អ្នកឃ្លាំមើល​គាំទ្រ​ជំហរ​អាមេរិក​ដែល​ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កម្ពុជា​ឡើងវិញ​នៅ​ឆ្នាំ​២០២៧

ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកយោធា កម្ពុជា និងអាមេរិក បានជួបប្រជុំនៅរាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរៀបចំផែនការសម្រាប់ សមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027 កាល​ពីថ្ងៃទី២៧ មិថុនា ២០២៦។ រូប៖ ក្រសួងព័ត៌មាន
ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកយោធា កម្ពុជា និងអាមេរិក បានជួបប្រជុំនៅរាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរៀបចំផែនការសម្រាប់ សមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027 កាល​ពីថ្ងៃទី២៧ មិថុនា ២០២៦។ រូប៖ ក្រសួងព័ត៌មាន

អ្នកឃ្លាំមើល​យល់ថា ការ​ត្រៀម​ធ្វើ​សមយុទ្ធ​«​ឆ្មាំ​អង្គរ​» រវាង​អាមេរិក និង​កម្ពុជា​ឡើងវិញ ក្នុង​ឆ្នាំ​២០២៧ ក្រោយពី​ខកខាន​អស់​១​ទសវត្សរ៍​មកនេះ គឺ​បង្ហាញ​ពី​ការវិវត្តន៍​ដ៏​ល្អ នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក។ ក៏ប៉ុន្តែ ពួកគាត់​ថា ការ​ធ្វើ​សមុទ្រ​យោធា​ជាថ្មី​នេះ មិន​អាច​ឱ្យ​កម្ពុជា​ក្លាយជា​សម្ព័ន្ធមិត្ត អាមេរិក​នោះ​ទេ ព្រោះ​កម្ពុជា មាន​បញ្ហា​ជាច្រើន ដូច​ការរំលោភ​សិទ្ធិមនុស្ស ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​បញ្ហា​ប្រជាធិបតេយ្យ​ជាដើម។

អ្នកជំនាញ​ផ្នែក​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​២៩ ខែមិថុនា​ថា ការ​ស្ដារ​ឡើងវិញ​នៅ​សមយុទ្ធ​យោធា​ឆ្មាំ​អង្គរ រវាង​អាមេរិក និង​កម្ពុជា នៅ​ឆ្នាំ​២០២៧ គឺ ជា​យុទ្ធសាស្ត្រ​ដើម្បី​ដោះស្រាយ​វិបត្តិ​ចំនួន​ពីរ របស់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពេល​តែមួយ​ពោល គឺ​ទាំង​បញ្ហា​ព្រំដែន​ជាមួយ​ថៃ និង​ការ​រំកិល​ខ្លួន​ចេញពី​សម្ពាធ​ភូមិសាស្ត្រ​នយោបាយ​សកល ដែល​កម្ពុជា​ធ្លាប់ រង​ការ​ចោទ​ថា បាន​ផ្ដេកផ្ដួល​ទៅ​រក​ប្រទេស​ចិន​ខ្លាំងពេក។

លោក​បញ្ជាក់​ថាបើ​ពិនិត្យមើល​លើ​ទិដ្ឋភាព​នៃ​ជម្លោះព្រំដែន​កម្ពុជា​-​ថៃ ការប្រកាស​ធ្វើ​សមយុទ្ធ​យោធា​រវាង​អាមេរិក និង​កម្ពុជា នេះ​គឺ ជា​រូបភាព ការទូត​ផ្ញើ​សារ​យ៉ាង ច្បាស់​ទៅកាន់​ទីក្រុង​បាងកក​។ លោក​បន្ត​ថា កម្ពុជា​កំពុង​ប្រើប្រាស់​យុទ្ធសាស្ត្រ​ទាញ​មហាអំណាច​មក​ក្បែរ ដើម្បី​បង្កើត​តុល្យភាព អំណាច​ឡើងវិញ ដោយ​មិន​ចាំបាច់​ប្រើ​កម្លាំងបាយ ទៅ​តតាំង​តាម​ព្រំដែន។

ចំណែក​មួយ​ទៀត លោក​ថា ការ​ដែល​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ព្រម​បើកទ្វារ​ទទួល​កងទ័ព​អាមេរិក ដើម្បី​ធ្វើ​សមយុទ្ធ​រួមគ្នា​នេះ គឺ​ចង់​បង្ហាញ​ឱ្យ​ភាគី​ថៃ​ឃើញថា កម្ពុជា​មាន​ជម្រើស​យុទ្ធសាស្ត្រ​ច្រើន ហើយក៏​អាច​ទាក់​សហរដ្ឋអាមេរិក ឱ្យ​យកចិត្តទុកដាក់​ជាមួយ​កម្ពុជា ដែល​កត្តា​នេះ​ចង់​បង្ហាញថា កុំឱ្យ​ភាគី​ថៃ មើលស្រាល និង​បន្តសកម្មភាព​គំរាមកំហែង​លើ​កម្ពុជា​តាម​ព្រំដែន និង​ជា​ឱកាស​ដែល រដ្ឋាភិបាល ស្អំ​ចិត្ត​ពលរដ្ឋ​ខ្មែរ និង ជា​ការ​កាត់បន្ថយ​ការរិះគន់​ពី​សំណាក់​បក្ស​ប្រឆាំង ពី​ការ​ចោទ​ថា រដ្ឋាភិបាល មិន​បាន​ធ្វើ​អ្វី ខណៈ​ដែល​ថៃ​កំពុងតែ បង្កើន​ការឈ្លានពាន​ទឹកដី​ខ្មែរ។

ទោះជា​យ៉ាងណា លោក សេង វណ្ណលី យល់​ថា ទំនាក់ទំនង​របស់​កម្ពុជា​និង​អាមេរិក នឹង​មិនអាច​ផ្អែមល្ហែម ភ្លាមៗ​ដល់​កម្រិត ក្លាយជា​សម្ព័ន្ធមិត្ត យុទ្ធសាស្ត្រ​នោះ​ទេ ព្រោះ​បញ្ហា​ខ្វែងគំនិត​គ្នា​រ៉ាំរ៉ៃ​លើ​រឿង សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យ​នៅ​កម្ពុជា ដូច​ជា​ការ​ធ្វើទុក្ខបុកម្នេញ​អ្នកនយោបាយ​បក្ស​ប្រឆាំង អ្នកសារព័ត៌មាន សកម្មជន​សិទ្ធិមនុស្ស និង​ការ​ចាប់ខ្លួន​ពលរដ្ឋ​ដាក់​ពន្ធនាគារ​មិន​រើសមុខ គឺជា​សំណល់​ដ៏​អាក្រក់​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​មិនអាច​ល្អ​ប្រសើរ​បាន។

លោក សេង វណ្ណលី៖ «បញ្ហា​ខ្វែងគំនិត​គ្នា​រ៉ាំរ៉ៃ​លើ​រឿង​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ក៏ដូចជា​ការរំលោភ​សិទ្ធិ​សេរីភាព​សារព័ត៌មាន របស់​ប្រជាពលរដ្ឋ នៅតែ​ជា​បញ្ហា ដែល​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​អាច​ពិបាក​ឈាន​ទៅ​ដល់​កម្រិត​មួយ​ដែល​ល្អ​ប្រសើរ ឬ​ហៅថា កម្រិត​យុទ្ធសាស្ត្រ ប៉ុន្តែ​វា​ជា​ការ​ផ្លាស់ប្ដូរ​ពី​ការ​ប្រឈម​មុខ​ដាក់គ្នា មក​ជា​ការអនុវត្ត​ជាក់ស្ដែង​និយម ដើម្បី​ផលប្រយោជន៍​រៀងៗ​ខ្លួន»។

ការ​លើកឡើង​នេះ ក្រោយពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែមិថុនា បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេសប៊ុក ដោយ​រៀបរាប់​ថា កងទ័ព​មកពី​បញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក និង​កង​ឆ្មាំ​ជាតិ រដ្ឋ​អៃដាហូ (Idaho Army National Guard) បាន​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព (NPMEC) ក្នុង​សន្និសីទ​អភិវឌ្ឍន៍​គោល​គំនិត​សម្រាប់​សមយុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០២៧។

ស្ថានទូត​ក៏បាន​បញ្ជាក់​ថា ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្នែក​យោធា​នៃ​ប្រទេស​ទាំងពីរ ក៏បាន​ជួប​ប្រជុំ​នៅ​រាជធានី​ភ្នំពេញ និង​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព ដើម្បី​រៀបចំ​ផែនការ សម្រាប់​សមយុទ្ធ ដែល​គ្រោង​នឹង ចាប់ផ្ដើម​ឡើងវិញ ជា​លើកដំបូង ក្រោយពី​ខកខាន​តាំងពី​ឆ្នាំ​២០១៦​។ កិច្ច​សហប្រតិបត្តិការ​ថ្មី​ឡើងវិញ នេះ បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​រួម ក្នុង​ការ​ពង្រឹង កិច្ច​សហប្រតិបត្តិការ យោធា រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា ព្រមទាំង​លើកកម្ពស់​សន្តិភាព ស្ថិរភាព និង​ការ​ត្រៀម​ខ្លួន​ក្នុង​តំបន់ ឥណ្ឌូ​-​ប៉ាស៊ីហ្វិក។

ជុំវិញ​ករណីនេះ គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​មន្ត្រី​រដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ ចេញ​មក​បញ្ជាក់​បន្ថែម ជា​ផ្លូវការ​រឿង​ធ្វើ​សមយុទ្ធ​«​ឆ្នាំ​អង្គរ​» ជាមួយ​សហរដ្ឋអាមេរិក នៅឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា និង​អ្នកនាំពាក្យ​ក្រសួង ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បី​បញ្ជាក់​បន្ថែម​បាន​នោះ​ទេ នៅ​ថ្ងៃទី​២៩ ខែ មិថុនា ដោយ​ហៅ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

អស់​រយៈពេល​១០​ឆ្នាំ​ហើយ ដែល​អាមេរិក និង​កម្ពុជា បាន​ផ្អាក​សមយុទ្ធ​យោធា ជាមួយគ្នា​ជាពិសេស​សមយុទ្ធ «​ឆ្មាំ​អង្គរ​» ឬ ហៅថា Angkor Sentinel ។​រដ្ឋាភិបាល​លើក​ហេតុផល​ថា​ការ​ផ្អាក​នេះ​គឺ​ដោយសារតែ កម្ពុជា​ការ​រវល់​រៀបចំ​ការបោះឆ្នោត ជ្រើសរើស ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ក្នុង​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ក្នុង​ឆ្នាំ​២០១៨ និង​កងកម្លាំង​កម្ពុជា​ត្រូវ​ជាប់ដៃ​ក្នុង​យុទ្ធនាការ​ជាតិ​រយៈពេល​៦​ខែ ដើម្បី​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នៅ​ទូទាំង​ប្រទេស។ ទោះជា​យ៉ាងណា​កម្ពុជា មិនបាន​ផ្អាក​ការ​សមយុទ្ធ​«​នាគ​មាស​»​ជាមួយ​ប្រទេស​ចិន​ឡើយ។

អ្នកវិភាគ​មើល​ឃើញ​ថា ការ​ផ្អាក​នេះ​គឺ​ដោយសារ​កម្ពុជា​មិន​សប្បាយចិត្ត​ជាមួយ​អាមេរិក​ដែល​តែង​រិះគន់​កម្ពុជា​ពី​ការរំលោភ សិទ្ធិមនុស្ស បញ្ហា​ប្រជាធិបតេយ្យ ការ​រំលាយ​គណបក្សប្រឆាំង និង​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ជាដើម។

ប្រធាន​ក្រុម​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា​ការរៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រវាង​កម្ពុជា និង​អាមេរិក​ឡើងវិញ គឺជា​សញ្ញា​វិជ្ជមាន ព្រោះ នេះ គឺជា​ការ​បោះ​ជំហាន​ដ៏​ត្រឹមត្រូវ​។ ទន្ទឹមគ្នា​នោះ​លោក​ថា ក្នុង​ស្ថានភាព​ដែល​កម្ពុជា​កំពុង​តែ​មាន​បញ្ហា​ជាមួយ​ប្រទេស​ថៃ ហើយ​វិស័យ​កងទ័ព​កម្ពុជា កំពុងតែ​ទន់ខ្សោយ​ផង​នោះ នេះ​ជា​ឱកាស​ដែល​កម្ពុជា​ត្រូវ​រៀនសូត្រ​ពី​អាមេរិក និង​ពន្លឿន​ធ្វើ​ទំនើបកម្ម​យោធា ឱ្យ​បាន​ឆាប់រហ័ស បើ​ពុំ​ដូច្នោះ​ទេ ភាគី​ថៃ​នឹង​បន្ត​គំរាម​កម្ពុជា តាម​អំពើ​ចិត្ត​។ បន្ថែម​ពីលើ​នោះ លោក​ក៏​បារម្ភ​ផង​ដែរ ចំពោះ ទំនាក់ទំនង​អាមេរិក និង​កម្ពុជា កន្លងទៅ ដែល​បាន​ជាប់​គាំង គឺ​ព្រោះតែ អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មិនសូវ​យល់​ពី កិច្ច​ការទូត​របស់​ប្រទេស លោក​សេរី ដូច្នេះ លោក​ស្នើ​ឱ្យ​លោក ម៉ាណែត កុំឱ្យ​លោក ហ៊ុន សែន ប៉ះពាល់ កិច្ច​ការទូត ដែល​ធ្វើ​ឱ្យ​រំខាន​ដល់ ទំនាក់ទំនង​រវាង អាមេរិក​និង​កម្ពុជា​ជាថ្មី​ទៀត។

លោក ម៉ែន ណាត៖ «ខ្ញុំ​យល់ថា​សមយុទ្ធ​យោធា​សហរដ្ឋអាមេរិក ឈ្មោះ​ប្រតិបត្តិការ​ឆ្មាំ​អង្គរ ហ្នឹង​ធ្វើ​បន្ត​ទៅ​ទៀត កុំ​ឲ្យ​មានរឿង​ល្អក់កករ នៅក្នុង​ដំណើររឿង​ពីមួយ​ទៅ​មួយ​ហ្នឹង​ណា ធ្វើ​ល្អ ទំនាក់ទំនង​ល្អ​។ កាលណា​គេ​ពេញចិត្ត​យើង យើង​ពេញចិត្ត​គេ បញ្ហា​សៀម​ឈ្លានពាន​បច្ចុប្បន្ន​ហ្នឹង​ក៏​ជា មធ្យោបាយ​ដែរ មាន​មធ្យោបាយ​គេ​អាច​ជួយ​អន្តរាគមន៍ ជួយ​ដាក់​សម្ពាធ​ថៃ​អី​លើ​វេទិកា​អន្តរជាតិ ឬក៏​គេ​ដាក់​សម្ពាធ​ថៃ​ដោយ​ផ្ទាល់​ឲ្យ​ដក​កងទ័ព​ចេញពី​កម្ពុជា អញ្ចឹង​ដែរ»។

អ្នកវិភាគ​យល់​ថា សមយុទ្ធ​នេះ គឺជា ឱកាស​សម្រាប់​កម្ពុជា ក្នុង​ការ​លាង​ជម្រះ​ការ​ចោទប្រកាន់​ពី​មជ្ឈិមប្រទេស ដែល​បាន​ចោទ​កម្ពុជា​ថា​បាន ងាក​ទៅ​រក​ចិន​ទាំងស្រុង ជាពិសេស ជុំវិញ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម ក្នុង​ខេត្ត​ព្រះសីហនុ​។ ចំណែក​អាមេរិក​វិញ លោក​ថា ការ​ស្ដារ​សមយុទ្ធ​ឡើងវិញ គឺជា​ជោគជ័យ​មួយ​នៅក្នុង​ការទប់ស្កាត់​ឥទ្ធិពល​ដាច់​មុខ​របស់​ចិន​នៅ ឥណ្ឌូចិន និង​ជា​ការ​រំលឹក​ឡើងវិញ​ថា ទីក្រុង​វ៉ាស៊ីនតោន នៅតែ​មាន​តួនាទី​ការពារ​សន្តិសុខ​ក្នុង​តំបន់៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ