ជន​រងគ្រោះ​ និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​ខ្មែរ​ពន្លឿន​ការ​ប្ដឹង​ទាហាន​ថៃ​ករណី​រំលោភ​ផ្លូវ​ភេទ​លើ​នារី​ខ្មែរ

0
132
នារី​ខ្មែរអាយុ​១៨​ឆ្នាំ ដែល​ត្រូវ​ទាហាន​ថៃ​រំលោភ ខណៈ​នាង​និងពលរដ្ឋខ្មែរ​ជាង​១០នាក់​​ធ្វើ​​​​​ដំណើរ​​​​ចេញ​ពី​ប្រទេស​ថៃ​​​ ត្រឡប់​មក​ស្រុក​កំណើត​​វិញ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។ រូប​លើបណ្ដាញសង្គម
នារី​ខ្មែរអាយុ​១៨​ឆ្នាំ ដែល​ត្រូវ​ទាហាន​ថៃ​រំលោភ ខណៈ​នាង​និងពលរដ្ឋខ្មែរ​ជាង​១០នាក់​​ធ្វើ​​​​​ដំណើរ​​​​ចេញ​ពី​ប្រទេស​ថៃ​​​ ត្រឡប់​មក​ស្រុក​កំណើត​​វិញ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។ រូប​លើបណ្ដាញសង្គម

ជន​រងគ្រោះ​ និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​អាជ្ញាធរ​​ខ្មែរ​ ​ពន្លឿន​ការ​ប្ដឹង​ទាហាន​ថៃ​ករណី​​ដែល​ ​ចាប់​ពលករ​ខ្មែរ​​ចំនួន​​ ១២​​នាក់ ​យក​មក​​​ធ្វើ​ទារុណកម្ម ​​និង​ ​​​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​នារី​ខ្មែរ​ម្នាក់​​​ អាយុ​១៨​ឆ្នាំ អំឡុង​​ពេល​ ​​ដែល​ពលករ​ខ្មែរ​​​​ទាំង​នោះ កំពុងតែ​ធ្វើ​​​​​ដំណើរ​​​លើ​​​ឡាន​ចេញ​ពី​ប្រទេស​ថៃ​​​ ត្រឡប់​មក​ស្រុក​កំណើត​​វិញ កាល​ពី​យប់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា។

រយៈ​ពេល​៧​ថ្ងៃ​ហើយ​ ​ដែល​ពលករ​ខ្មែរ​ចំនួន​ ១៣​នាក់​ ​​​បាន​​រង​ទារុណកម្ម ​និង​អំពើ​​រំលោភបំពាន​ផ្លូវ​ភេទ​​ ​​ពី​សំណាក់​ទាហាន​ឈុត​ខ្មៅ​​ថៃ ដោយ​ពុំ​​ទាន់​ទទួល​បាន​យុត្តិធម៌។ ​ ​បើ​ទោះ​ជា​ ​​ថ្មី​នេះ ​គេ​ឃើញ​មាន​ ​ក្រសួង​ពាក់ព័ន្ធ​​​ ជា​ច្រើន​​ ​​​ចេញ​សេចក្ដី​ថ្លែងការណ៍ ​​ថ្កោលទោស​​ ចំពោះ​ទង្វើ​ឃោរឃៅ​ របស់​ទាហាន​ថៃ​ទាំង​នោះ​​​ក្ដី ក៏​ប៉ុន្តែ​​ មក​ទល់​ពេល​នេះ​ ​​​​អាជ្ញាធរ​ខ្មែរ​នៅ​មិន​ទាន់​​​​​​​ប្ដឹង​​​ករណី​នេះ ​​ទៅ​​កាន់​រដ្ឋាភិបាល​​ថៃ​​ ឱ្យ​បើក​​​ការ​ស៊ើប​អង្កេត ​និង​ចាប់​ខ្លួន​ជនល្មើស​មក​ផ្ដន្ទាទោស​នោះ​​​​​​​​​​ឡើយ។

ជនរងគ្រោះ​​​​​​​ម្នាក់​ ​ក្នុង​ចំណោម​​​​​​ជនរងគ្រោះ​​​ចំនួន​ ​១៣នាក់​ ​លោកស្រី ស៊ាង ហាច ប្រាប់​ទូរទស្សន៍​​អាស៊ីសេរី​ ​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា​ លោក​ស្រី​នៅ​តែ​មាន​អារម្មណ៍​​​ក្ដុកក្ដួល​ និង​ភ័យ​ខ្លាច​នៅ​​​ពេល​នឹក​ឃើញ​​ដល់​ទង្វើ​ដ៏​ព្រៃផ្សៃ​របស់​ទាហាន​ថៃ ​ដែល​បាន​ទាត់​ធាក់​​ប្ដី​​ លោក​ស្រី​ ​នៅ​ចំពោះ​មុខ​ស្ទើរ​ តែ​បាត់បង់​ស្មារតី។ នៅ​គ្រា​នោះ​​​ បើ​ទោះ​ជា​​​ លោកស្រី បាន​ស្រែក​យំ​អង្វរ​​​កុំ​ឱ្យ​ទាហាន​ថៃ​​ ធ្វើ​បាប​ប្ដី​លោក​ស្រី​យ៉ាង​ណា​​​ក្ដី ពួក​គេ​មិន​ស្ដាប់​នោះ​​ឡើយ ​ហើយ ​ថែម​ទាំង​ គំរាម​បាញ់​ ​លោក​ស្រី នឹង​កាំភ្លើង​ ប្រសិន​បើ​ លោក​ស្រី​​​នៅ​តែ​​បន្ត​ ​ស្រែក​យំ​​​អង្វរ។

លោកស្រី​បញ្ជាក់​ថា នៅ​ពេល​នោះ ​លោកស្រី​​​មិន​​ត្រូវ​​បាន​ទាហាន​ថៃ​​​ធ្វើ​បាប​ ដូច​នឹង​ពលរដ្ឋ​ដទៃ​ទៀត​នោះ​ទេ ក៏​ប៉ុន្តែ​លោក​ស្រី​ត្រូវ​បាន​​​ទាហាន​ទាំង​នោះ​បង្ខំ​ឱ្យ​ដើរ​​ឆ្លង​ទឹក​អូរ មាន​ជម្រៅ​​ស្ទើរ​​លិច​ក្បាល​​​​ ​ ដើម្បី​​​​​​​ឆ្លង​ទៅ​​កាន់​ទឹក​ដី​ខ្មែរ​​ទាំង​យប់​ងងឹត​ ​​ អស់​រយៈ​ពេល​ជិត​កន្លះ​ម៉ោង​​​ ​ជាមួយ​​​នឹង​​​អារម្មណ៍​​​តក់ស្លុត ​និង​ក្ដី​ភ័យ​​ខ្លាច។ លោក​ស្រី​ទទូច​ឱ្យ​អាជ្ញាធរ​ខ្មែរ​ជួយ​ពន្លឿន​​ករណី​​​នេះ ​​ប្ដឹង​ទៅ​រដ្ឋាភិបាល​ថៃ និង​ស្ថាប័ន​អន្តរជាតិ​ ​​​​​ដើម្បី​ឱ្យ​បើក​ការ​ស៊ើបអង្កេត​ ​រក​ការ​ពិត​ ​និង ​​ចាប់​ខ្លួន​ជនល្មើស​ទាំង​នោះ ​មក​​ផ្ដន្ទាទោស​​​ចំពោះ​មុខ​ច្បាប់។

លោកស្រី ស៊ាង ហាច៖ «ខ្ញុំ​សូម​ឱ្យ​អាជ្ញាធរ​ខាង​ខ្មែរ​ឱ្យ​គេ​ដាក់​ពាក្យ​ប្ដឹង​ទៅ​ថៃ​ផង​ ដើម្បី​កុំ​ឱ្យ​ជន​ជាតិ​ខ្មែរ​យើង ត្រូវ​បាន​ទាហាន​ថៃ​ធ្វើ​បាប ជិះជាន់​សង្កាត់​គ្នា​អ៊ីចឹង​ទៀត​។ ​អ្នក​គ្នា​​នៅ​ក្រោយ​ៗ​ចង់​មក គឺ​​គាត់​មាន​ការ​ភិតភ័យ​ ណាស់»

ក្រោយ​​កើត​ហេតុការណ៍​នេះ​​បាន​មួយ​ថ្ងៃ ​​គេ​ឃើញ​មាន​ក្រសួង​ពាក់ព័ន្ធ​​ជាច្រើន​ ​​ ក្នុង​នោះ​មាន​ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ ​និង​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាង​២០០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​​ជា​បន្តបន្ទាប់ ​មក​លើ​ទាហាន​ថៃ ​ចំនួន​ ៧នាក់ ​ដែល​បាន​ប្រព្រឹត្ត​អំពើ​អមនុស្ស ​និង​​​​ អំពើ​ព្រៃ​​​​ផ្សៃ​​ ​មក​លើ​​ពលករ​ខ្មែរ​។

ភ្លាម​ៗ​បន្ទាប់​ពី​ព័ត៌មាន​ទាំង​នេះ​ ​ត្រូវ​បាន​ចែក​ចាយ​ ព្រោងព្រាត​នៅ​លើ​​បណ្ដាញ​សង្គម​ ​ ​គេ​ក៏​ឃើញ​មាន​​សារ​ព័ត៌មាន​ថៃ​ ដូច​ជា​ សារព័ត៌មាន​ ខាវស៊ុត (Khaosod English)​ សារព័ត៌មាន ​AmarinTV និង សារព័ត៌មាន Thai PBS World ​ ​​ បាន​ចេញ​ផ្សាយ​ ​ដោយ​យោង​ ​សម្ដី​របស់​អ្នក​នាំ​ពាក្យ​កងទ័ព​ជើង​ទឹក​ថៃ​​ ដែល​បាន​ថ្លែង​​​ ​បដិសេធ​ថា កង​ទ័ព​ជើង​ទឹក​ថៃ ​មិន​បាន​ចាប់​ពលករ​ខ្មែរ​ធ្វើ​​ទារុណកម្ម​​​​ និង​ រំលោភ​ផ្លូវ​ភេទ​​ដូច​ការ​ចោទ​ប្រកាន់​របស់​ភាគី​ ​កម្ពុជា​នោះ​ទេ។ ពួក​គេ​ថា​ ​ព័ត៌មាន​ទាំង​​នោះ​ ​គឺ​ «​មិន​ពិត និង​ក្លែងក្លាយ»។ បន្ថែម​ពី​នោះ​ ពួក​គេ​ ​ថែម​ទាំង​​បាន​ចោទ​ប្រកាន់​ មក​លើ​​ភាគី​​​កម្ពុជា ​​ថា​បាន​ប្រឌិត​រឿង ​​ដើម្បី​​​ វាយ​ប្រហារ​មក​លើ​កងទ័ព​ថៃ ស្រប​ពេល​ដែល​ប្រទេស​ទាំង​កំពុង​មាន​ជម្លោះព្រំដែន​នៅ​ឡើយ។

​ទោះ​ជា​យ៉ាងណា ​អ្នក​ការពារ​សិទ្ធិ​ពលករ​​លើក​ឡើង​ថា ​​​ការ​ឆ្លើយ​​តប​របស់​ភាគី​ថៃ​​​ទាំង​ដែល​ពុំ​ទាន់​បាន​បើក​ការស៊ើបអង្កេត​ជាមុន​​​នេះ គឺ​គ្រាន់តែ​ដើម្បី​លាក់បាំង​កំហុស​​​​ទុច្ចរិត​របស់​ខ្លួន​​​ ប៉ុណ្ណោះ។ ដូច​នេះ ពួក​គាត់​ថា ដើម្បី​ស្រាយ​ មន្ទិល​សង្ស័យ​​នេះ​ឱ្យ​បាន​​ឆាប់​​ ​​​​អាជ្ញាធរ​កម្ពុជា​ ​ ត្រូវ​ប្រញាប់​ពន្លឿន​ប្ដឹង​​ទៅ​ភាគី​ថៃ និង​ស្ថាប័ន​​អន្តរជាតិ​​ ​ដើម្បី​បើក​ការ​ស៊ើប​អង្កេត​ ​ដោយ​ឯករាជ្យ​​​​​។​​អ្នក​ការពារ​សិទ្ធិ​ពលករ​បន្ត​ថា កម្ពុជា​មិន​ត្រូវ​បណ្ដែតបណ្ដោយ​ឱ្យ​បញ្ហា​នេះ​ស្ងៀមស្ងាត់​ ​ដោយ​គ្រាន់​​តែ​ការ​ចេញ​សេចក្ដី​​ថ្លែងការណ៍​ថ្កោលទោស​​​​​កងទ័ព​ថៃ​ ហើយ​ក៏​ចប់​នោះ​ទេ។

ទូរទស្សន៍​អាស៊ីសេរី ពុំ​អាច​ទាក់ទង អ្នក​នាំ​ពាក្យ​ក្រសួង​កិច្ចការ​នារី ​អ្នកស្រី ស ស៊ីណែត ដើម្បី​ឆ្លើយ​តប​ជុំ​វិញ​​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​ ២១ ខែ​វិច្ឆិកា។ ​ចំណែក​​ អ្នក​នាំពាក្យ​រង ​ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ​​ឆ្លើយ​តប​ថា​​ ​​កំពុង​ជាប់​រវល់។

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍​ នៃ​អង្គការ​សង់ត្រាល់​​​​​​​​​ លោក ឌី ថេហូយ៉ា ​ប្រាប់​ទូរទស្សន៍​ អាស៊ីសេរី​ នៅ​ថ្ងៃ​ដដែល​នេះ​ថា លោក​សោកស្ដាយ​ជា​ខ្លាំង ចំពោះ​ការ​យឺតយ៉ាវ​ របស់​អាជ្ញាធរ​កម្ពុជា ​ក្នុង​ការ​ប្ដឹង​​ទាហាន​ថៃ។ លោក​បន្ត​​ថា ករណី​ទាហាន​ថៃ​ ​រំលោភ​​ផ្លូវ​ភេទ​មក​លើ ​​​នារី​ខ្មែរ​​នេះ​ ​​ មិន​មែន​​ជា​លើក​ទី​១​​ទេ វា​បាន​​​កើត​ឡើង​ ជា​​ច្រើន​​លើក​​ហើយ ក៏​​ប៉ុន្តែ​ ​ជនរងគ្រោះ​​ខ្មែរ​ ​ទាំង​នោះ​​​ ​ពុំ​ហ៊ាន​ប្ដឹង​អាជ្ញាធរ​ខ្មែរ​ ដោយ​សារ​តែ​​​​ភ័យខ្លាច និង​​ខ្មាសអៀន ដូច​នេះ​ លោក​​ថា នៅ​ពេល​មាន​​ អ្នក​រងគ្រោះ​​​​ ​ហ៊ាន​ប្ដឹង​​​​ហើយ​នោះ​ ​គួរ​ណាស់​តែ​​អាជ្ញាធរ​កម្ពុជា ​​​ធ្វើ​ការ​ដោយ​ម៉ឺងម៉ាត់ ​​​និង​ច្បាស់លាស់​​​​​ ប្ដឹង​ទៅ​ភាគី​ថៃ និង​ស្ថាប័ន​អន្តជាតិ ​ឱ្យ​បាន​​ទាន់​ពេល​វេលា។

លោក ឌី ថេហូយ៉ា៖ «វា​អត់​បាន​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់ ចំពោះ​អ្នក​ដែល​គាត់​រងគ្រោះ ។​ជាពិសេស​ពលរដ្ឋ​ដែល​ទាហាន​ថៃ​មួយ​ចំនួន​ ប្រព្រឹត្ត​អំពើ​អមនុស្ស​នេះ ​ហើយ​នៅ​តែ​ប្រព្រឹត្ត ហើយ​មិន​បាន​ស្វែង​រក​ ថា កន្លង​មក​ក្ដី ក្នុង​ករណី​នេះ​ក្ដី ថា​ ទាហាន​ឈុត​ខ្មៅ​ថា ធ្លាប់​ប្រព្រឹត្ត​ អំពើ​អមនុស្ស​នេះ​ ចំពោះ​ពលរដ្ឋ​ខ្មែរ​យើង​។ អ៊ីចឹង វា​មាន​ន័យ​ថា វា​ជះឥទ្ធិពល​ខ្លាំង​ជា​អវិជ្ជមាន ទៅ​លើ​ទី​មួយ​ ពលការិនី​ ក៏​ដូច​ជា​ពលករ​ដែល​រងគ្រោះ​ចំពោះ​អំពើ​អមនុស្ស​នេះ»។

កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ​លោក ស សុខា បាន​ចុះ​ទៅ​ជួប​​នារី​រងគ្រោះ​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​​របស់​ទាហាន​ថៃ ​​​​​នៅ​​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ ​​ហើយ​​​ ​​​ក្រោយ​មក​​ លោក ស សុខា បាន​ប្ដេជ្ញា​នៅ​ចំពោះ​មុខ​សារព័ត៌មាន​​​ថា ​​​លោក​បាន​​​បញ្ជា​ឱ្យ​​​គណៈកម្មការ​ពាក់ព័ន្ធ​​​​​រៀបចំ​​​​ប្ដឹង​ ​​​ទៅ​កាន់​​ភាគី​ថៃ​ ​​ឱ្យ​ខាន​តែ​បាន​ ព្រោះ​​​​លោក​​​​​ថា ទង្វើ​​របស់​​​ទាហាន​ថៃ ​​​ធ្វើ​​មក​លើ​នារី​ខ្មែរ​នេះ​​ ​​ជា​អំពើ​ឃោរឃៅ ​និង​អមនុស្ស​ធម៌​​​​ជា​ទីបំផុត។

បើ​ទោះ​ជា​បែប​នេះ​ក្ដី អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​លើក​ឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ហាក់ ​ពុំ​បាន​ចាត់​វិធានការ​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ច្បាស់​លាស់​នោះ​ទេ​​ ជាពិសេស ករណី​ទាហាន​ថៃ រំលោភ​បទ​ឈប់​បាញ់ ហើយ​ចាប់​ទាហាន​ខ្មែរ ១៨​នាក់ ធ្វើ​ជា​ឈ្លើយ​សឹក និង​ការ​បាញ់​សម្លាប់​ជនស៊ីវិល​ខ្មែរ​នៅ​ភូមិ​ព្រៃចាន់ ខេត្ត​បន្ទាយ​មានជ័យ ជាដើម​ប៉ុន្តែ ពុំ​ឃើញ​អាជ្ញាធរ​កម្ពុជា យក​សំណុំ​រឿង​ទាំង​អស់​នេះ ប្ដឹង​ទៅ​កាន់​​ស្ថាប័ន​យុត្តិធម៌​អន្តរជាតិ ដូចជា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ​(ICC)​នោះ​ឡើយ។

ផ្ទុយ​ទៅ​វិញ អ្នក​ឃ្លាំមើល​ថា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បែរ​ជា​គំរាម​ចាប់​ដាក់​គុក ដល់​អ្នក​ទាំងឡាយ​ណា​មិន​ថា​ ព្រះសង្ឃ ឬ​ពលរដ្ឋ ទូទៅ​នោះ​ទេ ប្រសិន​បើ ហ៊ាន​រិះគន់​ពី​បញ្ហា​ជម្លោះ​ព្រំដែន ​រវាង​កម្ពុជា-ថៃ និង​ចោទ​ប្រកាន់​ថា កូន​ប្រុស​របស់​លោក​គឺ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​មេដឹកនាំ​អសមត្ថភាព ដែល​ធ្វើ​ឱ្យ​កម្ពុជា បាត់បង់​ទឹក​ដី​ឱ្យ​ទៅ​​ភាគី​ថៃ​នោះ អ្នក​ទាំង​នោះ​នឹង​ត្រូវ​ចាប់​ខ្លួន​ភ្លាមៗ បើ​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ