

ក្រុមអង្គការសង្គមស៊ីវិលសមាគម សហព័ន្ធសហជីព ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិការងារ សិទ្ធិស្ត្រី ចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ទាមទារឲ្យអាជ្ញាធរបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើកូដករណាហ្គាវើលដ៍។ ពួកគេក៏ស្នើសុំឲ្យតុលាការលើកលែងបទចោទប្រកាន់ទាំងអស់លើថ្នាក់ដឹកនាំសហជីពកម្មករណាហ្គាវើលដ៍ទាំងនោះដែរ។
ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិកម្មករ ចំនួន ២៥ស្ថាប័ន បង្ហាញការខកចិត្តដែលតុលាការបន្តកោះហៅសមាជិកសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) មកសាកសួរពាក់ព័ន្ធ ដំណើររឿងដែលក្រុមហ៊ុនប្តឹងពួកគាត់ពីបទ «ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស» បន្ទាប់ពីពួកគាត់បានចូលរួមធ្វើកូដកម្មដោយអហិង្សា និងសន្តិវិធី នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍។
ក្រុមសង្គមស៊ីវិល និងសហជីព មើលឃើញថា រយៈពេលជាង៤ឆ្នាំមកនេះ អាជ្ញាធរ និងតុលាការ នៅតែមិនទាន់ផ្តល់យុត្តិធម៌ដល់សកម្មជនសហជីពណាហ្គាវើលដ៍នៅឡើយ។ ពួកគាត់ ទាមទារឲ្យតុលាការលើកលែងការចោទប្រកាន់និងផ្តល់សេរីភាពពេញលេញដល់ពួកគាត់ឡើងវិញ។ ក្រុមសង្គមស៊ីវិល និងសហជីព ជំរុញឲ្យស្ថាប័នពាក់ព័ន្ធគួរងាកមកដោះស្រាយវិវាទការងារដ៏រ៉ាំរៃនេះ ជាជាងបន្តខិតខំប្រឹងប្រែងធ្វើទុក្ខបុកម្នេញដល់ជនរងគ្រោះនិងអូសបន្លាយពេលវេលាដោយរំពឹងថា កម្មករនឹងអស់លទ្ធភាពតវ៉ារួចបោះបង់ចោលការទាមទារយុត្តិធម៌។
ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីពទាំងនេះ រួមមាន៖ សមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) អង្គការសិទ្ធិមនុស្សលីកាដូ សមាគមការពារសិទ្ធិមនុស្សអាដហុក មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថា សង់ត្រាល់ ព្រមទាំងសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជាជាដើម។
ក្រុមសង្គមស៊ីវិល និងសហជីពលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣ ខែកក្កដាថា ចាប់តាំងពីខែសីហា ឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ក្រុមកូដករណាហ្គាវើលដ៍មានសមាជិក និងថ្នាក់ដឹកនាំសហជីព បានទទួលរងភាពអយុត្តិធម៌ និងការធ្វើបាបយ៉ាងខ្លាំងពីតុលាការ ពីអាជ្ញាធរ និងក្រុមសន្តិសុខ ដូចជាការចាប់ដាក់គុក អំពើហិង្សា វាយដំ ទាត់ធាក់ ការបៀតបៀនផ្លូវភេទ រហូតមានករណីកូដករម្នាក់ បាត់បង់កូនក្នុងផ្ទៃទៀតផង។
ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ ឲ្យទូរទស្សន៍អាស៊ីសេរីដឹងថា តុលាការបានកោះហៅសមាជិកសហជីពកម្មករណាហ្គាវើលដ៍ជាច្រើននាក់ទៅសាកសួរ ក្រោយពួកគាត់ចេញសកម្មភាពតវ៉ាជាថ្មី។ កញ្ញាយល់ថា ករណីនេះ ជារឿងអយុត្តិធម៌ និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធសេរីភាពរបស់កម្មករ និងពលរដ្ឋ។កញ្ញាលើកឡើងទៀតថា កម្មករសហជីពណាហ្គាវើលដ៍ ជាជនរងគ្រោះពីក្រុមហ៊ុនផ្ទាល់ និងពីតុលាការនៅកម្ពុជា រីឯជនខិលខូចដូចជាក្រុមហ៊ុនត្រូវបានការពារដោយច្បាប់។
កញ្ញា ឈឹម ស៊ីថរ៖ «នៅពេលដែលរឿងអយុត្តិធម៌កើតឡើង ដើម្បីអាចបញ្ឈប់ ការតវ៉ា ឬក៏មិនចង់ឲ្យកម្មករចេញតស៊ូមតិអីទាំងអស់ហ្នឹង ត្រូវផ្តល់យុត្តិធម៌ឲ្យគាត់មិនមែនទៅបង្កើតរឿងអយុត្តិធម៌ថ្មីមកឲ្យគាត់ហើយរួចរំពឹងថាពួកគាត់ឈប់តវ៉ា ឈប់ប្រើប្រាស់សិទ្ធិរបស់គាត់នៅក្នុងការចេញទាមទារទេ»។
កញ្ញា ឈឹម ស៊ីថរ ប្តេជ្ញាថា នឹងបន្តការតវ៉ានេះរហូតទទួលបានយុត្តិធម៌ ទោះបីជាមានការរារាំង និងធ្វើទុក្ខម្នេញពីតុលាការ និងអាជ្ញាធរក្តី។
កាលពីថ្ងៃទី២ កក្កដា ម្សិលមិញនេះ កូដករណាហ្គាវើលដ៍ប្រមាណ ៥០នាក់ បានចេញតវ៉ាជាថ្មី ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនល្បែងមួយនេះ ដោះស្រាយលក្ខខណ្ឌការងារឲ្យពួកគេ ចំនួន ៧ចំណុច ដែលបានអូសបន្លាយអស់រយៈពេលជិត ៥ឆ្នាំមកនេះ ក្នុងនោះ កូដករ ៩នាក់ ត្រូវតុលាការកោះហៅឱ្យចូលបំភ្លឺជាបន្តបន្ទាប់ ក្រោមបណ្តឹងរបស់ក្រុមហ៊ុន។
ទូរទស្សន៍អាស៊ីសេរី មិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ បានឡើយនៅថ្ងៃទី០៣ កក្កដានេះ។ ចំណែកអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ថា កំពុងរវល់ប្រជុំ។
កូដករណាហ្គាវើលដ៍បានធ្វើតវ៉ាជិត៥ឆ្នាំ មកហើយ គឺក្នុងគោលបំណងទាមទារឱ្យថៅកែដោះស្រាយបញ្ហាចំនួន ៧ចំណុច ក្នុងនោះមានដូចជា ក្រុមហ៊ុនណាហ្គាវើលដ៍ (Naga world) ត្រូវទទួលយកថ្នាក់ដឹកនាំសហជីព និងសមាជិកឲ្យចូលធ្វើការវិញ ត្រូវគិតប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារឲ្យបានត្រឹមត្រូវតាមច្បាប់ ត្រូវផ្ដល់ប្រាក់បំណាច់អតីតភាពការងារ និងប្រាក់រំលឹកអតីតភាពការងារឲ្យបានត្រឹមត្រូវ ត្រូវគិតប្រាក់បញ្ចប់កិច្ចសន្យាការងារបន្ថែមឲ្យបានត្រឹមត្រូវសម្រាប់កម្មករដែលត្រូវបានបញ្ឈប់ក្នុងឆ្នាំ ២០២០ និងដើមឆ្នាំ២០២១។ ប៉ុន្តែការតវ៉ារយៈពេលជិត៥ឆ្នាំ មកនេះ មិនទាន់ទទួលបានយុត្តិធម៌នៅឡើយ។
ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA Cambodia) លោក វន់ ពៅ លើកឡើងថា លោកចង់ឲ្យរដ្ឋាភិបាលកម្ពុជាគាំពារលើក្រុមកម្មករដែលរងគ្រោះទាំងនោះ។ ហើយទម្លាក់បទចោទទាំងស្រុងទៅលើសហជីពកម្មករណាហ្គាវើលដ៍ទាំងអស់។ លោកស្នើឲ្យរដ្ឋាភិបាលអនុវត្តច្បាប់តាមការអះអាងរបស់ខ្លួន ដែលបានលើកឡើងលើឆាកអន្តរជាតិកន្លងមក។
លោក វន់ ពៅ៖ «យើងមិនចង់ឃើញសកម្មភាពធ្វើទុក្ខបុកម្នេញទៅលើចលនាសហជីពក្នុងការទាមទាររកយុត្តិធម៌ ទាមទារសិទ្ធការងារ ទាមទារលក្ខខណ្ឌការងារទេ។ យើងមិនចង់ឃើញបែបហ្នឹងតទៅទៀត។ សរុបសេចក្តីមកយើងចង់ឃើញ សេរីភាពសហជីព សេរីភាពនៃការអនុវត្តសិទ្ធកម្មករមានលក្ខណៈពេញលេញ ទទួលបានយុត្តិធម៌ ទទួលបានការគោរព ស្រលាញ់ យកចិត្តទុកដាក់ពីអាជ្ញាធររដ្ឋ ពីស្ថាប័នពាក់ព័ន្ធរបស់ជាតិ»។
ក្រុមអង្គការសង្គមស៊ីវិល សហជីព សមាគមន៍ទាំង២៥នោះ ស្នើសុំឲ្យតុលាការ ផ្តល់សេរីភាពពេញលេញដល់ថ្នាក់ដឹកនាំ និងសមាជិកសហជីពទាំងអស់ដោយឥតលក្ខខណ្ឌ ដើម្បីឲ្យពួកគេរស់នៅដោយមិនមានភាពភ័យខ្លាចការជាប់ពន្ធនាគារ ឬការធ្វើទុក្ខបុកម្នេញណាមួយ ហើយងាកមករកដំណោះស្រាយយុត្តិធម៌ឲ្យកម្មករទាំងនោះ និងផ្តល់សិទ្ធិសេរីភាពជាមូលដ្ឋានដល់កម្មករនិយោជិក និងបញ្ឈប់អំពើហិង្សានានាលើកូដករពីសំណាក់សន្តិសុខក្រុងភ្នំពេញ៕








