សកម្មជន​បរិស្ថាន​ទាមទារ​ឲ្យ​ដក​មន្ត្រី​បរិស្ថាន​តំបន់​ព្រៃឡង់​ខេត្តព្រះវិហារ​ដែល​បណ្ដោយ​ឲ្យ​ជនល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​រាប់​សិប​ហិកតារ

0
97
សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា បង្ហាញពី​តំបន់​ក្រុម​ជនល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ រាប់​សិន​ហិកតារ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជ័យសែន ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៨ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ម៉ា ចិត្រា
សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា បង្ហាញពី​តំបន់​ក្រុម​ជនល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ រាប់​សិន​ហិកតារ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជ័យសែន ខេត្តព្រះវិហារ កាលពី​ថ្ងៃទី​២៨ មិថុនា ២០២៦។ រូប៖ ហ្វេសប៊ុកលោក ម៉ា ចិត្រា

សកម្មជន​ការពារ​បរិស្ថាន និង​ព្រៃឈើ ទាមទារ​ឲ្យ​ដក​មន្ត្រី​បរិស្ថាន​នៅ​តំបន់​ព្រៃឡង់ ខេត្តព្រះវិហារ​ចេញពី​តំបន់​នោះ ឬ​បញ្ចប់​តួនាទី ដោយសារ​មន្ត្រី​ទាំងអស់​នោះ​មិន​ការពារ​ព្រៃឈើ​ឲ្យ​បាន​តឹងរ៉ឹង បណ្ដោយ​ឲ្យ​ជនល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​តំបន់​ការពារ​រាប់​សិប​ហិកតារ។ មន្ត្រី​សង្គម​ស៊ីវិល​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ថ្នាក់​ជាតិ​គួរ​ចាត់វិធានការ​ទៅលើ​ជន​ប្រព្រឹត្ត និង​អ្នក​ឃុបឃិត។

ក្រោយ​ចុះ​ល្បាត​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់​អស់​ជាច្រើន​ថ្ងៃ សហគមន៍ និង​សកម្មជន​បរិស្ថាន រក​ឃើញ​បទល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​រាប់​សិប​ហិកតារ​យ៉ាង​អនាធិបតេយ្យ នៅ​តំបន់​ព្រៃ​ឡង់​ក្នុងភូមិ​សាស្ត្រ​ខេត្តព្រះវិហារ​។ ពួកគាត់​បាន​ថតរូប​ភាព និង​វីដេអូ​ទុកជា​ភស្តុតាង និង​បង្ហោះ​នៅ​តាម​បណ្ដាញ​សង្គម​ដោយ ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដក​មន្ត្រី​បរិស្ថាន ឬ​បញ្ចប់​តួនាទី​របស់​ពួកគេ ពីព្រោះ​មន្ត្រី​បរិស្ថាន​ឈរជើង​នៅ​តំបន់​នោះ មិនបាន​បំពេញ​តួនាទី​របស់​ខ្លួន​នោះ​ឡើយ ដោយ​បណ្ដោយ​ឲ្យ​ក្រុម​ឈ្មួញ​កាប់​ទន្ទ្រាន​ដី​ព្រៃ​យ៉ាង​អនាធិបតេយ្យ។

សកម្មជន​បរិស្ថាន និង​សិទ្ធិមនុស្ស លោក ម៉ា ចិត្រា បាន​បង្ហោះ​វីដេអូ​មួយ​មាន​រយៈពេល​ជាង ៤​នាទី នៅ​លើ​បណ្ដាញ​សង្គម​កាលពី​ថ្ងៃទី​២៨ មិថុនា ដោយ​បាន​រៀបរាប់​ពី​តំបន់​ក្រុម​ជនល្មើស​កាប់​ទន្ទ្រាន​ដី​ព្រៃ ក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ រាប់​សិន​ហិកតារ នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ជ័យសែន ខេត្តព្រះវិហារ​។ លោក​សង្កត់ធ្ងន់​ថា មន្ត្រី​បរិស្ថាន​ឈរជើង​ការពារ​តំបន់​នោះ ហាក់​មិន​យកចិត្តទុកដាក់​បង្ក្រាប និង​អនុវត្ត​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ ទើប​ធ្វើ​ឲ្យ​មាន​បទល្មើស​កើតឡើង​បែបនេះ។ លោក​ទាមទារ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដក​មន្ត្រី​បរិស្ថាន​ដែល​ទទួលខុសត្រូវ​តំបន់​នោះ​ចេញ បើ​មិន​ដូច្នោះ​ទេ ក្រសួង​សាមី និង​រដ្ឋាភិបាល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ ការបាត់បង់​ព្រៃឈើ​ទាំងអស់​នេះ។

លោក ម៉ា ចិត្រា៖ «ព្រៃ​ទ្បង់​ហិនហោច​ហើយ ប្រាក់ខែ​ដែរ​ជា​ពន្ធ​ប្រជាពលរដ្ឋ​ក៏​អស់​ឥត​បានការ​អី​ដែរ ព្រោះ​ប្រាក់ខែ​ពន្ធ​ប្រជាពលរដ្ឋ​ឲ្យ​មក​ការពារ​ព្រៃ​មិនមែន​ឲ្យ​មក​ដើរ​រុក​ព្រៃ​ទេ ខ្ញុំ​គិតថា​អស់លោក​គួរតែ​យក​តួនាទី​នេះ ប្រាក់ខែ​នេះ​យក​មក​អនុវត្ត​ទៅលើ​កិច្ចការ​ឲ្យ​ល្អ ការពារ​ព្រៃ​ឲ្យ​បាន​ល្អ មិនមែន​ការពារ​ព្រៃ​ចុងក្រោយ​ក្លាយជា​ចំការ​ស្វាយចន្ទី​ជន​អណាធិបតេយ្យ​បែបនេះ​ទេ អ៊ីចឹង​ហើយ​ខ្ញុំ​សំណូមពរ​ដូច​ខ្ញុំ​បាន​លើក​ទ្បើង​ខាងលើ ឲ្យ​ដក​តំណែង​ទៅ​បើ​គាត់​ធ្វើការ​អត់​កើត ប្រសិន​បន្ត​តំណែង​ឲ្យ​គាត់ បណ្តែតបណ្តោយ​ឲ្យ​មាន​សកម្មភាព​បែប​នឹង​វា​ជា​ការ​ទទួលខុសត្រូវ​របស់​រដ្ឋាភិបាល វា​ជា​ការ​ទទួលខុសត្រូវ​ក្នុង​ក្រសួងបរិស្ថាន»។

ចំណែក សកម្មជន​ការពារ​ព្រៃឡង់​ខេត្តព្រះវិហារ លោក ខេម សុឃី ប្រាប់​ទូរទស្សន៍​អាស៊ីសេរី នៅ​ថ្ងៃទី​៣០ ខែមិថុនា​ថា សកម្មជន និង​សហគមន៍​ចង់​ឃើញ​ក្រសួង​បរិស្ថាន​ចាត់វិធានការ​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង និង​ស្មើភាព​គ្នា ទាំង​លើ ជនល្មើស និង​អ្នកផ្សំ​គំនិត ឃុបឃិត​គ្នា​ឲ្យ​មានការ​បំផ្លាញ​ធនធានធម្មជាតិ​។​លោក​ថា ក្រសួង​សាមី​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការបាត់បង់​ធនធានធម្មជាតិ​នៅ​តំបន់​ការពារ និង​ត្រូវ​ហ៊ាន​ចាត់វិធានការ​ទៅលើ​បក្ខពួក​របស់​ខ្លួន ដែល​បណ្ដោយ​ឱ្យ​កើត មាន​បទល្មើស​នៅ​តំបន់​ការពារ។

លោក ខេម សុឃី៖ «អនុវត្ត​ច្បាប់​ទៅលើ​បទល្មើស​អ្នក​ដែរ​បំផ្លាញ​ផ្ទាល់​នៅក្នុង​តំបន់​ព្រៃទ្ប​ង់ ក៏ដូចជា​មន្ត្រី​ដែរ​ស្ពឹក​ស្រពន់ ហើយ​មួយវិញទៀត​មន្ត្រី​ដែរ​កាង​កើត​ទ្បើង​បទល្មើស មន្ត្រី​ទាំងអស់​នោះ​ជា​ការ​ទទួលខុសត្រូវ សូម​ឲ្យ​ក្រសួងបរិស្ថាន ក៏ដូចជា​មន្ត្រី​ថ្នាក់ក្រោម​មានការ​ទទួល​ខុសត្រូវ​ខ្ពស់​ចំពោះ​រឿង​នឹង បើសិន​មិន​ហ៊ាន​ទទួលខុសត្រូវ មិន​មាន​ចំណាត់ការ​ទៅលើ​រឿង​នឹង​ទេ ធ្វើ​ឲ្យ​ព្រៃ​របស់​យើង​បន្ត​រហិច​ហោច​ទៀត​នឹង​ឯង»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក មឿន សុ​ភេទ ដើម្បី​សុំ​ការ​ឆ្លើយតប​បានទេ នៅ​ថ្ងៃទី​៣០ ខែមិថុនា។

ទាក់ទិន​នឹង​បញ្ហា​នេះ អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស ដីធ្លី និង​ធនធានធម្មជាតិ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក យិន ម៉េងលី ពន្យល់​ថា បើ​តាម​ច្បាប់​ស្ដីពី​ព្រៃឈើ និង​តំបន់ការពារធម្មជាតិ ជន​ដែល​ប្រព្រឹត្ត​ត្រូវ​ជាប់ពន្ធនាគារ ពី​៥​ទៅ​១០​ឆ្នាំ ហើយ​មន្ត្រី​ដែល​ឃុបឃិត​ជាមួយ​ទទួល​ទោសទណ្ឌ​ដូច​អ្នក​ប្រព្រឹត្ត​ដែរ។

លោក យិន ម៉េងលី៖ «យើង​ពិនិត្យមើល​ទៅលើ​មន្ត្រី​នឹង មន្ត្រី​ណា​ដែរ​ទទួលខុសត្រូវ បើ​គាត់​មិនអាច​ទទួលខុស​ត្រូវ​បាន ដក​គាត់​ចេញពី​តំបន់​កន្លែង​ដែរ​គាត់​ទទួលខុសត្រូវ ដាក់​អ្នក​ផ្សេង​ទៅទៀត ហើយ​បើ​រក​ឃើញ​គាត់​ពាក់ព័ន្ធ​ការ​ឃុបឃិត មាន​អំពើ​ពុករលួយ អា​នឹង​រុញ​គាត់​ទៅ​អេស៊ី យូ​(ACU) ឬក៏​ទៅតាម​ផ្លូវច្បាប់​ទៀត»។

ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​មាន​ផ្ទៃដី​ជិត ៥​សែន (៤៨៩.៦៦៣) ហិកតារ ជាប់​ខេត្ត​ចំនួន​៤ រួមមាន ខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្តកំពង់ធំ ត្រូវ​បាន​រដ្ឋាភិបាល បង្កើត​ជា​តំបន់​ដែនជម្រកសត្វព្រៃ​នៅក្នុង​ឆ្នាំ​២០១៦។ ប៉ុន្តែ​រយៈពេល​ជិត ១០​ឆ្នាំ​មកនេះ អង្គការ​ជាតិ​និង​អន្តរជាតិ បាន​ចេញ​របាយការណ៍​ជា​បន្តបន្ទាប់​ថា ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​តែងតែ​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើជា​កម្មសិទ្ធិ​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ជុំវិញ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ​។ បច្ចុប្បន្ន​ដែនជម្រកសត្វព្រៃ​ព្រៃឡង់ ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ចំនួន​៥ កំពុង​ច្បាម​យក​ធនធាន​រ៉ែ​ផ្សេងគ្នា នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់ ក្នុងភូមិ​សាស្ត្រ ខេត្តព្រះវិហារ ស្ទឹងត្រែង កំពង់ធំ និង​ខេត្តក្រចេះ កំពុង​ធ្វើ​ឲ្យ​ធនធានធម្មជាតិ​នៅ​តំបន់​ព្រៃឡង់ រង​វិនាសកម្ម​ធ្ងន់ធ្ងរ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ