

សកម្មជនការពារបរិស្ថាន និងព្រៃឈើ ទាមទារឲ្យដកមន្ត្រីបរិស្ថាននៅតំបន់ព្រៃឡង់ ខេត្តព្រះវិហារចេញពីតំបន់នោះ ឬបញ្ចប់តួនាទី ដោយសារមន្ត្រីទាំងអស់នោះមិនការពារព្រៃឈើឲ្យបានតឹងរ៉ឹង បណ្ដោយឲ្យជនល្មើសកាប់ទន្ទ្រានដីព្រៃតំបន់ការពាររាប់សិបហិកតារ។ មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរពាក់ព័ន្ធថ្នាក់ជាតិគួរចាត់វិធានការទៅលើជនប្រព្រឹត្ត និងអ្នកឃុបឃិត។
ក្រោយចុះល្បាតព្រៃឈើនៅតំបន់ព្រៃឡង់អស់ជាច្រើនថ្ងៃ សហគមន៍ និងសកម្មជនបរិស្ថាន រកឃើញបទល្មើសកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិរាប់សិបហិកតារយ៉ាងអនាធិបតេយ្យ នៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។ ពួកគាត់បានថតរូបភាព និងវីដេអូទុកជាភស្តុតាង និងបង្ហោះនៅតាមបណ្ដាញសង្គមដោយ ទាមទារឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដកមន្ត្រីបរិស្ថាន ឬបញ្ចប់តួនាទីរបស់ពួកគេ ពីព្រោះមន្ត្រីបរិស្ថានឈរជើងនៅតំបន់នោះ មិនបានបំពេញតួនាទីរបស់ខ្លួននោះឡើយ ដោយបណ្ដោយឲ្យក្រុមឈ្មួញកាប់ទន្ទ្រានដីព្រៃយ៉ាងអនាធិបតេយ្យ។
សកម្មជនបរិស្ថាន និងសិទ្ធិមនុស្ស លោក ម៉ា ចិត្រា បានបង្ហោះវីដេអូមួយមានរយៈពេលជាង ៤នាទី នៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៨ មិថុនា ដោយបានរៀបរាប់ពីតំបន់ក្រុមជនល្មើសកាប់ទន្ទ្រានដីព្រៃ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ រាប់សិនហិកតារ នៅក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ។ លោកសង្កត់ធ្ងន់ថា មន្ត្រីបរិស្ថានឈរជើងការពារតំបន់នោះ ហាក់មិនយកចិត្តទុកដាក់បង្ក្រាប និងអនុវត្តតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវនោះទេ ទើបធ្វើឲ្យមានបទល្មើសកើតឡើងបែបនេះ។ លោកទាមទារឲ្យរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដកមន្ត្រីបរិស្ថានដែលទទួលខុសត្រូវតំបន់នោះចេញ បើមិនដូច្នោះទេ ក្រសួងសាមី និងរដ្ឋាភិបាលត្រូវទទួលខុសត្រូវចំពោះ ការបាត់បង់ព្រៃឈើទាំងអស់នេះ។
លោក ម៉ា ចិត្រា៖ «ព្រៃទ្បង់ហិនហោចហើយ ប្រាក់ខែដែរជាពន្ធប្រជាពលរដ្ឋក៏អស់ឥតបានការអីដែរ ព្រោះប្រាក់ខែពន្ធប្រជាពលរដ្ឋឲ្យមកការពារព្រៃមិនមែនឲ្យមកដើររុកព្រៃទេ ខ្ញុំគិតថាអស់លោកគួរតែយកតួនាទីនេះ ប្រាក់ខែនេះយកមកអនុវត្តទៅលើកិច្ចការឲ្យល្អ ការពារព្រៃឲ្យបានល្អ មិនមែនការពារព្រៃចុងក្រោយក្លាយជាចំការស្វាយចន្ទីជនអណាធិបតេយ្យបែបនេះទេ អ៊ីចឹងហើយខ្ញុំសំណូមពរដូចខ្ញុំបានលើកទ្បើងខាងលើ ឲ្យដកតំណែងទៅបើគាត់ធ្វើការអត់កើត ប្រសិនបន្តតំណែងឲ្យគាត់ បណ្តែតបណ្តោយឲ្យមានសកម្មភាពបែបនឹងវាជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល វាជាការទទួលខុសត្រូវក្នុងក្រសួងបរិស្ថាន»។
ចំណែក សកម្មជនការពារព្រៃឡង់ខេត្តព្រះវិហារ លោក ខេម សុឃី ប្រាប់ទូរទស្សន៍អាស៊ីសេរី នៅថ្ងៃទី៣០ ខែមិថុនាថា សកម្មជន និងសហគមន៍ចង់ឃើញក្រសួងបរិស្ថានចាត់វិធានការច្បាប់ឲ្យបានតឹងរ៉ឹង និងស្មើភាពគ្នា ទាំងលើ ជនល្មើស និងអ្នកផ្សំគំនិត ឃុបឃិតគ្នាឲ្យមានការបំផ្លាញធនធានធម្មជាតិ។លោកថា ក្រសួងសាមីត្រូវតែទទួលខុសត្រូវចំពោះការបាត់បង់ធនធានធម្មជាតិនៅតំបន់ការពារ និងត្រូវហ៊ានចាត់វិធានការទៅលើបក្ខពួករបស់ខ្លួន ដែលបណ្ដោយឱ្យកើត មានបទល្មើសនៅតំបន់ការពារ។
លោក ខេម សុឃី៖ «អនុវត្តច្បាប់ទៅលើបទល្មើសអ្នកដែរបំផ្លាញផ្ទាល់នៅក្នុងតំបន់ព្រៃទ្បង់ ក៏ដូចជាមន្ត្រីដែរស្ពឹកស្រពន់ ហើយមួយវិញទៀតមន្ត្រីដែរកាងកើតទ្បើងបទល្មើស មន្ត្រីទាំងអស់នោះជាការទទួលខុសត្រូវ សូមឲ្យក្រសួងបរិស្ថាន ក៏ដូចជាមន្ត្រីថ្នាក់ក្រោមមានការទទួលខុសត្រូវខ្ពស់ចំពោះរឿងនឹង បើសិនមិនហ៊ានទទួលខុសត្រូវ មិនមានចំណាត់ការទៅលើរឿងនឹងទេ ធ្វើឲ្យព្រៃរបស់យើងបន្តរហិចហោចទៀតនឹងឯង»។
ជុំវិញរឿងនេះ ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា និងប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ លោក មឿន សុភេទ ដើម្បីសុំការឆ្លើយតបបានទេ នៅថ្ងៃទី៣០ ខែមិថុនា។
ទាក់ទិននឹងបញ្ហានេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី ពន្យល់ថា បើតាមច្បាប់ស្ដីពីព្រៃឈើ និងតំបន់ការពារធម្មជាតិ ជនដែលប្រព្រឹត្តត្រូវជាប់ពន្ធនាគារ ពី៥ទៅ១០ឆ្នាំ ហើយមន្ត្រីដែលឃុបឃិតជាមួយទទួលទោសទណ្ឌដូចអ្នកប្រព្រឹត្តដែរ។
លោក យិន ម៉េងលី៖ «យើងពិនិត្យមើលទៅលើមន្ត្រីនឹង មន្ត្រីណាដែរទទួលខុសត្រូវ បើគាត់មិនអាចទទួលខុសត្រូវបាន ដកគាត់ចេញពីតំបន់កន្លែងដែរគាត់ទទួលខុសត្រូវ ដាក់អ្នកផ្សេងទៅទៀត ហើយបើរកឃើញគាត់ពាក់ព័ន្ធការឃុបឃិត មានអំពើពុករលួយ អានឹងរុញគាត់ទៅអេស៊ី យូ(ACU) ឬក៏ទៅតាមផ្លូវច្បាប់ទៀត»។
ដែនជម្រកសត្វព្រៃព្រៃឡង់មានផ្ទៃដីជិត ៥សែន (៤៨៩.៦៦៣) ហិកតារ ជាប់ខេត្តចំនួន៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាល បង្កើតជាតំបន់ដែនជម្រកសត្វព្រៃនៅក្នុងឆ្នាំ២០១៦។ ប៉ុន្តែរយៈពេលជិត ១០ឆ្នាំមកនេះ អង្គការជាតិនិងអន្តរជាតិ បានចេញរបាយការណ៍ជាបន្តបន្ទាប់ថា ដែនជម្រកសត្វព្រៃព្រៃឡង់តែងតែរងការកាប់ឈើធ្វើអាជីវកម្ម និងកាប់ទន្ទ្រានដីព្រៃយកធ្វើជាកម្មសិទ្ធិពីសំណាក់ក្រុមឈ្មួញ និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចនៅជុំវិញតំបន់នោះយ៉ាងអនាធិបតេយ្យ។ បច្ចុប្បន្នដែនជម្រកសត្វព្រៃព្រៃឡង់ ត្រូវបានក្រុមហ៊ុនឯកជនចំនួន៥ កំពុងច្បាមយកធនធានរ៉ែផ្សេងគ្នា នៅជុំវិញតំបន់ព្រៃឡង់ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ស្ទឹងត្រែង កំពង់ធំ និងខេត្តក្រចេះ កំពុងធ្វើឲ្យធនធានធម្មជាតិនៅតំបន់ព្រៃឡង់ រងវិនាសកម្មធ្ងន់ធ្ងរ៕








