ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក ទ្រី ដាលុច នៅ​ព្រះវិហារ​មិន​សង្ឃឹម​​​បាន​​យុត្តិធម៌

0
39
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព
អ្នកជំនួញ​ព្រៃឈើនៅកម្ពុជា​លោក ទ្រី ភាព (រូប​កណ្ដាល) និង​កូនប្រុស ទ្រី ដាលុច (ឆ្វេង) អគ្គនាយក​ក្រុមហ៊ុន គ្លូបល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមិន (GLOBAL GREEN (CAMBODIA) ENERGY DEVELOPMENT CO., LTD) ។ រូប៖ ហ្វេសប៊ុកលោក ទ្រី ភាព

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ស្រុក​រវៀង ខេត្តព្រះវិហារ ដែល​ក្រុមហ៊ុន​របស់​កូនលោក ទ្រី ភាព គឺ​លោក ទ្រី ដាលុច រំលោភ​យក​ជាច្រើន​ឆ្នាំ មិន​សង្ឃឹម​ថា អាជ្ញាធរ​អាច​រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​បាន​សមរម្យ និង​យុត្តិធម៌​នោះ​ទេ ពីព្រោះ​ថ្មីៗ​នេះ​ក្រុមហ៊ុន​បាន​គំរាម​ឲ្យ​ពលរដ្ឋ​ផ្ដិតមេដៃ​ឈប់​តវ៉ា​។ សង្គម​ស៊ីវិល​ថា ការ​គំរាមកំហែង​ពលរដ្ឋ គឺជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។

ក្រោយ​អាជ្ញាធរ​កោះហៅ​ពលរដ្ឋ​រក​ដំណោះស្រាយ អស់​រយៈពេល​ជិត​មួយ​ខែ​រួចមក អាជ្ញាធរ​មិនទាន់​បាន​ចុះ​ទៅ​រក​ដំណោះស្រាយ​តាម​ការសន្យា​នោះ​ទេ តែ​ផ្ទុយទៅវិញ ភាគី​ក្រុមហ៊ុន​បាន​ដើរ​គំរាម​ពលរដ្ឋ​ឲ្យ​ផ្ដិតមេដៃ និង​ឲ្យ​ពលរដ្ឋ​ឈប់​តវ៉ា ។ ពលរដ្ឋ​បារម្ភ​ខ្លាច​ការ​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្ដិតមេដៃ គឺ​ដើម្បី​បន្លំ​យក​ដី​ពលរដ្ឋ។

តំណាង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ស្រុក​រវៀង លោកស្រី នុត សុខឿន អះអាង​ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៤ ខែមិថុនា​ថា ក្រោយ​អាជ្ញាធរ​ថ្នាក់​ជាតិ​កោះហៅ និង​ចុះ​ពិនិត្យ​ទីតាំង​ទំនាស់ ថ្មីៗ​នេះ​ខាង​តំណាង​ក្រុមហ៊ុន​បាន​គំរាម​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ផ្ដិតមេដៃ ដោយ​អះអាង​ថា នឹង​យក​ទៅ​រក​ដំណោះស្រាយ ប៉ុន្តែ​ពលរដ្ឋ​បារម្ភ​ខ្លាច​យក​មេដៃ​ទាំងនោះ ទៅ​បន្លំ​ថា​ពលរដ្ឋ​ព្រមព្រៀង​ប្រគល់​ដី​ឲ្យ​ទៅ​ក្រុមហ៊ុន ពីព្រោះ​កន្លងទៅ​ធ្លាប់​មាន​ករណី​បែបនេះ​ម្ដង​រួច​ទៅ​ហើយ​។ លោកស្រី​មិន​មាន​សង្ឃឹមថា ទទួល​បាន​ដី​ដែល​បាត់បង់ និង​សំណង​សមរម្យ ដោយ​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ​។​

លោកស្រី នុត សុខឿន៖ «គំរាម​លើក​មុន​ឲ្យ​ផ្លូវ​ដើរ​ឥទ្បូវ​ក្រោយ​ទៀត​ក្រុម​ខាង​ការងារ​សូរិយោ ឬ​ខាង​ថ្នាក់​ខេត្ត​គេ​ចុះ​មក​ទៀត​នេះ ឲ្យ​គ្នា​បិទ​ទៀត ឲ្យ​ឈប់​ទាមទារ ឈប់​តវ៉ា​រឿង​ដីធ្លី មិនដឹង​គិត​យ៉ាង​មិច​ទេ បើ​គេ​យក​ក្រយ៉ៅ​ដៃ​ទៅ​គេ​ថា ឈប់តវ៉ា ពួកគាត់​មិន​ឲ្យ​ពួក​ខ្ញុំ​តវ៉ា ហើយ​គំរាម​ថា អ្នកស្រុក​អ្នកភូមិ​ផ្តិត​ក្រយ៉ៅ​ដៃ​អស់ហើយ នៅសល់​១០​ភាគរយ​ទៀត​ទេ មិនដឹង​ផ្តិត​ក្រយ៉ៅ​ដៃ​អី​ទេ ខ្ញុំ​អត់​ដឹង​ទេ»។

ពលរដ្ឋ​រងគ្រោះ​ព្រមាន នាំគ្នា​ទៅ​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​ម្ដងទៀត ដើម្បី​ស្នើ​ឱ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដីស្រែ​ចម្ការ​ឲ្យ​ពលរដ្ឋ​រងគ្រោះ និង​រក​ដំណោះស្រាយ​សាជាថ្មី ចំពោះ​ពលរដ្ឋ​ដែល​ទទួលយក​សំណង​ដោយ​បង្ខំ ប្រសិនបើ​អាជ្ញាធរ​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី និង​តំណាង​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ដើម្បី​សុំ​ការ​បកស្រាយ​បាន​ទេ នៅ​ថ្ងៃទី​២៤ ខែមិថុនា។

ទោះជា​យ៉ាងណា កាលពី​ថ្ងៃទី៤ ខែមិថុនា កន្លង​ទៅ អាជ្ញាធរ​បាន​កោះហៅ​ពលរដ្ឋ​ជួបជុំ​រក​ដំណោះស្រាយ​នៅ​សាលាខេត្ត​ព្រះវិហារ ហើយ​អាជ្ញាធរ​ថ្នាក់​ជាតិ​សន្យា​ចុះ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ទាំងអស់​នៅ​កន្លែង​មាន​បញ្ហា​ផ្ទាល់​។ ប៉ុន្តែ​រហូតមកដល់​ថ្ងៃនេះ​អាជ្ញាធរ​មិនទាន់​ចុះ​រក​ដំណោះស្រាយ​នោះ​ទេ។

ការ​កោះហៅ​ពលរដ្ឋ​រក​ដំណោះស្រាយ​នេះ បន្ទាប់ពី​ពលរដ្ឋ​នាំគ្នា​ចេញ​តវ៉ា ក្រោយ​ពលរដ្ឋ​រងគ្រោះ ត្រូវ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (​ខេ​ម​បូ​ឌា​) អេនើជី ឌីវេឡុបមេន (Global Green (Cambodia) Energy Development) របស់​លោក ទ្រី ដាលុច រំលោភ​យក​ដីស្រែ​ចម្ការ អស់​រយៈពេល​ជាង​៣​ឆ្នាំនេះ ដោយ​អ្នកខ្លះ​បង្ខំចិត្ត​ទទួលយក​សំណង​មិន​សមរម្យ អ្នកខ្លះ​ទៀត​មិន​ទទួល​បាន​សំណង ដោយសារ​ភ័យខ្លាច​អាជ្ញាធរ និង​ក្រុមហ៊ុន​ធ្វើបាប ខណៈ​កន្លងទៅ តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន​គំរាម​ពលរដ្ឋ​ថា បើ​មិន​ទទួលយក​សំណង​ក៏​ពួកគេ​ត្រូវតែ​យក​ដីស្រែ​ចម្ការ​ទាំងអស់​នោះ។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យិន ម៉េងលី លើកឡើង​ថា ការ​បង្ខំ​ឲ្យ​ពលរដ្ឋ​ផ្ដិតមេដៃ​ដោយ​មិន​មាន​ខ្លឹមសារ ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់។ លោក​ជំរុញ​ឲ្យ​អាជ្ញាធរ ចុះ​រក​ដំណោះស្រាយ​ឲ្យ​ពលរដ្ឋ​តាម​ការសន្យា​ឲ្យ​បាន​ឆាប់ ដើម្បី​ឲ្យ​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ អាច​ដាំ​ដុះ​បង្កបង្កើនផល សម្រាប់​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃ​ខាងមុខ មិន​គួរ​អូស​បន្លាយ​បែប​នេះ​ឡើយ។

លោក យិន ម៉េងលី៖ «ការសន្យា​ត្រូវតែ​ធ្វើ​ឲ្យ​បាន​តាម​សន្យា​របស់​ខ្លួន​ហើយ​ត្រូវ​រក​ពេលវេលា​មួយ​សមរម្យ ប្រសិនជា​មិនទាន់​ធ្វើការ​ដោះស្រាយ​បានទេ រដូវ​ធ្វើ​ស្រែ​ចំការ ឬ​ប្រមូល​ផល​មកដល់​គឺ​ត្រូវតែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ធ្វើ​សកម្មភាព ធ្វើការ​ប្រមូល​ផល ឬ​ការ​ដាំដុះ​បង្ក​បង្កើន​ផល​ដើម្បី​បញ្ហា​សេដ្ឋកិច្ច​ទៅ​ឆ្នាំក្រោយ​ទៀត ប្រសិនជា​ខកខាន​មិនបាន​ធ្វើ​ឆ្នាំនេះ​ពលរដ្ឋ​អាច​ប្រឈម​ទៅ​នឹង​បញ្ហា​ខ្វះខាត បញ្ហា​សេដ្ឋកិច្ច បញ្ហា​សំណង​ផ្សេងៗ»។

ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន របស់​លោក ទ្រី ដាលុច បាន​រុករក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​អស់​រយៈពេល​៣​ឆ្នាំ​មក​ហើយ ក្រោយពី​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២៣ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​មួយ​នេះ កំពុងតែ​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស។ លើស​ពី​នោះ​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន បាន​ដណ្ដើមយក​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ នៅ​ខេត្តព្រះវិហារ និង ខេត្តស្ទឹងត្រែង​រាប់ពាន់​គ្រួសារ និង​ច្បាម​យក​ដី​ព្រៃ​ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ រាប់ពាន់​ហិកតារ​។​

ក្រៅពីនោះ រថយន្ត​ដែល​ដឹកជញ្ជូន​រ៉ែ​ដែក ពី​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង យក​ទៅ​ដាក់​សាឡង់​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​បំផ្លិចបំផ្លាញ​ផ្លូវជាតិ​អស់​ជាច្រើន​ខ្សែ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ផ្លូវ​រង​ផល​ប៉ះពាល់​សុខភាព​ផ្លូវដង្ហើម និង​សួត​ធ្ងន់ធ្ងរ ដោយសារ​ការ​ដឹក​ជញ្ជូន​បង្ក​ឱ្យ​មាន​ដី​ហុយ​ខ្លាំង ។ លោក ទ្រី ដាលុច គឺជា​កូនប្រុស​របស់​លោក ទ្រី ភាព ដែល​ជា​អ្នកជំនួញ​ល្បីល្បាញ​ខាង​បំផ្លិចបំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ហើយ​បច្ចុប្បន្ន​លោក ទ្រី ដាលុច គឺជា​ទីប្រឹក្សា​របស់​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី​.​ឌី​.​ស៊ី (CDC)៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ