រឹបអូស​យក​វត្ថុ​ទាំងនេះ ពី​ផ្ទះ​លោកស្រី ចៅ ធីទៀង បង្ហាញ​ថា លោកស្រី ត្រូវ​រដ្ឋអំណាច​វៀតណាម​កំណត់​គោលដៅ​រួចហើយ គឺ​មិនមែន​ដោយសារតែ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​ពិតប្រាកដ​នោះ​ទេ ប៉ុន្តែ​ដោយ សារ​តែ​ការ​បង្ហាញ​អត្តសញ្ញាណ​របស់​លោក​ស្រី ជា​ខ្មែរក្រោម។ សេចក្ដីថ្លែងការណ៍​ថា ជាទូទៅ រដ្ឋអំណាច​វៀតណាម​ចោទប្រកាន់​ទៅលើ​សកម្មជន ខ្មែរក្រោម ដោយ​ភ្ជាប់​ជាមួយនឹង​មាត្រា ៣៣១ នៃ​ក្រមព្រហ្មទណ្ឌ​វៀតណាម ដែល​ពាក់ព័ន្ធ នឹង ការរំលោភ​លើ​សិទ្ធិ​សេរីភាព​និង​ប្រជាធិបតេយ្យ។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម​ត្រូវ​ដោះលែង​លោកស្រី ជា​បន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ។

អនុប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​លោក​បណ្ឌិត សឺន ជុំជួន ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៣ ខែ​មិថុនា​ថា លោកស្រី ចៅ ធី​ទៀង គឺជា​ស្ត្រី​ខ្មែរក្រោម ដែល​សកម្ម​ក្នុង​ការ​ចូលរួម​តស៊ូ​មតិ ការពារ​សិទ្ធិ ពលរដ្ឋ​ខ្មែរក្រោម​។ លោក​កត់សម្គាល់​ថា ការ​ចាប់ខ្លួន​លោកស្រី គឺជា​សកម្មភាព គំរាមកំហែង​របស់​អាជ្ញាធរ​វៀតណាម ទៅលើ​ពលរដ្ឋ​ខ្មែរក្រោម​ដែល សកម្ម និង​ឈឺ ឆ្អាល​ពី​បញ្ហា​សិទ្ធិមនុស្ស​ខ្មែរក្រោម​។ លោក​ថា ទង្វើ​របស់​អាជ្ញាធរ​វៀតណាម​នេះ ជា​ការ​បំពាន​គោលការណ៍​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ។

ទោះជា​យ៉ាងណា លោក​បណ្ឌិត សឺន ជុំជួន អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរក្រោម កុំ​ខ្លាច ការ​បំភិតបំភ័យ​របស់​អាជ្ញាធរ​វៀតណាម ហើយ​ត្រូវ​បន្ត​តស៊ូ​មតិ​ឲ្យ​សកម្ម​ស្រប​​តាម​ច្បាប់ និង​គោលការណ៍​សិទ្ធិមនុស្ស​អន្តរជាតិ ដើម្បី​ប្រយោជន៍ សិទ្ធិ​សេរីភាព ខ្មែរ​កម្ពុជា​ក្រោម។

«»

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម បញ្ជាក់​ថា កាល​នៅ​មាន​សេរីភាព លោកស្រី ចៅ ធីទៀង តែង​បាន​ចូលរួម​ដោយ​សន្តិវិធី​ក្នុង​សកម្មភាព​តស៊ូ​មតិ​អហិង្សា ដូចជា ចូលរួម​ប្រារព្ធ ទិវា​នារី​អន្តរជាតិ​ជាដើម ព្រមទាំង បាន​គាំទ្រ​យ៉ាងសកម្ម ចំពោះ​កិច្ច​ខិតខំ​ប្រឹង ប្រែង​ដើម្បី​លើកកម្ពស់​អត្តសញ្ញាណ វប្បធម៌ និង​សិទ្ធិ​ជនជាតិ ដើម​ខ្មែរក្រោម។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​លើកឡើង​ថា សកម្មភាព​ទាំងនេះ​របស់​លោក​ស្រី ត្រូវ​បាន​ការពារ​ក្រោម​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ហើយ​ការចូលរួម​ក្នុង​សកម្មភាព​សិទ្ធិ​ស្ត្រី​ការ​ផ្សព្វផ្សាយ​ឯកសារ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​ការ​អភិរក្ស​និមិត្តសញ្ញា វប្បធម៌ ខ្មែរក្រោម ឬ​ការ​តស៊ូ​មតិ​ដើម្បី​សេចក្តី​ថ្លៃថ្នូរ​របស់​ខ្មែរ​ក្រោម​មិន​គួរ​ត្រូវ​បាន​ចាត់ទុក​ថា ជា​បទឧក្រិដ្ឋ​ឡើយ។

សហព័ន្ធ​ខ្មែរក្រោម (KKF) សង្កត់ធ្ងន់​ថា ខ្មែរ​កម្ពុជា​ក្រោម គឺជា​ជនជាតិ​ដើម នៃ​តំបន់​ដី​សណ្ត​ទន្លេមេគង្គ ដែល​មាន​អត្តសញ្ញាណ​មូលដ្ឋាន​លើទឹក​ដី​ដូនតា ភាសា​ខ្មែរ ព្រះពុទ្ធសាសនា​ថេរវាទ និង​ប្រពៃណី​សហគមន៍​។ សិទ្ធិ​ក្នុង​ការ​រក្សា និង​បង្ហាញ​អត្តសញ្ញាណ​នេះ ត្រូវ​បាន​ការពារ​ក្រោម​ស្តង់ដារ​អន្តរជាតិ រួម​ទាំង​សេចក្តី​ប្រកាស​ជា​សកល​ស្ដីពី​សិទ្ធិមនុស្ស កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ អនុសញ្ញា​ស្តីពី​ការ​លុបបំបាត់​ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នឹង​ស្ត្រី និង​សេចក្តី​ប្រកាស​របស់​អង្គការសហប្រជាជាតិ​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម។

បូក​ទាំង​ការ​ចាប់ខ្លួន​លោកស្រី ចៅ ធី​ទៀង នៅ​ពេល​នេះ បច្ចុប្បន្ន​នៅ​មាន​ព្រះសង្ឃ​ខ្មែរក្រោម​ចំនួន​៣​អង្គ និង​សកម្មជន និង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ៩ រូប​ផ្សេង ទៀត​កំពុង​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ​នៅឡើយ​។ ពួកគាត់​សុទ្ធសឹងតែ ជា​មនុស្ស ដែល​សកម្ម​ចូលរួម​ការ​តស៊ូ​មតិ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​នៅ​កម្ពុជា​ក្រោម​ហើយ​ធ្លាប់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​គំរាមកំហែង​ជាច្រើន​ដង នៅមុន​ពេល ចាប់ខ្លួន។

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម សង្កត់ធ្ងន់​ថា ប្រទេស​វៀតណាម ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ គឺ​ត្រូវ​មាន​កាតព្វកិច្ច​លើកកម្ពស់​សិទ្ធិមនុស្ស ជាជាង​ការ​បង្ក្រាប​ពលរដ្ឋ​ខ្មែរក្រោម និង ថា ការ​ចាប់ខ្លួន​ស្ត្រី​ក្រោម លោកស្រី ចៅ ធី​ទៀង និង​ពលរដ្ឋ​ខ្មែរក្រោម​ផ្សេងទៀត គឺ​ធ្វើ​ឡើង​ផ្ទុយ​ស្រឡះ នឹង​ការ​ប្ដេជ្ញា​ចិត្តជា​អន្តរជាតិ​របស់​ប្រទេស​វៀតណាម ដែល​បាន​ប្រកាស​ថា ខ្លួន​គោរព​សមភាព សេរីភាព​សាសនា និង​សិទ្ធិ​ជនជាតិ​ដើម៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ