លោក រ៉ុង ឈុន ដាក់​ញត្តិ​ស្នើ​ឱ្យ​ក្រសួងយុត្តិធម៌​សើរើ​សំណុំរឿង​របស់​លោក​មក​ជំនុំ​ជំរះ​សាជាថ្មី

0
29
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និងមន្ត្រី​ព្រមទាំងអ្នកគាំទ្រ ដាក់ញត្តិនៅក្រសួងយុត្តិធម៌ កាល​ពីថ្ងៃទី១ កក្កដា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និងមន្ត្រី​ព្រមទាំងអ្នកគាំទ្រ ដាក់ញត្តិនៅក្រសួងយុត្តិធម៌ កាល​ពីថ្ងៃទី១ កក្កដា ២០២៦។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន និង​អ្នកគាំទ្រ​ជាង​១០​នាក់ នៅ​ព្រឹក​ថ្ងៃទី១ កក្កដា នេះ បាន​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួងយុត្តិធម៌ ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ពិនិត្យមើល និង​សើរើ​សំនុំ​រឿង​របស់​លោក​មក​ជំនុំ​ជំ​រះ​ជាថ្មី​។ មន្ត្រី​សិទ្ធិមនុស្ស​យល់ថា លោក រ៉ុង ឈុន មាន​សិទ្ធិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​មួយ​នេះ ប្រសិនបើ​លោក​កើតទុក្ខ​មិន​សុខចិត្ត​លើ​សេចក្តី​សម្រេច​របស់​តុលាការ​កំពូល។

នៅក្នុង​ញត្តិ​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​ក្រសួងយុត្តិធម៌​នៅ​ថ្ងៃទី​០១ ខែកក្កដា នេះ លោក រ៉ុង ឈុន លើកឡើង ២​ចំណុច​គឺ​ទី​១ ស្នើសុំ​ឲ្យ​ក្រសួងយុត្តិធម៌​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​សើរើ ឬ​ត្រួត​ពិនិត្យ​ឡើងវិញ​លើ​សាលដីកា​​តុលាការ​កំពូល ករណី​របស់​លោក ស្របតាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។ ទី​២ ពិចារណា​ទម្លាក់​ចោល​ទាំងស្រុង​ការអនុវត្ត​វិធានការ​កម្រិត​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​បុគ្គល ស្របតាម​រដ្ឋធម្មនុញ្ញ និង​កាតព្វកិច្ច​អន្តរជាតិ​របស់​កម្ពុជា។

ក្នុង​លិខិត​ដដែល​បញ្ជាក់​ថា សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​ដែល​កម្រិត​សិទ្ធិ​របស់​លោក​នោះ គឺ​មិន​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ព្រមទាំង​មិន​ស្រប​នឹង​កាតព្វកិច្ច​របស់​កម្ពុជា​ដែល​ចែង​អំពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​។ លោក​ថា សកម្មភាព​របស់​លោក​កន្លងមក មិន​បាន​ញុះញង់ អុចអាល ប្រឌិត​ព័ត៌មាន បញ្ឆេះ​កំហឹង​ពលរដ្ឋ និង​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដូច​ការ​ចោទ​ប​ប្រកាន់​របស់​តុលាការ​ឡើយ ហើយ​លោក​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​អហិង្សា​ការគោរព​ច្បាប់ និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី។

លោក រ៉ុង ឈុន ថ្លែង​នៅមុខ​ក្រសួងយុត្តិធម៌​ថា តុលាការ​ទាំង​បី​ថ្នាក់ រួមមាន​សាលាដំបូង​រាជធានី​ភ្នំពេញ សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល មិនបាន​ផ្តល់​យុត្តិធម៌​ឱ្យ​រូបលោក​ឡើយ។

លោក​ប្ដេជ្ញា​ថា នឹង​តស៊ូ​ស្វិតស្វាញ​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​សិទ្ធិ​សេរីភាព​របស់​លោក និង​ពលរដ្ឋ​ទាំងមូល។

ក្រសួងយុត្តិធម៌​បាន​អនុញ្ញាត​ឲ្យ​លោក រ៉ុង ឈុន ចូល​ជួប និង​ទទួល​ញត្តិ​របស់​លោក ប៉ុន្តែ​លោក អះអាង​ថា មន្ត្រី​ដែល​លោក​ចូល​ជួប​នោះ​ជា​មន្ត្រី​ការងារ មិន​មែន​រដ្ឋមន្ត្រី​ឡើយ។ ដូច្នេះ​លោក​មិនទាន់​ទទួល​បាន​ចម្លើយ​តប​ណាមួយ​នៃ​ការ​ស្នើសុំ​របស់​លោក​ឡើយ។

លោក រ៉ុង ឈុន៖ «ជុំវិញ​បញ្ហា​ទាំងអស់​នេះ បើ​យើង​មើល​តាំងពី​ថ្នាក់ទាប​រហូតដល់​ថ្នាក់​កំពូល មាន​ន័យថា តុលាការ​ទាំង​៣​ថ្នាក់​មិនបាន​ផ្តល់​យុត្តិធម៌​ឲ្យ​ខ្ញុំ​ឡើយ។ យើង​មិនអាច​ឈរ​នៅ​ស្ងៀម យើង​ដឹង​ហើយ​ថា សិទ្ធិ​សេរីភាព​បើ​យើង​មិន​ទាមទារ ហើយ​យើង​មិន​ការពារ ទោះបី​ច្បាប់​បាន​ធានា​ក៏ដោយ សិទ្ធិ​នោះ​នឹង​ត្រូវ​បាន​បាត់បង់ ហើយនឹង​មិនអាច​ទទួល​បាន​ត្រឡប់មកវិញ​ទេ»។

ជុំវិញ​រឿង​នេះ ទូរទស្សន៍​អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក សេង ឌីណា បាន​ឡើយ​នៅ​ថ្ងៃទី១ កក្កដា ដោយ​ទូរស័ព្ទ​ចូល ប៉ុន្តែ​ពុំ​មាន​អ្នក​ទទួល។

ពលរដ្ឋ​ចូលចិត្ត​តាមដាន​រឿង​សង្គម​ម្នាក់​គឺ​លោក ឈុន មេសា ឲ្យ​អាស៊ីសេរី ដឹង​ថា លោក​ខកចិត្ត​ដែល​តុលាការ​បាន​ដកហូត​សិទ្ធ​ធ្វើ​នយោបាយ របស់​លោក រ៉ុង ឈុន​។ លោក​ថា លោក​ចង់​ឃើញ​លោក រ៉ុង ឈុន មាន​សិទ្ធិ​សេរីភាព​ពេញលេញ ដូច​ពលរដ្ឋ​ដទៃ។

លោក ឈុន មេសា៖ «​សង្ឃឹមថានឹង​មានលទ្ធភាព​ល្អ​សម្រាប់​លោកគ្រូ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ គឺ​គាត់​នៅតែ​មិនបាន​ធ្វើ​អ្វី​ពេញលេញ​ដដែល​បាទ មានការ​ខកចិត្ត​មែនទែន​។ សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ហើយនឹង​សកម្មជន​ទាំងអស់​ឲ្យ​មានការ​ចូលរួម​ជាមួយ​នឹង​គណបក្ស​នយោបាយ ហើយ​យល់ដឹង​ឲ្យ​ច្បាស់​ពី​នយោបាយ​។ ប្រទេស​រីកចម្រើន​ក៏ដោយ​សារ​ដែរ​។ បើសិនជា​យើង​មិន​ខ្វល់​ពី​នយោបាយ យើង​ធ្វើ​អ្វី​ក៏​មិនអាច​ទៅមុខ​ដែរ»។

កាលពី​ថ្ងៃទី​១៩ ខែមិថុនា តុលាការ​កំពូល​បានសម្រេច​ផ្ដន្ទាទោស​លោក រ៉ុង ឈុន ឲ្យ​ជាប់ពន្ធនាគារ ៤​ឆ្នាំ (​ព្យួរ​) ហាម​មិន​ឲ្យ​ចាក​ចេញពី​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ មិន​ឲ្យ​ថ្លែង​សារ​នយោបាយ ឬ​បង្ហាញមុខ​នៅ​វេទិកា​ទី​សាធារណៈ និង​ដក​សិទ្ធ​មិន​ឲ្យ​ឈរឈ្មោះ​បោះឆ្នោត​ជាដើម។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត លើកឡើង​ថា លោក រ៉ុង ឈុន មាន​សិទ្ធិ ក្នុង​ការ​ស្នើសុំ​ក្រសួងយុត្តិធម៌ ពិនិត្យ និង​សើរើ​សំណុំរឿង​របស់​លោក​នៅ​ក្រសួងយុត្តិធម៌ ករណី​លោក កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​សាលក្រម​ស្ថាពរ​របស់​តុលាការ​កំពូល​។ ប៉ុន្តែ​លោក​ថា ករណីនេះ​គឺ​ស្ថិត​នៅ​លើ​ក្រសួង​យុត្តិធម៌ ប្រសិនបើ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ពិនិត្យឃើញ​ថា ការ​ស្នើ​សុំ​សើរើ​សំណុំរឿង​របស់​លោក រ៉ុង ឈុន ពិតជា​ត្រឹមត្រូវ​នោះ ក្រសួង​យុត្តិធម៌​មាន​សិទ្ធិ​ធ្វើ​កិច្ច​អន្តរាគមន៍​ទៅ​អគ្គព្រះរាជអាជ្ញា​កំពូល​ក្នុង​ការ​ធ្វើ​បណ្តឹង​សើរើ​សំណុំរឿង​ឡើង​វិញ។

លោក អំ សំអាត៖ «អ្វី​ដែល​ធ្វើ​បណ្តឹង​សើរើ​បាន​ឬ​មិនបាន​វា​អាស្រ័យ​ទៅ​លើ​ការពិនិត្យ​របស់​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ទៅលើ​បណ្តឹង​ស្នើសុំ​ឬក៏​កិច្ច​ស្នើសុំ​កិច្ច​អន្តរាគមន៍​របស់​លោក រ៉ុង ឈុន នៅក្នុង​ការ​សុំ​ប្ដឹង​សើរើ​ហ្នឹង​ហាស៎​។ បណ្តឹង​សើរើ​ហ្នឹង​គឺ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ហ្នឹង​លោក​អាច​ពិនិត្យមើល ហើយ​ហ្នឹង​អាច​ធ្វើជា​បណ្តឹង​សើរើ​ទៅ​តុលាការ​កំពូល»។

កន្លងមក​ករណី​សំណុំរឿង​លោក រ៉ុង ឈុន នេះ អង្គការ​អន្តរជាតិ រួម​ទាំង​អង្គការ​អប់រំ​អន្តរជាតិ (Education International ) ដែល​តំណាង​ឱ្យ​ប្រទេស​ជិត​២០០​នៅ​ជុំវិញ​ពិភពលោក ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ជា​បន្តបន្ទាប់​ចំពោះ​តុលាការ​កំពូល ដែល​បាន​ផ្ដន្ទាទោស និង​ដកហូត​សិទ្ធិ​នយោបាយ​របស់​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ និង​ជា​អតីត​មេដឹកនាំ​សហជីព​រូប​នេះ​។ អង្គការ​អប់រំ​មួយ​នេះ​បាន អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដក​ចេញ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព ទាំងអស់​មក​លើ លោក រ៉ុង ឈុន ដើម្បី​បើកផ្លូវ​ឱ្យ​លោក​អាច​អនុវត្ត​បាន​ពេញលេញ​នូវ​សិទ្ធិ​នយោបាយ និង​ពលរដ្ឋ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ។

ទាក់ទង​នឹង​ដំណើរការ​នីតិវិធី​សំណុំរឿង​លោក រ៉ុង ឈុន នៅ​តុលាការ​កំពូល​កាល​ពី​ពេល​កន្លងទៅ​នេះ​ដែរ គណបក្ស​កម្លាំង​ជាតិ កាលពី​ថ្ងៃទី​២៩ មិថុនា បាន​ចេញ​សេចក្តី​ប្រកាស​បញ្ជាក់​ថា គណបក្ស​បាន​ដាក់​លិខិត​ទៅកាន់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស សុខា ស្នើ​ឱ្យ​រដ្ឋមន្ត្រី​រូប​នេះ​អន្តរាគមន៍ និង​ស៊ើបអង្កេត​លើ​អាជ្ញាធរ​ខណ្ឌដូនពេញ និង​អាជ្ញាធរ​តាម​ខេត្ត ដែល​រារាំង​ការ​ប្រមូលផ្ដុំ​ដោយ​សន្តិវិធី​របស់​សមាជិក និង​អ្នកគាំទ្រ​បក្ស កាលពី​ថ្ងៃទី​១៩ ខែមិថុនា អំឡុង​ពេល​ឡើង​មក​គាំទ្រ​ទីប្រឹក្សា​បក្ស​លោក រ៉ុង ឈុន នៅ​តុលាការ​កំពូល។

គណបក្ស​ចោទ​ថា អាជ្ញាធរ​តាម​បណ្តា​ខេត្ត​នានា បាន​រារាំង ចាប់​ឃាត់ខ្លួន និង​សួរនាំ រួម​ទាំង​ប្រើ​ពាក្យ​គំរាមកំហែង​ចំពោះ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​តាមដាន​ករណី​លោក រ៉ុង ឈុន។ គណបក្ស​កម្លាំង​ជាតិ ចាត់ទុក​សកម្មភាព​នេះ បង្ក​ឱ្យ​មាន​ការ​ព្រួយបារម្ភ ពាក់ព័ន្ធ​នឹង​សិទ្ធិ និង​សេរី​ភាពជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​។ លើស​ពី​នេះ គណបក្ស​ក៏​ស្នើ​ឱ្យ​ក្រសួង​មហាផ្ទៃ ចេញ​សេចក្តី​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ឱ្យ​ធានា​ការគោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ សិទ្ធិ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ចូលរួម​សកម្មភាព​នយោបាយ​របស់​ប្រជាពលរដ្ឋ ដោយ​សេរី សន្តិវិធី និង​ស្មើភាព។

ទោះជា​យ៉ាងណា សេចក្តី​ស្នើ​របស់​គណបក្ស​កម្លាំង​ជាតិ​នេះ ក្រសួងមហាផ្ទៃ​នៅ​មិនទាន់​ឆ្លើយតប​យ៉ាងណា​នៅឡើយ​ទេ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ