

អ្នកឃ្លាំមើលយល់ថា ការត្រៀមធ្វើសមយុទ្ធ«ឆ្មាំអង្គរ» រវាងអាមេរិក និងកម្ពុជាឡើងវិញ ក្នុងឆ្នាំ២០២៧ ក្រោយពីខកខានអស់១ទសវត្សរ៍មកនេះ គឺបង្ហាញពីការវិវត្តន៍ដ៏ល្អ នៃទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក។ ក៏ប៉ុន្តែ ពួកគាត់ថា ការធ្វើសមុទ្រយោធាជាថ្មីនេះ មិនអាចឱ្យកម្ពុជាក្លាយជាសម្ព័ន្ធមិត្ត អាមេរិកនោះទេ ព្រោះកម្ពុជា មានបញ្ហាជាច្រើន ដូចការរំលោភសិទ្ធិមនុស្ស ឧក្រិដ្ឋកម្មឆបោកតាមអនឡាញ និងបញ្ហាប្រជាធិបតេយ្យជាដើម។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី២៩ ខែមិថុនាថា ការស្ដារឡើងវិញនៅសមយុទ្ធយោធាឆ្មាំអង្គរ រវាងអាមេរិក និងកម្ពុជា នៅឆ្នាំ២០២៧ គឺ ជាយុទ្ធសាស្ត្រដើម្បីដោះស្រាយវិបត្តិចំនួនពីរ របស់ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពេលតែមួយពោល គឺទាំងបញ្ហាព្រំដែនជាមួយថៃ និងការរំកិលខ្លួនចេញពីសម្ពាធភូមិសាស្ត្រនយោបាយសកល ដែលកម្ពុជាធ្លាប់ រងការចោទថា បានផ្ដេកផ្ដួលទៅរកប្រទេសចិនខ្លាំងពេក។
លោកបញ្ជាក់ថាបើពិនិត្យមើលលើទិដ្ឋភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ ការប្រកាសធ្វើសមយុទ្ធយោធារវាងអាមេរិក និងកម្ពុជា នេះគឺ ជារូបភាព ការទូតផ្ញើសារយ៉ាង ច្បាស់ទៅកាន់ទីក្រុងបាងកក។ លោកបន្តថា កម្ពុជាកំពុងប្រើប្រាស់យុទ្ធសាស្ត្រទាញមហាអំណាចមកក្បែរ ដើម្បីបង្កើតតុល្យភាព អំណាចឡើងវិញ ដោយមិនចាំបាច់ប្រើកម្លាំងបាយ ទៅតតាំងតាមព្រំដែន។
ចំណែកមួយទៀត លោកថា ការដែលរដ្ឋាភិបាលក្រុងភ្នំពេញព្រមបើកទ្វារទទួលកងទ័ពអាមេរិក ដើម្បីធ្វើសមយុទ្ធរួមគ្នានេះ គឺចង់បង្ហាញឱ្យភាគីថៃឃើញថា កម្ពុជាមានជម្រើសយុទ្ធសាស្ត្រច្រើន ហើយក៏អាចទាក់សហរដ្ឋអាមេរិក ឱ្យយកចិត្តទុកដាក់ជាមួយកម្ពុជា ដែលកត្តានេះចង់បង្ហាញថា កុំឱ្យភាគីថៃ មើលស្រាល និងបន្តសកម្មភាពគំរាមកំហែងលើកម្ពុជាតាមព្រំដែន និងជាឱកាសដែល រដ្ឋាភិបាល ស្អំចិត្តពលរដ្ឋខ្មែរ និង ជាការកាត់បន្ថយការរិះគន់ពីសំណាក់បក្សប្រឆាំង ពីការចោទថា រដ្ឋាភិបាល មិនបានធ្វើអ្វី ខណៈដែលថៃកំពុងតែ បង្កើនការឈ្លានពានទឹកដីខ្មែរ។
ទោះជាយ៉ាងណា លោក សេង វណ្ណលី យល់ថា ទំនាក់ទំនងរបស់កម្ពុជានិងអាមេរិក នឹងមិនអាចផ្អែមល្ហែម ភ្លាមៗដល់កម្រិត ក្លាយជាសម្ព័ន្ធមិត្ត យុទ្ធសាស្ត្រនោះទេ ព្រោះបញ្ហាខ្វែងគំនិតគ្នារ៉ាំរ៉ៃលើរឿង សិទ្ធិមនុស្ស និង ប្រជាធិបតេយ្យនៅកម្ពុជា ដូចជាការធ្វើទុក្ខបុកម្នេញអ្នកនយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងការចាប់ខ្លួនពលរដ្ឋដាក់ពន្ធនាគារមិនរើសមុខ គឺជាសំណល់ដ៏អាក្រក់ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមិនអាចល្អប្រសើរបាន។
លោក សេង វណ្ណលី៖ «បញ្ហាខ្វែងគំនិតគ្នារ៉ាំរ៉ៃលើរឿងសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក៏ដូចជាការរំលោភសិទ្ធិសេរីភាពសារព័ត៌មាន របស់ប្រជាពលរដ្ឋ នៅតែជាបញ្ហា ដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរអាចពិបាកឈានទៅដល់កម្រិតមួយដែលល្អប្រសើរ ឬហៅថា កម្រិតយុទ្ធសាស្ត្រ ប៉ុន្តែវាជាការផ្លាស់ប្ដូរពីការប្រឈមមុខដាក់គ្នា មកជាការអនុវត្តជាក់ស្ដែងនិយម ដើម្បីផលប្រយោជន៍រៀងៗខ្លួន»។
ការលើកឡើងនេះ ក្រោយពីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមិថុនា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុក ដោយរៀបរាប់ថា កងទ័ពមកពីបញ្ជាការកងទ័ពជើងគោកសហរដ្ឋអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក និងកងឆ្មាំជាតិ រដ្ឋអៃដាហូ (Idaho Army National Guard) បានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព (NPMEC) ក្នុងសន្និសីទអភិវឌ្ឍន៍គោលគំនិតសម្រាប់សមយុទ្ធឆ្មាំអង្គរឆ្នាំ២០២៧។
ស្ថានទូតក៏បានបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្នែកយោធានៃប្រទេសទាំងពីរ ក៏បានជួបប្រជុំនៅរាជធានីភ្នំពេញ និងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនប្រតិបត្តិការរក្សាសន្តិភាព ដើម្បីរៀបចំផែនការ សម្រាប់សមយុទ្ធ ដែលគ្រោងនឹង ចាប់ផ្ដើមឡើងវិញ ជាលើកដំបូង ក្រោយពីខកខានតាំងពីឆ្នាំ២០១៦។ កិច្ចសហប្រតិបត្តិការថ្មីឡើងវិញ នេះ បង្ហាញពីការប្ដេជ្ញាចិត្តរួម ក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការ យោធា រវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងលើកកម្ពស់សន្តិភាព ស្ថិរភាព និងការត្រៀមខ្លួនក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ជុំវិញករណីនេះ គេនៅពុំទាន់ឃើញមានមន្ត្រីរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធ ចេញមកបញ្ជាក់បន្ថែម ជាផ្លូវការរឿងធ្វើសមយុទ្ធ«ឆ្នាំអង្គរ» ជាមួយសហរដ្ឋអាមេរិក នៅឡើយទេ។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួង ការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ដើម្បីបញ្ជាក់បន្ថែមបាននោះទេ នៅថ្ងៃទី២៩ ខែ មិថុនា ដោយហៅទូរស័ព្ទចូលគ្មានអ្នកទទួល។
អស់រយៈពេល១០ឆ្នាំហើយ ដែលអាមេរិក និងកម្ពុជា បានផ្អាកសមយុទ្ធយោធា ជាមួយគ្នាជាពិសេសសមយុទ្ធ «ឆ្មាំអង្គរ» ឬ ហៅថា Angkor Sentinel ។រដ្ឋាភិបាលលើកហេតុផលថាការផ្អាកនេះគឺដោយសារតែ កម្ពុជាការរវល់រៀបចំការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រក្នុងឆ្នាំ២០១៨ និងកងកម្លាំងកម្ពុជាត្រូវជាប់ដៃក្នុងយុទ្ធនាការជាតិរយៈពេល៦ខែ ដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេស។ ទោះជាយ៉ាងណាកម្ពុជា មិនបានផ្អាកការសមយុទ្ធ«នាគមាស»ជាមួយប្រទេសចិនឡើយ។
អ្នកវិភាគមើលឃើញថា ការផ្អាកនេះគឺដោយសារកម្ពុជាមិនសប្បាយចិត្តជាមួយអាមេរិកដែលតែងរិះគន់កម្ពុជាពីការរំលោភ សិទ្ធិមនុស្ស បញ្ហាប្រជាធិបតេយ្យ ការរំលាយគណបក្សប្រឆាំង និងការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋជាដើម។
ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថាការរៀបចំធ្វើសមយុទ្ធយោធារវាងកម្ពុជា និងអាមេរិកឡើងវិញ គឺជាសញ្ញាវិជ្ជមាន ព្រោះ នេះ គឺជាការបោះជំហានដ៏ត្រឹមត្រូវ។ ទន្ទឹមគ្នានោះលោកថា ក្នុងស្ថានភាពដែលកម្ពុជាកំពុងតែមានបញ្ហាជាមួយប្រទេសថៃ ហើយវិស័យកងទ័ពកម្ពុជា កំពុងតែទន់ខ្សោយផងនោះ នេះជាឱកាសដែលកម្ពុជាត្រូវរៀនសូត្រពីអាមេរិក និងពន្លឿនធ្វើទំនើបកម្មយោធា ឱ្យបានឆាប់រហ័ស បើពុំដូច្នោះទេ ភាគីថៃនឹងបន្តគំរាមកម្ពុជា តាមអំពើចិត្ត។ បន្ថែមពីលើនោះ លោកក៏បារម្ភផងដែរ ចំពោះ ទំនាក់ទំនងអាមេរិក និងកម្ពុជា កន្លងទៅ ដែលបានជាប់គាំង គឺព្រោះតែ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន មិនសូវយល់ពី កិច្ចការទូតរបស់ប្រទេស លោកសេរី ដូច្នេះ លោកស្នើឱ្យលោក ម៉ាណែត កុំឱ្យលោក ហ៊ុន សែន ប៉ះពាល់ កិច្ចការទូត ដែលធ្វើឱ្យរំខានដល់ ទំនាក់ទំនងរវាង អាមេរិកនិងកម្ពុជាជាថ្មីទៀត។
លោក ម៉ែន ណាត៖ «ខ្ញុំយល់ថាសមយុទ្ធយោធាសហរដ្ឋអាមេរិក ឈ្មោះប្រតិបត្តិការឆ្មាំអង្គរ ហ្នឹងធ្វើបន្តទៅទៀត កុំឲ្យមានរឿងល្អក់កករ នៅក្នុងដំណើររឿងពីមួយទៅមួយហ្នឹងណា ធ្វើល្អ ទំនាក់ទំនងល្អ។ កាលណាគេពេញចិត្តយើង យើងពេញចិត្តគេ បញ្ហាសៀមឈ្លានពានបច្ចុប្បន្នហ្នឹងក៏ជា មធ្យោបាយដែរ មានមធ្យោបាយគេអាចជួយអន្តរាគមន៍ ជួយដាក់សម្ពាធថៃអីលើវេទិកាអន្តរជាតិ ឬក៏គេដាក់សម្ពាធថៃដោយផ្ទាល់ឲ្យដកកងទ័ពចេញពីកម្ពុជា អញ្ចឹងដែរ»។
អ្នកវិភាគយល់ថា សមយុទ្ធនេះ គឺជា ឱកាសសម្រាប់កម្ពុជា ក្នុងការលាងជម្រះការចោទប្រកាន់ពីមជ្ឈិមប្រទេស ដែលបានចោទកម្ពុជាថាបាន ងាកទៅរកចិនទាំងស្រុង ជាពិសេស ជុំវិញការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។ ចំណែកអាមេរិកវិញ លោកថា ការស្ដារសមយុទ្ធឡើងវិញ គឺជាជោគជ័យមួយនៅក្នុងការទប់ស្កាត់ឥទ្ធិពលដាច់មុខរបស់ចិននៅ ឥណ្ឌូចិន និងជាការរំលឹកឡើងវិញថា ទីក្រុងវ៉ាស៊ីនតោន នៅតែមានតួនាទីការពារសន្តិសុខក្នុងតំបន់៕









